ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តាញ​ព័ត៌មាន​អាហ្វ្រិក​ខាង​ត្បូង​ត្រូវ​រង​ការ​គំរាម​និង​ការ​បំភ័យ​កាន់​តែ​ខ្លាំង​ឡើង


កាសែតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
កាសែតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

កាល​ពី​សប្តាហ៍​មុន សារព័ត៌មាន​ធំ​បំផុត​របស់​អាហ្វ្រិក​ខាង​ត្បូង​ ឈ្មោះ​ សិនដី​ តៃម៍​ (Sunday ​Times)​ បាន​ឲ្យ​ដឹង​ថា​អ្នក​រាយការណ៍​ស៊ើប​អង្កេត​ពីរ​នាក់​របស់​ខ្លួន​បាន​ត្រូវ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​និង​ការ​បំភ័យ​ យ៉ាង​ជាក់​ស្តែង​ដោយ​អង្គភាព​នៅ​ក្នុង​កង​កម្លាំង​សន្តិសុខ។​ បណ្ណាធិការ​រង​នៃ​សារព័ត៌មាន​ សិនដី តៃម៍​ និយាយ​ថា​ អ្នក​រាយការណ៍​ម្នាក់​ឈ្មោះ​ ម្សីលីកាស៊ី​ វ៉ា​ អាហ្វ្រិកា​ (Mzilikazi​ wa​ Africa)​ ត្រូវ​ទាញ​ចេញ​ពី​រថយន្ត​មួយ​ ហើយ​ធ្វើ​ការ​គំរាម។​ អ្នក​សារព័ត៌មាន​និង​អ្នក​ដទៃ​ទៀត​ជា​ច្រើន​និយាយ​ថា​ មាន​លំនាំ​មួយ​នៃ​អារិភាព​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ពី​សំណាក់​ថ្នាក់​ខ្ពស់​បំផុត​នៅ​ក្នុង​រដ្ឋាភិបាល​និង​គណបក្ស​គ្រប់​គ្រង​អំណាច​សភា​ជាតិ​អាហ្វ្រិក​ (African​ National​ Congress)។

សារព័ត៌មាន​ សិនដី​ តៃម៍​ និយាយ​ថា​ អ្នក​រាយការណ៍​ស៊ើប​អង្កេត​ ម្សីលិកាស៊ី​ វ៉ា​ អាហ្វ្រិកា​ និង​ ស្តេហ្វាន​ ហវស្តាទ័រ​ (Stephan Hofstatter)​ បាន​ទទួល​រង​ការ​លួច​ស្តាប់​ទូរស័ព្ទ​និង​ការ​ឈ្លប​មើល​ផ្ទាល់​ខ្លួន​ ចាប់​តាំង​ពី​ឆ្នាំ​មុន​មក​ ក៏​ប៉ុន្តែ​សកម្មភាព​នេះ​បាន​ក្លាយ​ទៅ​ជា​ការ​បំភិត​បំភ័យ​ដោយ​ចំហរ​នៅ​ក្នុង​ខែ​ធ្នូ។

លោក​ ម៉ាវិន​ ម៉ាយន៍ហ្សាយស៍​ (Marvin Meintjies)​ បណ្ណាធិការ​រង​បាន​ប្រាប់​វីអូអេ​ថា​ ករណី​នេះ​បាន​កើត​ឡើង​នៅ​ក្រោយ​របាយការណ៍​របស់​អ្នក​ទាំង​ពីរ​ស្តី​អំពី​កិច្ច​ព្រម​ព្រៀង​ជួល​ការិយាល័យ​សម្រាប់​មន្ទីរ​ចាត់​ការ​នគរបាលដែល​ជាប់​ការ​មន្ទិល​សង្ស័យ​ នៅ​ទី​ក្រុង​ ប្រេតូរ្យា​ (Pretoria)​ និង​នៅ​ក្នុង​ខេត្ត​ ក្វាហ្ស៊ូលូ​/ណាតាល​ (Kwazulu/Natal)។

«បន្ទាប់​ពី​យើង​បាន​រាយការណ៍​លើក​ទី​មួយ​អំពី​កិច្ច​ព្រម​ព្រៀង​ជួល​មន្ទីរ​ចាត់​ការ​នគរបាល​នេះ​ហើយ​ ម្សីលីកាស៊ី​ វ៉ា​ អាហ្វ្រិកា​ មាន​ឧបត្តិហេតុ​មួយ​ ដោយ​មាន​មនុស្ស​ដែល​ស្លៀក​ពាក់​ឯក​សណ្ឋាន​ប៉ូលិសនៅ​ក្នុង​ឡាន​ប៉ូលិសបាន​បញ្ឈប់​ឡាន​គាត់​ ទាញ​គាត់​ចេញ​ពី​ឡាន​គាត់​ ភ្ជង់​កាំភ្លើ​ង​លើ​ក្បាល​គាត់​ ហើយបាន​គេច​រត់​ទៅ​វិញ​នៅ​ពេល​ដែល​ពួក​គេ​បាន​ឃើញ​ថា​មាន​អ្នក​ជិះ​ម្នាក់​នៅ​ក្នុង​ឡាន​របស់​គាត់។​ នៅ​ខែ​មេសា​ឆ្នាំ​នេះ​ គាត់​មាន​ឧបត្តិហេតុ​ស្រដៀង​គ្នា​មួយ​ទៀត។​ មាន​ឡាន​ពីរ​ បាន​បើក​ចង់​កៀរ​គាត់​ឲ្យ​ចេញ​ពី​ផ្លូវ​ ហើយ​ករណី​នេះ​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ច្បាស់​ថា​ មាន​លំនាំ​មួយ​នៃ​ការ​បំភិត​បំភ័យ​និង​ការ​គំរាម​ទៅ​លើ​សន្តិសុខ​របស់​គាត់»។

អ្នក​ការពារ​សាធារណៈ​ដែល​ជា​អង្គភាព​រដ្ឋាភិបាល​មួយ​ដែល​មាន​អាណត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​រក​ឃើញ​ថា​ ស្នង​ការ​នគរបាល​ជាតិ​មាន​កំហុស​នៅ​ក្នុង​ការ​ចាត់​ចែង​ជួល​ការិយាល័យ​មិន​បាន​ត្រឹម​ត្រូវ។​ អ្នក​ការ​ពារ​សាធារណៈ​ក៏​បាន​រិះ​គន់​រដ្ឋ​មន្រ្តី​ក្រសួង​សាធារណការ​ចំពោះ​ការ​យល់​ព្រម​តាម​កិច្ច​ព្រម​ព្រៀង​នេះ​ ទោះ​បី​ជា​បាន​ទទួល​ឱវាទ​ផ្លូវ​ច្បាប់​ផ្ទុយ​ពី​នេះ​ក៏​ដោយ។

លោក​ ម៉ាវិន​ ម៉ាយន៍ហ្សាយស៍​ និយាយ​ថា​ អ្នក​ដែល​អាច​ទាក់​ទង​បាន​នៅ​ក្នុង​ក្រសួង​សន្តិសុខ​បាន​បញ្ជាក់​ថា​ មាន​ការ​ឈ្លប​មើល​និង​ការ​លួច​ស្តាប់​ទូរស័ព្ទ​របស់​អ្នក​រាយការណ៍​ពីរ​នាក់​នេះ​មែន។​ លោក​និយាយ​ថា​ ករណី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។

«យើង​មាន​បញ្ហា​ដ៏​លំបាក​និង​ស្មុគ​ស្មា្ញញ​មួយ​ ហើយ​មេធាវី​របស់​យើង​មាន​ការ​ងឿង​ឆ្ងល់​ដោយ​ពិត​ប្រាកដ។​ តើ​យើង​ងាក​ទៅ​រក​អ្នក​ណា​ បើ​សិន​ជា​សាខា​របស់​សេវា​សន្តិសុខ​រដ្ឋ​ជា​អ្នក​ជំពាក់​ទាក់​ទិន​នៅ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ពិតៗ​តែ​ម្តង​នោះ។​ តើ​អ្នក​ងាក​ទៅ​រក​អ្នក​ណា?​ ហើយ​ជា​មូលដ្ឋាន​ សំណើរ​ពី​ពួក​គេ​ ហើយ​ក៏​ជា​គំនិត​ដំបូង​របស់​យើង​ដែរ​ គឺ​ថា​ត្រូវ​មាន​អន្តរាគមន៍​ផ្នែក​នយោបាយ​មួយ។​ នេះ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​បញ្ឈប់​សកម្មភាព​នេះ​បាន។​ ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​ហ្វូរម​របស់​ក្រុម​បណ្ណាធិការជាតិ​អាហ្វ្រិក​ខាង​ត្បូង​បាន​សុំ​ជួប​ជា​មួយ​លោក​រដ្ឋ​មន្រ្តី»។

អ្នក​កាសែត​ជា​ច្រើន​នាក់​និយាយ​ថា​ នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ ចេកុប​ ហ្ស៊ូម៉ា​ (Jacob​ Zuma)​ អង្គភាព​ទាំង​នៅ​ក្នុង​រដ្ឋបាល​របស់​លោក​ ទាំង​នៅ​ក្នុង​គណបក្ស​សភា​ជាតិ​អហ្វ្រិក​ដែល​កំពុង​គ្រប់​គ្រង​អំណាច​ ហៅ​កាត់​ថា​ ANC​ បាន​ក្លាយ​ទៅ​ជា​សត្រូវ​ជា​ចំហរ​កាន់​តែ​ខ្លាំង​ឡើង​របស់​បណ្តាញ​ព័ត៌មាន។

មិន​យូរ​ប៉ុន្មាន​មុន​ការ​បោះឆ្នោត​ជ្រើស​រើស​រដ្ឋាភិបាល​ក្នុង​តំបន់​ កាល​ពី​ខែ​ឧសភា​ លោក​ ហ្ស៊ូម៉ា​ និង​មន្រ្តី​គណបក្ស​ ANC​ ដទៃ​ទៀត​បាន​ដាក់​ឈ្មោះ​បណ្តាញ​ព័ត៌មាន​ថា​ជា​សត្រូវ​ពិត​ប្រាកដ​តែ​មួយ​របស់​គណបក្ស។

កាល​ពី​ឆ្នាំ​ទៅ​ គណបក្ស​ ANC ​ប្រកាស​ផែនការ​ដើម្បី​បង្កើត​អ្វី​ដែល​គេ​ហៅ​ថា​តុលាការ​ឧទ្ធរ​បណ្តាញ​ព័ត៌មាន​ ដែល​លប់​ចោល​យន្តការ​សម្រាប់​គ្រប់​គ្រង​ខ្លួន​ឯង​នា​បច្ចុប្បន្ន​ នៅ​ក្នុង​បណ្តាញ​ព័ត៌មាន។​ រដ្ឋាភិបាល​ថែម​ទាំង​បាន​ស្នើ​ច្បាប់​ថ្មី​មួយ​ទៅ​ជូន​សភា​ដែល​នឹង​បន្តឹង​ការ​ការ​ពារ​ព័ត៌មាន​របស់​រដ្ឋាភិបាល។

វិធានការ​ដែល​គេ​ហៅ​ថា​សេចក្តី​ព្រាង​ច្បាប់​ការពារ​ព័ត៌មាន​ និង​ផ្តល់​អំណាច​ទូលំ​ទូលាយ​រហូត​ទៅ​ដល់​មន្រ្តី​រដ្ឋាភិបាល​ថ្នាក់​ទាបៗ​ ដើម្បី​ឲ្យ​ប្រកែក​មិន​ប្រាប់​ព័ត៌មាន។​ ច្បាប់​នេះ​ក៏​នឹង​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់​ដល់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​និង​អ្នក​សារព័ត៌មាន​ដែរ។

ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បាន​ដក​វិធានការ​នេះ​ទៅ​វិញ​ដើម្បី​ធ្វើ​ពង្រាង​ថ្មី​ បន្ទាប់​ពី​មាន​យុទ្ធនាការ​របស់​សង្គម​ស៊ីវិល​ដោយ​ឥត​ស្រាក​ស្រាន្ត​ និង​មាន​សេចក្តី​អំពាវនាវ​ពី​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​ដែល​មាន​អ្នក​គោរព​ច្រើន​ ដូច​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​ ដេស្មុន​ ទូទូ​ ជា​ដើម។

បណ្ណាធិការ​សារព័ត៌មាន​ សិនដី​ តៃម៍​ និង​អ្នក​សង្កេតការណ៍​ដទៃ​ទៀត​និយាយ​ថា​ ខុស​គ្នា​ពី​សម័យ​ប្រកាន់​ពូជ​សាសន៍​ អាប់​ប៉ាថែដ​(apartheid)​ បណ្តាញ​ព័ត៌មាន​និង​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​សព្វ​ថ្ងៃ​នេះ​ មិន​មែន​ខ្វះ​ធនធាន​ទេ។

លោក​ អានតុន​ ហប័រ​ (Anton Harber)​ សាស្រ្តាចារ្យ​វិជ្ជា​សិក្សា​សារព័ត៌មាន​និង​បណ្តាញ​ព័ត៌មាន​ នៃ​សាកលវិទ្យាល័យ​ វិតវ៉ទ័រស៍រ៉ានដ៍​ (Witwatersrand)​ បាន​ប្រាប់​វីអូអេ​ថា​ រដ្ឋធម្មនុញ្ញ​ការពារ​សេរីភាព​បញ្ចេញ​មតិ​និង​អ្នក​សារព័ត៌មាន។

«យើង​មាន​ការ​ការពារ​ពី​តុលាការ​និង​រដ្ឋធម្មនុញ្ញ​ហើយ​យើង​ពិត​ជា​យក​ការ​ការពារ​នេះ​ទៅ​ប្រើ​ ដូច្នេះ​មិន​ដូច​កាល​នៅ​សម័យ​មុន​រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ១៩៩៦​របស់​យើង​នោះ​ទេ​ គឺ​នៅ​ពេល​ដែល​មាន​ការ​ប្រឆាំង​ដោយ​បើក​ចំហរ​ទល់​និង​បណ្តាញ​សារព័ត៌មាន។​ ទាំង​នេះ​គឺ​ជា​ព្រឹត្តការណ៍​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​ឃើញ​ច្បាស់​ឥឡូវ​នេះ​ ដែល​ផ្ទុយ​គ្នា​ពី​ស្ថានការណ៍​អាប់ប៉ាថែដ​ គឺ​ថា​អំពើ​បែប​នេះ​គឺ​ពិត​ជា​ខុស​ច្បាប់​ ហើយ​វិធានការ​អាច​ចាត់​បាន​ ដែល​សង្ឃឹម​ថា​និង​អាច​ជៀស​វាង​មិន​ឲ្យ​អំពើ​ទាំង​នេះ​កើត​មាន​ឡើង​ជា​ថ្មី​ទៀត»។

ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​បញ្ចេញ​មតិ​យ៉ាង​ខ្លាំង​ក្លា​ ហើយ​កំពុង​ជាប់​រវល់​ខាង​ផ្នែក​នយោបាយ​ជា​មួយ​និង​បញ្ហា​ដែល​ទាក់​ទង​និង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។​ លោក​ ហប័រ​ និយាយ​ថា​ ចលនា​សកម្មនិយម​នេះ​គួរ​យក​ទៅ​ប្រើ​ដើម្បី​ការពារ​បណ្តាញ​ព័ត៌មាន​សេរី​នៅ​ក្នុង​ប្រទេស​នេះ។

«ខ្ញុំ​គិត​ថា​អ្វី​ដែល​លេច​ឃើញ​ច្បាស់​ បើ​សិន​ជា​យក​ព្រឹត្តិការណ៍​ពិសេស​ទាំង​នេះ​មក​ពិនិត្យ​ និង​ការ​បរិហា​រិះ​គន់​បណ្តាញ​ព័ត៌មាន​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​ និង​ការ​ព្យាយាម​យក​ច្បាប់​មក​ដាក់​លើ​បណ្តាញ​ព័ត៌មាន​ ដាក់​លក្ខ​ខ័ណ្ឌ​លើ​បណ្តាញ​ព័ត៌មាន​ នោះ​ខ្ញុំ​គិត​ថា​ វា​ធ្វើ​ឲ្យ​ឃើញ​ច្បាស់​ណាស់​ថា​ ប្រជាពលរដ្ឋ​និង​សង្គម​ស៊ីវិល​ត្រូវ​ការ​ប្រមូល​គ្នា​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ទី​បំផុត​អំពី​ការ​ការពារ​សេរីភាព​សារព័ត៌មាន​និង​បណ្តាញ​សារព័ត៌មាន។​ ខ្ញុំ​គិត​ថា​ គេ​អាច​ឃើញ​ច្បាស់​ថា​ យ៉ាង​ហោច​ណាស់​មាន​ក្រសួង​ខ្លះ​នៅ​ក្នុង​រដ្ឋាភិបាល​ដែល​ចង់​ត្រួត​ត្រា​និង​ដាក់​លក្ខ​ខ័ណ្ឌ​លើ​បណ្តាញ​ព័ត៌មាន​ច្រើន​ជាង​មុន​ ហើយ​យើង​ត្រូវ​តែ​ប្រឆាំង​និង​គំនិត​នេះ​ដោយ​ប្រមែ​ប្រមូល​សង្គម​ស៊ីវិល»។

ទាំង​ប៉ូលិស​ ទាំង​រដ្ឋាភិបាល​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​សេចក្តី​រាយការណ៍​ដែល​ថា​មាន​ការ​បំភិត​បំភ័យ​អ្នក​រាយការណ៍​របស់​សារព័ត៌មាន​ សិនដី​ តៃម៍​ ទាំង​ពីរ​នាក់​នេះ​ទេ៕

ប្រែ​សម្រួល​ដោយ​ កែរ យ៉ាន

XS
SM
MD
LG