ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ត្រកូល Shinawatra ចូលរួម​ប្រជែង​ការ​បោះឆ្នោត​នៅ​ថៃ​នា​ពេល​ខាង​មុខ


គណបក្ស Phue Thai ប្រកាស​បេក្ខជន​នាយករដ្ឋ​មន្ត្រី​របស់​ពួកគេ​នៅទីក្រុង​បាងកក។
គណបក្ស Phue Thai ប្រកាស​បេក្ខជន​នាយករដ្ឋ​មន្ត្រី​របស់​ពួកគេ​នៅទីក្រុង​បាងកក។

អ្នកស្រី Paetongtarn Shinawatra បាន​បញ្ជាក់​ពី​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋ មន្រ្តី​កាល​ពី​ថ្ងៃ​ទី៥ ខែ​មេសា ដោយ​ប្តេជ្ញា​បង្កើន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ និង​ផ្តល់​ជា​សាច់ ប្រាក់​ទៅ​ដល់​ពលរដ្ឋ​ថៃ​គ្រប់រូប ប្រសិន​បើ​អ្នកស្រី​ជាប់ឆ្នោត ស្របពេល​ត្រកូល​គ្រួសារ​ដ៏​មាន​ឈ្មោះ​បោះសំឡេង​បំផុត​ក្នុង​ឆាក​នយោបាយ​ថៃ​នឹង​ចូលរួម​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ថ្ងៃ​ទី១៤ ខែ​ឧសភាខាង​មុខ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថាជា​រឿង​សំ ខាន់​មួយ ប្រសិន​បើ​គណបក្ស​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នឹង​ទទួល​បាន​អំណាច​ឡើង​វិញ​ពី​យោធា​ ដែល​បាន​ចាក់​ឬស​យ៉ាង​ជ្រៅ​ចូល​ក្នុង​ឆាក​នយោបាយ។

ប្រវត្តិសាស្រ្ត​សម័យ​ទំនើប​របស់​ថៃ​ពោរពេញ​ទៅ​ដោយ​រដ្ឋប្រហារ ហើយ​រដ្ឋប្រហារ​ពីរ​ក្នុង​ចំណោម​នោះ​បាន​សំដៅ​មក​លើ​នាយក​រដ្ឋមន្រ្តី​ត្រកូល Shinawatra មាន​បាតុកម្ម​ហិង្សា​តាម​ដង​ផ្លូវ ហើយ​រដ្ឋាភិបាល​បោះឆ្នោត​ជ្រើសតាំង​ដែល​បាន​ដួលរលំ​យ៉ាង​ឆាប់​រហ័ស​ទៅ​វិញនៅ​ក្នុង​ការប្រជែង​មួយ​រវាង​ក្រុម​អ្នក​ដែល​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​ទូលំ​ទូលាយ​ជាង​មុន​និង​ក្រុម​អភិជន​អភិរក្ស​និយម​គាំទ្រ​រាជវង្ស។

អតីត​អគ្គមេបញ្ជាការ​យោធា​លោក Prayuth Chan-ocha វ័យ៦៩​ឆ្នាំ​បាន​ដឹកនាំ​រដ្ឋាភិ បាល​គាំទ្រ​ដោយ​យោធា​ចាប់​តាំង​ពីដឹកនាំ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ២០១៤ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​របស់លោកស្រី Yingluck ដែល​ជា​ម្តាយមីង​របស់​អ្នកស្រី Paetongtarn។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា​លោកPrayuthប្រហែល​ត្រូវ​ពឹងផ្អែក​លើ​រដ្ឋាភិបាល​សំ ឡេង​ភាគ​តិច​ដែល​មិន​បាន​ឈ្នះ​ដាច់​នៅ​សភា​ជាន់​ទាប​ឬ​រដ្ឋ​សភា​បន្ទាប់ពី​ការ​បោះ​ឆ្នោត​ ប៉ុន្តែ​លោក​អាច​ទាញ​សំឡេង​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា២៥០​នាក់ ដែល​មិន​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​តាំង និង​ដែល​លោក​បាន​ជ្រើស​ដោយ​ខ្លួន​ឯង​ផ្ទាល់។

ប៉ុន្តែ​អ្នកស្រី Paetongtarn ដែល​មាន​អាយុ៣៦​ឆ្នាំ​និង​គណបក្ស​ Peu Thai របស់​អ្នក ស្រី​ជា​ឧបសគ្គ​ចម្បង​ចំពោះ​ការវិលត្រឡប់​មក​កាន់​អំណាច​សាជាថ្មី​របស់​លោក Prayuth។

«យើង​នឹង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​នាំ​យក​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​មក​វិញ ដើម្បីនាំ​យក​ជីវិត​របស់​យើង​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​សាបរលាប​អស់​ពេល​ជិត​មួយ​ទសវត្សរ៍​មក​វិញ»។ នេះ​បើ​យោង​តាម​សម្តី​របស់​អ្នកស្រី​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ដែល​បាន​មក​ពេញ​កីឡដ្ឋាន​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ពុធ ទី​៥ ខែ​មេសា ហើយ​ការ​លើក​ឡើង​នេះ​គឺ​ សំដៅ​ទៅ​រដ្ឋប្រហារ​ដឹកនាំ​ដោយ​លោក​ Prayuth។

អ្នកស្រី Paetongtarn ជា​កូនស្រី​របស់​មហាសេដ្ឋីដែល​កំពុង​និរទេស​ខ្លួន​គឺ​លោក Thaksin វ័យ៧៣​ឆ្នាំ​ដែល​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​នៅ​តំបន់​ជនបទ​ថៃ​ហើយ​បានឈ្នះ​ការ​បោះឆ្នោត​ជា​នាយករដ្ឋមន្រ្តី​នៅ​ឆ្នាំ២០០១។ ហើយ​បន្ទាប់​មក នៅ​ឆ្នាំ ២០០៥ លោក​ត្រូវ​បាន​ទម្លាក់ចេញ​ពី​អំណាច​ដោយ​រដ្ឋប្រហារ​នៅ​ឆ្នាំ​បន្ទាប់​និង​ត្រូវ​បាន​រក​ឃើញ​ថាជាប់​ទោស​ពី​បទ​ពុករលួយ។ លោក​មិនដែល​បាន​ត្រឡប់​មកប្រទេស​ថៃ​វិញ​ទេ​ចាប់​តាំង​ពី​ឆ្នាំ២០០៨​មក។

អ្នកស្រី Paetongtarn ដែល​ត្រូវ​បាន​ស្គាល់​តាម​ឈ្មោះ​ក្រៅ​ថា Ung Ing កំពុង​ជាប់រវល់​ធ្វើ​យុទ្ធនាការ​ឃោសនា បើ​ទោះ​បី​អ្នកស្រីមាន​ផ្ទៃពោះ៨ខែ​ក៏​ដោយ។ គណបក្ស Pheu Thai អះអាង​ថា ជ័យជម្នះ​ភ្លូកទឹកភ្លូក​ដី​អាច​កើត​មាន ប្រសិន​បើ​គណបក្ស​ទទួល​បាន​អាសនៈ​ប្រមាណ៣១០ពី​សភា​ដែល​មាន​អាសនៈ​សរុប៥០០ហើយ​គណបក្ស​កំពុង​តែ​រំពឹង​លើ​ការ​ប្រើប្រាស់​ត្រកូល​ Shinawatra។

ដោយ​កត់សម្គាល់​ថា មាន​តែ​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ទេ​ដែល​អាច​ធានា​ការ​កែប្រែ​ឡើង​វិញ​នូវ​នយោបាយ​សម្រាប់​ប្រទេស​ថៃ អ្នកស្រី​បាន​ថ្លែង​ថា៖ «យើង​បាន​ឈ្នះ​ការ​បោះ ឆ្នោត​នានា​គ្រប់​ពេល ប៉ុន្តែ​អំណាច​របស់​យើង​ត្រូវ​បាន​ប្លន់យក​ដោយ​រដ្ឋប្រហារ​និង​ជនក្បត់​នៅ​សភា... យើង​មិន​ចង់​បាន​រដ្ឋប្រហារ​មួយ​ទៀត​នោះ​ទេ»។

មនុស្ស​រាប់​ពាន់​នាក់​បាន​អបអរសាទរ ខណៈ​ដែល​គណបក្ស Pheu Thai បាន​បង្ហាញ​
បេក្ខភាព​សម្រាប់​តំណែង​នាយករដ្ឋមន្រ្តី​ដូចជា អ្នកស្រី Paetongtarn លោក Chaikasem Nitisiri អតីត​រដ្ឋមន្រ្តី​យុត្តិធម៌​និង​លោក Srettha Thavisin ដែល​កាល​ពី​ថ្ងៃ​អង្គារ ទី៤ ខែ​មេសា​បាន​ចុះចេញ​ពី​តំណែង​ជា​នាយកប្រតិបត្តិ​ក្រុមហ៊ុនSansiri ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​ជាង​គេ​បង្អស់​មួយ​នៅ​ថៃ។

គណបក្ស​ Pheu Thai និយាយ​ថា​ខ្លួន​នឹង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​មក​ត្រឹម​ក្រោម ១៨ដុល្លារ​មកពី​តួលេខ​បច្ចុប្បន្ន​ដែល​មាន​ប្រមាណ១០ដុល្លារ ដើម្បី​ធានា​ថា និស្សិត​បញ្ចប់​ការសិក្សា​នឹង​ចាប់ផ្តើម​ជាមួយ​នឹង​ប្រាក់ខែ​អប្បបរមា៧៣៥​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​នឹង​ផ្តល់​ឲ្យ​ពលរដ្ឋ​ថៃ​ដែល​មាន​អាយុ​លើសពី១៦​ឆ្នាំ​នូវ​«ប្រាក់​ឌីជីថល» ចំនួន ៣០០​ដុល្លារ​ដើម្បី​ចាយវាយ​ក្នុង​សេដ្ឋកិច្ច។ គណបក្ស​នេះ​មិនបាន​បកស្រាយ​ពេញ លេញ​ពី​បែបផែន​ដែល​ខ្លួន​នឹង​ផ្តល់​ហិរញ្ញប្បទាន​ចំពោះ​ការ​សន្យា​ដូច​នេះ​នោះ​ទេ។

លោក Srettha បាន​និយាយ​ថា៖ «ខ្ញុំ​សូម​ប្រកាស​ដូច​នេះ​ទៅ​កាន់​ពិភពលោក។ ថៃ​នឹង​ឆ្លង​កាត់​ការផ្លាស់ប្តូរ​ថ្មី យើង​នឹង​ចូល​ក្នុង​ឆាក​អន្តរជាតិ​ឡើង​វិញ យើង​នឹង​ធ្វើ​ការ​កសាង​អនាគត​ប្រសើរ​ជាង​មុន​សម្រាប់​ពលរដ្ឋ​ថៃ»។

អ្នក​ជំនាញ​ជា​ច្រើន​និយាយ​ថា លោក Srettha ជា​បេក្ខជន​ទំនង​ជាង​គេ​បំផុត​ក្នុង​ការ​ក្លាយ​ជា​ជម្រើស​នា​ពេល​ចុងបញ្ចប់​សម្រាប់​តំណែង​នាយករដ្ឋមន្រ្តី ប្រសិន​បើ​គណ បក្ស​ទទួល​បាន​ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី។ ប៉ុន្តែ​ពួកគេ​ក៏​បាន​ព្រមាន​ពី​ឧបសគ្គ​នា​ពេល​ខាង​មុខ​សម្រាប់​គ្រួសារ​ត្រកូល Shinawatra ផងដែរ​ដែល​ត្រូវ​បាន​ស្អប់​ដោយ​សមា ជិក​មួយ​ចំនួន​ក្នុង​ជួរ​ក្រុម​អភិជន​អភិរក្ស​និយម​ដែល​ពួកគេ​បាន​ចាត់​ទុក​អ្នកស្រី Paetongtarn ជា​អាយ៉ង​របស់​លោក Thaksin។ បន្ថែម​ពី​ការចូល​កាន់​អំណាច​ដោយ​យោធា ក្រុមអភិជន​នេះ​តែងតែ​ទាញ​ការ​គាំទ្រ​ពី​តុលាការ​ធម្មនុញ្ញ​ដើម្បី​បង្រ្កាប​គូ​បដិបក្ខ​នៅ​ពេល​ការ​បោះឆ្នោត​មើល​ទៅ​មិន​អំណោយផល។

លោក Napon Jatusripitak អ្នក​ជំនាញផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​និង​អ្នកស្រាវជ្រាវ​ប្រចាំ​វិទ្យាស្ថាន​សិក្សា​អាស៊ីអាគ្នេយ៍​ Yusof-Ishak Institute នៅ​ប្រទេស​សិង្ហបុរី​និយាយ​ថា៖ «ខ្ញុំ​គិត​ថា លទ្ធភាព​នៃ​ការ​រំលាយ​គណបក្ស​មួយ​មុន​ឬ​ក្រោយ​ការ​បោះឆ្នោត​ដើម្បី​ផ្តល់​ការចំណេញ​ដល់​រដ្ឋាភិបាល​ចម្រុះដែលគាំទ្រ​ដោយ​យោធា​មិន​អាច​ត្រូវ​មើល​រំលង​នោះ​ទេ»។

លោក​ Prayuth បាន​ប្រឈម​មុខ​នឹង​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ ក៏ដូចជា​ក្រុម​មន្រ្តី​ខ្លះ​បាន​ងាក​មក​ប្រឆាំង​រូបលោក​ក្នុង​ជួរ​នយោបាយ​ផងដែរ។ ប៉ុន្តែ​លោក​បាន​តតាំង​នឹង​ក្រុម​អ្នក​រិះគន់​ក្នុង​ការ​ចូលរួម​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ខែ​ឧសភា​ខាង​មុខ។ ប៉ុន្តែ​នៅ​ក្រោម​រដ្ឋធម្មនុញ្ញ ដែល​ត្រូវ​បាន​តាក់តែង​ឡើង​បន្ទាប់​ពី​មាន​រដ្ឋប្រហារ​ចុង​ក្រោយ មិនមាន​នាយក​រដ្ឋមន្រ្តី​ថៃ​ណា​អាច​កាន់​តំណែង​លើស​ពី​ ១០​ឆ្នាំ​នោះ​ទេ។ ការណ៍​នេះ​ធ្វើ​ឲ្យ​លោក​ Prayuth សល់​ពេល​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​ការ​ដឹកនាំ ប្រសិន​បើ​លោក​គោរព​តាម​រដ្ឋធម្មនុញ្ញ។

លោក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ ទី៣ ខែ​មេសា​ថា៖ «បើ​ទោះបី​នៅ​សល់រយៈពេល​ពីរ​ឆ្នាំ​ក៏​នៅមាន​តម្លៃ ពីព្រោះ​នេះ​មាន​ន័យ​ថា​ជា​ការដឹកនាំ​បន្ត​ពី​រយៈពេល៨ឆ្នាំ​កន្លង​មក​នេះ​ ដែល​ខ្ញុំ​បាន​កាន់​តំណែង ខ្ញុំ​ដឹង​ច្បាស់​ពី​គ្រប់​បញ្ហា​ទាំង​អស់»។

សម្រាប់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​មួយ​ដែលគេ​ឃើញ​មាន​ការ​កើតមាន​អំពើ​ហិង្សា​នយោបាយ​តាម​ពេល ការវិលត្រឡប់​ចូល​កាន់​តំណែង​សាជាថ្មី​របស់​លោក Prayuth នឹង​ជា​រឿង​នឹក​ស្មាន​មិន​ដល់​មួយ បន្ទាប់​ពី​រយៈពេល​ច្រើន​ឆ្នាំ​ដែល​សេរីភាព​ត្រូវ​បាន​រឹតត្បិត​ ស្រប​ពេល​សេដ្ឋកិច្ច​បាន​ដុនដាប ដោយ​ធ្វើ​ឲ្យ​មនុស្ស​រាប់លាន​នាក់​ធ្លាក់​ក្នុង​ភាព​ក្រីក្រ។

លោក Pisarn Janparn អ្នក​បើក​តាក់ស៊ី​និងជាអ្នក​គាំទ្រ​គណបក្ស Pheu Thai បាន​និយាយ​ថា៖ «លោក Thaksin Shinawatra បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ពី​និយមន័យ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ រាល់​គោលនយោបាយ​ត្រូវ​បាន​កើត​មាន​ឡើង​ពិតប្រាកដ​ហើយ​ធ្វើ​ឡើង​សម្រាប់​ពលរដ្ឋ»។

លោក​ថ្លែង​ទៀត​ថា៖ «ពលរដ្ឋ​បាន​ទ្រាំទ្រ​ច្រើន​ណាស់​រួច​មក​ហើយ។ ប្រសិន​បើ​រដ្ឋាភិ បាល​មិន​ផ្តល់​តាម​ការប្រាថ្នា​របស់​ពលរដ្ឋ រឿង​អ្វី​ក៏​អាច​កើត​ឡើង​ដែរ។ នៅ​ពេល​មនុស្ស​ស្រេក​ឃ្លាន រឿង​អ្វី​ក៏​អាច​កើត​ឡើង​ដែរ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG