ព្រះមហាក្សត្រខ្មែរសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានតែងតាំងចៅក្រមសញ្ជាតិកូរ៉េខាងត្បូងម្នាក់ឲ្យធ្វើជាចៅក្រមនៃអង្គបុរេជំនុំជម្រះនៅថ្ងៃព្រហស្បតិ៍នេះ ដែលមន្ដ្រីតុលាការនិយាយថា នេះគឺជាការតែងតាំងដោយយោងតាមភាពចាំបាច់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហមនៅរសៀលថ្ងៃនេះ លោក ជុង ឆាងហូ (Chung Chang-ho) ត្រូវបានតែងតាំងជំនួសលោកស្រីចៅក្រម ខាថឺរីន ម៉ារឈី យូហ៊ែល (Chatherine Marchi-Uhel) ដែលត្រូវវិលទៅបំពេញការងារនៅឯតុលាការព្រហ្មទណ្ឌអន្ដរជាតិនៃអតីតប្រទេសយូហ្គោស្លាវី។
លោក ជុង ឆាងហូ ត្រូវបានជ្រើសរើសដោយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ហើយលោកនឹងត្រូវចូលបំពេញការងារជាផ្លូវការចាប់ពីថ្ងៃចន្ទ័ ទី១ ខែសីហា សប្ដាហ៍ក្រោយនេះតទៅ។
លោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិ មានប្រសាសន៍ថា ការតែងតាំងចៅក្រមថ្មីនេះគឺជាការផ្លាស់ប្ដូរធម្មតាតែប៉ុណ្ណោះ ក៏ប៉ុន្ដែគឺជាការតែងតាំងដែលមានភាពចាំបាច់។ លោកបានប្រាប់វីអូអេខ្មែរថា៖
«ការតែងតាំងលោក ជុង ឆាងហូ ជាចៅក្រមថ្មីនៅអង្គបុរេជំនុំជម្រះមានសារៈសំខាន់ ពីព្រោះចៅក្រមមុនគឺលោកស្រី ខាថឺរីន ម៉ារឈី យូហ៊ែល ត្រូវត្រឡប់ទៅកាន់តួនាទីចាស់របស់គាត់វិញនៅតុលាការព្រហ្មទណ្ឌអន្ដរជាតិនៃអតីតប្រទេសយូហ្គោស្លាវី»។
លោក ជុង ឆាងហូ មានសញ្ញាប័ត្រអនុបណ្ឌិតច្បាប់មកពីសាកលវិទ្យាល័យជាតិក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។ លោកធ្លាប់បម្រើការជាចៅក្រមនៅតុលាការជាន់ខ្ពស់ តុលាការថ្នាក់ស្រុក និងបម្រើការនៅតុលាការសឹក។ លោក ជុង ឆាងហូ ក៏ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃសាលាសេដ្ឋកិច្ច និងវិទ្យាសាស្រ្ដនយោបាយនៃទីក្រុងឡុងដ៍ និងនៅសាកលវិទ្យាល័យហុងកុង។
ស្ថានទូតនៃសាធារណរដ្ឋកូរ៉េមិនទាន់ផ្ដល់ចម្លើយតបតាមសារអេឡិចត្រូនិច ស្ដីពីប្រតិកម្មជុំវិញការតែងតាំងលោក ជុង ឆាងហូ ជាចៅក្រមនៃសាលាក្ដីខ្មែរក្រហមនៅឡើយទេរហូតមកទល់នឹងល្ងាចនេះ៕