រដ្ឋមន្រ្តីការបរទេសនិងមន្រ្តីជាច្រើនទៀតនៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ានបានធ្វើប្រជុំក្នុងសប្តាហ៍មុននៅកោះបាលីដែលពួកគេរំពឹងថានឹងផ្តោតលើជម្លោះរវាងចិននិងសមាជិកអាស៊ានអំពីសិទ្ធិក្នុងការកាន់កាប់អណ្តូងប្រេង និងឧស្ម័នធម្មជាតិដ៏ធំនៅសមុទ្រចិនខាងត្បូង។
អគ្គលេខាធិការអាស៊ានលោក ស៊ុរិន ពិតស៊ុវ៉ាន (Surin Pitsuwan) មានប្រសាសន៍នៅសប្តាហ៍មុននេះថា អាស៊ាននឹងបោះមួយជំហានទៀតដើម្បីក្លាយជាសហគមន៍មួយដែលនឹងនិយាយក្នុងសំឡេងតែមួយលើបញ្ហាសន្តិសុខនានា។
«ការប្រជុំនេះជាទិដ្ឋភាពមួយនៃសហគមន៍អាស៊ានដែលអាចមានលទ្ធភាពក្នុងការបង្កើតតួនាទីជារួមលើបញ្ហានានាដែលសហគមន៍អន្តរជាតិបាននឹងកំពុងជួបប្រទះ និងពិតជាក្នុងភាពបន្ទាន់សម្រាប់យើងដើម្បីធានាថា តំបន់នេះមានសន្តិភាព ស្ថេរភាព និងសន្តិសុខ»។
ក្នុងសប្តាហ៍កន្លងទៅនេះ សហគមន៍អាស៊ានបានរៀបចំការប្រជុំថ្នាក់ខ្ពស់មួយបន្តបន្ទាប់គ្នានៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដោយរួមទាំងវេទិកាតំបន់អាស៊ានដែលនឹងផ្តោតលើបញ្ហាសន្តិសុខផ្សេងៗ។ បន្ថែមពីលើរដ្ឋមន្រ្តីការបរទេសជាច្រើនពីប្រទេសសមាជិកអាស៊ាន លោកស្រី ហ៊ីល្លែរី គ្លីនតុន (Hillary Clinton) និងអ្នកតំណាងពីប្រទេសចិន រុស្ស៊ី ជប៉ុន សហគមន៍អឺរ៉ុប និងប្រទេសផ្សេងទៀតនឹងចូលរួមផងដែរ។
លោក ពិតស៊ុវ៉ាន មានប្រសាសន៍ថា ការដោះស្រាយជម្លោះរវាងចិន តៃវ៉ាន់ និងប្រទេសសមាជិកនានារបស់អាស៊ានដែលរួមមានប៊ុ្រយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម អំពីការប្រជែងគ្នាទាមទារគ្រប់គ្រងអណ្តូងប្រេង និងឧស្ម័នធម្មជាតិក្នុងសមុទ្រចិនខាងត្បូងនឹងក្លាយជាបញ្ហាអាទិភាពមួយរបស់អាស៊ាន។
«ជំហររួមគ្នាមួយរបស់អាស៊ានគឺថាពួកយើងទាំងអស់គ្នាមានការចង់បានដូចគ្នាក្នុងការឃើញប្រទេសក្នុងតំបន់រួមទាំងសមុទ្រចិនខាងត្បូងត្រូវបានរៀបចំដោយសន្តិវិធី និងយើងអាចធ្វើការជាមួយគ្នាដើម្បីដោះស្រាយចំណុចខុសគ្នាផ្សេងៗ ហើយថាសហគមន៍អាស៊ាននិងចិនអាចបញ្ជូនសញ្ញាវិជ្ជមានទៅគណៈកម្មាធិការអន្តរជាតិ ពីព្រោះពួកគេទាំងអស់សុទ្ធតែមានការព្រួយបារម្ភ និងពួកគេទាំងអស់ចង់ដឹងពីស្ថានការនៅទីនោះ»។
លោក ពិតស៊ុវ៉ាន និយាយថាតួនាទីរបស់អាស៊ានក្នុងការសម្របសម្រួលដំណើរការដោះស្រាយមួយគួរតែមិនប្រឆាំងគ្នានឹងតម្រូវការរបស់ចិនដែលបញ្ហានេះត្រួវបានដោះស្រាយនៅក្នុងកម្រិតទ្វេភាគីទេ។
លោកមានប្រសាសន៍ថា ការដោះស្រាយបញ្ហារវាងប្រទេសជាសមាជិកនានា និងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏នឹងត្រូវគេលើកឡើងផងដែរ។ កាលពីដើមឆ្នាំនេះប្រធានអាស៊ាននិងជារដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ម៉ាទីណាតាឡេហ្កាវ៉ា (Maty Natalegawa) បានដើរតួជាអាជ្ញាកណ្តាលជាន់ខ្ពស់មួយដើម្បីព្យាយាមចរចាបញ្ចប់ជម្លោះព្រំដែនរវាងថៃនិងកម្ពុជា។ លោកណាតាឡេហ្កាវ៉ា (Natalegawa) បរាជ័យក្នុងការទាក់ទាញឲ្យភាគីទាំងពីរឲ្យដោះស្រាយជម្លោះនោះ ក៏ប៉ុន្តែ ពិតស៊ូវ៉ាន់ (Pitsuwan) មានប្រសាសន៍ថា ការជាប់ឆ្នោតដ៏លើសលុបរបស់ លោកស្រីនាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីនណាវ៉ាត្រអាចធ្វើឲ្យមានការលូតលាស់ក្នុងដំណើរការសន្តិភាពនេះ។
នៅក្នុងការប្រជុំចុងក្រោយក្នុងខែឧសភា ក្រុមសិទ្ធិមនុស្សតវ៉ាពីការសម្រេចរបស់សហគមន៍អាស៊ានអនុញ្ញាតឲ្យប្រទេសភូមាដឹកនាំសហគមន៍នេះនៅឆ្នាំ២០១៤ ទោះជាប្រទេសភូមាធ្វើការរឹតបន្តឹងលើគណបក្សប្រឆាំងនានា ការឃុំឃាំងសកម្មជននយោបាយជាច្រើន និងការកំណត់យ៉ាងធ្ងន់ធ្ងរលើមូលដ្ឋានសេរីភាពក៏ដោយ។ ហើយមន្រ្តីសហគមន៍អាស៊ានស្ទាក់ស្ទើរក្នុងការរិះគន់អាជ្ញាធរម៉ាឡេស៊ីដែលបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបំពង់បាញ់ទឹកដើម្បីបណ្តេញហ្វូងបាតុកររាប់ពាន់នាក់។ លោក ពិតស៊ុវ៉ាន មានប្រសាសន៍ថា សហគមន៍អាស៊ាននឹងបន្តផ្អែកលើការរួបរួមគ្នាជាវិជ្ជមានជាជាងការពង្រឹងដោយបង្ខំដើម្បីលើកទឹកចិត្តសមាជិករបស់ខ្លួនក្នុងការកែទម្រង់លទ្ធិប្រជាធិបតេយ្យ។
«ឥឡូវអ្វីដែលកំពុងតែបន្តនៅក្នុងប្រទេសម៉ាឡេស៊ីគឺឋិតក្នុងក្របខណ្ឌបងើ្កនការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការនយោបាយ ហើយខ្ញុំគិតថា នេះគឺអ្វីដែលរំពឹងទុក។ ក៏ប៉ុន្តែប្រទេសនីមួយៗត្រូវតែដោះស្រាយការប្រឈមនានាដោយខ្លួនឯងផ្ទាល់ របៀបផ្សេងៗគ្នា និងយើងសង្ឃឹមយ៉ាងមុតមាំថា វានឹងជាដំណោះស្រាយប្រកបដោយសន្តិវិធីប្រកបដោយផ្លែផ្កានិងក្នុងលក្ខណៈស្ថាបនា»។
លោក ពិតស៊ុវ៉ាន មានប្រសាសន៍ថា សហគមន៍អាស៊ាននឹងពិភាក្សាជាមួយនឹងប្រទេសដែលមាននុយក្លេអ៊ែរដើម្បីធ្វើសច្ចាប័នលើអនុសញ្ញាឆ្នាំ១៩៩៥ដែលអាចធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មាននុយក្លេអ៊ែរ។ ប្រសិនបើអនុសញ្ញានេះបានធ្វើសច្ចាប័ននោះ វានឹងអាចរារាំងនាវាចម្បាំងនុយក្លេអ៊ែរមិនឲ្យចូលសំចតនៅពីតំបន់អាស៊ីអាគ្នេយ៍បាន។ លោក ពិតស៊ុវ៉ាន មានប្រសាសន៍ថា ប្រទេសចិនបានបង្ហាញបំណងមួយក្នុងការចុះហត្ថលេខាលើអនុសញ្ញានេះហើយថាមន្រ្តីអាស៊ាននឹងចាប់ផ្តើមពិភាក្សាជាមួយសហរដ្ឋអាមេរិក រុស្ស៊ី និងមហាអំណាចនុយក្លេអ៊ែរផ្សេងៗទៀត៕
ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស