ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាវុធ​ធុន​តូច​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​រដ្ឋ​ដែល​មិន​រឹង​មាំ​


កង​អង្គរក្ស​រុស្ស៊ី​ដើរក្បួន​ព្យុះហយាត្រា​នៅ​ទីលាន​ក្រហម​ក្នុង​ទីក្រុង​ម៉ូស្គូ​ ថ្ងៃ​ទី​០៩​ ខែ​ឧសភា​ ឆ្នាំ​១៩៩៩​។
កង​អង្គរក្ស​រុស្ស៊ី​ដើរក្បួន​ព្យុះហយាត្រា​នៅ​ទីលាន​ក្រហម​ក្នុង​ទីក្រុង​ម៉ូស្គូ​ ថ្ងៃ​ទី​០៩​ ខែ​ឧសភា​ ឆ្នាំ​១៩៩៩​។

ការ​សិក្សា​ថ្មី​មួយ​រក​ឃើញ​ថា​ ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​ផ្តល់​សិទ្ធិ​អនុញ្ញាត​ជា​សកល​ទៅ​លើ​ប្រភេទ​អាវុធ​ធុន​តូច​ អា​វុធ​ធុន​ស្រាល​ និង​គ្រាប់​រំសេវ​សម្រាប់​អាវុធ​ទាំង​នេះ​ មាន​តម្លៃ​ជិត​៧​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​ នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ ក្រុម​អ្នក​ផ្តល់​យោបល់​ឯករាជ្យ​ដល់​រដ្ឋាភិបាល​ឈ្មោះ​ វេទិកា​ក្រុង​ហ្សឺណែវ​ (Geneva​ Forum)​ ក៏​បាន​ពិនិត្យ​មើល​ឥទ្ធិពល​ដ៏​ធ្ងន់​ធ្ងរ​ ដែល​ការ​រីក​សាយ​(ភាយ​)អាវុធ​ធុន​តូច​ កំពុង​បង្ក​ទៅ​លើ​អ្វី​ដែល​គេ​ហៅ​ថា​ប្រទេស​មិន​រឹង​មាំចំនួន​បី ​ដូច​ជា​ម៉ាដាហ្កាស្ការ​ (Madagascar)​ កូឌីវ័រ​ (Ivory​ Coast)​ និង​ហៃទី​ (Haiti)។

នៅ​ក្នុង​ឆ្នាំ​២០០៨​ ការ​ស្ទាប​ស្ទង់​មតិ​រក​ឃើញ​ថា​ សហរដ្ឋ​អាមេរិក​ ប្រទេស​អ៊ីតាលី​ និង​អាល្លឺម៉ង់​ ស្ថិត​នៅ​លំដាប់​ខ្ពស់​ជាង​គេ​នៃ​ប្រទេស​នាំ​ចេញ​កំពូល​ចំនួន​១៤​ ខាង​អាវុធ​ធុន​តូច​ និង​សព្វាវុធ​ធុន​ស្រាល។​ ប្រទេស​ទាំង​នេះ​បាន​នាំ​អាវុធ​ចេញ​ប្រចាំ​ឆ្នាំ​ក្នុង​ទឹក​ប្រាក់​យ៉ាង​តិច​ប្រហែល​១០០​លាន​ដុល្លារ។​ ក្នុង​ឆ្នាំ​ដដែល​ ប្រទេស​នាំ​ចូល​អាវុធ​ធុន​តូច​ និង​អាវុធ​ធុន​ស្រាល​ មាន​រាប់​បញ្ចូល​ទាំង​សហរដ្ឋ​អាមេរិក​ ចក្រភព​អង់គ្លេស​ ប្រទេស​កាណាដា​ អាល្លឺម៉ង់​ អូស្ត្រាលី​ បារាំង​ និងប៉ាគីស្ថាន។

ការ​ស្ទាប​ស្ទង់​មតិ​ក៏​បាន​រក​ឃើញ​ដែរ​ថា​ ឧស្សាហកម្ម​សន្តិសុខ​ឯកជន​បាន​ពង្រីក​នៅ​ទូទាំង​ពិភពលោក​ ហើយ​ឥឡូវ​នេះ​ ចំនួន​ឆ្មាំ​ឯកជន​មាន​លើស​ពី​ចំនួន​មន្ត្រី​ប៉ូលីស​យ៉ាង​ច្រើន។​ តែ​ទោះ​យ៉ាង​ណា​ ការ​ស្ទាប​ស្ទង់​មតិ​នេះ​ក៏​កត់​សម្គាល់​ដែរ​ថា​ កង​កម្លាំង​សន្តិសុខឯកជន​ មាន​អាវុធ​តិច​ជាង​គេ។​ ទិន្នន័យ​សម្រាប់​ប្រទេស​ចំនួន​៧០​លាត​ត្រដាង​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​សន្តិសុខ​ឯកជន​មាន​អាវុធ​ចំនួន​៤​លាន​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួន​២៦​លាន​ដែល​កាន់​ដោយ​ទី​ភ្នាក់ងារ​អនុវត្តន៍​ច្បាប់​ និង២០០​លានទៀត​ដែល​កាន់​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ។

របាយការណ៍​គូស​បញ្ជាក់​អំពី​ផល​ប៉ះពាល់​ដែល​អាវុធ​ធុន​តូច​ និង​អាវុធ​ធុន​ស្រាល​ បង្ក​ទៅ​លើ​សង្គម​ដ៏​ផុយ​ស្រួយ​ចំនួន​បី។​ របាយការណ៍​នេះ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សភាពការណ៍​នៅ​ប្រទេស​ម៉ាដាហ្កាស្ការ​ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ឆ្នាំ​២០០៩​ ដែល​បាន​ផ្តួល​រំលំ​ប្រធានាធិបតី​ដែល​បាន​ជាប់​ឆ្នោត។

លោក​ រ៉ប៊ើត​ ម៉ូហ្គា​( Robert​ Muggah)​ នាយក​ផ្នែក​ស្រាវ​ជ្រាវ​នៃ​ការ​ស្ទាប​ស្ទង់​មតិ​អាវុធ​ធុន​តូច​ ប្រាប់​វីអូអេ​ថា​ ចំនួន​ដ៏​ច្រើន​នៃ​អាវុធ​ខុស​ច្បាប់​កំពុង​ធ្វើ​ចរាចរ​នៅ​ក្នុង​ប្រទេស។​ តាម​ពិត​ លោក​កត់​សម្គាល់​ឃើញ​ថា​ អាជ្ញាធរ​បាន​ចុះ​បញ្ជី​អាវុធ​តិច​ជាង​៣​ពាន់​ដើម​តែ​ប៉ុណ្ណោះ។​ បន្ថែម​លើ​បញ្ហា​នោះ ​លោក​បាន​និយាយ​ថា​ កង​កម្លាំង​ប្រដាប់​អាវុធ​និង​ប៉ូលីស ​បាន​ក្លាយ​ទៅ​ជា​ផ្នែក​នៃ​បន្ទុក​ដ៏​ធ្ងន់​ទៅ​លើ​សន្តិសុខ​របស់​ម៉ាដាហ្កាស្ការ​ដែរ។

«មាន​ការ​ព្រួយ​បារម្ភ​ថា​ ម៉ាដាហ្កាស្ការ​កំពុង​ក្លាយ​ជា​ចំណុច​ឆ្លង​កាត់​ដ៏​មាន​សក្តានុពល​នៃ​ការ​រត់​ពន្ធ​ថ្នាំ​ញៀន​ណាកូទីក ​ដូច​អ្វី​ដែល​យើង​កំពុង​មើល​ឃើញ​នៅ​អាហ្វ្រិក​ខាង​លិច​ ដោយ​សារ​តែ​ភាព​ផុយ​ស្រួយ​ទាំង​អស់​នេះ​ ដែល​យើង​កំពុង​ឃើញ​មាន​នៅ​ក្នុង​ផ្នែក​សន្តិសុខ​រដ្ឋ។​ បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ ដែល​យើង​កំពុង​មើល​ឃើញ​នោះ​ គឺការ​ទាញ​យក​ធន​ធាន​យ៉ាង​ឆាប់​រហ័ស​និង​ខុស​ច្បាប់​យ៉ាង​ច្រើន​ ពី​ប្រទេស​ម៉ាដាហ្កាស្ការ​ ដោយ​រាប់​ចាប់​តាំង​ពី​ឈើ​រ៉ូស​វូដ​ (Rosewood)​ រហូត​ដល់​រ៉ែ​ ព្រម​ទាំង​អ្វី​ ដែល​មើល​ឃើញ​ហាក់​ដូច​ជា​ពាណិជ្ជ​កម្ម​ដ៏​ក្លៀវ​ក្លា​ផ្នែក​ទីផ្សារ​លក់​គោ​បា​ឈ្មោះ​ហ្សីប៊ូ ​(Zebu) ​រហូត​ទៅ​ដល់​ខ្នាត​ឧស្សាហកម្ម​ ដែល​ជា​ប្រភព​ចិញ្ចឹម​ជីវិត​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស»។

ការ​ស្ទាប​ស្ទង់​មតិ​នេះ​ក៏​បាន​តាម​ដាន​ដំណើរ​វិវត្តន៍​នៃ​អាវុធ​ធុន​តូច​នៅ​ប្រទេស​កូឌីវ័រ​ នៅ​ចន្លោះ​ឆ្នាំ​២០០២​ និង​ឆ្នាំ​២០១០​ដែរ។​ ក្នុង​អំឡុង​ពេល​នោះ​ ប្រទេស​នេះត្រូវ​បាន​បែង​ចែក​ជា​តំបន់​ស្វ័យ​ភាព​ចំនួន​ពីរ​ គឺ​ភាគ​ខាង​ជើង​ ដែល​គ្រប់​គ្រង​ដោយ​កង​កម្លាំង​ឧទ្ទាម​ ដែល​មាន​ភក្តីភាព​ជាមួយ​លោក​ប្រធានាធិបតី​បច្ចុប្បន្ន​ អាឡាសាន​ អ៊ូតារ៉ា​ (Allasane​ Outtara)​ និង​ភាគ​ខាង​ត្បូង ​ដែល​គ្រប់​គ្រង​ដោយ​អតីត​ប្រធានាធិបតី​ ឡូរ៉ង់​ បាកបូ​ (Laurent​ Gbagbo)។

បំរាម​នាំ​ចូល​គ្រឿង​សព្វា​វុធ​ត្រូវ​បាន​ដាក់​ទៅ​លើ​ប្រទេស​នេះ​កាល​ពី​ឆ្នាំ​២០០៣​ និង​២០០៤។​ បើ​ទោះ​ជា​មាន​បំរាម​នេះ​ក៏​ដោយ​ ការ​សិក្សា​នេះ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ទាំង​ឡាយ​ ដោយ​រាប់​បញ្ចូល​ទាំង​រុស្សី​ និង​ប៊ុលហ្គារី​ (Bulgaria)​ បន្ត​ផ្តល់​អាវុធ​ ដែល​បន្ថែម​ទៅ​នឹង​អស្ថិរភាព​របស់​ប្រទេស​នេះ៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG