នៅមុនការបើកកិច្ចប្រជុំអន្តរជាតិអំពីជម្ងឺអេដស៍នៅឆ្នាំនេះ នៅទីក្រុង Vienne ប្រទេស Austriche ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១០នេះ លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិនៃជម្ងឺ allergy និងជម្ងឺឆ្លង នៅវិទ្យាស្ថានខាងផ្នែកសុខភាព បាននិយាយជាមួយក្រុមអ្នកយកព័ត៌មាន នៅឯបន្ទប់ព័ត៌មានរបស់វីអូអេ នៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០១០។ លោកបានផ្តោតលើបញ្ហាការពារអេដស៍និងបែបបទថ្មីនៃការការពារជម្ងឺអេដស៍ មានដូចជាការចាក់ថ្នាំវ៉ាក់សាំងការពារ និងការព្យាបាលជាដើម។
លោកវេជ្ជបណ្ឌិត Anthony Fauci បានថ្លែងថា ទោះជាកម្លាំងរុញច្រានក្នុងការការពារជម្ងឺអេដស៍មានការជឿនលឿនក៏ដោយ ក៏ការអញ្ជើញឲ្យមកចូលរួមក្នុងការប្រយុទ្ធនឹងជម្ងឺអេដស៍នេះនៅតែមានតទៅទៀត។ លោកវេជ្ជបណ្ឌិត Anthony Fauci បាននិយាយថាស្លាកស្នាមទុយ៌ស ការរើសអើង និងការបំពានលើសិទ្ធិមនុស្ស ជាឧបសគ្គធំចំពោះការបង្ហាញប្រសិទ្ធិភាពនៃការការពារមេរោគ HIV។
“ការឆ្លងរាលដាលនៃមេរោគអេដស៍យ៉ាងរហ័សនៅតែមានយ៉ាងខ្លាំង ទោះបីជាដំណើរហេតុនៅក្នុងប្រទេសដែលមានការអភិវឌ្ឍន៍បង្ហាញថា មានការធ្លាក់ចុះការឆ្លងរាលដាលក៏ដោយ ក៏នៅក្នុងប្រទេសដទៃទៀតនៅតែមានការរាលដាល។ ចំនួននៃការរាលដាលនេះនៅតែគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ អ្នកទាំងអស់គ្នាដឹងពីចំនួននេះ ក៏ប៉ុន្តែរឿងមួយដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍នៅក្នុងអ្វីដែលយើងកំពុងព្យាយាមធ្វើតាមបែបវិទ្យាសាស្ត្រនោះ គឺយើងដឹងថា មានមនុស្សលើសពី ៣៣ លាននាក់ដែលបានឆ្លងមេរោគ HIV 90 ភាគរយនៃអ្នកឆ្លងមេរោគភាគច្រើនមាននៅក្នុងពិភពលោកកំពុងអភិវឌ្ឍន៍ និង 67 ភាគរយ មាននៅក្នុងទ្វីបអាហ្វ្រិកភាគខាងត្បូង”។
លោកវេជ្ជបណ្ឌិត Fauci បាននិយាយអំពីព្រឹត្តិការណ៍ពីដំបូងៗ គឺចាប់តាំងពីពេលដែលមនុស្សម្នាក់បានចាប់ផ្តើមឆ្លងមេរោគ ទៅដល់ពេលទីបំផុតដែលមនុស្សនោះបានកើតជម្ងឺអេដស៍។ លោកក៏បានពន្យល់ផងដែរថា ឱកាសសំរាប់ទប់ស្កាត់កុំឲ្យមេរោគបង្កទៅជាជម្ងឺ ដូចគ្នានឹងឱកាសដែលងាយធ្វើឲ្យមនុស្សឈឺចាប់ដែរ បើកាលណាមេរោគបង្កើតខ្លួនវាច្រើនរហូតបានទៅជាជង្រុកមេរោគមួយនោះ នោះគឺពិតជាពិបាកនឹងបំបាត់ណាស់ជាមួយនឹងវិធីទប់ស្កាត់ដែលយើងមានក្នុងពេលឥឡូវនេះ។
លោកវេជ្ជបណ្ឌិត Fauci បានមានប្រសាសន៍ថា ប្រទេសអឺរ៉ុបខាងកើតនិងប្រទេសអាស៊ីកណ្តាលជាតំបន់ដែលការរាលដាលមេរោគអេដស៍កើនឡើងរហ័សបំផុតនៅក្នុងពិភពលោកដោយការប្រើម្ជុលចាក់បញ្ចូលគ្រឿងញៀន។ សភាពឆ្លងរាលដាលនៅក្នុងតំបន់ផ្សេងៗទៀតនៅបច្ចុប្បន្ននេះ ជាពិសេសនៅក្នុងតំបន់ទ្វីបអាហ្វ្រិកភាគខាងត្បូងដែលនៅតែជាតំបន់ប៉ះពាល់ខ្លាំងជាងគេបំផុតនៃពិភពលោក និងជាកន្លែងដែលមានការឆ្លងរាលដាលខ្លាំងនៅក្នុងចំណោមស្ត្រីនិងកុមារីនោះ នឹងត្រូវលើកយកទៅជជែកដេញដោលគ្នាយ៉ាងលំអិតនៅឯកិច្ចប្រជុំនៅក្នុងទីក្រុង Vienne។
នៅគ្រាជាមួយគ្នានេះ ប្រទេសកម្ពុជាបន្តការប្រយុទ្ធទល់នឹងការរាលដាលជម្ងឺអេដស៍នៅក្នុងប្រទេសរបស់ខ្លួន។ លោកវេជ្ជបណ្ឌិត មាន ឈីវុន នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ជម្ងឺសើស្បែក និងកាមរោគ បានមានប្រសាសន៍ប្រាប់វីអូអេតាមទូរស័ព្ទថា នៅក្នុងកិច្ចប្រជុំអំពីជម្ងឺអេដស៍អន្តរជាតិនៅក្នុងទីក្រុង Vienne នៅថ្ងៃទី១៨ខែកក្កដានេះ លោកនឹងទៅធ្វើជាសហអ្នកសម្របសម្រួលសម័យប្រជុំមួយដែលនិយាយអំពីការជម្រុញកម្មវិធីបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូនឲ្យកាន់តែមានប្រសិទ្ធិភាពនិងទូលំទូលាយ ដើម្បីឈានទៅរកការកាត់បន្ថយឲ្យទាបបំផុតនូវការឆ្លងមេរោគអេដស៍ពីម្តាយទៅទារក។
“នៅក្នុងនោះ ខ្ញុំនឹងបង្ហាញពីបទពិសោធន៍របស់ប្រទេសកម្ពុជាយើងផងដែរ ដែលបានជម្រុញការងារយ៉ាងលឿនក្នុងរយៈបីឆ្នាំចុងក្រោយនេះ តាមវិធីសាស្ត្រ ឬតាមយុទ្ធសាស្ត្រឆ្លើយតបគ្រប់ៗគ្នារវាងសេវាថែទាំព្យបាលជម្ងឺអេដស៍ សេវាសុខភាពបន្តពូជ សេវាគាំពារមាតានិងទារក ហើយនិងសេវាព្យាបាលជម្ងឺរបេងផងដែរ"។
លោកវេជ្ជបណ្ឌិត មាន ឈីវុន បានបន្ថែមថា លោកនឹងបង្ហាញដល់អង្គប្រជុំអន្តរជាតិអំពីបទពិសោធន៍ជឿនលឿនរបស់ប្រទេសកម្ពុជាក្នុងការថែទាំនិងការព្យាបាលកុមារដែលផ្ទុកមេរោគអេដស៍។
“យើងក៏បង្ហាញនិងចែករំលែកផងដែរនូវបទពិសោធន៍របស់ប្រទេសកម្ពុជាយើងដល់ប្រទេសផ្សេងៗ អំពីការពិនិត្យឈាមទារកដែលម្តាយឪពុកមានផ្ទុកមេរោគអេដស៍ គឺទារកដែលមានអាយុមួយខែកន្លះនិងមានអាយុ៧ខែកន្លះ”។
លោកថ្លែងថា ការព្យាបាលកុមារមានមេរោគអេដស៍ បានជួបប្រទះនឹងការលំបាកជាច្រើន។ មកទល់បច្ចុប្បន្ននេះ កុមារដែលបានព្យាបាលដោយឱសថ antiretroviral មានចំនួនប្រមាណ៩០ភាគរយ។
“មកទល់នឹងខែមិនាឆ្នាំ២០១០ យើងមានអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ បីម៉ឺនប្រាំបីពាន់ប្រាំរយម្ភៃពីរនាក់ និងកុមារបីពាន់ប្រាំមួយរយសាមសិបប្រាំពីរនាក់ ដែលបានទទួលការព្យាបាលដោយឱសថ antiretroviral។ ប្រទេសកម្ពុជាបានកាត់បន្ថយការឆ្លងរាលដាលមេរោគអេដស៍ពីចំនួនពីរភាគរយនៅក្នុងឆ្នាំ១៩៩៨ មកនៅចំនួន ០.៩ភាគរយនៅឆ្នាំ២០០៦ និង ០.៧ភាគរយនៅក្នុងឆ្នាំ២០១០”។
លោកវេជ្ជបណ្ឌិត មាន ឈីវុន មានប្រសាសន៍ថា កម្មវិធីពិនិត្យថែទាំនិងការស្រាវជ្រាវផ្សេងៗ បានបញ្ជាក់អំពីការចុះថយ ការរាតត្បាតមេរោគ HIV និងការកើតមានជម្ងឺអេដស៍ជាការពិត ប៉ុន្តែលោកថ្លែងថា ថ្វីត្បិតតែការរកឃើញទាំងនេះឆ្លុះបញ្ចាំងពីការសម្រេចបំណងនៃកម្មវិធីការពារការឆ្លងក៏ដោយ ក៏អត្រានៃការកើតមានអ្នកផ្ទុកមេរោគ HIVថ្មីនៅតែខ្ពស់ ក្នុងចំណោមក្រុមជនមានគ្រោះថ្នាក់ខ្លាំង ហើយការឆ្លងនៅក្នុងចំណោមប្រជាជនទូទៅ ក៏នៅតែមានបន្តដែរ៕