ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​ពិភាក្សា​គ្នា​អំពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង


អគ្គលេខាធិការ​អាស៊ាន Surin Pitsuwan (ឆ្វេង) និង​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (ស្តាំ) ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​នៅ​ Nusa Dua កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ឆ្នាំ​២០១១។
អគ្គលេខាធិការ​អាស៊ាន Surin Pitsuwan (ឆ្វេង) និង​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (ស្តាំ) ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​នៅ​ Nusa Dua កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ឆ្នាំ​២០១១។

ការ​ស្វែង​រក​ដំណោះស្រាយ​មួយ​សម្រាប់​ជម្លោះ​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​សមាជិក​ខ្លះ​និង​ប្រទេស​ចិន​ ជា​បញ្ហា​ទី​មួយ​នៅ​ក្នុង​របៀប​វារៈ​ នៅ​ពេល​ដែល​រដ្ឋមន្រ្តី​ពី​សមាគម​ប្រទេស​អាស៊ី​អាគ្នេយ៍ហៅ​អាស៊ាន​ ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ក្រុង​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​ កន្លែង​ដែល​អ្នក​ការ​ទូត​កំពូល​របស់​អាស៊ាន​កំពុង​ធ្វើ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។

លោក​ មារទី​ ណាតាលេហ្កាវ៉ា​ (Marty Natalegawa)​ រដ្ឋមន្រ្តី​ការ​បរទេស​ឥណ្ឌូនេស៊ី​ និយាយ​ថា​ រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ ចំណាយ​ពេល​ច្រើន​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​អង្គារ​របស់​ខ្លួន​ ពិភាក្សា​អំពី​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ដោះស្រាយ​ជម្លោះ​ទាមទារ​លើ​ធន​ធាន​ប្រេង​និង​ឧស្ម័ន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​ លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ស៊ូស៊ីឡូ​ បាំបាំង​ យូដូយោណូ​ បាន​អំពាវនាវ​ក្រុម​ប្រតិភូ​ ឲ្យ​ធ្វើ​បញ្ចប់​សេចក្តី​ណែនាំ​មួយ​ឈុត​ ដែល​ហៅ​ថា​សេចក្តី​ប្រកាស​ឥរិយាបថ​ (Declaration​ of Conduct)​ រវាង​អាស៊ាន​និង​ប្រទេស​ចិន​នៅ​លើ​បញ្ហា​នេះ។​ លោក​កត់​សម្គាល់​ថា​ ភាគី​ទាំង​ពីរ​បាន​ធ្វើ​កិច្ច​ចរចា​អំពី​សេចក្តី​ណែនាំ​នេះ​អស់​រយៈ​ពេល​ ៩​ ឆ្នាំ​មក​ហើយ។

លោក​ ណាតាលេហ្កាវ៉ា​ ថ្លែង​ថា​ នៅ​ពេល​ដែល​អាស៊ាន​មើល​ឃើញ​សេចក្តី​ប្រកាស​ឥរិយាបទ​និង​ច្បាប់​គ្រប់​គ្រង​ឥរិយាបថ​ដែល​គេ​បំរុង​ធ្វើ​ ថា​ជា​មធ្យោបាយ​ដ៏​ប្រសើរ​បំផុតដើម្បី​ដោះស្រាយ​ជម្លោះ​នេះ​ មានរដ្ឋ​ជា​សមាជិក​ខ្លះ​កំពុង​ពិចារណា​អំពី​ជម្រើស​ផ្សេង​ទៀត។​ លោក​ថ្លែង​ថា​ប្រតិភូ​ខ្លះ​ស្នើ​ឲ្យ​យក​ព្រឹត្តិការណ៍​នៅ​ក្នុង​តំបន់​ឈ្លោះ​គ្នា​នោះ​ ធ្វើ​ជា​ការ​អភិវឌ្ឍ​រួម​គ្នា​មួយ។

«គោល​គំនិត​មួយ​ដែល​គេ​បាន​លើក​មក​និយាយ​គឺ​ គំនិត​នៃ​ការ​គូស​វាស​ដាក់​សង្កាត់​មួយ​នៅ​ក្នុង​តំបន់​នេះ​ ជា​កន្លែង​មាន​សន្តិភាព​ សេរីភាព​ និង​សហប្រតិបត្តិការ​និង​គ្នា»។

ប្រទេស​ចិន​និង​កោះ​តៃវ៉ាន់​ ទាម​ទារ​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​ទាំង​អស់​ នៅ​ពេល​ដែល​ប្រទេស​ប្រុយណេ​ (Brunei)​ ម៉ាឡេស៊ី (Malaysia)​ ហ្វីលីពីន​ (Philippines)​ និង​វៀតណាម​ ទាម​ទារ​ភាគ​ដែល​ស្ថិត​ជិត​ទៅ​និង​ឆ្នេរ​សមុទ្រ​របស់​ខ្លួន។​ ជម្លោះ​នេះ​បាន​ផ្ទុះ​ម្តង​ម្កាល​ចេញ​ជា​អំពើ​ហិង្សា​នៅ​ក្នុង​ពេល​ ៤០​ឆ្នាំ​កន្លង​ទៅ​នេះ​ ហើយ​ក្នុង​ពេល​ប៉ុន្មាន​ខែ​មុន​នេះ​ រដ្ឋាភិបាល​ក្រុង​ម៉ានិល​ និង​ ហាណូយ​ បាន​តវ៉ា​ថា​នាវា​ចិន​បាន​ចូល​ជ្រៀត​ជ្រែក​នៅ​ក្នុង​ដែន​ទឹក​របស់​ខ្លួន។

ប្រទេស​ហ្វីលីពីន​ ចង់​នាំ​យក​ជម្លោះ​នេះ​ទៅ​ដោះស្រាយ​នៅ​ចំពោះ​មុខ​តុលាការ​អន្តរជាតិ​សម្រាប់​ច្បាប់​សមុទ្រ​របស់​អសប។​ លោក​ ណាតាឡេហ្កាវ៉ា​ ថ្លែង​ថា​ជម្រើស​នេះ​អាច​មាន​ការ​លំបាក។

«តម្រូវការ​ដំបូង​គឺ​ ឲ្យ​ភាគី​ទាំង​អស់​ឬ​ភាគី​ទាំង​សងខាង​យល់​ព្រម​ជ្រើស​រើស​យក​មាគ៌ា​ដោះស្រាយ​បែប​នេះ​ ហើយ​ខ្ញុំ​មិន​ប្រាកដ​ទេ​ថា​ តើ​ភាគី​ទាំង​សងខាង​ ទាំង​ហ្វីលីពីន​ ទាំង​ចិន​ ហើយ​អាច​មាន​ភាគី​ដទៃ​ទៀត​ដែល​ពាក់​ព័ន្ធ​ដែរ​ បាន​យល់​ព្រម​យក​មាគ៌ា​នេះ​រួច​ហើយ​ឬ​ដូច​ម្តេច​ទេ»។

នៅ​លើ​បញ្ហា​ស្មុគស្មាញ​មួយ​ទៀត​សម្រាប់​អាស៊ាន​ លោក​ ណាតាឡេហ្កាវ៉ា​ ថ្លែង​ថា​ លោក​មាន​ការ​លើក​ទឹក​ចិត្ត​ដោយសារ​រដ្ឋមន្រ្តី​ការបរទេស​ថៃ​និង​កម្ពុជា​បាន​និយាយ​ថា​ប្រទេស​ទាំង​ពីរ​នឹង​គោរព​តាម​បទ​បញ្ជា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​ឲ្យ​បង្កើត​តំបន់​មិន​ឲ្យ​មាន​កង​ទ័ព​មួយនៅ​កន្លែង​ព្រំដែន​ដែល​មាន​ជម្លោះ។

ក៏​ប៉ុន្តែ​ នៅ​ពេល​ដែល​ភាគី​ទាំង​សងខាង​បាន​យល់​ព្រម​ជា​គោលការណ៍​តាម​បទ​បញ្ជា​នេះ​ ប្រទេស​ថៃ​បាន​និយាយ​ថា​ ការ​ដក​ទ័ព​ថយ​ត្រូវ​ការ​ពេលវេលា​និង​ការ​ចរចា​គ្នា។​ ហើយ​ប្រទេស​កម្ពុជា​ចង់​ឲ្យអាស៊ាន​ដាក់​រាយ​អ្នក​សង្កេតការណ៍​ឲ្យ​ហើយ​ មុន​នឹង​ដក​ទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​មាន​ជម្លោះ។

ជម្លោះ​លើ​ដែនដី​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ អាយុ​៩០០​ឆ្នាំ​ដែល​ស្ថិត​នៅ​ក្នុង​ព្រំដែន​កម្ពុជា​ បាន​បណ្តាល​ឲ្យ​មាន​អំពើ​ហិង្សា​ជា​ញឹកញយ​ ចាប់​តាំង​ពី​ឆ្នាំ​ ២០០៨។​ មនុស្ស​ជាង​ ២០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​ឆ្នាំ​នេះ។

តុលាការ​អន្តរជាតិ​និយាយ​ថា​ ខ្លូន​នឹង​ធ្វើ​ការ​កាត់​សេចក្តី​នៅ​ពេល​ក្រោយ​ អំពី​សេចក្តី​សុំ​របស់​កម្ពុជា​ ដើម្បី​ឲ្យ​មាន​ការ​បក​ស្រាយ​សាលក្រម​ឆ្នាំ​ ១៩៦២​ របស់​តុលាការ​ ដែល​ប្រគល់​ប្រាសាទ​នេះ​ទៅ​ឲ្យ​ប្រទេស​កម្ពុជា។​ តុលាការ​និយាយ​ថា​ ទំរាំ​ដល់​ពេល​នោះ​ ភាគី​ទាំង​ពីរ​ត្រូវ​តែ​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​នេះ។

ប្រទេស​អាស៊ាន១០មាន​ ប្រ៊ុយណេ​ ភូមា​ កម្ពុជា​ ឥណ្ឌូនេស៊ី​ ឡាវ​ ម៉ាឡេស៊ី​ ហ្វីលីពីន​ សិង្ហបូរី​ ថៃ​ និង​វៀតណាម​ កំពុង​ធ្វើ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លូន​ស្តី​ពី​កិច្ច​ការ​បរទេស​និង​សន្តិសុខ​ក្នុង​សប្តាហ៍​នេះ។​ ប្រទេស​ទាំង​នេះ​ក៏​នឹង​ធ្វើ​កិច្ច​ប្រជុំ​ជា​ឧបតោភាគី​និង​ជា​ក្រុម​ ជា​មួយ​អ្នក​ការ​ទូត​កំពូល​ពី​ប្រទេស​ជិត​ខាង​និង​ប្រទេស​ដៃគូ​សំខាន់ៗ​របស់​អាស៊ាន​ផង​ដែរ​ រួម​មាន​ ចិន​ ជប៉ុន​ កូរ៉េ​ខាង​ត្បូង​ និង​សរអ៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG