អាស៊ីអាគ្នេយ៍គ្មានរោងចក្រថាមពលនុយក្លេអ៊ែរដំណើរការទេ ប៉ុន្តែប្រទេសភាគច្រើនក្នុងតំបន់នេះ គ្រោងនឹងអភិវឌ្ឍថាមពលនុយក្លអ៊ែរ ទោះបីជាមានគ្រោះអាសន្ននុយក្លេអ៊ែរនៅប្រទេសជប៉ុនក៏ដោយ។
ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម គ្រោងនឹងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងទសវត្ស៍ក្រោយ ហើយប្រទេសដទៃៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រំពឹងថានឹងធ្វើតាមប្រទេសទាំងនោះ។ ប៉ុន្តែគ្រោះអាសន្ននុយក្លេអ៊ែរដែលបណ្តាលមកពីការរញ្ជួយផែនដី និងមហារលកសមុទ្រស៊ូណាមី នៅក្នុងប្រទេសជប៉ុននោះ បានបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពនៃការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ជាពិសេសនៅក្នុងប្រទេសដែលងាយរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិនានា។ តំបន់អាស៊ីប៉ាស៊ីហ្វិកមានការវាយប្រហារដោយការរញ្ជួយផែនដី ខ្យល់ព្យុះត្រូពិច ទឹកជំនន់នៅរដូវភ្លៀង និងការហូរច្រោះដីបាក់ជារៀងរាល់ឆ្នាំ។
បន្ទាប់ពីមហន្តរាយនៅក្នុងប្រទេសជប៉ុនមក មន្ត្រីផ្លូវការ និងសកម្មជននានានៅក្នុងតំបន់ បានអំពាវនាវឲ្យមានការពិចារណាឡើងវិញ នូវការអនុវត្តថាមពលនុយក្លេអ៊ែរ។
ប្រធានគណៈកម្មការថាមពលបរមាណូវៀតណាម វុង ហ៊ូ ឌុន និយាយថា ប្រទេសលោកកំពុងមើលគ្រោះអាសន្ននៅជប៉ុនយ៉ាងដិតដល់ ហើយបានដឹងអំពីការព្រួយបារម្ភសាធារណៈ។ ប៉ុន្តែលោកនិយាយថា ពួកគេគិតថា ការព្រួយបារម្ភនោះនឹងមិនមានផលប៉ះពាល់លើគម្រោងការរបស់ពួកគេដើម្បីសង់រោងចក្រថាមពលនុយក្លេអ៊ែរ ចំនួនយ៉ាងតិច៨នោះទេ។
លោក វុង និយាយថា ពួកគេនឹងប្រើបច្ចេកវិជ្ជានុយក្លេអ៊ែរថ្មីបំផុត ដែលលោកនិយាយថា នឹងមានសុវត្ថិភាពជាងបច្ចេកវិជ្ជាជំនាន់ចាស់ដែលត្រូវបានប្រើនៅឯរោងចក្រនុយក្លេអ៊ែរ ហ្វ៊ុគុស្ស៊ីម៉ា ដេអៃជី (Fukushima Daiichi) របស់ជប៉ុន។ លោក វុង ថ្លែងថា៖
«យើងនឹងជ្រើសយកបច្ចេកវិជ្ជានៃថាមពលនុយក្លេអ៊ែរទំនើប។ មានន័យថា ប្រហែលជាយើងជ្រើសយកបច្ចេកវិជ្ជាជំនាន់ទីបី ឬលើសពីនេះ។ បច្ចេកវិជ្ជានេះល្អណាស់ ពេលណាមានគ្រោះថ្នាក់ដូចជាការរញ្ជួយដីនៅជប៉ុនដែលលោកអ្នកបានឃើញនេះ»។
លោក វុង និយាយថា ពួកគេគ្រោងនឹងចាប់ផ្តើមសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងបង្អស់របស់វៀតណាមនៅក្នុងរយៈបីឆ្នាំ។ ប្រទេសថៃគ្រោងនឹងកសាងរោងចក្រនុយក្លេអ៊ែរដល់ទៅ៥មិនហួសពីឆ្នាំ២០២៥។
បន្ទាប់ពីគ្រោះអាសន្ននៅជប៉ុនមក រដ្ឋាភិបាលថៃបានឲ្យដឹងថា ខ្លួនក៏អាចលើកយកការព្រួយបារម្ភមកពិចារណាអំពីសុវត្ថិភាពនុយក្លេអ៊ែរដែរ ដោយបញ្ហានេះបានក្លាយជាការយកចិត្តទុកដាក់នៃសាធារណៈកាន់តែច្រើនឡើង។
ប៉ុន្តែអ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ លោក ប៉ានីតាន់ វតនាយ៉ាកន និយាយថា រដ្ឋាភិបាលនឹងមិនពន្យាការអភិវឌ្ឍថាមពលនុយក្លេអ៊ែររបស់ខ្លួនឡើយ។ លោកវតនាយ៉ាកនថ្លែងថា៖
«ទាល់តែយើងដឹងប្រាកដថា មានអ្វីកើតឡើងនៅជប៉ុននោះ ខ្ញុំគិតថា រដ្ឋាភិបាលជាច្រើនប្រហែលត្រូវការព័ត៌មានបន្ថែមអំពីបញ្ហានេះ។ ដូច្នេះខ្ញុំគិតថា ពិតប្រាកដណាស់ថា បញ្ហានេះបង្កើនការព្រួយបារម្ភ ប៉ុន្តែការព្រួយបារម្ភទាំងនេះមិនមែនជារឿងថ្មីទេ។ ដោយសង្ឃឹមថា គណៈកម្មាធិការរបស់យើងដែលកំពុងធ្វើការ នឹងនាំមកជាមួយនូវរូបភាពដ៏ទូលំទូលាយមួយអំពីរឿងនេះ»។
លោក វតនាយ៉ាកន និយាយថា ប្រសិនបើមានការពន្យាណាមួយនៅក្នុងផែនការថាមពលនុយក្លេអ៊ែររបស់ថៃនោះ គឺមកពីឧបសគ្គនៃបច្ចេកទេស និងការសិក្សាអំពីនិរន្តរភាពហើយមិនមែនមកពីប្រតិកម្មទៅនឹងគ្រោះអាសន្ននុយក្លេអ៊ែរជប៉ុនទេ។
លោក ខាល ថេយយើរ៍ អ្នកឯកទេសខាងកិច្ចការអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ ញូ សោធ វ៉េលស៍ (New South wales) នៃប្រទេសអូស្ត្រាលី មានប្រសាសន៍ថា គ្រោះអាសន្ននុយក្លេអ៊ែរនៅជប៉ុនអាចនាំឲ្យមានការពិនិត្យហ្មត់ចត់ឡើងវិញនូវគម្រោងការសុវត្ថិភាពគ្រោះថ្នាក់នុយក្លេអ៊ែរទាំងឡាយនៅក្នុងប្រទេសមួយចំនួន។ ប៉ុន្តែលោកថ្លែងថា សេចក្តីត្រូវការថាមពលនុយក្លេអ៊ែរដែលកើនឡើងយ៉ាងលឿនរបស់តំបន់អាស៊ីអាគ្នេយ៍នោះ មានន័យថាតំបន់នេះមានជម្រើសផ្សេងៗក្រៅពីការផលិតថាមពលនុយក្លេអ៊ែរ។ លោក ថេយើរ៍ ថ្លែងដូច្នេះថា៖
«លោកអ្នកមានថាមពលផលិតពីកម្លាំងទឹក លោកអ្នកអាចផ្តោតលើជីវៈឥន្ធនៈ លោកអ្នកអាចប្រើថាមពលផលិតពីកម្លាំងខ្យល់បាន។ ប៉ុន្តែទំហំនៃការលូតលាស់សេដ្ឋកិច្ច កំណើននៃការប្រើប្រាស់ មនុស្សឈានដល់កម្រិតប្រើប្រាស់ឧបករណ៍ និងរបស់របរក្នុងផ្ទះដែលប្រើថាមពល ដែលទាំងអស់នេះគួរត្រូវគិតជាមុនដើម្បីកុំឲ្យមានសេចក្តីត្រូវការថាមពលដ៏សម្បើម»។
រោងចក្រ នុយក្លេអ៊ែរ បាតាអាន (Bata’an) របស់ហ្វីល្លីពីនដែលត្រូវបានសង់នៅទសវត្ស៍១៩៨០នោះ ជារោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់នៅអាស៊ីអាគ្នេយ៍ ប៉ុន្តែ ពីព្រោះតែការព្រួយបារម្ភអំពីការរញ្ជួយផែនដី និងភ្នំភ្លើងដែលនៅជិតៗនោះ រោងចក្រនោះមិនត្រូវបានដំណើរការទេ។ ទោះជាយ៉ាងណា រដ្ឋាភិបាលហ្វីល្លីពិនកំពុងពិចារណាធ្វើឲ្យរោងចក្រនុយក្លេអ៊ែរនោះដំណើរការឡើងវិញដើម្បីបំពេញសេចក្តីត្រូវការថាមពលរបស់ខ្លួន។
ប្រែសម្រួលដោយ នុច សារីតា។