ក្រុង ហ៊្សូបា៖ នៅពេលដែលការបិទបញ្ជីបោះឆ្នោតកំពុងដំណើរការនៅក្នុងការបោះឆ្នោតប្រជាមតិដើម្បីឯករាជ្យភាពក្នុងតំបន់ស៊ូដង់ភាគខាងត្បូង មេដឹកនាំរបស់ខ្លួនកំពុងប្រុងប្រៀបសម្រាប់ថ្ងៃចេញលទ្ធផលចុងក្រោយ។ពួកមន្រ្តីនិយាយថាទោះបីតំបន់នោះជ្រើសរើសផ្តាច់ខ្លួនចេញឬស្ថិតនៅជាផ្នែកមួយនៃប្រទេសស៊ូដង់ក៏ដោយតំបន់នោះ ប្រឈមមុខបញ្ហាដ៏ធំធេង។
លោក ដេវីដ ហ្ក្រេសលី (David Gressly) មេដឹកនាំអង្គការសហប្រជាជាតិក្នុងតំបន់ស៊ូដង់ខាងត្បូងបានអញ្ជើញទៅដល់តំបន់នោះមុនពេលតំបន់ខាងជើងនិងខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលបានបញ្ចប់សង្គ្រាមស៊ីវិល២ទសវត្សរ៍ហើយបានបង្កើតរដ្ឋាភិបាលតំបន់ស្វ័យភាពក្នុងរដ្ឋធានីហ្ស៊ូបា។
លោកមានប្រសាសន៍ថា ប្រជាពលរដ្ឋស៊ូដង់ភាគខាងត្បូងបានប្រុងប្រៀបដើម្បីឯករាជ្យភាពហើយនឹងផលវិបាកដែលប្រទេសនោះមាន។
«ការងារជាច្រើនបានត្រូវធ្វើក្នុងរយៈពេល៦ឆ្នាំនៅទឹកដីដែលមានការបែកបាក់យ៉ាងខ្លាំង។ ក្រុមប្រដាប់អាវុធជាច្រើន ដែលប្រតិបត្តិក្នុងឆ្នាំ២០០៥ត្រូវបញ្ចូលគ្នានៅពេលឥឡូវនេះ មានហេដ្ឋារចនាសម្ព័ន្ធបន្តិចបន្តួច មិនមានផ្លូវថ្នល់ មិនមានរដ្ឋាភិបាលតំបន់។ ទាំងអស់នេះ បានត្រូវកើតចេញពីចំណុចសូន្យ»។
ក៏ប៉ុន្តែ លោកនិងមនុស្សភាគច្រើនដែលកំពុងធ្វើការនៅតំបន់នេះទទួលស្គាល់ថាការងារជាច្រើននៅមិនទាន់បានធ្វើ។
លោក មូអាម ប្រូសធីអ៊ីក (Mou Ambrose Thiik) ធ្វើការងារផ្នែកអភិបាលកិច្ចរបស់មូលនិធិ (Friederich Ebert Stiftung) របស់ប្រទេសអាល្លឺម៉ង់។
អាទិភាពដ៏សំខាន់គឺធ្វើឲ្យមានអភិបាលកិច្ចត្រឹមត្រូវ។ វាមានសារៈសំខាន់ណាស់ពីព្រោះអភិបាលកិច្ចនេះនឹងបង្កើតគ្រឹះដ៏ល្អសម្រាប់ប្រព័ន្ធលទ្ធិប្រជាធិបតេយ្យដែលយើងចង់បាន។
ពួកមន្រ្តីកត់សម្គាល់ថា រដ្ឋបាលសាធារណៈមិនមានប្រសិទ្ធភាព ជាពិសេសនៅកម្រិតមូលដ្ឋានបណ្តាលមកពីការខ្វះបទពិសោធនិងការបណ្តុះបណ្តាល។ ពួកគេ និយាយថាគេត្រូវការចំណាយពេលវេលាដើម្បីធ្វើឲ្យមានតម្លាភាពនិងអភិបាលកិច្ចល្អ។
លោកស្រី សារ៉ា ចនសុន (Sarah Johnson) អនុប្រធានកម្មវិធី ធ្វើការឲ្យមជ្ឈមណ្ឌល Carterដែលបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំក្នុងតំបន់ស៊ូដង់ភាគខាងត្បូង។
«មានអាទិភាពជាច្រើនដូចជា គ្រឹះនៃការធ្វើឲ្យប្រាកដប្រជាថាវាជារដ្ឋមានសេ្ថរភាព សន្តិភាពហើយនឹងការផ្តោតទៅលើការស្ថាបនាផ្នែកដ៏សំខាន់នៃសេវាកម្មសិក្សាអប់រំនិងសុខភាពហើយនឹងការពង្រីកសេវាកម្មគ្រប់គ្រងសំខាន់ៗនៅក្នុងតំបន់»។
អាទិភាពមួយទៀត គឺប្រាក់ដើម្បីស្ថាបនាហេដ្ឋារចនាសម័្ពន្ធ ដូចជាផ្លូវថ្នល់និងកសិកម្មដើម្បីជួយលើកស្ទួយវិស័យពាណិជ្ជកម្មនិងការងារ។
ជនជាតិស៊ូដង់ភាគខាងត្បូងជាង១៥០.០០០នាក់ បានចាកចេញពីតំបន់ខាងជើងវិលត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនក្នុងរយៈពេល១០សប្តាហ៍កន្លងមកនេះ។
ពួកគេជាច្រើន បានចាកចេញពីប្រទេសកំណើតអស់ជាច្រើនជំនាន់មកហើយ។ លោកភីធឺ ស្មើដុន (Peter Smerdon) ជាអ្នកនាំពាក្យអង្គការកម្មវិធីស្បៀងអាហារពិភពលោកនិយាយថា ពួកគេត្រូវការជំនួយម្ហូបអាហារនៅពេលដែលពួកគេធ្វើដំណើរទៅផ្ទះវិញក៏ដូចជាការជួយឧបត្ថម្ភសម្រាប់រយៈពេលប៉ុន្មានខែក្រោយពីពួកគេទៅដល់ផ្ទះរបស់ខ្លួន៕
រាយការណ៍ដោយលោកជឹងប៉ូជិន។