នាង Fatma និងក្រុមគ្រួសាររបស់នាង ត្រូវបានគេបង្ខំឱ្យធ្វើការដោយមិនមានប្រាក់ខែឬការថែទាំវេជ្ជសាស្រ្តសមរម្យ។ នេះជាទង្វើដែលកើតឡើងរាប់សតវត្សរ៍មកហើយ នៅក្នុងប្រទេសម៉ូរីតានី កន្លែងដែលក្រុមជនជាតិភាគតិចស្បែកខ្មៅ Haritine ត្រូវបានរើសអើងដោយពួក Moors អ្នកដែលមានស្បែកសជាងក្រុមនេះ។
«ម្ចាស់របស់ខ្ញុំបានដកហូតអ្វីៗទាំងអស់ពីខ្ញុំ។ ពួកគេមិនអនុញ្ញាតឱ្យខ្ញុំទទួលការព្យាបាលនោះទេនៅពេលដែលខ្ញុំឈឺ។ ពួកគេមិនអនុញ្ញាតឱ្យកូនៗរបស់ខ្ញុំ និងខ្ញុំទទួលការអប់រំនោះឡើយ។ កូនរបស់ខ្ញុំមិនបានទទួលការអប់រំ ហើយយើងមិនទាំងដឹងពីរបៀបអធិដ្ឋាននោះឡើយ។ ខ្ញុំបានត្រឹមតែធ្វើការងារមិនបានប្រាក់ ហើយអ្វីដែលពួកគេផ្ដល់ឱ្យខ្ញុំ គឺស្បៃគ្របមុខមួយជារៀងរាល់ឆ្នាំដើម្បីគ្របមុខរបស់ខ្ញុំ»។
អង្គការមិនរកប្រាក់ចំណេញ ធ្វើការដើម្បីបញ្ចប់ទាសភាព បាននិយាយថា នៅពេលដែលពួកគេលើកយកករណីផ្សេងៗដូចករណីរបស់គ្រួសារ Fatman ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានបានដឹង ការឆ្លើយតបរបស់រដ្ឋាភិបាលគឺមិនទៀងនោះទេ។
«នៅពេលដែលយើងបានដឹងពីភ្នាក់ងាររបស់យើងថា មានក្រុមគ្រួសារស្ថិតនៅក្រោមទាសភាព យើងបានទាក់ទងអភិបាលនៃតំបន់ដែលក្រុមគ្រួសារនោះរស់នៅ។ លោកអភិបាលបានផ្តល់ការណែនាំទៅកងអាវុធហត្ថឱ្យស៊ើបអង្កេតរឿងនោះជាបន្ទាន់។ កងអាវុធហត្ថបានចាប់ខ្លួនមេខ្លោង និងក្រុមគ្រួសារ ហើយពួកគបាននាំខ្លួនអ្នកទាំងនោះប្រគល់ទៅឲ្យព្រះរាជអាជ្ញាដើម្បីបញ្ចប់នីតិវិធីច្បាប់»។
រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកគណៈកម្មការសិទ្ធិមនុស្សបាននិយាយថា សភាម៉ូរីតានី កាលពីឆ្នាំមុនបានអនុម័តច្បាប់ដែលទទួលស្គាល់ថាទាសភាពជា «បទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ» ដោយសង្កត់ធ្ងន់ទៅលើការរីកចម្រើន និងដំណើរការស្របច្បាប់។
«មានការបង្កើតតុលាការជំនាញជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងទាសភាពដែលនៅសេសសល់នេះ។ តុលាការទាំងនេះត្រូវបានបង្កើតឡើងមិនត្រឹមតែនៅក្នុងរដ្ឋធានីណួកសុត តែប៉ុណ្ណោះទេ គឺនៅទូទាំងប្រទេសផងដែរ ដើម្បីឱ្យយុត្តាធិកានៃពាក្យបណ្តឹង នៅជិតជាងមុន»។
សកម្មជនប្រឆាំងនឹងទាសភាពនិយាយថា តុលាការមិនបានធ្វើការគ្រប់គ្រាន់ដើម្បីអនុវត្តច្បាប់ដែលមានស្រាប់នោះទេ។ របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញថា អាជ្ញាធរបានបរាជ័យក្នុងការបង្កើតនីតិវិធី ដើម្បីកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ៕
ប្រែសម្រួលដោយ ផន បុប្ផា