ប្រមុខនៃធនាគារពិភពលោកនិយាយថាការកើនតម្លៃម្ហូបអាហារដ៏ខ្លាំងបានជំរុញឲ្យមនុស្ស៤៤លាននាក់ធ្លាក់ក្នុងភាពក្រីក្រខ្លាំង។ លោក រ៉ូប៊ឺត ហ្សូអឹលលីក (Robert Zoellick) ប្រធានធនាគារពិភពលោក បានអំពាវនាវដល់់មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចនាំមុខគេចំនួន២០ ឲ្យដាក់បញ្ហាម្ហូបអាហារជារឿងទីមួយនៅក្នុងរបៀបវារៈរបស់ខ្លួន។
តារាងតម្លៃម្ហូបអាហារចុងក្រោយបង្អស់របស់ធនាគារពិភពលោកមានតែ៣ភាគរយប៉ុណ្ណោះនៅខាងក្រោមចំនួនខ្ពស់បំផុតកាលពីឆ្នាំ២០០៨។
តម្លៃស្រូវសាឡីនិងពោតបានឡើងថ្លៃខ្ពស់ប្រមាណ៧៥ភាគរយចាប់តាំងពីខែមិថុនាឆ្នាំមុន។
លោក Robert Zoellick ប្រធានធនាគារពិភពលោកបានមានប្រសាសន៍ថាតម្លៃម្ហូបឡើងខ្ពស់និងខ្ពស់អណ្តែតនេះ ជាបញ្ហាប្រឈមសំខាន់មួយនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍កន្លែងដែលមនុស្សងាយរងគ្រោះភាគច្រើនចំណាយទៅលើម្ហូបអាហារច្រើនជាងពាក់កណ្តាលនៃប្រាក់ចំណូលរបស់ពួកគេ។ លោក Zoellick មានប្រសាសន៍ថា៖
«គ្រាន់តែនៅមុនការឡើងថ្លៃម្ហូបអាហារចុងក្រោយនេះ មានមនុស្សច្រើនជាង៩០០លាននាក់ស្រេចទៅហើយដែលអត់ឃ្លានរាល់ថ្ងៃ។ ឥឡូវនេះ ជាមួយនឹងការស្ទង់មើលមួយឲ្យដឹងថាមានមនុស្សច្រើនដល់ទៅ៤៤លាននាក់រស់នៅក្នុងភាពក្រីក្រខ្លាំង ការស្ទង់នោះបង្ហាញថាឆ្នាំនេះ មានលក្ខណៈដូចជា ឆ្នាំអាក្រក់មួយសម្រាប់ក្រុមអ្នកដែលខ្វះអាហារដែលមានជីវជាតិជាយូរមកហើយ»។
លោក Zoellick និយាយថា ឆ្នាំនេះវាមិនអាក្រក់ដូចជាឆ្នាំ២០០៨ទេនៅពេលតម្លៃម្ហូបឡើងដល់កម្រិតខ្ពស់ពីព្រោះការស្តុកគ្រាប់ធញ្ញជាតិដូចជាមានច្រើនឡើង ការប្រមូលភោគផលពោតនៅក្នុងប្រទេសអាហ្វ្រិកបានល្អ ហើយតម្លៃអង្ករមិនបានឡើងថ្លៃខ្លាំងដូចជាគ្រាប់ធញ្ញជាតិផ្សេងៗទៀតទេ។ ប៉ុន្តែលោកបាននិយាយថា រដូវដាំដុះមកដល់ខាងមុខនឹងទៅជារដូវសំខាន់យ៉ាងពិសេស។
លោក Zoellick មានប្រសាសន៍ថាតម្លៃម្ហូបអាហារខ្ពស់និងមិនឋិតថេរ ទំនងដូចជានិន្នាការរយៈពេលយូរមួយ មួយផ្នែកដោយសារមានសេចក្តីត្រូវការកើនឡើងសម្រាប់ជីវប្រេងឥន្ធនៈ និងចំណង់បរិភោគសាច់ដែលកើនឡើង នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លោក Zoellick មានប្រសាសន៍ថា៖
«អ្វីដែលយើងឃើញឥឡូវនេះគឺជានិន្នាការមួយដែលរំខានជាបន្តបន្ទាប់ដោយភាពមិនឋិតថេរខ្លាំងខ្លះៗ ហើយក្រុមក្រីក្រនិងងាយរងគ្រោះ មិនបានទទួលការការពារនៅពេលម្ហូបតម្លៃឡើងថ្លៃជាប់នោះ»។
លោក Zoellick បានអំពាវនាវឲ្យមានសកម្មភាពសាកលដើម្បីផ្តល់បណ្តាញសុវត្ថិភាពប្រសើរសម្រាប់ស្ត្រីមានផ្ទៃពោះនិងកុមារតូចៗហើយនឹងជួយធ្វើឲ្យប្រសើរឡើងដល់កសិករនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ឲ្យបានទទួលគ្រាប់ពូជ ជី និង ទីផ្សារល្អ។
ប្រែសម្រួលដោយ នុច សារីតា