អង្គការសិទ្ធិមនុស្ស Amnesty International ឲ្យដឹងថា ស្ត្រីមានផ្ទៃពោះនៅក្នុងប្រទេសSierra Leone កំពុងត្រូវបានបដិសេធការថែទាំសុខភាពហើយត្រូវបានបង្ខំឲ្យទិញថ្នាំទោះបីជាមានបណ្តើមគំនិតនៃការថែទាំសុខភាពឥតគិតថ្លៃពាសពេញប្រទេសមួយដែលបានដាក់ឲ្យមាន កាលពីឆ្នាំទៅក៏ដោយ។
នៅក្នុងខែមេសាឆ្នាំ២០១០ ប្រទេស Sierra Leoneបានចាប់ផ្តើមកម្មវិធីថែទាំសុខភាពឥតគិតថ្លៃមួយមានទឹកប្រាក់៩០លានដុល្លារ ដែលបំបាត់ការបង់ថ្លៃពេទ្យសម្រាប់ស្ត្រីមានផ្ទៃពោះនិងស្ត្រីបំបៅដោះ កូន នៅឯមជ្ឈមណ្ឌលសុខភាពទាំងឡាយដែលកាន់កាប់ដោយរដ្ឋាភិបាល។
ប្រទេស Sierra Leoneជាកន្លែងមួយនៃកន្លែងដែលមានគ្រោះថ្នាក់បំផុតក្នុងការឲ្យកំណើតទារកនៅក្នុងពិភពលោក។ រដ្ឋាភិបាលនិយាយថាការសន្យាផ្តល់ការព្យាបាលឥតគិតថ្លៃនោះបាននាំឲ្យស្ត្រីមានផ្ទៃពោះយ៉ាងច្រើនចូលមកមជ្ឈមណ្ឌលសុខភាពដើម្បីពិនិត្យពោះមុនពេលកើតនិងដើម្បីសម្រាលកូន។
ទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្ស Amnesty International បាននិយាយកាលពីថ្ងៃអង្គារថាគ្រឿងបរិក្ខាប្រើប្រាស់សុខភាពជិតអស់មានឱសថសម្រាប់ចែកចាយ ឬក៏អាចត្រូវបានបង្ខំឲ្យស្ត្រីទាំងនោះទិញឱសថដែលត្រូវការជាចាំបាច់ដែលគួរតែទទួលបានដោយឥតគិតថ្លៃ ហើយក៏ធ្វើឲ្យខកខានដល់អ្នកដែលគ្មានប្រាក់។
លោក Rajat Khosla អ្នកសម្របសម្រួលច្បាប់សុខភាពរបស់អង្គការ Amnesty Internationalបានមានប្រសាសន៍ថា ត្រូវបន្ទោសដល់អំពើពុករលួយនិងការត្រួតពិនិត្យមិនដិតដល់។
«ឱសថនិងគ្រឿងបរិក្ខាពេទ្យត្រូវបានលួចយកចេញពីប្រព័ន្ធថែទាំសុខភាព ហើយត្រូវបានគេយកទៅធ្វើជាឱសថសម្រាប់លក់ទៅវិញ។ ហើយទីពីរ ការផ្គត់ផ្គង់និងការគ្រប់គ្រងឱសថ ប្រព័ន្ធដែលបានដាក់ឲ្យមានក្នុងកន្លែងនោះ វាស្មុគស្មាញនិងចាត់ការខ្សោយខ្លាំងណាស់។ រឿងមិនដំណើរការនៃប្រព័ន្ធសុខភាព ពាក់ព័ន្ធជាមួយនឹងការប្រុងប្រយ័ត្នលើការត្រួតពិនិត្យ និងការទទួលខុសត្រូវ បានបង្កើតបរិយាកាសមួយបើកដៃឲ្យមានការប្រព្រឹត្តអាក្រក់និងអំពើពុករលួយ។ សូម្បីតែនៅពេលដែលគេដឹងហើយក៏កម្រឃើញមានការដាក់ទណ្ឌកម្មណាមួយដែរ»។
អង្គការ Amnesty ឲ្យដឹងថាអំពើពុករលួយនិងការពន្យាពេលនៅកំពង់ផែក្នុងទីក្រុង Freetown បន្តផ្អាកការផ្តល់ឱសថ ហើយការកត់ត្រាបញ្ជីមិនល្អ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌនៅក្នុងមជ្ឈមណ្ឌលសុខភាពធ្វើឲ្យមានការលំបាកដើម្បីតាមដានគ្រឿងបរិក្ខានិងឃាត់បុគ្គលិកដែលទទួលខុសត្រូវ។
អង្គការ Amnestyឲ្យដឹងថាស្ត្រីដែលមិនអាចចូលទៅរកការព្យាបាលគ្មានវិធីដើម្បីតវ៉ាទេ។លោក Khosla បាននិយាយថា ស្ត្រីបានប្រាប់អង្គការ Amnestyថាពួកគេបាក់ទឹកចិត្តខ្លាំងណាស់ហើយពួកគេលែងត្រឡប់ទៅមជ្ឈមណ្ឌលសុខភាពវិញទៀត សូម្បីតែពួកគេដឹងថាមានបញ្ហានៅពេលសម្រាលកូនក៏ដោយ។
«ទាល់តែរដ្ឋាភិបាលចាត់វិធានការពង្រឹងប្រព័ន្ធ បើមិនដូច្នោះទេមានគ្រោះថ្នាក់នៃការដើរថយក្រោយពីសមិទ្ធផលដែលបានទទួលនៅក្នុងមួយឆ្នាំកន្លះកន្លងមក ជាមួយនឹងច្បាប់ថែទាំសុខភាពឥតគិតថ្លៃ»។
នៅខែកក្កដា ប្រធានាធិបតីSierra Leone លោក Ernest Bai Koroma បានអំពាវនាវឲ្យចាត់វិធានការណ៍លើបទឧក្រិដ្ឋនៅក្នុងបណ្តើមគំនិតនៃការថែទាំសុខភាពឥតគិតថ្លៃ។ អង្គការ Amnesty និយាយថារដ្ឋាភិបាលបានចាត់វិធានការកែតម្រូវជាក់ស្តែងមួយចំនួន រួមមានការតម្លើងប្រាក់បៀវត្សរ៍ដល់បុគ្គលិកសុខភាពនិងផ្តល់ការហ្វឹកហាត់ដល់ពួកគេ ប៉ុន្តែកិច្ចការជាច្រើនត្រូវធ្វើឲ្យបានចប់សព្វគ្រប់ដើម្បីបង្កើនការទទួលខុសត្រូវនិងធ្វើឲ្យប្រសើរដល់ការថែទាំសុខភាព ជាពិសេសនៅក្នុងតំបន់ជនបទ។
ប្រែសម្រួលដោយ នុច សារីតា