កំណត់និពន្ធនាយក៖ លោកស្តេហ្វិន ឃុក (Stephen Cook) គឺជាអ្នកជំនាញខាងកិច្ចការមជ្ឈឹមបូព៌ា ធ្វើការនៅក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។ នៅយប់ថ្ងៃព្រហស្បតិ៍ លោកបានត្រឡប់ពីទីក្រុងឡឺគែរ មករដ្ឋធានីវ៉ាស៊ីនតោនវិញ ហើយលោកបានពិភាក្សាជាមួយនឹងលោកផល វែសត៍ហ្វ៊ែលីង (Paul Westpheling) នៃវីអូអេសំឡេងសហរដ្ឋអាមេរិក អំពីមូលហេតុដែលនាំឲ្យកើតមានបាតុកម្មនៅទីក្រុងឡឺគែរ និងទីក្រុងដទៃទៀត ដែលមានខ្លឹមសារដូចតទៅ៖
លោកឃុក៖ នេះគឺជាលទ្ធផលនៃកំហឹង និងភាពតានតឹងក្នុងចិត្តដែលមានរាប់ឆ្នាំមកហើយ។ បាតុកម្មមានជាបន្តបន្ទាប់ជាទៀងទាត់នៅប្រទេសអេហ៊្សីប រវាងប្រាំ ឬប្រាំមួយឆ្នាំកន្លងមកនេះ។ ស្ថានភាពត្រូវបានបញ្ឆេះដោយបាតុកម្មដែលត្រូវបានរៀបចំតាមផែនការ នៅថ្ងៃទី២៥ ខែមករា សម្រាប់ទិវាប៉ូលិស ហើយស្ថានភាពនៅប្រទេសទុយណេស៊ីផ្តល់សន្ទុះដល់បាតុកម្ម ហើយធ្វើឲ្យបាតុករយល់ថា អំណាចប្រជាពលរដ្ឋអាចបណ្តេញមេដឹកនាំអារ៉ាប់ឲ្យចេញពីអំណាចបាន។
សំណួរ៖ ហេតុអ្វីបានជាបាតុកម្មទាំងនេះហាក់ដូចជាមានកម្លាំងទាក់ទាញ ខណៈដែលបាតុកម្មដទៃទៀតត្រូវបានបង្ក្រាបដោយរដ្ឋាភិបាលងាយស្រួល និងឆាប់រហ័សម្ល៉េះ?
ឃុក៖ ខ្ញុំគិតថា រដ្ឋាភិបាលអេហ្ស៊ីបរំពឹងថា គេធ្វើបាតុកម្មតវ៉ាតែមួយថ្ងៃ ហើយអ្វីៗនឹងត្រឡប់ទៅរកភាពដើមវិញ ដូចដែលធ្លាប់មានពីមុនមក។ វាច្បាស់ណាស់ថា ស្ថានភាពទុយណេស៊ីដែលកើតឡើងពេញមួយខែនោះ ជាគំរូសម្រាប់ប្រជាពលរដ្ឋអេហ្ស៊ីប ដែលមានគោលដៅដូចគ្នានេះ។
សំណួរ៖ មានបាតុកម្មស្រដៀងគ្នានេះប្រឆាំងនឹងភាពក្រីក្រ អត្រាអត់ការងារធ្វើខ្ពស់ និងទំនិញឡើងថ្លៃនៅប្រទេសហ្សកដានី ប្រទេសយែមែន ហើយយើងក៏ឃើញមានបាតុកម្មនៅប្រទេសលីបង់ផងដែរ។ តើអ្វីដែលនាំឲ្យមានបាតុកម្មតវ៉ាយ៉ាងច្រើនកើតឡើងភ្លាមៗបែបនេះ?
ឃុក៖ សូមទុកប្រទេសលីបង់ដោយឡែក ពីព្រោះខ្ញុំគិតថា ស្ថានភាពនៅលីបង់ គឺកើតមានតែនៅក្នុងប្រទេសលីបង់ទេ។ នៅពាសពេញតំបន់ដូចជា នៅប្រទេសយែមែនប្រជាពលរដ្ឋធុញទ្រាន់នឹងរបបផ្តាច់ការ ហើយមិនពេញចិត្តនឹងមេដឹកនាំរបស់ខ្លួន។ នៅប្រទេសអេហ្ស៊ីបមិនសូវមានបញ្ហាសេដ្ឋកិច្ចធំដុំទេ មានតិចតួចប៉ុណ្ណោះ ប៉ុន្តែទោះបីជាមានវិបត្តិសេដ្ឋកិច្ចក្តី ក៏ប្រជាពលរដ្ឋចង់រស់នៅក្នុងសង្គមមួយដែលមានសេរីភាពដែរ។
សំណួរ៖ នៅប្រទេសអេហ្ស៊ីប អ្នករិះគន់ដ៏ឥតសំចៃចំពោះរដ្ឋាភិបាលមួយរូបគឺលោក ម៉ូហាម៉េដ អ៊ែល បារ៉ាដី (Mohammed El Baradei) បានត្រឡប់មកវិញ។ តើវត្តមានរបស់លោកបញ្ឆេះឲ្យមានបាតុកម្មប្រឆាំងរដ្ឋាភិបាលនេះទេ?
ឃុក៖ ការវិលត្រឡប់របស់លោកអ៊ែល បារ៉ាដីពិតជាសំខាន់ណាស់។ ប្រសិនបើលោកអាចដឹកនាំក្រុមសកម្មជនទាំងនេះដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋអេហ្ស៊ីបចេញមកតាមផ្លូវនោះ លោកអាចផ្តល់ឲ្យចលនានេះនូវការបង្រួបបង្រួមនយោបាយមួយចំនួន និងចំណុចផ្តោតការយកចិត្តទុកដាក់ដ៏សំខាន់សម្រាប់ប្រឆាំងនឹងរបបកាន់អំណាច ហើយជាចំណុចផ្តោតដ៏សំខាន់សម្រាប់កំណែទម្រង់ និងការផ្លាស់ប្តូរ ដែលជាផលលំបាកដ៏ចំបងមួយសម្រាប់រដ្ឋាភិបាល ដែលបានផ្តល់ទស្សនៈថា ស្ថានភាពនេះត្រូវបានជំរុញឲ្យកើតមានដោយគណបក្ស ភាពជាបងប្អូនអ៊ីស្លាម ឬហៅថា Muslim Brotherhood ដែលជាក្រុមប្រឆាំងធំបំផុតនៅក្នុងប្រទេសអេហ្ស៊ីប ហើយវាជាការពិបាកក្នុងការទទួលបានការគាំទ្រពីសំណាក់សហរដ្ឋអាមេរិក នៅពេលដែលរដ្ឋាភិបាលបង្ក្រាបចលនាដែលដឹកនាំដោយមេធាវីនិកាយសាសនាម្នាក់ ដែលអំពាវនាវឲ្យមានកំណែទម្រង់។ វាជាការអភិវឌ្ឍដ៏សំខាន់ដែលលោកបានត្រឡប់ចូលក្នុងប្រទេសអេហ្ស៊ីប។
សំណួរ៖ តើវាត្រឹមត្រូវទេ ការដែលនិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកផុងខ្លួនជាប់ក្នុងស្ថានភាពមួយដែលខ្លួនគាំទ្ររដ្ឋាភិបាលអេហ្ស៊ីប ដែលដឹកនាំដោយលោកប្រធានាធិបតីហូស្នី មូបារ៉ាក (Hosni Mubarak)ផង និងគាំទ្រក្រុមអ្នកប្រឆាំតវ៉ាផងនោះ?
ឃុក៖ ខ្ញុំគិតថា សម្រាប់រដ្ឋបាលលោកអូបាម៉ាស្ថានភាពនេះលំបាកជាងស្ថានភាពនៅក្នុងប្រទេសទុយណេស៊ីឆ្ងាយណាស់ ប៉ុន្តែទីបំផុតគោលការណ៍មានតួនាទីសំខាន់ណាស់នៅទីនេះ ជាពិសេសវិធានការដែលក្រសួងការបរទេស បានចាត់លើបញ្ហានេះពីដំបូងគឺមិនសូវមានភាពស្មុគស្មាញទេ។ ការជំរុញឲ្យមានការប្រើបា្រស់រិតត្បិតដោយគ្រប់គណបក្សទាំងអស់ នៅពេលដែលមានគណបក្សមួយមិនប្រើប្រាស់ការរិតត្បិត ហើយនៅតែអំពាវនាវឲ្យមានកំណែទម្រង់ទៀតនោះ វាហាក់មិនសូវត្រូវប៉ុន្មានទេនៅពេលនេះ៕
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ