នៅពេលលោកប្រធានាធិបតីអូបាម៉ាប្រកាសអំពីផែនការរបស់លោកក្នុងការចាប់ផ្តើមដកកងទ័ពពីប្រទេសអាហ្វហ្កានិស្ថាននោះ ផ្នែកកងទ័ពនៅទូទាំងប្រទេសស្វាគមន៍ព័ត៌មាននេះ។ តំបន់ Watertownនៅញូយ៉កស្ថិតនៅជិត Fort Drumដែលជាមូលដ្ឋានរបស់កងពលធំ Mountain Division លេខ១០ របស់កងទ័ពអាមេរិក ដែលតែងតែចេញទៅច្បាំងក្នុងទសវត្សរ៍កន្លងមកនេះ។
ជញ្ជាំងសាល American Legion Hall នៅ Watertown មានរូបថតយុទ្ធជន យុទ្ធនារីដែលបម្រើជាតិអំឡុងពេលសង្គ្រាម។ អ្នកខ្លះត្រូវពលីជីវិត។
Phil Gary ធ្វើទាហានក្នុងសង្គ្រាមវៀតណាម។ គាត់គាំទ្រផែនការរបស់លោក ប្រធានាធិបតីអូបាម៉ា ក្នុងការចាប់ផ្តើមដកទាហានច្រើនពាន់នាក់ពីអាហ្វហ្កានិស្ថាននៅដំណាច់ឆ្នាំនេះ។ ពួកគេភាគច្រើនមកពីកងពលធំ Mountain Division លេខ១០ នៅ Fort Drum។
«រាល់ឆ្នាំ គ្មានពេលណាដែលគ្មានជម្លោះទេ ក្នុងពិភពលោកនេះ។ ខ្ញុំជឿថា គេតែងតែសុំជំនួយតាមរយៈអ.ស.ប. និងប្រទេសផ្សេងទៀត។ ដូច្នេះ បើលោកសួរយោបល់ខ្ញុំ ខ្ញុំសូមជម្រាបថា ខ្ញុំយល់ស្របនឹងផែនការនេះ ព្រោះខ្ញុំមានជំនឿលើលោកប្រធានាធិបតី និងការដឹកនាំរបស់លោក»។
កាតព្វកិច្ចបម្រើកងទ័ពមិនចម្លែកទេនៅ Watertown ដែលជាទីក្រុងឧស្សាហកម្មតូចមួយតាមដងទន្លេ Black River។ នៅទីនេះទស្សនៈអភិរក្សមានភាពខ្លាំងក្លានិងមានប្រវត្តិបម្រើកងទ័ព។ រូបចម្លាក់នៅទីធ្លាក្រុងបង្ហាញអំពីកិត្តិយស អំពីប្រទេស និងអំពីសង្គ្រាមក្នុងអតីតកាល។
បន្ទុកនេះក្លាយជាទម្លាប់សម្រាប់ទាហានកងពលធំ Mountain Division លេខ១០ ដែលភាគច្រើនរស់នៅ Watertown។ ពួកគេឋិតក្នុងចំណោមអង្គភាពទៅអាហ្វហ្កានិស្ថានមុនគេ។ ទាហានខ្លះត្រូវបញ្ជូនទៅ៣ដងក្នុងទសវត្សរ៍កន្លងទៅនេះ។
លោក Jeffrey Graham អភិបាលក្រុង Watertown ថ្លែងថា សង្គ្រាមអាហ្វហ្កានិស្ថាននិងអ៊ីរ៉ាក់ជាបន្ទុកធ្ងន់ធ្ងរសម្រាប់សហគមន៍នេះ។
«ខ្ញុំគិតថា មិនមែនត្រឹមតែពលរដ្ឋក្រុង Watertown ដែលមានមូលដ្ឋានទាហានទេ ដែលនឿយណាយនឹងសង្គ្រាមនេះ មនុស្សភាគច្រើនក្នុងប្រទេសនេះ ក៏នឿយណាយនឹងសង្គ្រាមនេះដែរ។ គេចង់បញ្ចប់គ្រោះថ្នាក់ ការចំណាយ និងការបញ្ជូនកងទ័ព»។
Michael Oquendo, Adonis Frias Rodriquez និង Lewis Paulino ជាទាហានសកម្មនៅ Fort Drum ដែលរស់នៅក្នុងសហគមន៍ដ៏តូចជិតមូលដ្ឋាននេះ។ ២ខែមុន ពួកគេត្រឡប់មកពីសមរភូមិរយៈពេលមួយឆ្នាំនៅអាហ្វហ្កានិស្ថាន។ គេមានទស្សនៈផ្សេងៗគ្នាអំពីការដកកងទ័ព តែវាមិនមែនជារឿងចម្លែកក្នុងកងទ័ពទេ។ Michael Oquendo ថ្លែងថា ការដកទ័ពជាការយល់ខុស។
«បើយើងដកទ័ពក្នុងស្ថានភាពនេះ ជារឿងមិនល្អទេ ពីព្រោះអាមេរិកធ្វើកិច្ចការបានច្រើននៅទីនោះ ដូចជាកសាងរចនាសម្ព័ន្ធគ្រប់យ៉ាងក្នុងប្រទេស និងបង្រួបបង្រួមប្រទេសនោះ»។
Lewis Paulino មិនយល់ស្របទេ។ គាត់ថា អាមេរិកមានបញ្ហាក្នុងប្រទេសច្រើនណាស់។
«យើងមានរឿងនៅទីនេះច្រើនណាស់។ ខ្ញុំគិតថា ដោះស្រាយបញ្ហានៅទីនេះសំខាន់ជាងដោះស្រាយបញ្ហាប្រទេសដទៃ។ នៅទីនេះ យើងមានកិច្ចការច្រើនត្រូវធ្វើ»។
ប៉ុន្តែទាហានក្មេងៗទាំង៣នាក់នេះនិយាយថា បើប្រទេសជាតិត្រូវការ គេនឹងទៅម្តងទៀត។ ពួកគេបន្ថែមទៀតថា ទាហានត្រូវបម្រើជាតិប្រកបដោយកិត្តិយស៕
ប្រែសម្រួលដោយលី ម៉ូរីវ៉ាន់