តុលាការសហរដ្ឋអាមេរិក បានច្រានចោលច្បាប់ធ្វើអត្តសញ្ញាណប័ណ្ណសម្រាប់អ្នកបោះឆ្នោតនៅក្នុងរដ្ឋ៤ខុសគ្នាកាលពីពេលថ្មីៗនេះ ដោយបានកាត់សេចក្តីថា ច្បាប់ទាំងនោះ មានការរើសអើង។ តុលាការនោះក៏បានផ្តល់សិទ្ធិបោះឆ្នោតកាន់តែច្រើនឡើងថែមទៀតដល់ជនជាតិភាគតិចនិងអ្នកបោះឆ្នោតដែលមានប្រាក់ចំណូលទាបមុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែវិច្ឆិកា។
កាលពីថ្ងៃសុក្រ តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក បានច្រានចោលច្បាប់នៅក្នុងរដ្ឋ North Carolina ដែលតម្រូវឲ្យអ្នកបោះឆ្នោតបង្ហាញអត្តសញ្ញាណប័ណ្ណមានបិតរូបថតមុនពេលធ្វើការបោះឆ្នោត។ គណៈកម្មការមួយដែលមានចៅក្រម៣រូប បានកាត់សេចក្តីថា ច្បាប់ដែលបានអនុម័តកាលពីខែមេសា មានការរើសអើងដោយចេតនា ពីព្រោះតែច្បាប់នោះ មានផលប៉ះពាល់ដល់ជនជាតិភាគតិចនិងមនុស្សក្រីក្រ។
ក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីការសម្រេចរបស់តុលាការនោះ លោក Pat McCory អភិបាលរដ្ឋ North Carolina បាននិយាយថា អត្តសញ្ញាណប័ណ្ណមានបិតរូបថត បានតម្រូវឲ្យបង្ហាញនៅពេលទិញឱសថដូចជា ថ្នាំគ្រុនផ្តាសាយនិងការជិះយន្តហោះ។ទោះជាយ៉ាងនោះក៏ដោយ ចៅក្រមខាងគណបក្សប្រជាធិបតេយ្យ៣នាក់ កំពុងធ្វើឲ្យប៉ះពាល់ដល់សុចរិតភាពការបោះឆ្នោតរបស់យើងខណៈនោះក៏ធ្វើឲ្យគ្រោះថ្នាក់ដល់រដ្ឋរបស់យើងដែរ។ យើងនឹងធ្វើការប្តឹងឧទ្ធរណ៍ជាបន្ទាន់ ហើយក៏នឹងពិនិត្យមើលឡើងវិញដើម្បីយកជម្រើសល្អមួយផ្សេងទៀត។
ក៏ប៉ុន្តែលោកស្រី Lorretta Lynch រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានសរសើរការសម្រេចរបស់តុលាការនោះដោយលោកស្រីរដ្ឋមន្រ្តីមានប្រសាសន៍ថា «សមត្ថភាពរបស់ពលរដ្ឋអាមេរិកកាំងដើម្បីមានសំឡេងនៅក្នុងការដឹកនាំប្រទេសរបស់យើង ជាគោលការណ៍ដែលយើងទាំងអស់គ្នា ប្រាថ្នាចង់បាន»។
ចៅក្រមម្នាក់បានរកឃើញថា ផ្នែកនានានៃច្បាប់ធ្វើអត្តសញ្ណាប័ណ្ណសម្រាប់អ្នកបោះឆ្នោតនៅក្នុងរដ្ឋ Wisconsin ដែលបានអនុម័តដោយលោក Scott Walkerអភិបាលរដ្ឋ ខុសនឹងរដ្ឋធម្មនុញ្ញ៕