ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​៖ ​ជម្លោះ​នយោបាយ​ខ្មែរ​គួរ​ចប់​ក្នុង​ឆ្នាំ​ថ្មី


ដំណោះស្រាយ​នយោបាយ​មួយ​ទាក់ទង​នឹង​ពិរុទ្ធភាព​មេដឹកនាំ​គណបក្ស​ជំទាស់ លោក​សម រង្ស៉ី ​មិន​ទាន់​កើត​ឡើង​ទេ​ជុំវិញ​បញ្ហា​ដក​តម្រុយ​បង្គោល​ព្រំដែន​​​កម្ពុជា​ វៀតណាម​កាល​ពី​ឆ្នាំ​២០០៩​នៅ​ខេត្ត​ស្វាយរៀង​ជាប់​ព្រំដែន​នៃ​ប្រទេស​​​វៀតណាម។
ដំណោះស្រាយ​នយោបាយ​មួយ​ទាក់ទង​នឹង​ពិរុទ្ធភាព​មេដឹកនាំ​គណបក្ស​ជំទាស់ លោក​សម រង្ស៉ី ​មិន​ទាន់​កើត​ឡើង​ទេ​ជុំវិញ​បញ្ហា​ដក​តម្រុយ​បង្គោល​ព្រំដែន​​​កម្ពុជា​ វៀតណាម​កាល​ពី​ឆ្នាំ​២០០៩​នៅ​ខេត្ត​ស្វាយរៀង​ជាប់​ព្រំដែន​នៃ​ប្រទេស​​​វៀតណាម។

ក្រុម​អ្នក​វិភាគ​ចង់​ឃើញ​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បញ្ចប់​ជម្លោះនយោបាយ​នៅ​ឆ្នាំ​ថ្មី​នេះ​ ហើយ​រួមគ្នា​ធ្វើការ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស។

ដំណោះស្រាយ​នយោបាយ​មួយ​ទាក់ទង​នឹង​ពិរុទ្ធភាព​មេដឹកនាំ​គណបក្ស​ជំទាស់ លោក​សម រង្ស៉ី ​មិន​ទាន់​កើត​ឡើង​ទេ​ជុំវិញ​បញ្ហា​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​កាល​ពី​ឆ្នាំ​២០០៩​នៅ​ខេត្ត​ស្វាយរៀង​ជាប់​ព្រំដែន​នៃ​ប្រទេសវៀតណាម។ ក្រុម​មេដឹកនាំ​គណបក្ស​គ្រប់គ្រង​ប្រទេស​ចាត់​ទុក​ថា​ ករណី​លោក​ សម រង្ស៉ី​ដក​តម្រុយ​បង្គោល​ព្រំដែន​ជា​រឿង​របស់​តុលាការនៅ​ពេល​រដ្ឋាភិបាល​ ព្យាយាម​បោះ​បង្គោល​ដើម្បី​បញ្ចប់​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម។​ តែ​មេដឹកនាំគណបក្ស​សម រង្ស៉ី​ចាត់ទុក​ថា​ នេះ​ជា​រឿង​នយោបាយ​ដែល​លោក​គ្រាន់​តែ​ធ្វើ​ កិច្ចការ​បម្រើ​ប្រជាពលរដ្ឋ​បុណ្ណោះ។ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា​អ្នក​នយោបាយ​ត្រូវ​ថ្លឹងថ្លែង​រវាង​ការ​ផាត់​ចោល​មេដឹកនាំ​ក្រុម​ជំទាស់​ និង​ការ​រីក​ចម្រើន​របស់​ប្រទេស​ទាំង​ប្រជាធិបតេយ្យ​និង​ការ​កោត​សរសើរ​និង​ការ​វាយ​តម្លៃ​ខ្ពស់​ពី​អន្តរជាតិ។​ ពួកគេ​បាន​ទទូច​ថា ​មេដឹកនាំ​នយោបាយ​គួរ​បញ្ចប់​ជម្លោះ​នយោបាយ​ហើយ​សាមគ្គី​គ្នា​ដើម្បី​ការ​រីក​ចម្រើន​របស់​ប្រទេស​និង​មុខមាត់​ប្រទេស​ក្នុង​ឆាក​អន្តរជាតិ។

លោកស្រី ​ពុង ​ឈីវហ្គេច ​នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​អះអាង​ថា ​នៅក្នុង​ឆ្នាំ​ថ្មី​នេះ​ លោកស្រី​ចង់​ឃើញ​គណបក្ស​នយោបាយ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ អភិវឌ្ឍន៍​ប្រទេស​ជាតិ​ជា​ជាង​ការ​ទាស់​គ្នា។

«ទាំង​អស់​គ្នា​ចាប់​ដៃ​គ្នា​យក​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​មក​ដាក់​ពី​មុខ​ទៅ​ ធ្វើ​ការ​ជាមួយ​គ្នា​ មាន​ការ​យោគយល់​គ្នា​ ការ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​គោរព​ច្បាប់​ ដើម្បី​អ្វី? ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ធំ។​ រុញ​ឲ្យ​ប្រទេស​ហ្នឹង​អភិវឌ្ឍ​ទៅ។ ដល់​អញ្ចឹង​ប្រជាពលរដ្ឋ​ក៏​មាន​ជីវភាព​ល្អ ​ខាង​រដ្ឋាភិបាល​ក៏​គេ​ ស្រឡាញ់។ ឈ្មោះ​ក៏​ល្អ​ខាង​ក្រៅ​ទៅ»។

លោកស្រី​បាន​អះអាង​ថា ​នៅ​បណ្តាប្រទេស​អ៊ីរ៉ុប​មួយ​ចំនួន​ អ្នក​នយោបាយ​ទាស់ទែង​គ្នា​ខ្លាំង​ មាន​គំនិត​ខ្វែង​គ្នា​តែ​ក្នុង​ពេល​បោះឆ្នោត​ទេ ​តែ​ពេល​ចប់​ទៅ​គេ​ធ្វើការ​រួមគ្នា​ បង្កើត​ស្ថានភាព​ល្អ​ជាមួយ​គ្នា​ ពិភាក្សា​ដេញ​ដោល​គ្នា​នៅ​ក្នុង​សភា​ដើម្បី​អនាគត​ប្រទេស​ជាតិ។

លោកស្រី​ពុង ឈីវហ្កេច ​បាន​សម្តែង​ការ​សោកស្តាយ​ដែល​ប្រទេស​កម្ពុជា​មានវិវាទ​នយោបាយ​រវាង​អ្នក​នយោបាយ​ធ្វើ​ឲ្យ​ប្រទេស​មាន​បញ្ហា​ខាង​ស្ថេរភាព​នយោបាយ។

គណបក្ស​នយោបាយ​ធំៗ​ពីរ​គឺ​ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សម រង្ស៉ី​ ដែល​មាន​ទម្ងន់​ប្រកួត​ប្រជែង​គ្នា​បាន​នៅ​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​ជា​បន្តបន្ទាប់​នេះ។​ តែ​មេដឹកនាំ​ក្រុម​ជំទាស់​លោក​ សម រង្ស៉ី​បន្ត​នៅ​និរទេស​ខ្លួន​ជិត​៣​ឆ្នាំ​ហើយ​ ដោយសារ​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​វៀតណាម​ ដែល​តុលាការ​កាត់​ទោស​ឲ្យ​លោក​ជាប់គុក​ជាង​១០​ឆ្នាំ។​ អ្នក​វិភាគ​ខ្លះ​និយាយ​ថា​ ​បញ្ហា​ព្រំដែន​នេះ​ពិបាក​នឹង​ត្រូវរ៉ូវ​គ្នា​ដោយសារ​ការ​ដណ្តើម​ប្រជាប្រិយភាព​លើ​បញ្ហា​ព្រំដែន​ វា​ជ្រុល​ខ្លាំង​ពេក។

លោក​ ហង្ស ឆាយា​ នាយក​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ ​បាន​អះ អាង​ថា ​គណបក្ស​នយោបាយ​ទាំង​អស់​រួម​គ្នា​ពេល​នោះ​អាច​នាំ​មក​នូវ​ការ​រីក​ចម្រើន​ ការ​អភិវឌ្ឍ។​ លោក​អះអាង​ថា​ កម្ពុជា​គួរ​ធ្វើ​យ៉ាង​ណា​កុំឲ្យ​គេ​មើល​ឃើញ​ថា​ នៅ​តែ​ខ្សោយ​ក្នុង​រឿង​បញ្ហា​នយោបាយ​ក្នុង​ស្រុក។​ ប្រទេស​នេះ​គួរ​តែ​មាន​របប​សេរី​ពហុបក្ស​ សេរីភាព​បញ្ចេញ​មតិ​ ស្ថេរភាព​ដូច​ដែល​កម្ពុជា​បាន​ចុះ​ហត្ថេខា​ជាមួយ​អន្តរជាតិ។ ​លោក​បាន​ទទូច​ថា​នៅ​ឆ្នាំ​ថ្មី​នេះ​ កម្ពុជា​ត្រូវ​ពិនិត្យ​សម្រេច​ថា​ តើ​កម្ពុជា​ត្រូវ​ធ្វើ​ដូច​ជា​វៀតណាម​និង​ឡាវ​ដែល​ជា​ប្រទេស​ កុំម្មុយនិស្ត ​ឬ​ក៏​ត្រូវ​ធ្វើ​ទៅ​តាម​ប្រជាធិបតេយ្យ?

«ព្រោះ​ខ្ញុំ​ជឿ​ថា​ យើង​អាច​ធ្វើ​បាន​បើ​យើង​ឈប់ពាក់​មុខ​យក្ស​ដាក់​គ្នា។ មាន​ន័យថា​ គណបក្ស​ទាំង​អស់​ហ្នឹង​ធ្វើការ​ជាមួយ​គ្នា។ នេះ​ហើយ​ដែល​យើង​ចង់​បាន»។

ទាំង​លោកស្រី​ពុង ឈីវហ្កេច​ និង​លោក​ ហង្ស ឆាយា​ បាន​អះអាង​ស្រដៀង​គ្នា​ ថាការ​ចូលរួម​ពី​គណបក្ស​ជំទាស់​ជា​រឿង​សំខាន់​ណាស់​ដើម្បី​ឲ្យ​មាន​ប្រព័ន្ធ​ ផ្ទៀងផ្ទាត់​ ហើយ​ប្រសិន​បើ​គ្មាន​គណបក្ស​ជំទាស់​ចូលរួម​ដើម្បី​ផ្តល់​យោបល់​ កែតម្រូវ​រដ្ឋាភិបាល​ទេ​ គ្មាន​សង្គម​ស៊ីវិល​ចូលរួម​ទេ​នោះ​ វា​ជា​ការ​ពិបាក​នឹង​ឲ្យ​ អន្តរជាតិ​ចូលរួម​ធ្វើ​ការ​ជាមួយ​កម្ពុជា។ ក្រុម​អ្នក​វិភាគ​បាន​អះអាង​ដែរ​ថា​ កម្ពុជាមាន​ការ​បែកបាក់​យ៉ាងខ្លាំង​ ហើយ​ដែល​មិន​គួរ​បន្ត​កើត​មាន​ទៀត​ទេ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ធ្លាប់​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ជំហរ​របស់​លោក​ខ្លះៗ​ អំពី​រឿង​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​កម្ពុជា។​ លោក​អះអាង​ជា​សាធារណៈ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​ទៅ​ថា​ ទោះ​ជា​មាន​ការ​មិន​ពេញចិត្ត​ជាមួយ​គ្នា​រឿង​អ្វី​ក៏​ដោយ​អ្នក​នយោបាយ​ខ្មែរ​ត្រូវ​ដោះស្រាយ​ដោយ​ការ​និយាយ​គ្នា​ល្អ​ជា​ជាង​ការ​កាប់ចាក់​បង្ក​ជម្លោះ​ហឹង្សា។

«ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ចង់​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា​ ដោះស្រាយ​ជាមួយ​គ្នា​ក្នុងឋានៈ​ជា​ជនជាតិ​ខ្មែរ​ជាមួយ​គ្នា។ ​ប្រទេស​យើង​ធ្លាប់​បែកបាក់​រ៉ាំរ៉ៃ ​មិន​មែន​រាប់​ទសវត្ស​ទេ​ បើ​និយាយ​ពី​រឿង​ចម្បាំង​វិញ​ខ្មែរ​វ៉ៃ​គ្នា»។

ទាំង​ក្រុម​អ្នក​វិភាគ​ក្នុង​ប្រទេស​និង​បណ្តា​ប្រទេស​មួយ​ចំនួន​ចង់​ឃើញ​មេដឹកនាំ​ គណបក្ស​សម រង្ស៉ី​ គឺ​លោក​ សម រង្ស៉ី ​បាន​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ ចូលរួម​ការ​បោះឆ្នោត​ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​ទទួល​ស្គាល់​តាម​ច្បាប់គតិយុត្តិ​ត្រឹមត្រូវ។

ក្រុម​អ្នក​វិភាគ​បាន​អះអាង​ថា ​ពួក​គេ​ចង់​ឃើញ​ដំណោះស្រាយ​លើ​បញ្ហា​ទំនាស់​ដីធ្លី​ បញ្ហា​បណ្តេញ​ពី​លំនៅដ្ឋាន​ បញ្ហា​គោរព​សិទ្ធិ​មនុស្ស​ និង​បញ្ហា​គោរព​ច្បាប់ផ្សេងៗ​ទៀត៕

XS
SM
MD
LG