ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ខិតខំ​ទម្លាយ​ភាព​ទាល់ច្រក​អំពី​បំណុល​អតិបរមា


លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ាប្រជុំ​​ជា​មួយ​ ក្រុម​មេដឹកនាំ​សភា​នៅ​ក្នុង​បន្ទប់​គណ:រដ្ឋ​មន្ដ្រី​នៅ​សេតវិមាន​ ពិភាក្សា​គ្នា​​អំពី​ការ​ខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ឱនភាព នៅ​ថ្ងៃ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១។
លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ាប្រជុំ​​ជា​មួយ​ ក្រុម​មេដឹកនាំ​សភា​នៅ​ក្នុង​បន្ទប់​គណ:រដ្ឋ​មន្ដ្រី​នៅ​សេតវិមាន​ ពិភាក្សា​គ្នា​​អំពី​ការ​ខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ឱនភាព នៅ​ថ្ងៃ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១។

នៅ​ទីក្រុង​វ៉ាស៊ីនតោន​ កិច្ច​ប្រឹងប្រែង​កំពុង​តែ​បន្ត​ដើម្បី​ទម្លុះ​ទម្លាយ​ភាព​ទាល់ច្រក​លើ​ការ​បង្កើនចំនួន​បំណុល​អតិបរមា​របស់​ប្រទេស​និង​ដើម្បី​ជៀសវាង​កុំ​ឲ្យ​សហ​រដ្ឋ​អាមេរិក​ខកខាន​ក្នុង​ការ​សង​ប្រាក់​បំណុល​តាម​កាតព្វកិច្ច​ហិរញ្ញវត្ថុ​របស់​ខ្លួន​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិ​សាស្រ្ត។​ ជម្លោះ​លើ​ការ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ខ្ចី​ថវិកា​បន្ថែម​ដើម្បី​បំពេញ​តាម​កាតព្វកិច្ច​របស់​ខ្លួន​នោះ​បាន​ដាក់​ឲ្យ​លោក​ប្រធានា​ធិបតី​បារ៉ាក់​អូបាម៉ា​និង​សម្ព័ន្ធ​មិត្ត​ប្រជាធិប​តេយ្យ​របស់​លោក​នៅ​ក្នុង​សភា​ ប្រឈម​នឹង​ក្រុម​ប្រឆាំង​គឺ​គណបក្ស​សាធារណរដ្ឋដែលបាន​កាន់កាប់​សភា​តំណាងរាស្រ្ត​ក្នុង​ការ​បោះឆ្នោត​សភា​កាល​ពី​ឆ្នាំ​មុន។

ការ​ល្បង​ចុង​ក្រោយ​បំផុត​សម្រាប់​រដ្ឋាភិបាល​ដែល​បែង​ចែក​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​នេះ​មាន​ផលវិបាក​យ៉ាង​ធំធេងគឺ​មិនមែន​ត្រឹម​តែ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​សម្រាប់​ពិភព​លោក​ទាំង​មូល។

មន្រ្តី​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​ព្រមាន​ថា​ ​សហ​រដ្ឋ​អាមេរិក​នឹង​មិន​អាច​បង់​ប្រាក់​បំណុល​តាម​កាតព្វកិច្ច​ដែល​មាន​ហើយ​នោះទេ​ ប្រសិន​បើ​សភា​មិន​ចាត់​វិធាន​ការ​ដំឡើង​កម្រិត​ប្រាក់​បំណុល​អតិបរិមា​ដល់​១៤,៣​លាន​លាន​ដុល្លារ​នៅ​មុន​ថ្ងៃ​ទី​២​ខែ​សីហា។

អ្នក​វិភាគ​ហិរញ្ញវត្ថុ ​Greg McBride​ និយាយ​ថា​ ការ​ខកខាន​មិន​បង់​ប្រាក់​បំណុល​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ធំ​ដល់​សេដ្ឋ​កិច្ច​សហ​រដ្ឋ​អាមេរិក ​ហើយ​ក៏​នឹង​បណ្តាល​ឲ្យ​មាន​ឥទ្ធិ​ពល​រាលដាល​នៅ​ក្នុង​ទី​ផ្សារ​អន្តរ​ជាតិ​ដែរ។

«យើង​ទាំង​អស់​គ្នា​នឹង​មាន​អារម្មណ៍​ដូចនេះ។​ ទី​ផ្សារ​ហិរញ្ញ​វត្ថុ​នឹង​ក្រឡាប់​ចាក់​ ហើយ​នេះ​ជា​អ្វី​ដែល​យើង​នឹង​ឃើញ​នៅ​ក្នុង​គណនេយ្យ​ចូល​និវត្តន៍​ក៏​ដូច​ជា​គណនេយ្យ​សន្សំ​សម្រាប់មហា​វិទ្យា​ល័យ​របស់​យើង។​ ប៉ុន្តែ​រឿង​ដែល​អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​លំហូរ​ឥណទាន​នឹង​គាំង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល»។

ក្រុម​ទាំង​សង​ខាង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ទាក់ទង​នឹង​បំណុល​នោះ​និយាយ​ថា ពួក​គេ​សុទ្ធ​តែ​ចង់​ជៀស​វាង​ការ​មិន​បង់​ប្រាក់​បំណុល។​ប៉ុន្តែ​ឈាន​ទៅ​រក​ការ​ព្រម​ព្រៀង​គ្នា​មួយ​ឃើញ​ថា ​មាន​ការ​លំបាក​ ​មួយ​ផ្នែក​ធំ​ដោយសារ​ការ​ខ្វែង​គំនិត​ក្នុង​ការ​ដំឡើង​ពន្ធ។

លោក​ប្រធានា​ធិបតី​អូបាម៉ា​និង​សម្ព័ន្ធ​មិត្ត​ប្រជា​ធិបតេយ្យ​របស់​លោក​ក្នុង​សភា​មាន​ឆន្ទៈ​យល់ព្រម​ចំពោះ​ការ​កាត់​យ៉ាងធំ​លើ​ចំណាយ​របស់​រដ្ឋាភិបាល។ ​ប៉ុន្តែ​ក្រុម​សាធារណរដ្ឋ​ត្រូវ​តែ​លះបង់​ជំហរ​ប្រឆាំង​របស់​ពួក​គេ​ចំពោះ​ការ​ដំឡើង​ពន្ធ​លើ​ជនជាតិ​អាមេរិកាំង​ដែល​មាន​ធនធាន​ច្រើន​បំផុត​ ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដើម្បី​ដំឡើង​ចំនួន​ប្រាក់​បំណុល​អតិបរិមា។

លោក​អូបាម៉ា​ប្រឈម​មុខ​ដ៏​តឹងតែង​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ឈរ​ឈ្មោះ​ប្រធានា​ធិបតីមួយ​អាណត្តិ​ទៀត​នៅ​ឆ្នាំ​ក្រោយ​ ដោយសារ​តែ​សេដ្ឋកិច្ច​ក្នុង​ស្រុក​មាន​ភាព​ទន់​ជ្រាយ​ហើយ​អ្នក​វិភាគ​និយាយ​ថា​ លោក​អូបាម៉ា​កំពុង​តែ​ព្យាយាម​អំពាវនាវ​ទៅ​ដល់​ក្រុម​អ្នក​បោះឆ្នោត​កណ្តាលនិយម​ ដោយ​ប្រើប្រាស់​ជំហរ​របស់​លោក​លើការ​ចរចា​បំណុល។​ការ​អំពាវនាវ​នេះ​ក៏​ធ្វើ​ទៅ​ដល់​ម្ចាស់​សន្លឹក​ឆ្នោត​ដែល​គាត់​បាន​ឈ្នះ​កាល​ពី​ឆ្នាំ​២០០៨​ហើយ​ជា​ម្ចាស់​សន្លឹក​ឆ្នោត​ដែល​គាត់​នឹង​ត្រូវការ​ម្តង​ទៀត​ដើម្បី​បាន​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ។

«យើង​អាច​លះបង់​សេចក្តី​រំពឹង​ទាំង​នេះ​ថា​ យើង​តែង​តែ​គិត​តាម​នយោបាយ​ក្នុង​រយៈ​ពេល​ខ្លី​ និង​ការ​បោះឆ្នោត​អណត្តិ​ក្រោយ។ ហើយ​ម្តង​ម្កាល​យើង​លះបង់​គំនិត​នេះ​ហើយ​យើង​ធ្វើ​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ​សម្រាប់​ប្រទេស»។

ក្រុម​សាធារណ​រដ្ឋ​កំពុង​ប្រកាន់​ខ្ជាប់​តាម​ការ​តាំងចិត្ត​មិន​ឲ្យ​មាន​ការ​ដំឡើង​ពន្ធ​ដោយសារ​តែ​ពួក​គេ​ជឿជាក់​ថា​ ​ពួក​គេ​មាន​ប្រៀប​ក្នុង​ជម្លោះ​នយោបាយ​នេះ ដោយ​យោង​ទៅ​លើ​ការ​ស្ទាបស្ទង់​មតិ​សាធារណ​ជន​ដែល​បង្ហាញ​ថា​ ប្រជាជន​អាមេរិក​ចង់​បាន​ការ​កាត់​បន្ថយ​ចំណាយ​និង​បន្ថយ​ឱនភាព​ថវិកា។

អ្នក​នាំ​ពាក្យ​សភា John Boehner ​ក៏​ស្ថិត​នៅ​ក្រោម​សម្ពាធ​ពី​សមាជិក​មក​ពី​គណបក្ស​សាធារណ​រដ្ឋ​ដែល​ត្រូវ​បាន​ជ្រើស​តាំង​សម្រាប់​សភា​កាល​ពី​ឆ្នាំ​មុន​ ​ដោយមាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សកម្មជន​Tea Party​ ដែល​ប្តេជ្ញា​ប្រឆាំង​រាល់​ការដំឡើង​ពន្ធ​និងប្តេជ្ញា​បង្រួម​ទំហំ​រដ្ឋាភិបាល។

«ការ​ខ្វែង​គំនិត​របស់​ពួក​យើង​គឺ​ស្ថិត​នៅ​លើ​ការ​ដំឡើង​ពន្ធ​លើ​មនុស្ស​ដែល​យើង​សុំ​ឲ្យ​ជួយ​បង្កើត​ការងារ​នៅ​ក្នុង​ប្រទេស។​ប្រជាជន​អាមេរិក​នឹង​មិនអាច​ទទួល​យក​បាន​ទេ​ដូច្នេះ​សភា​មិន​អាច​អនុម័ត​ច្បាប់​ដែល​ដំឡើង​ពន្ធ​លើ​អ្នក​បង្កើត​ការងារ​បាន​ឡើយ»។

នេះ​ជា​ការ​ពិភាក្សារ​ដេញដោល​គ្នា​ជុំវិញ​បញ្ហា​ថា​ តើ​ត្រូវ​ផ្តោត​ទៅ​លើ​ការ​កាត់​ថវិកា​ជាតិ​ ឬ​ក៏​ត្រូវ​បន្ថយ​ពន្ធ​ ដើម្បី​ដោះស្រាយ​បញ្ហា​ថវិការ​ជាតិ។​ ការ​ដេញ​ដោល​បែប​នេះ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។​ ជាទូទៅ ​អ្នក​តាក់តែង​ច្បាប់​ក៏​បាន​រក​ឃើញ​វិធី​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​នេះ​ កាល​ពី​អតីតកាល​ហើយ​ដែរ៕

ប្រែ​សម្រួល​ដោយ បូរី​ ស៊ីលីវណ្ណ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG