ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​ចំនួន​២០០​ប្រទេស បុរសម្នាក់​បញ្ចប់​ដំណើរ​ជុំ​វិញ​ពិភព​លោក​នៅ​ស៊ូដង់​ខាង​ត្បូង


ឈ្មោះ ហ្គ្រាហាម ហ៊ូហ្គេស (Graham Hughes)​

ជន​ជាតិ​អង់គ្លេស​វ័យ​៣៣ឆ្នាំរូប​នេះ​ ដែល​មក​ពីទីក្រុង លីវើភូល ​(Liverpool) បាន​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​អស់​រយៈពេល​ជិត​បួនឆ្នាំ។After 200 Countries, Man Ends World Tour in South Sudan

ដោយ Hannah McNeish
ប្រែ​សម្រួលដោយ​ លី​ សុខ​ឃាង
បុរស​ជន​ជាតិ​អង់​គ្លេស​ ឈ្មោះ ហ្គ្រាហាម ហ៊ូហ្គេស (Graham Hughes)​ និយាយ​ថា លោក​បាន​បំបែក​ឯតទគ្គៈ​ពិភពលោក ដោយបានធ្វើដំណើរ​ទៅ​កាន់​គ្រប់​រដ្ឋអធិបតេយ្យ​ នៅ​ក្នុង​ពិភពលោក​ ដោយមិន​ជិះ​យន្ត​ហោះ។ Hannah McNeish នៃ​វីអូអេ បាន​រកឃើញរូប​លោក ខណៈដែល​លោក​បាន​ចូល​ទៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​(South Sudan) ដែល​ជា​ប្រទេស​ថ្មី​បំផុត​របស់​ពិភព​លោក និង​ជា​ប្រទេស​ចុងក្រោម​បំផុត​នៅ​ក្នុង​បញ្ជី​របស់​លោក​ ហ៊ូ​ហ្គេស។​
ដោយគ្រវី​លិខិត​ឆ្លង​ដែន​ ដែលពោរពេញ​ទៅដោយ​ទិដ្ឋាការ ទាំងអស់ ដែល​លោក​បាន​ប្រមូល ខណៈដែល​លោក​បានធ្វើ​អ្វី​ដែល​លោក​ហៅ​ថា​ជា​ «ដំណើរ​ផ្សង​ព្រេង» លោក​ ហ្គ្រាហាម​ ហ៊ូ​ហ្គេស បានអបអរសាទរ​ឯតទគ្គៈ ដែល​លោកប្រកាស​ដោយខ្លួ​នឯ​ង ក្នុងនាមជា​មនុស្ស​ដំបូង​បង្អស់ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋអធិបតេយ្យ​ចំនួន​២០១​។
ជន​ជាតិ​អង់គ្លេស​វ័យ​៣៣ឆ្នាំរូប​នេះ​ ដែល​មក​ពីទីក្រុង លីវើភូល ​(Liverpool) បាន​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​អស់​រយៈពេល​ជិត​បួនឆ្នាំ។ ជាការ​គួរ​ឲ្យ​កត់​សម្គាល់ លោកបាន​ធ្វើ​ដំណើរតាម​ផ្លូវ​គោក និង​ផ្លូវ​សមុទ្រ​តែប៉ុណ្ណោះ។​
«ថ្ងៃនេះគឺ​ជា​ថ្ងៃទី​១៤២៦ នៃ​បេសកកម្ម​ដំណើរផ្សង​ព្រេង ដែល​ជាការ​ប៉ុនប៉ង​នៅក្នុង​ការបំបែក​ឯតទគ្គៈពិភពលោក​របស់​ខ្ញុំ ដែល​នឹង​ក្លាយ​ទៅជា​មនុស្ស​ដំបូង​បំផុត ដែល​បាន​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​គ្រប់​ប្រទេសទាំងអស់​នៅក្នុង​ពិភពលោក ដោយ​មិនជិះ​យន្តហោះ»។
ដោយ​ប្រើ​ថវិកា​យ៉ាង​តិច​តួចបំផុត ដែល​ផ្តល់ឱ្យ​ដោយ​ការ​បរិច្ចាគពី​ក្រុម​គ្រួសារ​និង​មិត្តភក្តិ លោក​ថ្លែង​ថា លោក​បាន​សុំ​ដោយ​សារ​ឡានគេជិះ ស្នាក់នៅ​តាម​ផ្ទះ​ប្រជា​ពលរដ្ឋ​ និង​ហូប​តែ​អាហារ​តាមតំបន់ នៅក្នុង​ដំណើររបស់លោក។ ​
ដោយ​ពាក់​មួក​របៀប​អ្នក​ឃ្វាល​គោ និងមានស្បោង​តូចៗ​ចំនួនបី​ដែលដាច់​រហែក​រយ៉ៃ លោក ហ៊ូ​ហ្គេស បាន​និយាយថា នៅ​ពេល​លោកបាន​ប្រកាស​ពី​ផែនការ​របស់លោក​កាល​ពី​ដំបូង គ្មាន​នរណា​ម្នាក់ជឿ​ថាលោក​នឹង​អាច​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​បែបនេះ​ទេ។
«មនុស្ស​ភាគច្រើន​បានគិត​ថា ខ្ញុំ​ដូចជាមនុស្ស​ឆ្កួត​។ មនុស្ស​ជាច្រើនបាន​គិតថា វាមិន​អាច​ទៅ​រួច​ទេ។ មនុស្ស​ជាច្រើនបានគិត​ថា វា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។ សំណួរ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​បញ្ហា​ថាតើ​ អ្នក​នឹង​ទៅ​កាន់​ប្រទេស អាហ្វកានីស្ថាន (Afghanistan) យ៉ាង​ដូចម្តេច ថាតើ​អ្នក​នឹង​ទៅ​កាន់​ប្រទេស អ៊ី​រ៉ាក់ (Iraq) ឬប្រទេស សូម៉ាលី (Somali) យ៉ាង​ដូចម្តេច។ និយាយ​តាម​ត្រង់​ទៅ ប្រទេស​ទាំង​អស់​នោះ គឺ​ជា​ប្រទេស​ដែល​ងាយ​ស្រួល​ចូលទៅ​វិញ​ទេ»។
លោក​បាននិយាយ​ថា ក្រុម​មន្ត្រី​នៅ​តាម​ព្រំដែន ទួកគី (Turkey) បាន​លើក​លែង​លក្ខខណ្ឌ​សុំ​ទិដ្ឋាការ និង​អនុញ្ញាត​ឲ្យ​លោក​ចូល​ទៅក្នុង​ប្រទេស​អ៊ីរ៉ាក់ រយៈ​ពេល​១០​ថ្ងៃ។​
ដំណើរ​នេះ​បាន​ចូល​ទៅ​ដល់​កោះ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក មានដូច​ជា​កោះ សៅថម (Sao Tome) និង នូរុ ​(Nauru) ដែល​ជា​រឿយ​ៗ​ ត្រូវ​ជិះតាម​កប៉ាល់​ដឹកទំនិញ​មួយ​ ដែល​ធ្វើដំណើរ​តែ​ម្តង​ក្នុង​មួយខែ​តែប៉ុណ្ណោះ ដែល​បង្ហាញ​អំពី​ការ​លំបាក​បំផុត។ ប៉ុន្តែ​ លោក ហ៊ូ​ហ្គេស បានដាក់បទ​បញ្ញតិ​លើ​ខ្លួនឯងថា លោក​ត្រូវ​តែ​ដាក់​ជើង​នៅលើ​ដី​គោក ​នៅក្នុង​គ្រប់​ប្រទេស​ទាំងអស់ ដើម្បី​បញ្ចប់​ភារកិច្ច​របស់​លោក។
ចំណុច​សំខាន់ៗ​រាប់​បញ្ចូល​ទាំង​ការ​ទស្សនាការ​បាញ់​បង្ហោះយាន​អវកាសចុង​ក្រោយ​នៅ​សហរដ្ឋ​អាមេរិក និង​ការ​ធ្វើ​ដំណើរ​ជុំ​វិញ​ទ្វី​ប​អាហ្វ្រិក។ ចំណុច​មិន​ជាទីសោមនស្ស​ រាប់​បញ្ចូល​ទាំង​ការជាប់​ឃុំ​ឃាំង រយៈពេល​៦ថ្ងៃ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​(Democratic Republic of Congo)​ ពីបទ​សង្ស័យ​ថា​ជា​ចារកិច្ច។ លោកក៏​ត្រូវជាប់​ឃុំឃាំង​ផងដែរ​នៅ​ក្នុង​ប្រទេស ខេប​វើដេ (Cape Verde)។ ​
ប៉ុន្តែ​ លោក​ ហ៊ូហ្គេស មាននិយាយ​ថា វា​គឺជា​ប្រជា​ពលរដ្ឋ​ មិន​មែន​ជា​ទីកន្លែង​ទេ ដែល​ស្ថិត​នៅ​ក្នុង​អាទិភាព​នៃ​បញ្ជី​របស់​លោក។
«ការ​គូស​បញ្ជាក់​ដ៏សំខាន់​ ដែល​ខ្ញុំ​ត្រូវ​និយាយ​នៅក្នុង​ដំណើរ​នេះ សម្រាប់​ខ្ញុំ គឺ​ជាការ​បញ្ជាក់​ឡើង​វិញ​ពី​ជំនឿ​របស់​ខ្ញុំ​ទៅលើ​មនុស្ស​ជាតិ និង​ការ​ពិត​ដែល​ថា ប្រជាពលរដ្ឋដែល​ខ្ញុំ​បាន​ជួបនៅតាម​ផ្លូវ​ មានភាព​រួសរាយ​និង​រាក់​ទាក់យ៉ាង​ខ្លាំង»។
ចំណុច​ដ៏​យ៉ាប់​យឺន​បំផុត​របស់​លោក គឺ​ការ​ជិះ​យន្ត​ហោះ​មក​ផ្ទះ​វិញ​កាល​ពី​ឆ្នាំ​មុន​ បន្ទាប់​ពី​បាន​ដឹង​ថា ប្អូន​ស្រី​របស់​លោក​មាន​ជម្ងឺ​ដែល​មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ និង​ការបន្ត​ដំណើរ​ទៀត បន្ទាប់ពី​នាង​បាន​ទទួល​មរណភាព ហើយ​ក្រោយ​មក​ គឺការបែក​គ្នា​ជាមួយ​មិត្ត​ស្រីដែលមានទំនាក់​ទំនង​អស់​រយៈពេល​១០​ឆ្នាំមក​ហើយ​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយនេះ។
លោក​ ហ៊ូហ្គេស បាន​បំបែកឯតទគ្គៈ​ពិភពលោក នៅ​ឆ្នាំ​ដំបូង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ដោយ​បាន​ទៅ​ទស្សនា​ប្រទេស​ចំនួន​១៣៣។ បន្ទាប់មក​លោកបានបញ្ចប់​ដំណើរ​នៅ​កាន់រដ្ឋ ដែលជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ទាំងអស់​ចំនួន​១៩៣ ព្រមទាំង​កន្លែង​ផ្សេងៗ​ទៀត​ដូចជា​ ប៉ាឡេស្ទីន (Palestine) កូសូវ៉ូ (Kosovo) និង​តៃវ៉ាន់ (Taiwan) ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ទូទៅ​ថាជា​រដ្ឋ​អធិបតេយ្យ​ទោះ​បីជា​គ្មានការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ក៏ដោយ។​
នៅថ្ងៃ​ណាមួយ លោក ហ៊ូ​ហ្គេស ចង់​រស់​នៅ​ក្នុង​ទីក្រុង លីវើភូល។ ប៉ុន្តែ​ សម្រាប់​ពេលឥឡូវនេះ លោក​មិន​ទាន់​ត្រៀម​ខ្លួន​ដើម្បីព្យួរ​មួក​ធ្វើ​ដំណើរ​របស់​លោកនៅ​ឡើយ​ទេ ចំពោះ​អ្វី​ដែល​លោក​និយាយថា បានក្លាយ​ជា​ការ​ងារ​ដ៏​ប្រសើរ​បំផុត​នៅ​ក្នុង​ពិភពលោក៕
XS
SM
MD
LG