មកទល់នឹងថ្ងៃព្រហស្បតិ៍នេះ ប្រតិកម្មនៅតែមានជាបន្តបន្ទាប់ បើទោះជាការិយាល័យសហចៅក្រមស៊ើបអង្កេត បានធ្វើការឆ្លើយតបចំពោះអ្វីដែលខ្លួនថា ជាការរិះគន់លើការសម្រេចទាត់ ចោលការស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីរបស់លោក រ៉ប ហាមិល (Rob Hamill ) ក្នុងសំណុំរឿង០០៣ក៏ដោយ។
កាលពីថ្ងៃអង្គារ លោកចៅក្រម Katinka Lahuis និង Rowan Downing នៃអង្គបុរេជំនុំជម្រះបានបកស្រាយផ្ទុយគ្នាជាមួយនឹងចៅក្រមកម្ពុជាបីរូបទៀត ទាក់ទងទៅនឹងការទាត់ចោលពាក្យស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីរបស់លោករ៉ប ហាមិល (Rob Hamill)។ ចៅក្រមអន្ដរជាតិទាំងពីរបានបង្ហាញពីការខ្វះចន្លោះ និងការខុសឆ្គងមួយចំនួនរបស់លោកចៅក្រមស៊ើបអង្កេតយូ ប៊ុនឡេង និងលោកស៊ីកហ្វ្រ៊ីត ប៊្លុង ក្នុងសេចក្ដីសម្រេចនោះ។
ចៅក្រម Katinka Lahuis និង Rowan Downing លាតត្រដាងលម្អិតថា ការអនុវត្តរបស់សហចៅក្រមស៊ើបអង្កេតចំពោះភាគីនេះមានភាពខុសគ្នាជាច្រើនអន្លើ បើធៀបនឹងការអនុវត្តកន្លងមកក្នុងសំណុំរឿង០០១ និង០០២។ ចៅក្រមពុំបានបំពេញការងារស៊ីសង្វាក់គ្នាក្នុងដំណើរការទទួលយកការដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីទេ។ ជាពិសេសទៀត សហចៅក្រមស៊ើបអង្កេតបានដាក់ដីកាកែប្រែយោងលើសំណុំរឿង០០៤ តែបែរជាសំណុំឯកសារមានលេខសំណុំរឿង០០៣ ទៅវិញ។ ដីកាកែប្រែនេះដាក់កាលបរិច្ឆេទថយក្រោយជាងពីរខែ ហើយពុំមានការជូនដំណឹងឲ្យដល់ភាគីនានានោះទេ រាប់ទាំងអង្គបុរេជំនុំជម្រះផងដែរ។ ចៅក្រមអន្ដរជាតិទាំងពីររូបបានហៅរបៀបចាត់ការនេះថា ជាការរំលោភលើម្ចាស់បណ្ដឹងលោករ៉ប ហាមិល(Rob Hamill) ដោយសារតែលោក ហាមិល(Rob Hamill) មិនបានទទួលដំណឹងនៅជុំវិញរឿងក្ដីនេះ។ ក្រុមចៅក្រមអន្ដរជាតិក៏បានផ្ដល់យោបល់ថា សហចៅក្រមស៊ើបអង្កេតគួរពិចារណាឡើងវិញលើពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនោះ។
នៅថ្ងៃនេះសហព្រះរាជអាជ្ញាអន្ដរជាតិលោកអាន់ឌ្រូ ខេលី ( Andrew Carley ) ចាត់ទុកថា នោះគឺជាការមិនពិចារណា «អំពីសិទ្ធិជនរងគ្រោះ»។ ក្នុងពេលជាមួយគ្នានេះ ក្រុមមេធាវីអន្តរជាតិរបស់នួន ជា បានបង្ហាញពីការស្រងាកចិត្ត។
នៅក្នុងលិខិតមួយផ្ញើជូនលោកចៅក្រមយូ ប៊ុនឡេង មេធាវីលោក ម៉ាយឃើល ផេសម៉េន (Michiel Pestman) និងវិចធើ កូបប៉េ (Victor KOPPE) បានសម្តែងការគាំទ្រ ការបង្ហាញជាសាធារណៈនូវព័ត៌មានអំពីការពិចារណាប្រកបដោយការខ្វែងជំហររបស់ចៅក្រមអន្ដរជាតិនៃអង្គបុរេជំនុំជម្រះ ដោយអធិប្បាយធ្ងន់ៗថា លោកចៅក្រមយូ ប៊ុនឡេង និងលោកស៊ីកហ្វ្រ៊ីត ប៊្លុង «បានប្រព្រឹត្តនូវភាពមិនប្រក្រតី និងអាចអធិប្បាយថា គឺជាបទឧក្រិដ្ឋ»។ ក្រុមមេធាវីក៏បានទទូចឲ្យសហចៅក្រមកម្ពុជាបញ្ចេញនូវឯកសារទាក់ទងទៅនឹងការសម្រេចទាត់ចោលការស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីរបស់លោករ៉ប ហាមិល (Rob Hamill)។
កាលពីថ្ងៃពុធម្សិលមិញ សហចៅក្រមស៊ើបអង្កេតលោកយូ ប៊ុនឡេង បានហៅការចុះផ្សាយតាមប្រព័ន្ធសារព័ត៌មានថា មានលក្ខណៈចោទប្រកាន់ជុំវិញរឿងនេះ ហើយការលើកឡើងរបស់ចៅក្រមអន្ដរជាតិនៅក្នុងអង្គបុរេជំនុំជម្រះគ្រាន់តែជាគំនិតភាគតិចរបស់ចៅក្រមអន្ដរជាតិតែប៉ុណ្ណោះ។ លោកយូ ប៊ុនឡេងក៏បានបង្ហាញពីភាពគ្មានកំហុសក្នុងការសម្រេចរបស់សហចៅក្រមស៊ើបអង្កេតនោះដែរ។
លោកនេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមបញ្ជាក់ថា នៅមិនទាន់មានប្រតិកម្មតបពីការិយាល័យសហចៅក្រមស៊ើបអង្កេតលើជំហររបស់សហមេធាវីនួន ជា និងសហព្រះរាជអាជ្ញាអន្ដរជាតិទេ។
ហើយការសម្រេចរបស់អង្គបុរេជំនុំជម្រះបានផ្ដល់សុពលភាពលើការសម្រេចចិត្តរបស់សហចៅក្រមស៊ើបអង្កេតរួចទៅហើយ គឺមិនអាចត្រឡប់មកធ្វើការពិចារណាឡើងវិញនោះទេ។
«អង្គបុរេជំនុំជម្រះមិនបានរកឃើញសម្លេងគាំទ្រភាគច្រើននៅក្នុងនោះទេ ហើយការសម្រេចក្នុងនោះគឺថា អ្វីដែលជាការសម្រេចចិត្តរបស់សហចៅក្រមស៊ើបអង្កេតគឺចាត់ទុកថា មានសុពលភាព»។
លោករ៉ប ហាមិល(Rob Hamill) ជនជាតិនូវ៉ែលហ្ស៊េឡង់ដ៍គឺជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០១ និង០០២ ហើយលោកបានដាក់ពាក្យស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីសម្រាប់សំណុំរឿងចម្រូងចម្រាស់ ០០៣ផងដែរ។ លោកបានដាក់ពាក្យបណ្ដឹងទៅកាន់សាលាក្ដីខ្មែរក្រហមដោយសារតែបងប្រុសរបស់លោកត្រូវពួកកងទ័ពខ្មែរក្រហមចាប់ខ្លួនក្នុងដែនសមុទ្រកម្ពុជា កាលពីឆ្នាំ១៩៧៨ ហើយត្រូវគេយកមកសម្លាប់ចោលក្នុងគុកទួលស្លែង។
បណ្ដឹងរបស់លោកសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីសម្រាប់សំណុំរឿង០០៣ត្រូវទាត់ចោលដោយការិយាល័យសហចៅក្រមស៊ើបអង្កេតកាលពីខែ កក្កដា។ ហើយលោកបានប្ដឹងសារទុក្ខទៅកាន់អង្គបុរេជំនុំជម្រះនៅក្នុងខែដដែលនោះដែរ។ មានជនរងគ្រោះដោយរបបខ្មែរក្រហមចំនួនជាង ៣០០នាក់បានដាក់ពាក្យស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣នេះ។ ប៉ុន្ដែគេនៅមិនទាន់ដឹងនៅឡើយថា តើដើមបណ្ដឹងចំនួនប៉ុន្មាននាក់នឹងត្រូវទាត់ចោលនោះទេ៕