សកម្មជនសង្គម លោក នី ណាក់ ត្រូវបាននគរបាលឃាត់ខ្លួន ហើយបញ្ជូនទៅសាកសួរនៅតុលាការរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ពីបទ«បរិហារកេរ្តិ៍ និងញុះញង់» ដែលប្តឹងដោយរដ្ឋមន្រ្តីក្រសួងការងារ។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងភរិយារបស់លោក នី ណាក់។
បើតាមអ្នកស្រី សុខ ស៊ីណែត ភរិយារបស់លោក នី ណាក់ នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី៥ ខែមករានេះ នៅពេលអ្នកស្រីនិងស្វាមី ត្រឡប់មកពីផ្សារ ហើយចូលទិញទឹកនៅកន្លែងចាប់ហួយជិតផ្ទះ ស្រាប់តែឃើញរថយន្តប៉ូលិសចំនួន៣គ្រឿង និងម៉ូតូ១ គ្រឿងមកដល់ ហើយមន្រ្តីប៉ូលិសប្រាប់ថា មានការកោះហៅនិងនាំខ្លួនលោក នី ណាក់ ទៅសាកសួរ។
បើតាមស្ត្រីវ័យ៤១ឆ្នាំរូបនេះ អ្នកដែលប្តឹងស្វាមីរបស់អ្នកស្រី គឺរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ប៉ុន្តែអ្នកស្រីមិនទាន់ដឹងទេថា តើប្តឹងស្វាមីរបស់អ្នកស្រីដោយសារអ្វីឡើយ។
អ្នកស្រីចាត់ទុកការចាប់ខ្លួនស្វាមីថា ជារឿងអយុត្តិធម៌ និងមិននឹកស្មានដល់។
អ្នកស្រីថ្លែងថា៖«បងយល់ថា វាជាការរំលោភសិទ្ធិ រំលោភសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ។ បងជំរុញថា ចង់ឱ្យសង្គមស៊ីវិលយើងដែលធ្វើការខាងសង្គមហ្នឹងជួយប្តីបងផង។ ចង់និយាយថា គាត់អត់មានបានធ្វើខុសអ្វីទេ ហើយនឹងចង់ឱ្យអាជ្ញាធរជួយដោះលែងប្តីខ្ញុំឱ្យបានមកផ្ទះមកអីវិញ»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់វីអូអេថា សមត្ថកិច្ចនាំខ្លួនលោក នី ណាក់ ទៅសាកសួរតាមដីកាកោះហៅរបស់តុលាការ ដែលលោកថា មានលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារជាដើមបណ្តឹង ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ និងញុះញង់។
លោកថ្លែងថា៖ «បងប្អូនអនុវត្តដីកាដើម្បីសាកសួរទេ មិនមែនចាប់ឃាត់ខ្លួនទេ។ សាកសួរតាមបណ្តឹងបទបរិហារកេរ្តិ៍ និងញុះញង់ មានបណ្តឹងរបស់ឯកឧត្តម ហេង សួរ»។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ ប្រាប់វីអូអេថា លោក នី ណាក់ បានផ្សព្វផ្សាយ«ព័ត៌មានមិនពិត មានចេតនាទុច្ចរិតក្នុងការញុះញង់» និងធ្វើឲ្យសាធារណជនយល់ច្រឡំ ហើយវាប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់លោក ហេង សួរ។ លោកបញ្ជាក់បន្ថែមថា ព័ត៌មាននោះទាក់ទងនឹងការលើកឡើងថា«កាត់ដីឲ្យលោក ហេង សួរ ទុកសង់រោងចក្រចំនួន២ពាន់និងធ្វើការិយាល័យសម្រាប់មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»។
លោក កត្តា អ៊ន បញ្ជាក់ថា លោកបានបំភ្លឺទៅកាន់សាធារណជនថា ការកាត់ដីចំនួន១០០ហិកតានៅខេត្តកំពត ផ្តល់ទៅឈ្មោះហេង សួរ មិនមែនជារដ្ឋមន្រ្តីក្រសួងការងារនោះទេ។
លោកថ្លែងថា៖ «ប៉ុន្តែលោក នី ណាក់ និងបក្ខពួករបស់ខ្លួននៅតែបន្តចែកចាយនូវព័ត៌មានមិនពិតទាំងនេះដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ឯកឧត្តមហេង សួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយនេះជាបទល្មើសព្រហ្មទណ្ឌ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារបាននៅឡើយទេ។
លោក ប្លង់ សុផល អ្នកនាំពាក្យរបស់តុលាការរាជធានីភ្នំពេញ ប្រាប់វីអូអេថា លោកមិនទាន់បានទទួលព័ត៌មានពាក់ព័ន្ធនឹងការសាកសួរលោក នី ណាក់ នៅឡើយទេ។
លោក នី ណាក់ គឺជាសកម្មជនសង្គមមួយរូបដែលធ្លាប់ជាប់ពន្ធនាគារ និងតែងតែរិះគន់អំពីភាពអវិជ្ជមានក្នុងសង្គម។ កាលពីខែកញ្ញា ឆ្នាំមុន លោកត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមធាក់ម៉ូតូផ្តួល និងបានវាយដំលើរាងកាយ និងក្បាលយ៉ាងដំណំ នៅពេលដែលលោក និងភរិយាធ្វើដំណើរតាមដងផ្លូវ នៅជិតវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារ១៨ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល ពីបទ«ជេរប្រមាថជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធការបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ក្នុងលក្ខណៈកំប្លែង រឿងទិញម៉ាស់ពាក់ឱ្យមាន់ អំឡុងពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩។
គួរបញ្ជាក់ថា លោក នី ណាក់ ម្ចាស់គណនីសង្គមហ្វេសប៊ុកឈ្មោះ IMan-KH ដែលមានជំនាញក្នុងវិស័យកសិកម្ម តែងរិះគន់ចំណុចអវិជ្ជមាននានាក្នុងសង្គម ជាពិសេសពាក់ព័ន្ធវិស័យកសិកម្ម តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក។ លោក នី ណាក់ក៏ធ្លាប់ជួបជាមួយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ផងដែរ កាលពីកន្លងទៅ៕
វេទិកាបញ្ចេញមតិ