ឡុងដ៍៖ យោងតាមសន្ទទស្សន៍ចាត់ថ្នាក់អំពើពុករលួយ (Corruption Perceptions Index) ប្រចាំឆ្នាំរបស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) ប្រទេសសូម៉ាលី គឺជាប្រទេសពុករលួយជាងគេបំផុតនៅក្នុងពិភពលោក។ សន្ទទស្សន៍របស់អង្គការតម្លាភាពអន្តរជាតិ បានរាយឈ្មោះប្រទេសចំនួន១៧៨ ដោយប្រទេសសូម៉ាលីត្រូវបានកំណត់ថា ជាប្រទេសពុករលួយបំផុត។ ប្រទេសដែលមានចំណាត់ថ្នាក់នៅចុងបញ្ជីក្បែរសូម៉ាលី រួមមានអាហ្វកានីស្ថាន ភូមា និងអ៊ីរ៉ាក់។
លោកស្រីហ្សានតាល យូវីម៉ាណា (Shantal Uwimana) នៃអង្គការតម្លាភាពអន្តរជាតិ បានថ្លែងថា ជម្លោះជាកត្តា រួមចំណែកចំបងចំពោះការរាលដាលនៃអំពើពុករលួយ។ លោកស្រីបន្តថា៖
«ប្រទេសទាំងឡាយណា ដែលមានអស្ថិរភាពខាងនយោបាយ សង្គម និងសេដ្ឋកិច្ច គឺជាទីតាំងដ៏ល្អសម្រាប់អំពើពុករលួយ»។
សន្ទទស្សន៍នេះ មានការស្ទាបស្ទង់មតិ ដែលត្រូវបានធ្វើឡើងនៅចន្លោះខែមករា ឆ្នាំ២០០៩ និងខែកញ្ញា ឆ្នាំ២០១០។ ការស្ទាបស្ទង់មតិនេះ គឺផ្អែកទៅលើទិដ្ឋភាពនៃអំពើពុករលួយ នៅក្នុងវិស័យសាធារណៈជាជាងវិធានការជាក់ស្តែង។ ប្រទេសទាំងឡាយ ត្រូវបានដាក់ពិន្ទុតាមលំដាប់ពីលេខសូន្យ ដល់លេខ១០ ដោយលេខសូន្យតំណាងឲ្យប្រទេសពុករលួយបំផុត។ អង្គការតម្លាភាពអន្តរជាតិ បានឲ្យដឹងទៀតថា ប្រទេសចំនួន៣ភាគ៤ មានពិន្ទុក្រោមលេខ៥។ ពិន្ទុនោះជាសញ្ញាបង្ហាញថា អំពើពុករលួយនៅតែជាបញ្ហាដ៏ចំបងរបស់សកលលោក។
លោកស្រីយូវីម៉ាណា មានប្រសាសន៍ថា បណ្តាប្រទេសក្រីក្របំផុតក្នុងពិភពលោកទទួលរងធ្ងន់ធ្ងរបំផុតដោយសារអំពើពុករលួយ។ ប៉ុន្តែលោកស្រីបានឲ្យដឹងទៀតថា ប្រទេសអ្នកមាន ក៏ស្ថិតក្នុងហានិភ័យដូចគ្នាដែរ ដោយមានចំណាត់ថ្នាក់ធ្លាក់ចុះនៅឆ្នាំនេះ។ លោកស្រីថ្លែងថា៖
«អ្នកគួរដឹងថា ប្រទេសទាំងឡាយ ដូចជាក្រិច អ៊ីតាលី និងអាមេរិក បើប្រៀបធៀបពិន្ទុ ដែលប្រទេសទាំងនេះទទួលបានកាលពីឆ្នាំកន្លងទៅ អ្នកអាចមើលឃើញថា សភាពការណ៍កាន់តែធ្ងន់ធ្ងរឡើង»។
អាមេរិកបានធ្លាក់ចេញពីឋានៈជាប្រទេសកំពូលចំនួន២០ ដែលមានអំពើពុករលួយតិចតួច។ អាមេរិក ស្ថិតក្នុងលំដាប់ទី ២២ ដែលស្ថិតនៅក្រោមប្រទេសកាតារ និងឈីលីទៅទៀត។
លោកណាន់ស៊ី ប៊ូស្វែល (Nancy Boswell) ប្រធានអង្គការតម្លាភាពអន្តរជាតិប្រចាំនៅសហរដ្ឋអាមេរិក មានប្រសាសន៍ថា ជម្លោះមូលនិធិខាងនយោបាយ វិបត្តិកម្ចីជាវអចលទ្រព្យ និងការលាតត្រដាងអំពីប្រតិបត្តិការវិនិយោគទុច្ចរិតរបស់ប៊ឺណាត ម៉ាដូហ្វ (Bernard Madoff) គឺជាកត្តាឆ្លុះបញ្ចាំងពីទិដ្ឋភាព ដែលថា កម្រិតអំពើពុករលួយនៅសហរដ្ឋអាមេរិកបានកើនឡើង។
លោកស្រីយូវីម៉ាណា បានបញ្ជាក់ថា អំពើពុករលួយដែលចេះតែកើនឡើងនៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសក្រិច មួយផ្នែកអាចបណ្តាលមកពីវិបត្តិហិរញ្ញវត្ថុសកលលោក។ លោកស្រីបានថ្លែងថា អំពើពុករលួយ មានផលប៉ះពាល់ដល់គ្រប់ផ្នែកនៃសង្គម នៅទូទាំង ពិភពលោក ដោយរាប់ចាប់តាំងពីការដោះស្រាយការប្រែប្រួលអាកាសធាតុ រហូតដល់ការលុបបំបាត់ភាពក្រីក្រ។ លោកស្រីបានបន្តទៀតថា ផែនការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទូទាំងពិភពលោក មិនអាចទទួលជោគជ័យបានទេ ប្រសិនបើអំពើពុករលួយ កើតមានឡើងនៅក្នុងនៃវិស័យសាធារណៈបែបនេះ។ លោកស្រីមានប្រសាសន៍ថា គោលដៅអភិវឌ្ឍសហសវត្សរ៍របស់អង្គការសហប្រជាជាតិ គឺជាឧទាហរណ៍នៃបំបាត់អំពើពុករលួយ។ លោកស្រីមានប្រសាសន៍ដូច្នេះថា៖
«នៅពេលដែលអ្នកពិនិត្យមើលគោលដៅ ដើម្បីសម្រេចបាននូវការអប់រំជាសកល អ្នកដឹងថា អភិបាលកិច្ចមិនល្អ និងអំពើពុករលួយ គឺជាធាតុផ្សំគន្លឹះ ដោយសារថា យើងនឹងគ្មានលទ្ធភាពសម្រេចគោលដៅទាំងនោះបានឡើយ ដោយសារតែធនធាន ដែលត្រូវបានបែងចែកទៅលើវិស័យដែលគួរបានទទួល ត្រូវបានបង្វែរទៅប្រើប្រាស់លើវិស័យផ្សេងៗវិញ»។
ប្រទេសដាណឺម៉ាក ញូវហ្សីឡេន និងសិង្ហបូរី ត្រូវបានចាត់ទុកថា ជាប្រទេសមានកម្រិតពុករលួយតិចតួច ដែលប្រទេសនីមួយៗមានពិន្ទុលើសពី៩។ របាយការណ៍ឆ្នាំ២០១០គឺជា របាយការណ៍លើកទី១៥ ដែលអង្គការតម្លាភាពអន្តរជាតិបានបោះពុម្ពផ្សាយ។ របាយការណ៍នេះ ត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាល និងសហគមន៍ជំនួញ ដើម្បីតាមដានបរិយាកាសវិនិយោគនៅជុំវិញពិភពលោក៕
ប្រែសម្រួលដោយ លី សុខឃាង