ប៉េកាំង៖ ពិធីប្រគល់រង្វាន់មួយនឹងត្រូវធ្វើឡើងនៅប្រទេសណ័រវ៉េ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១០នេះ ទៅឲ្យអ្នកប្រឆាំងចិន លូ ស៊ាវបូ (Liu Xiaobo) ដែលជាជ័យលាភីរង្វាន់ណូបែលសន្តិភាពប្រចាំឆ្នាំនេះ។ លោកលូ គឺជាអ្នកធ្លាប់តស៊ូក្នុងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ធាណានមេន ស្គ្វ៊ែរ (Tiananmen Square) ឆ្នាំ ១៩៨៩ នៅទីក្រុងប៉េកាំង និងជាសកម្មជនសិទ្ធិមនុស្សដ៏ល្បីម្នាក់របស់ចិន។ នៅឆ្នាំ១៩៨៩ និស្សិតដែលអំពាវនាវឲ្យមានលទ្ធិប្រជាធិបតេយ្យនៅប្រទេសចិនបានទទួលរងអំពើហិង្សា ដើម្បីបញ្ចប់ចលនារបស់គេនៅ ធាណានមេន ស្គ្វ៊ែរ (Tiananmen Square) នៅទីក្រុងប៉េកាំង។
លោកស្សាង បូលី (Zhang Boli) ដែលបានគេផុតពីការបង្ក្រាប និងគេចខ្លួនទៅសហរដ្ឋអាមេរិកបានប្រាប់ថា គាត់បានបាត់បង់អ្វីៗទាំងអស់ដែលគាត់មាននៅប្រទេសចិន ប៉ុន្តែបានរកឃើញជំនឿក្នុងសាសនា។ ពេលនេះ លោកគឺជាអាចារ្យគ្រឹះសាសនានៅសហរដ្ឋអាមេរិក ហើយនិយាយថា ចិនមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលជាលទ្ធផលនៃអ្វីដែលបានកើតឡើងនៅធាណានមេន ស្គ្វ៊ែរ។ លោកស្សាងមានប្រសាសន៍ថា៖
«គេចាប់ផ្តើមអភិវឌ្ឍសេដ្ឋកិច្ច និងផ្តល់ឲ្យប្រជាពលរដ្ឋនូវសេរីភាពច្រើនជាងមុន។ ឧទាហរណ៍ ប្រសិនបើអ្នកមិនប្រឆាំងនឹងរដ្ឋាភិបាល អ្នកអាចមានសេរីភាពផ្សេងៗ»។
លោក យ៉ាង ជានលី (Yang Jianli) ក៏បានចូលរួមក្នុងចលនានិស្សិតនៅធាណានមេន ស្គ្វ៊ែរ ដែរ ហើយពេលនេះ បន្តកិច្ចការគាំទ្រលទ្ធិប្រជាធិបតេយ្យនៅអាមេរិក។ គាត់និយាយថា ភាពរុងរឿងនៅចិនពិតជាមានឥទ្ធិពលទៅលើគំនិតនយោបាយ។ លោកបន្តថា៖
«នៅពេលដែលគេកាន់តែមានសេចក្តីសុខក្នុងជីវិត គេកាន់តែមានទ្រព្យសម្បត្តិ គេនឹងត្រូវការសិទ្ធិបញ្ចេញមតិក្នុងដំណើរការនយោបាយកាន់តែប្រសើរជាងមុន»។
ប៉ុន្តែលោក យ៉ាង និយាយថា ការផ្លាស់ប្តូរនយោបាយមានភាពស្មុគស្មាញ។ គាត់មិនភ្ញាក់ផ្អើលទេ នៅពេលដែលរដ្ឋាភិបាលថ្កោលទោស លោកលូ ស៊ាវបូ ដែលជាជ័យលាភីរង្វាន់ណូបែល។ លោកយ៉ាងបន្តថា៖
«មើលទៅឃើញយ៉ាងពិតប្រាកដថា រដ្ឋាភិបាលចិនបន្តគ្រប់គ្រង ហើយក្រោយពីសេចក្តីប្រកាស គេគ្រប់គ្រងរឹតតែតឹងជាមុន។ យើងហាក់ដូចជាមើលរំលងនិនាន្នការក្នុងសង្គម»។
គ្រាន់តែមួយថ្ងៃក្រោយពីគណៈកម្មការរង្វាន់ណូបែលចេញសេចក្តីប្រកាស មន្រ្តីមួយចំនួននៃបក្សកម្មុយនីស្ត អំពាវនាវដល់រដ្ឋាភិបាលឲ្យផ្តល់សេរីភាពបញ្ចេញមតិឲ្យបានច្រើនជាងមុននៅក្នុងប្រទេសចិន។ លោកយ៉ាងថ្លែងថា៖
«ខ្ញុំយល់ថា ការឈ្នះពានរង្វាន់របស់លោកលូ ស៊ាវបូ និងការអំពាវនាវរបស់មន្ត្រីបក្សកុម្មុយនីស្តឲ្យមានសេរីភាពបញ្ចេញមតិ ប្រហែលជាមិនមែនជាចំណុចរបត់នោះទេ ប៉ុន្តែខ្ញុំអាចនិយាយថា គឺជាចំណុចសំខាន់មួយនៅក្នុងដំណើរការទាំងមូល។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនិយាយថា ការគាបសង្កត់ពីសហគមន៍អន្តរជាតិ និងពីក្នុងប្រទេសចិននឹងអាចធ្វើឲ្យមានសេរីភាពប្រសើរឡើងនៅក្នុងប្រទេសនេះ។ លោកស្សាង បូលីមានប្រសាសន៍ថា៖
«បញ្ហាចិនកើតពីកំណើនសេដ្ឋកិច្ច និងពីបញ្ហាសង្គមចិន នៅពេលដែលគេគ្មានជម្រើស ប៉ុន្តែប្រឈមនឹងបញ្ហាទាំងនេះ ពេលនោះរដ្ឋាភិបាលនឹងផ្លាស់ប្តូរ។ នៅពេលមានការគាបសង្កត់ នឹងមានការផ្លាស់ប្តូរ»។
លោកយ៉ាងនិយាយថា ការផ្លាស់ប្តូរក៏នឹងបណ្តាលមកពីក្មេងជំនាន់ក្រោយផងដែរ។ លោកយ៉ាង ធ្វើការស្រាវជ្រាវនៅសាកលវិទ្យាល័យហាវដ (Harvard University) ហើយជាមានការទាក់ទងជាមួយនឹងនិស្សិតនៅប្រទេសចិនជារឿយៗ។ លោកយ៉ាងបន្តថា៖
«ខ្ញុំយល់ថា និស្សិតជំនាន់ក្រោយ មានភាពឯករាជ្យជាងយើងកាលពីមុន។ គេប្រហែលជាមិនគាំទ្រចលនាប្រជាធិបតេយ្យទេ។ គេប្រហែលជាមិនគាំទ្ររដ្ឋាភិបាលចិនទេ។ គំនិតរបស់គេត្រូវបានបង្កើតឡើងដោយឈើលើមូលដ្ឋាននៃបញ្ហា»។
លោក ស្សាង បូលី មានសុទិដ្ឋិនិយម។
«ខ្ញុំគិតថា ចិនធ្វើដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ឆ្ពោះទៅរកសេរីភាព ឬសេរីភាពព័ត៌មាន។ គាត់គិតថា នឹងមានឱកាសកាន់តែច្រើនឡើង»។
ប៉ុន្តែ ទាំងលោកស្សាង និងលោកយ៉ាង យល់ស្របថា ការផ្លាស់ប្តូរនៅប្រទេសចិននឹងមិនអាចធ្វើទៅបានរហ័សនោះឡើយ ប៉ុន្តែនឹងកើតមានបន្តិចម្តងៗ។
ប្រែសម្រួលដោយអ៊ឹម សុធារិទ្ធ