រដ្ឋធានីវ៉ាស៊ីងតោន៖ បើយោងតាមអង្គការកសិកម្មនិងស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (UN Food and Agriculture Organization) ជារៀងរាល់ឆ្នាំ ស្បៀងអាហារ ប្រហែលពាក់កណ្តាល ដែលផលិតដោយកសិករនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវបានបំផ្លាញដោយសារថ្នាំសម្លាប់សត្វល្អិត ការឆ្លងមេរោគ ឬការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ។ នោះជាតួលេខដ៏គួរឲ្យរន្ធត់មួយ ខណៈដែលប្រជាពលរដ្ឋជិត១.០០០លាននាក់ នៅក្នុងពិភពលោកកំពុងស្រេកឃ្លានយ៉ាងខ្លាំង។ ប៉ុន្តែសម្ភារៈដ៏សាមញ្ញ ហើយចំណាយអស់តិច អាចជួយការពារផលដំណាំដ៏មានតម្លៃនេះបាន។
នៅអាហ្វ្រិកខាងលិច កសិករអាចប្រមូលផលដំណាំសណ្តែកគុយដ៏សន្ធឹកសន្ធាប់ ប៉ុន្តែដូចយកទៅឲ្យបាត់បង់ផលដំណាំទាំងនោះវិញយ៉ាងច្រើនដោយសារសត្វល្អិតដែលកើនឡើងខ្លាំង ខណៈដែលគ្រាប់ធញ្ញជាតិទាំងនោះ ត្រូវបានដាក់នៅកន្លែងស្តុកទុក។
«ការកើនឡើងនៃការបំផ្លាញ មានភាពឆាប់រហ័ស ហើយ នោះជាអ្វីដែលមានភាពលំបាកយ៉ាងខ្លាំងក្នុងការគ្រប់គ្រងសត្វល្អិត»។
លោកយ៉ូដូណេ បាអ៊ីប៊ូតសា (Dieudonné Baributsa) ជាអ្នកវិទ្យាសាស្ត្រខាងគ្រាប់ធញ្ញជាតិនៅឯសាកលវិទ្យាល័យភើឌូ (Purdue University) មានប្រសាសន៍ថាសត្វល្អិតនីមួយៗត្រូវការពេលត្រឹមតែពីរបីសប្តាហ៍ប៉ុណ្ណោះក្នុងការលូតលាស់ពីស៊ុតទៅជាសត្វល្អិតពេញវ័យ ដែលបន្ទាប់មក វានឹងពងពី៤០ទៅ៦០បន្ថែមទៀត។ ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ មានសត្វល្អិតចង្រៃច្រើនល្មមដែលកំពុងស្រេកឃ្លានដើម្បីបំផ្លាញគ្រាប់ធញ្ញជាតិដែលរក្សាទុកក្នុងឃ្លាំង។
ជាធម្មតា កសិករមានជម្រើសពីរយ៉ាង។ ពួកគេអាចលក់គ្រាប់ធញ្ញជាតិរបស់ពួកគេភ្លាមៗ មុនពេលដែលការបំផ្លិចបំផ្លាញ បានរីករាលដាលយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ក្នុងរដូវប្រមូលផល មនុស្សគ្រប់រូបកំពុងប្រមូលបានផលដូចគ្នា។ ទីផ្សារនឹងជោរជន់ តម្លៃធ្លាក់ចុះ ហើយកសិកររកប្រាក់ចំណូលបានតិចតួចណាស់។
បើមិនដូច្នោះទេ ពួកគេអាចសម្លាប់សត្វល្អិតចង្រៃនោះ ដោយប្រើថ្នាំសម្លាប់សត្វល្អិត។ ប៉ុន្តែកសិករជាច្រើន មិនដឹងពីរបៀបប្រើសារជាតិគីមីឲ្យបានត្រឹមត្រូវនោះឡើយ ហើយលោក បាអ៊ីប៊ូតសា បានថ្លែងថា ផលវិបាក អាចមានសភាពធ្ងន់ធ្ងរ។
«នៅទីបំផុត ពួកគេបានប្រើថ្នាំសម្លាប់សត្វល្អិតខុស ឬប្រើច្រើនជ្រុល។ នៅក្នុងប្រទេសនីហ្សេរីយ៉ា (Nigeria) ពួកគេបានរាយការណ៍អំពីការស្លាប់មនុស្សជាច្រើនករណី។ នៅនីហ្សេរីយ៉ា ជាធម្មតា ពួកគេបានហៅថ្នាំនេះថាជា«ថ្នាំសម្លាប់សណ្តែក»។
ដូច្នេះ លោកបាអ៊ីប៊ូតសា កំពុងជំរុញឲ្យមានដំណោះស្រាយសាមញ្ញមួយចំពោះ ការបំពុលរបស់«ថ្នាំសម្លាប់សណ្តែក» និងការបំផ្លាញដោយសត្វល្អិត គឺការ៉ុងផ្លាស្ទិកបិទជិតគ្មានខ្យល់ចេញចូល។ ចាក់សណ្តែកគុយចូលទៅក្នុងការ៉ុងមួយ បិទឲ្យជិតឈឹង ហើយសត្វល្អិតនៅក្នុងការ៉ុងនោះនឹងអស់ខ្យល់យ៉ាងឆាប់រហ័សហើយទីបំផុតថប់ខ្យល់ដកដង្ហើមតែម្តង។
ការ៉ុងនោះត្រូវបានហៅថាជា ការ៉ុងភីអាយស៊ីអេស (PICS bags) ដែលជាពាក្យបំព្រួញមកពីពាក្យថា ការ៉ុងស្តុកសណ្តែកគុយយ៉ាងប្រសើររបស់ភើឌូ (Purdue Improved Cowpea Storage)។ ការ៉ុងនីមួយៗ មានតម្លៃប្រហែលជា២ដុល្លារ។ លោក បាអ៊ីប៊ូតសា បានថ្លែងថាតម្លៃនោះស្ទើរតែដូចគ្នាទៅនឹងការថែរក្សាដោយប្រើថ្នាំសម្លាប់សត្វល្អិត។ ហើយវាជាភាគតូចមួយនៃអ្វីដែលកសិករអាចរកប្រាក់ចំណេញពីការ៉ុងសណ្តែកគុយដែលមិនប៉ះពាល់ ជាពិសេសនៅពេលដែលកសិករអាចស្តុកសណ្តែកគុយទាំងនោះ រហូតដល់ពេលដែលពួកគេអាចទទួលបានតម្លៃប្រសើរជាងមុន បន្ទាប់ពីរដូវប្រមូលផលម្តងៗ។
ប៉ុន្តែ លោកមានការប្រយ័ត្នប្រយែងថា មិនមែនគ្រប់ ការ៉ុងផ្លាស្ទិកនីមួយៗ អាចស្តុកទុកបានទាំងអស់ទេ។
«ប្រសិនបើអ្នកចូលទៅកាន់ទីផ្សារនៅអាហ្វ្រិក អ្នកអាចរកបានការ៉ុង ដែលមានទ្រនាប់តូចមួយនៅខាងក្នុង។ ដូចគ្នាដែរ ប្រសិនបើអ្នកទិញស្ករ ជាដើម ការ៉ុងនោះមានកំហាប់ទាបណាស់ ដែលធ្វើឲ្យការ៉ុងនោះមានខ្យល់អុកស៊ីសែនអាចចេញចូលបានយ៉ាងងាយ។ ដូច្នេះ ប្រសិនបើអ្នកដាក់សណ្តែកគុយរបស់អ្នកចូលទៅក្នុងការ៉ុងនោះ សណ្តែកនោះនឹងត្រូវបំផ្លាញ ដោយសារតែសត្វល្អិតនៅតែអាចមានខ្យល់ដកដង្ហើម»។
ម្យ៉ាងវិញទៀត ការ៉ុង PICS គឺបិទជិតគ្មានខ្យល់ចេញចូលទេ។ហើយការ៉ុងទាំងនោះត្រូវបានផលិតនៅក្នុងស្រុក។ ដោយសហការជាមួយដៃគូនៅទូទាំងអាហ្រ្វិកខាងលិច លោកបាអ៊ីប៊ូតសា កំពុងធ្វើការដើម្បីបង្កើតបណ្តាញផ្គត់ផ្គង់ទាំងស្រុងចំពោះការ៉ុង PICS ចេញពីរោងចក្រ ទៅកាន់អ្នកលក់រាយ។
លោកបាអ៊ីប៊ូតសា ថ្លែងថា ការបង្កើតទីផ្សារ មានភាពសំខាន់ ដោយសារតែការគាំទ្ររបស់ម្ចាស់ជំនួយទៅលើគម្រោងនេះនឹងមិនយូរអង្វែងនោះទេ។
«មានគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលអ្នកអាចធ្វើនោះគឺ អ្នកធ្វើដំណើរទៅកាន់ភូមិមួយ ហើយអ្នកឲ្យការ៉ុងនោះទៅកសិករ។ ហើយបន្ទាប់មក នៅពេលដែលគម្រោងនោះបញ្ចប់ កសិករមិនអាចរកការ៉ុងនោះនៅតាមទីផ្សារឡើយ។ យើងមានអារម្មណ៍ថា បើធ្វើអញ្ចឹងមិនមែនជាវិធីសាស្ត្រប្រកបដោយនិរន្តរភាពដល់ការអភិវឌ្ឍឡើយ»។
វិធីសាស្ត្រប្រកបដោយនិរន្តរភាព មានន័យថាជាការបង្កើតឱ្យមានតម្រូវការដែរ។ ដូច្នេះ គម្រោងនេះកំពុងផ្សព្វផ្សាយតាមវិទ្យុ និងតាមខ្សែវីដេអូទូរស័ព្ទដៃ ជាភាសាក្នុងស្រុក ដូចជាករណីមួយនេះ សម្រាប់អ្នកនិយាយភាសាហ៊ូសា (Hausa) នៅនីហ្សេរីយ៉ាជាដើម។
នៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ចាប់តាំងពីប្រទេសហ្វីលីពីន ទៅដល់ណេប៉ាល់ និងអាហ្វហ្កានីស្ថានកសិករកំពុងប្រើការ៉ុងបែបនេះ ដើម្បីស្តុកទុកស្រូវ ពោត កាកាវ កាហ្វេ និងផលិតផលជាច្រើនទៀត។ ដោយសារបាក់តេរី និងផ្សិតជាច្រើន ត្រូវការខ្យល់ដើម្បីរស់ ការ៉ុងនេះ អាចជួយការពារគ្រាប់ធញ្ញជាតិទាំងនោះមិនឲ្យខូច។
លោកហ្វៀល វីលលឺស (Phil Villers) ជាប្រធានរបស់អង្គការហ្គ្រេនប្រូ (GrainPro) ដែលផលិតឧបករណ៍មួយផ្សេងទៀត បានដាក់ឈ្មោះថាជា ការ៉ុងស្តុកគ្រាប់ធញ្ញជាតិដ៏ទំនើប (SuperGrainbags)។ លោកមានប្រសាសន៍ថា ឥឡូវនេះ កសិករ ដែលអាចស្តុកផលិតផលរបស់ពួកគេ កំពុងរកប្រាក់ចំណូលបានប្រសើរជាងមុន។
ខណៈដែលការប្រកួតប្រជែងបានកើនឡើងសម្រាប់ប្រភពធនធានដើម្បីផ្គត់ផ្គង់អាហារដល់ពិភពលោកដែលកំពុងស្រេកឃ្លាន ក្រុមអ្នកជំនាញ បានថ្លែងថា វាកាន់តែមានភាពបន្ទាន់យ៉ាងខ្លាំង ក្នុងការថែរក្សានូវអ្វីដែលកសិករបានដាំដុះរួចហើយនោះ៕
ប្រែសម្រួលដោយ លី សុខឃាង