នៅក្នុងពិភពលោកដែលពោរពេញទៅដោយអង្គការពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិធំៗ ដែលភាគច្រើនត្រូវបានគេស្គាល់តាមរយៈអក្សរកាត់របស់ខ្លួនដូចជា អង្គការ WTO អង្គការ OECD អង្គការ APEC អង្គការ ITO កិច្ចព្រមព្រៀង TPP និង MERCOSUR តើអ្នកណាត្រូវការអង្គការពាណិជ្ជកម្មបន្ថែមមួយទៀត?
កាណាដាកំពុងអន្ទះសារចង់ចូលរួមជាមួយប្រទេសឈីលី នូវែលសេឡង់ និងសិង្ហបុរី នៅក្នុងកិច្ចព្រមព្រៀងថ្មីមួយ ដែលត្រូវបានគេស្គាល់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល ឬ DEPA។
ប្រទេសហត្ថលេខីទាំងបី នៃកិច្ចព្រមព្រៀង DEPA កំពុងតែពិចារណាលើការស្នើសុំរបស់កាណាដា ក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ដែលបានចូលជាធរមានកាលពី ៣ ខែមុន ទោះបីជាប្រទេសឈីលី ត្រូវធ្វើសច្ចានុម័តលើការចូលរួមរបស់ខ្លួនក្តី។ ប្រទេសផ្សេងទៀតដែលចង់ចូលរួមមានដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស។
បើយោងតាមអ្នកវិភាគ ចំណុចសំខាន់នៃកិច្ចព្រមព្រៀង DEPA គឺស្ថិតលើការយកចិត្តទុកដាក់លើបញ្ហាឌីជីថល និងការណ័ដែលមិនមានប្រទេសមហាអំណាចសេដ្ឋកិច្ចខ្លាំងក្លាជាសមាជិក ដែលអាចមានអំណាចក្នុងការគ្របដណ្តប់លើការចរចា ឬបង្ខំប្រទេសតូចជាងខ្លួននោះ។
លោក David Wolfe សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Toronto បានប្រាប់ VOA ថា៖ «ប្រទេសហត្ថលេខីទាំងបីរបស់កិច្ចព្រមព្រៀង DEPA គឺសុទ្ធតែជាប្រទេសពាណិជ្ជកម្មធំៗទាំងអស់ ប៉ុន្តែមានសេដ្ឋកិច្ចតូច»។
លោកបន្តទៀតថា៖ «បញ្ហាប្រឈមសម្រាប់ពួកគេ [ប្រទេសទាំងនោះ] និងកាណាដា គឺថា កិច្ចព្រមព្រៀងពហុភាគីឥឡូវនេះ មិនមានប្រសិទ្ធភាពទៀតទេ»។
ហើយការណ៍នេះបានបង្កើតឱ្យមានកិច្ចព្រមព្រៀងថ្មីៗដូចជាកិច្ចព្រមព្រៀង DEPA ដែលអាចអនុញ្ញាតឲ្យប្រទេសដែលមានសេដ្ឋកិច្ចតូចៗ ទទួលបានអំណាចច្រើនជាងមុន ក្នុងការធ្វើការជាមួយនឹងប្រទេសផ្សេងៗ។
មន្ត្រីនៃកិច្ចព្រមព្រៀង DEPA ថា ភាពជាដៃគូនេះត្រូវបានធ្វើឡើងដោយផ្តោតលើបញ្ហាជាក់លាក់ដូចជា បញ្ញានិម្មិត (AI) អត្តសញ្ញាណឌីជីថល និងការផ្តល់សេវាអ៊ីនធើណិតដល់ពលរដ្ឋគ្រប់គ្នា (digital inclusion) ជាឧទាហរណ៍ ដូចជាការប្តេជ្ញារបស់នូវែលសេឡង់ ក្នុងការផ្តល់សេវាអ៊ីនធើណិតដល់ជនជាតិដើម Maori របស់ខ្លួន។
សម្រាប់សិង្ហបុរី ការចាប់អារម្មណ៍ចូលរួមក្នុងកិច្ចព្រមព្រៀង DEPA នេះ មានជាប់ពាក់ព័ន្ធនឹងនិន្នាការនាពេលថ្មីៗ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោក Steven Okun ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន McLarty Associates ដែលមានមូលដ្ឋាននៅសិង្ហបុរី និយាយថា៖ «វិស័យឌីជីថលមានសក្តានុពលខ្លាំងក្លា នៅតំបន់អាស៊ី»។ ប៉ុន្តែវិស័យនេះមានហានិភ័យ ត្រង់ថា សក្តានុពលនោះប្រហែលជានឹងមិនអាចសម្រេចបានពេញលេញទេ ដោយសារតែ «ការព្រួយបារម្ភចំពោះនិន្នាការគាំពារនិយមផ្នែកឌីជីថល ដែលកំពុងកើនឡើង»។
លោក Okun ថ្លែងថា៖ «ជាឧទាហរណ៍ ប្រទេសឥណ្ឌូណេស៊ី បន្តហាមឃាត់ពាណិជ្ជកម្មឌីជីថល ដោយដាក់ចេញបទប្បញ្ញត្តិពាក់ព័ន្ធនឹងទិន្នន័យដែលមានការផ្លាស់ប្តូរលឿន និងជារឿយៗ មានភាពស្មុគស្មាញ។ ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលបានកាត់បន្ថយការរឹតត្បិតមួយចំនួន ដែលរួមមានការអនុញ្ញាតឱ្យធនាគារពាណិជ្ជកម្មនិងក្រុមហ៊ុនធានារ៉ាប់រងផ្ទេរ និងរក្សាទិន្នន័យមួយចំនួននៅក្រៅប្រទេស ហើយច្បាប់នាពេលថ្មីៗនេះ ភាគច្រើនមានលក្ខណៈគាំពារនិយម»។
លោក Okun ដែលធ្លាប់បម្រើការជានាយករងទទួលបន្ទុកផ្នែកច្បាប់នៅក្រសួងសាធារណការសហរដ្ឋអាមេរិក នៅក្រោមរដ្ឋបាលលោកប្រធានាធិបតី Bill Clinton និងបច្ចុប្បន្ននេះ ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅសិង្ហបុរី បានបញ្ជាក់ទៀតថា វៀតណាមក៏នឹងបន្ត «បង្អាក់ពាណិជ្ជកម្មអន្តរជាតិក្នុងវិស័យសេវាកម្មឌីជីថល»៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា