លោក Newt Gingrich អតីតប្រធានសភាតំណាងរាស្ត្រអាមេរិកាំងបាននិយាយថាលោកនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីឱ្យបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋទោះណាជាពួកបុគ្គលិកសំខាន់ៗសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតបាននាំគ្នាដើរចេញជាច្រើននាក់ក៏ដោយ។ការចាកចេញនៃពួកបុគ្គលិកទាំងនេះជាដំណើរ ថយ ក្រោយខាងនយោបាយថ្មីៗបំផុតសម្រាប់លោក Gingrich ដែលបានចាប់ផ្តើមការឃោសនាបោះឆ្នោតជាអ្នកប្រជែងម្នាក់ខាងគណបក្សសាធារណរដ្ឋដែលគេស្គាល់ច្រើនជាងគេសម្រាប់តំណែងជាន់ខ្ពស់ក្នុងសេតវិមាននៅឆ្នាំក្រោយ។
សហការីធ្វើការឃោសនាបោះឆ្នោតឱ្យលោក Gingrich ជាង១២នាក់បានលាលែងចេញពីតំណែងជាក្រុមក្នុងសប្តាហ៍នេះ ដោយមានរួមបញ្ចូលអ្នក ចាត់ ចែងការឃោសនាបោះឆ្នោតរបស់លោក ប្រធានអ្នកនាំពាក្យនិងពួកបុគ្គលិកសំខាន់ៗនៅក្នុងរដ្ឋសំខាន់ៗដែលមានការប្រកួតប្រជែងដំបូងៗសម្រាប់តំណែងប្រធានាធិបតីគឺរដ្ឋ Iowa, New Hampshire និង South Carolina។
អ្នកនាំពាក្យ Rick Tyler បាននិយាយយោងដល់ទិសដៅនៃការឃោសនាបោះឆ្នោតហើយបានចោទសួរអំពីការប្តេជ្ញារបស់លោក Gingrichក្នុងការឈរឈ្មោះដ៏ហ្មត់ចត់សម្រាប់ការតែងតាំងជាបេក្ខជនប្រធានាធិបតី។ការចាកចេញរបស់ពួកបុគ្គលិកទាំងនេះមានទ្បើងក្នុងរយៈពេលខ្លីក្រោយពីលោក Gingrich និងភរិយាលោកបានវិលត្រទ្បប់មកពីវិស្សមកាលជិះនាវាកំសាន្តក្នុងប្រទេស Grec។កាលពីថ្ងៃសុក្រ លោក Gingrich បានថ្លែងប្រាប់ពួកអ្នកកាសែតថាមានការខ្វែងគំនិតគ្នាអំពីយុទ្ធសាស្ត្រនៃការឃោសនាបោះឆ្នោត ក៏ប៉ុន្តែលោកបានប្តេជ្ញាថានឹងបន្តការស្វែងរកឱ្យមានការតែងតាំងជាបេក្ខជនប្រធានាធិតីខាងគណបក្សសាធារណរដ្ឋក្នុងវិធីថ្មីប្រកបដោយថាមភាពក្នុងប៉ុន្មានអាទិត្យខាងមុខនេះ។
“យើងមានការខ្វែងគំនិតគ្នាខាងយុទ្ធសាស្ត្រមួយអំពីធ្វើការឃោសនាបោះឆ្នោតបែបណាពីព្រោះមានការឃោសនាបោះឆ្នោតតិចតួចណាស់ដែលតម្រង់ទៅរកដំណោះស្រាយនិងតម្រង់ទៅរកជនជាតិអាមេរិកាំងម្នាក់ៗ។”
ពួកអ្នកជំនាញការខាងនយោបាយនិយាយថាការរត់ចោលជួរដោយបុគ្គលិកច្រើននាក់ជាបញ្ហាធ្ងន់ធ្ងរមួយសម្រាប់ការឃោសនាបោះឆ្នោតរបស់លោក Gingrich ដែលមានឧបសគ្គជាច្រើនចាប់ពីដំបូងមក។
លោក Darrell Westជាអ្នកធ្វើវិភាគនយោបាយជាមួយស្ថាប័ន Brookingsក្នុងរដ្ឋធានីWashington។
“ការដែលមានពួកមេដឹកនាំទាំងអស់នៃការឃោសនាបោះឆ្នោតដើរចេញនៅពេលជាមួយគ្នាក្នុងដំណាក់ការដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជាការមិនធ្លាប់មានពីពេលមុនទេ ដូច្នេះវាប្រាកដជាធ្វើឱ្យមានការខូចខាតដល់លោក Gingrich។”
ពួកអ្នកប្រជែងខាងគណបក្សសាធារណរដ្ឋដើម្បីតំណែងប្រធានាធិបតីធ្វើការជជែកដេញដោលគ្នាធំជាលើកដំបូងរបស់ពួកគេនៅថ្ងៃចន្ទនៅក្នុងរដ្ឋ New Hampshire នាប៉ែកឦសាននៃស.រ.អ. ដែលនឹងធ្វើការបោះឆ្នោតប្រធានាធិបតីបឋមនៅដើមឆ្នាំក្រោយ។
ប្រែសម្រួលដោយ ឈឹម សុមេធ