ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​ឃោរឃៅ​របស់​​ក្រុម​ប៉ូលីស​អាហ្វ្រិក​ខាង​ត្បូង​​ត្រូវ​បាន​ត្រួត​ពិនិត្យ


ក្រុម​ប៉ូលីស​​បាន​បើក​ការ​វាយប្រហារ​ទៅ​លើអ្នក​ជីករ៉ែ​មួយ​ក្រុម​​ដែល​កំពុង​ធ្វើ​កូដកម្ម នៅតំបន់ ម៉ារីកាណា​ (Marikana) ដោយ​បាន​សម្លាប់​អ្នក​ជីករ៉ែ​ចំនួន​៣៤​នាក់។
ក្រុម​ប៉ូលីស​​បាន​បើក​ការ​វាយប្រហារ​ទៅ​លើអ្នក​ជីករ៉ែ​មួយ​ក្រុម​​ដែល​កំពុង​ធ្វើ​កូដកម្ម នៅតំបន់ ម៉ារីកាណា​ (Marikana) ដោយ​បាន​សម្លាប់​អ្នក​ជីករ៉ែ​ចំនួន​៣៤​នាក់។
ដោយ Solenn Honorine
រូបភាព​របស់​ក្រុម​ប៉ូលីស​អាហ្វ្រិក​ខាងត្បូងមាន​សភាព​អាប់អួរ ដោយ​សារ​ករណី​លេចធ្លោ​មួយ​ចំនួន​ស្តីអំពី​ការចោទប្រកាន់​ពី​ភាពឃោរឃៅ។ បច្ចុប្បន្ន​នេះ ប៉ូលីស​ចំនួន​៩នាក់​កំពុង​រង់ចាំ​ការ​កាត់​ទោសពីបទ​អូស​អ្នក​បើកបរ​តាក់ស៊ី​ជាតិ មូហ្សាំប៊ិក (Mozambican) មួយរូបនៅ​ពី​ខាងក្រោយ​រថយន្ត​របស់​ពួកគេ។ ក្រោយមក អ្នក​បើក​តាក់​ស៊ី​រូប​នោះ​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​របស់លោក។ កាល​ពី​ខែ​សីហា​ឆ្នាំទៅ ក្រុម​ប៉ូលីសបាន​បើក​ការ​វាយប្រហារ​ទៅ​លើអ្នក​ជីករ៉ែ​មួយ​ក្រុមដែល​កំពុង​ធ្វើ​កូដកម្ម នៅតំបន់ ម៉ារីកាណា​ (Marikana) ដោយ​បាន​សម្លាប់​អ្នក​ជីករ៉ែ​ចំនួន​៣៤​នាក់។ បើទោះ​ជាមាន​កំណែ​ទម្រង់​ផ្លូវ​ច្បាប់​កាល​ពី​២០​ឆ្នាំ​មុន​ចាប់​តាំង​ពី​ចុងបញ្ចប់​នៃរបប​អាផាថេត (apartheid) ក៏​ដោយ ក៏ការមិន​ជឿ​ទុកចិត្ត​នៅ​តែ​មាន​នៅ​ឡើយ​រវាង​ប្រជាពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង​និង​ក្រុម​ប៉ូលីស។ Solenn Honorine ពី​ទីក្រុង​ចូហានណេសប៊ឺក(Johannesburg) ពន្យល់​អំពី​មូលហេតុ​នេះ។
«កាល​ពី​ព្រឹក​នេះ​ ក្រុម​ប៉ូលីស​បាន​បាញ់រះមក​លើ​ពួកយើង ហើយយើង​គប់ដំថ្ម​ទៅលើ​ពួកគេ​វិញ។ ដោយសារ​តែ​មិន​មាន​អ្វី​ដែលយើង​អាច​ធ្វើ​បាន យើង​ត្រូវ​តែ​ធ្វើ​អ្វី​មួយ ប្រសិន​បើ​ពួកគេ​បាញ់​មក​លើ​យើង»។
ក្រុម​អ្នកតាំង​ទី​លំនៅ​ចំនួន​៨ពាន់​នាក់នៅក្នុងតំបន់​តាំងទីលំនៅ​របស់​លោក ថាប៊ូ អ៊ឹមបេគី (Thabo Mbeki) កំពុង​ធ្វើ​ការ​តវ៉ា​មួយ​នៅក្នុង​ចំណោម​ការតវ៉ា​ជាច្រើន ប្រឆាំង​ទៅនឹង​អ្វី​ដែល​ត្រូវបានគេហៅ​ថាការ​ផ្តល់​សេវាកម្ម។ ការតវ៉ានេះ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ផ្ទះ​សម្បែង និង​ចរន្ត​អគ្គិសនី។ ប៉ុន្តែ ស្ថាប័នតែ​មួយគត់ ដែល​ប្រឈមមុខ​ជាមួយពួកគេ​នៅ​ថ្ងៃ​នេះ ដោយ​ទទួល​រងគ្រោះ​ពី​ការ​ខឹង​សម្បារ​របស់​ពួកគេ គឺក្រុម​ប៉ូលីស។
វិទ្យាស្ថាននៃការសិក្សា​អំពី​សន្តិសុខ (ISS) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង ប្រេតូរីយ៉ា (Pretoria) កត់​សម្គាល់​ឃើញ​ថា ក្រុម​ប៉ូលីស​ត្រូវ​បាន​ហៅ​កាន់តែ​ច្រើនឡើង ឲ្យមក​ធ្វើ​អន្តរាគមន៍នៅ​ក្នុងស្ថានការ​ទាំងនេះ ដែលនៅទីនោះ​ ពួកគេ​មិនបាន​បង្កើត​បញ្ហា ហើយ​ពួកគេ​ក៏មិនអាច​ដោះស្រាយ​បញ្ហា​បានដែរ។ វិទ្យាស្ថាន ISS និយាយ​ថា ជា​លទ្ធផល ក្រុម​ប៉ូលីសបានក្លាយ​ទៅ​ជា​មុខ​មាត់​របស់​រដ្ឋាភិបាល​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​បរាជ័យ​ ហើយ​ធ្វើ​ឲ្យ​ការ​មិន​ជឿទុកចិត្តទៅ​លើ​ក្រុម​ប៉ូលីសយ៉ាងខ្លាំង​មួយ កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង។
លោក អេនឌី ម៉ាសាលី (Andy Mashaile) ជា​ប្រធានវេទិការ​កិច្ចការ​ប៉ូលីស​សហគមន៍ (Community Policing Forum) ប្រចាំ​ខេត្ត។ វេទិការ​នេះ​គឺ​ជា​ស្ថាប័នដែល​មាន​សមាជិក​សាធារណ​តាម​ការ​បោះ​ឆ្នោត​ជ្រើសរើស ដែល​តួនាទី​របស់​ស្ថាប័ននេះ​គឺ​ត្រូវ​ជួយ​និង​ត្រួត​ពិនិត្យ​មើល​ទៅលើ​ក្រុម​ប៉ូលីស។ លោក​និយាយថា​ ​នៅ​ក្នុង​ករណី​ដែលលោក​ត្រូវ​ដើរតួនាទី​ជា​មនុស្ស​កណ្តាលនៅ​ចន្លោះ​ក្រុម​ប៉ូលីស​និង​សហគមន៍ មាន​ដូចជា​នៅទីក្រុង ឌេវីថោន (Daveyton) ដែល​អ្នក​បើកបរ​តាក់ស៊ី​ជាតិ​ម៉ូហ្សាំ​ប៊ិក​ត្រូវ​បាន​សម្លាប់ មនោសញ្ចេត​នា​អាច​កើន​ឡើង​ខ្លាំង។
«ទីមួយ យើង​មិនបង្កើត​ឱ្យមាន​សេចក្តី​សង្ឃឹម​ក្លែងក្លាយ​ទេ​។ ទីពីរ​ យើង​មិន​ញុះ​ញុង​សហគមន៍។ ទី​បី​ យើង​មិន​ឲ្យ​ក្រុម​មន្ត្រី​ប៉ូលីស​ត្រូវបាន​សម្លាប់។ ទី​បួន យើង​មិនឲ្យ​សមាជិក​សហគមន៍​ត្រូវ​បាន​សម្លាប់​ដោយ​ក្រុម​មន្ត្រី​ប៉ូលីស ដែល​អាច​ប្រព្រឹត្ត​អំពើ​នេះ​ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច​ និង​ការការ​ពារ​ជីវិត​របស់​ខ្លួន។ បាទ! វា​ជាការ​ងារ​ប្រកប​ដោយ​បញ្ហា​ប្រឈម​ច្រើន និង​លំបាក​ខ្លាំង​ណាស់»។​
តាម​បទដ្ឋាន​ណាក៏​ដោយ អាហ្រ្វិក​ខាងត្បូងមាន​បរិស្ថាន​យ៉ាង​លំបាក​ខ្លាំង​មួយ​សម្រាប់​ក្រុម​ប៉ូលីស។ ភាព​ខុសគ្នា​ខាង​សេដ្ឋកិច្ចបន្ត​កើតមាន​អស់​រយៈពេល​ប្រមាណ​២០ឆ្នាំ​បន្ទាប់​ពីការ​បញ្ចប់​របប​អាផាថេត ហើយ​ការ​ខឹង​សម្បារមានការកើន​ឡើង។ ហ្វូង​មនុស្សអាច​ក្លាយ​ទៅជាក្រុម​មនុស្សគ្មាន​សណ្តាប់​ធ្នាប់ភ្លាមៗ ហើយ​ជា​រឿយៗ​ ឧក្រិដ្ឋ​ជន​ងាក​ទៅ​រក​អំពើ​ហិង្សា​ធ្ងន់ធ្ងរ។ កាល​ពី​ឆ្នាំ​មុន ក្រុម​មន្ត្រី៩៣​នាក់​ត្រូវ​បាន​សម្លាប់​ ក្នុង​ពេល​បំពេញ​ភារកិច្ច។
ឧក្រិដ្ឋ​វិទូ អេលរីណា វ៉ាន់ឌើស្ពុយ (Elrena Van der Spuy) នៃសាកល​វិទ្យាល័យ​ ​ខេបថោន (Cape Town University) និយាយថា ក្រុម​អ្នក​នយោបាយបាន​ឆ្លើយ​តប​វិញ​ដោយ​ប្រើ​ប្រាស់​ភាសា​ និងការ​ណែនាំ​កាន់តែ​ខ្លាំង​ឡើងៗ​ដល់​ក្រុម​ប៉ូលីស។ អ្នកស្រី​និយាយ​ថា ឧទាហរណ៍ នៅ​ឆ្នាំ​២០០៨ ​អតីត​រដ្ឋមន្ត្រី​សន្តិសុខ​ បានប្រាប់​ក្រុម​ប៉ូលីស​ថា៖ «​ខ្ញុំមិន​ត្រូវ​ការកាំភ្លើង​ព្រមានទេ។ អ្នក​មានកាំភ្លើង​មួយដើម ហើយ​វាត្រូវតែ​ជា​កាំភ្លើងសម្លាប់»។
«​បរិយាកាស​នយោបាយនៅពេលនោះ បាន​បង្កើត​ឲ្យ​មានស្ថានភាព​កាន់តែល្អប្រសើរ​ ដែលការ​ប្រើ​ប្រាស់​កម្លាំង​ដ៏​ជ្រុល​ហួស​ហេតុ​របស់​ក្រុម​ប៉ូលីស ស្ទើរ​តែបាន​ធ្វើ​ឡើងមាន​លក្ខណៈជា​ប្រព័ន្ធ ជាជាង​គ្រាន់តែជា​គំនិត​ចចេស​រឹងរួស​ ដែល​កើតមាន​នៅក្នុង​បុគ្គល​ប៉ូលីស​មួយ​ចំនួន»។
សកម្ម​ភាពរបស់​ក្រុម​ប៉ូលីសមាន​ភាព​ផ្ទុយ​ពីការ​ធានាខាង​ផ្លូវ​ច្បាប់ក្រោយ​របប​អាផាថេតចំពោះ​ «កម្លាំង​ប៉ូលីស​របស់​ប្រជា​ពលរដ្ឋ​» ជាជាង​កងកម្លាំង​ដែលវាយ​បង្ក្រាបទៅលើការ​មិន​សប្បាយ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ស្បែក​ខ្មៅ។ សព្វថ្ងៃ​នេះ កងកម្លាំង​ប៉ូលីស​ទទួលរង​នូវ​ការ​ត្រួតពិនិត្យ​មើល​ពី​ស្ថាប័ន​ស៊ីវិល​យ៉ាង​ច្រើនលំដាប់​ថ្នាក់ ដែល​រាប់​ចាប់​តាំង​ពី​សាធារណ​ជន រហូតដល់​រដ្ឋសភា និង​គណកម្មការ​សិទ្ធិ​មនុស្ស។
ប៉ុន្តែ​ លោក វ៉ាន់ឌើស្ពុយ ថ្លែង​ថា ការ​ធ្វើបែប​នោះមិន​ដំណើរការ​ទេ នៅក្នុងការ​អនុវត្ត។
«ស្ថាប័ន​ត្រួតពិនិត្យ​ទាំង​នោះ​ពឹង​ផ្អែក​លើ​ការ​បញ្ជារ​និង​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង។ ហើយ​ប្រសិន​បើ​នៅ​តាម​ប៉ុស្តិ៍​ប៉ូលីសនីមួយៗ​ អ្នក​មិនមាន​មេ​បញ្ជាការ​ជាន់​ខ្ពស់ ដែល​អាច​មាន​លទ្ធភាព​គ្រប់​គ្រង​ទៅលើ​សមាជិកទេនោះ នោះ​មាន​ន័យ​ថា ​ទោះ​ជា​មាន​យន្តការ​ខាងក្រៅ​អ្វី​ក៏ដោយ អ្នកនឹង​ទទួលបាន​ឥទ្ធិ​ពល​ប្រកបដោយ​ភាព​មានកម្រិត​យ៉ាង​ខ្លាំង​ ដោយសារ​តែមនុស្ស​មិន​ត្រូវ​បាន​គ្រប់​គ្រងត្រឹម​ត្រូវ​នៅ​ហ្នឹង​កន្លែង​ផ្ទាល់»។​
ក្រុម​អ្នក​ជំនាញ​និយាយថា បញ្ហានេះ​មួយ​ផ្នែកបណ្តាល​មក​ពី​អតីតកាល​ដ៏វិបល្លាស​របស់​អាហ្វ្រិកខាងត្បូង។ នៅ​ពេល​ដែល គណបក្ស​សមាជជាតិអាហ្វ្រិក ​(African National Congress) បានឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៩៤ គណបក្ស​នេះ​ត្រូវតែ​សម្រិត​សម្រាំងកងកម្លាំង​ប្រកប​ដោយ​ហិង្សា​ដ៏គួរឱ្យ​ស្អប់ខ្ពើម​មួយ​ ហើយ​ផ្លាស់​ប្តូរ​ពណ៌​សម្បុរ​របស់​ក្រុម​មន្ត្រី​របស់​ខ្លួន។ ប៉ុន្តែ​ ដោយ​សារ​តែ​គ្មាន​ពលរដ្ឋ​ស្បែក​ខ្មៅ​ណាម្នាក់អាច​ឡើងឋានៈ​នៅ​ក្នុងរយៈកាល​នៃ​របស់​របប​អាផាថេត ការ​រុះ​រើ​នេះបណ្តាល​ឲ្យ​បាត់​បង់​ក្រុម​ប៉ូលីស​ជំនាញ។
កាល​ពី​ឆ្នាំ​មុន នាយកដ្ឋាន​ស៊ើបអង្កេត​ប៉ូលីស​ឯករាជ្យ ឬ​ហៅ​កាត់​ថា IPID ដែល​អំណាច​និង​ឯករាជ្យ​ភាព​របស់​ខ្លួន​ត្រូវបាន​ពង្រឹង​នៅ​ឆ្នាំ​២០១០ បាន​ទទួល​ការប្តឹង​ជាង​៥ពាន់​ករណី ដោយ​រាប់​ចាប់​តាំង​ពី​អំពើ​ពុករលួយ​រហូតដល់​ការ​វាយប្រហារ​ឬ​ការសម្លាប់​នៅ​ក្នុង​ពន្ធនាគារ។ ប៉ុន្តែ​ លោក​ ម៉ូសេស ឌ្លាមីនី (Moses Dlamini) អ្នក​នាំ​ពាក្យ​របស់​នាយក​ដ្ឋាន​នេះ និយាយថា តួលេខ​ដ៏​ច្រើន​បែបនេះ​ ក៏​ជាលទ្ធផល​នៃតម្លាភាពនិង​ការ​ទទួលខុសត្រូវ​យ៉ាង​ធំធេង​ជាងមុន​មួយ។
«​ពួកគេ​មិន​អាចប្រដូចទៅ​នឹង​ក្រុម​ប៉ូលីស​ កាល​ពី​អតីតកាល​នោះ​ទេ។ ប្រសិន​បើ​ឳពុក​របស់​ខ្ញុំ​ត្រូវ​បាន​សម្លាប់​ដោយក្រុម​ប៉ូលីស​កាល​ពី​អតីតកាល ​គ្មាន​ IPID ដែល​ខ្ញុំ​អាច​ទៅ​ទំនាក់​ទំនង​ ដើម្បី​ស្នើសុំ​ការ​ស៊ើបអង្កេត​នោះ​ឡើយ អ្នក​ដឹង​ទេ?»
កាល​ពី​ឆ្នាំ​មុន​ មានតែ​សំណុំ​រឿង​ចំនួន​៥៤៥​ប៉ុណ្ណោះ ដែលទទួល​បាន​វិធានការ​ខាង​ផ្លូវ​តុលាការ។ លោក ឌ្លាមីនី ថ្លែងថា​ សមាមាត្រតូច​បែបនេះ​បង្ហាញ​ថា ពាក្យបណ្តឹង​ភាគ​ច្រើន​ប្រឆាំង​នឹង​ក្រុម​ប៉ូលីស​ គ្មាន​សុពលភាព។ ប៉ុន្តែ​ លោក​ទទួល​ស្គាល់​ថា ​ក្រុម​មន្ត្រី​មួយ​ចំនួនធ្វើ​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ជា «រឿង​ដ៏​គួរឱ្យភ័យ​រន្ធត់» ហើយ​ថា ការ​មិន​ជឿទុកចិត្ត​គ្នា​រវាង​សាធារណជន​និង​ក្រុម​ប៉ូលីស​ កាន់​តែ​មាន​ភាព​ជ្រាលជ្រៅ​ឡើង៕
ប្រែសម្រួល​ដោយ​ លី​ សុខ​ឃាង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG