ក្រុមគ្រួសាររបស់អតីតអ្នកលក់ផលិតផលអនឡាញ ថៃ ស្រីនាង បង្ហាញក្តីបារម្ភថា ស្រីនាង អាចប្រឈមផលលំបាកក្នុងរកប្រាក់ចំណូលប្រចាំថ្ងៃ បន្ទាប់ពី ស្រីនាង ដែលតុលាការកាត់ទោសព្យួរនោះ នឹងត្រូវដោះលែងនៅសប្តាហ៍ក្រោយ។
ស្រីនាង ដែលមានឈ្មោះដើម វ៉ែន រចនា អាយុ ៣៩ ឆ្នាំត្រូវគេមើលឃើញថាតែងតែស្លៀកពាក់ «ស៊ិចស៊ី» រួចបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក។ ស្រីនាង មានទំព័រហ្វេសប៊ុកឈ្មោះ ថៃ ស្រីនាងOnlineshop។
ស្រីនាង ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៦ខែ កាលពីថ្ងៃទី២៤ ខែមេសា ក្រោមច្បាប់ស្តីពីអាជីវកម្មផ្លូវភេទ និងតាមក្រមព្រហ្មទណ្ឌប្រទេសកម្ពុជា ប៉ុន្តែទោសនោះត្រូវព្យួរមកត្រឹមតែ ២ខែ ១៥ ថ្ងៃ។នេះបើតាមការបញ្ជាក់របស់អ្នកស្រី វ៉ែន មេត្តា បងស្រីបង្កើតរបស់ ស្រីនាង។
អ្នកស្រី វ៉ែន មេត្តា វ័យ ៤២ឆ្នាំ ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា អ្នកស្រីមិនហ៊ានផ្តល់ការអត្ថាធិប្បាយបែបណាចំពោះការកាត់សេចក្តីរបស់តុលាការទេ ប៉ុន្តែអ្វីដែលអ្នកស្រីបារម្ភនោះ គឺការរកប្រាក់ចំណូលរបស់ប្អូនស្រី ក្រោយមានសេរីភាពឡើងវិញ។ អ្នកស្រីថា ស្រីនាង អាចនឹងត្រូវដោះលែងនៅថ្ងៃទី ៥ ខែឧសភា បន្ទាប់ពីត្រូវបានចាប់ខ្លួនតាំងពីថ្ងៃទី ២០ ខែកុម្ភៈ។
«ស្ថានភាពឥឡូវ គឺថាលេខសូន្យហើយណ៎ា ហើយចេញមកដឹងគេឲ្យយើងលក់យ៉ាងម៉េច? អីយ៉ាងណា? យើងអត់ដឹង។ ដល់ថ្ងៃទី ៥ ខែ៥ហ្នឹង គេនឹងគេធ្វើក្រដាសបែបបទឲ្យយើងចេញ។ ហ្នឹងគេនិយាយប្រាប់យើង ហើយបើតាមមើលទៅណ៎ា»។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និងលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
ការចាប់ខ្លួន ថៃ ស្រីនាង ដែលមានឈ្មោះពិតថា វ៉ែន រចនា បានកើតឡើងក្រោយការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថានឹងចាត់វិធានការចំពោះស្ត្រីរូបណា ដែលផ្សព្វផ្សាយលក់ផលិតផលទាក់ទងនឹងសម្ផស្សដោយមានការស្លៀកពាក់បែប «ស៊ិចស៊ីជ្រុល» នៅតាមគេហទំព័រ ឬបណ្តាញសង្គមហ្វេសប៊ុក។
វិធានការរបស់លោក ហ៊ុន សែន បានរងការរិះគន់ពីក្រុមអង្គការការពារសិទ្ធិមនុស្សក្នុងស្រុកមួយចំនួនដែលថា «ការពិន័យលើស្ត្រីដោយសារតែការស្លៀកសម្លៀកបំពាក់បែបស៊ិចស៊ីនោះ គឺជាផ្នែកមួយនៃឫសគល់អំពើហិង្សា ជាជាងការដោះស្រាយបញ្ហា ហើយវាមិនគួរកើតឡើងនោះទេ»។
ចំណែកលោក Nicholas Bequilin ប្រធានប្រចាំតំបន់អាស៊ីខាងកើតអាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក នៃអង្គការ Amnesty International បាននិយាយកាលពីខែកុម្ភៈថាប ទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីក្នុងការចាត់វិធានការនិងអប់រំស្ត្រីទាំងនោះ «តំណាងឲ្យការអនុវត្តបែបគំរាមកំហែងនូវការតាមដានរបស់រដ្ឋ ដើម្បីបំពេញតាមគោលការណ៍បែបរើសអើង និងផ្ដល់តម្លៃលើបុរស»។
ប៉ុន្តែលោក ហ៊ុន សែន បានការពារវិធានការរបស់លោក និងរិះគន់អ្នកសារព័ត៌មាន និងក្រុមអង្គការសិទ្ធិមនុស្សទាំងនោះយ៉ាងចាស់ដៃ។ លោកលើកទឹកចិត្តឲ្យក្រុមអ្នករិះគន់ទាំងនោះ ប្រាប់ឲ្យក្រុមគ្រួសាររបស់ពួកគេស្លៀកពាក់ស៊ិចស៊ី ហើយលោកថា លោកនឹងជួយផ្សព្វផ្សាយបន្ត។
អ្នកស្រី ជឹម ចាន់នាង អគ្គលេខាធិការរងរបស់គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញា CEDAW មិនគាំទ្រចំណាត់ការរដ្ឋាភិបាលដែលតម្រូវឲ្យមានការចាប់ខ្លួនស្ត្រីមកផ្តន្ទាទោសចំពោះការស្លៀកពាក់ ដែលរងការចោទថា បានធ្វើឲ្យខូចប្រពៃណីនិងតម្លៃរបស់ស្ត្រីខ្មែរនោះទេ។
អ្នកស្រីយល់ថា ចំណាត់ការបែបនេះនឹងរឹតតែធ្វើឲ្យមានសម្ពាធសង្គមកាន់តែធ្ងន់ធ្ងរមកលើស្ត្រីរងគ្រោះគឺ ថៃ ស្រីនាង អតីតអ្នកលក់ផលិតផលអនឡាញ និងស្ត្រីផ្សេងទៀតទៅថ្ងៃអនាគត។
«គាត់អាចបាត់បង់មុខរបររបស់គាត់ ឬមួយក៏គាត់ចូលមកវិញ គាត់មានភាពអាម៉ាស់ ច៎ាខ្មាសអៀន។គ្រួសាររបស់គាត់ដូចគ្នា។ នៅពេលដែលគាត់បាត់បង់ចំណូល ដល់អ៊ីចឹងវារងប៉ះពាល់ដូចគ្នា។ ហើយសង្គមរបស់យើងផលប៉ះពាល់យូរអង្វែង គឺធ្វើឲ្យសង្គមយើងនៅតែរក្សាផ្នត់គំនិតអវិជ្ជមាន ទៅលើស្ត្រី ហើយមិនមែនតែរងគ្រោះតែគាត់មួយទេ គឺស្ត្រីផ្សេងទៀត»។
កញ្ញា បុណ្យ រចនា នាយិកាអង្គការក្លាហានដែលជាអង្គការធ្វើការងារលើកស្ទួយសិទ្ធិស្រ្តី មានប្រសាសន៍ថា ការរកប្រាក់ចំណូលរបស់អតីតអ្នកលក់ផលិតផលអនឡាញ ថៃ ស្រីនាង នឹងរងផលប៉ះពាល់ ព្រោះអតីតអ្នកលក់ផលិតផលរូបនេះអាចប្រឈមនឹងការរើសអើងក្នុងសង្គម។
«អ៊ីចឹងសួរថា តើការរើសអើងហ្នឹងវានឹងមានព្យសនកម្មប៉ះពាល់ទៅដល់មុខរបររបស់គាត់បន្ថែម ឬក៏អត់ហ្នឹង។ អាហ្នឹងខ្ញុំគិតថាប្រហែលជាមាន។ ប៉ុន្តែគ្រាន់ថាដល់កម្រិតធ្ងន់ ឬក៏កម្រិតស្រាលបែបណាហ្នុង គឺខ្ញុំក៏អត់ហ៊ានសន្និដ្ឋាននៅក្នុងស្ថានភាពនេះដែរ»។
អ្នកការពារសិទ្ធិស្ត្រីរូបនេះក៏បានបង្ហាញការសោកស្តាយ ចំពោះការកាត់ទោសអ្នកលក់ផលិតផលអនឡាញ ថៃ ស្រីនាង ផងដែរ។
«អ្វីដែលកញ្ញាថៃស្រីនាងគាត់បាន...គាត់ធ្វើកន្លងមកហ្នឹងសម្រាប់យើង យើងគិតថាជាការប្រើប្រាស់នូវសិទ្ធិក្នុងការបញ្ចេញមតិរបស់គាត់ តាមរយៈការប្រកបរបរវិជ្ជាជីវៈរបស់គាត់ ដែលជារបរសុចរិតអ៊ីចឹងទៅណ៎ា។ អាកន្លែងហ្នឹងខ្ញុំមានការសោកស្តាយ ដែលគាត់ត្រូវបានរកឃើញថាមានទោសមានអីអ៊ីចឹងទៅណ៎ា»។
យ៉ាងណាក៏ដោយលោក ហ៊ុន សែន មានប្រសាសន៍កាលពីពេលកន្លងទៅថា លោកជំរុញឲ្យមានការលក់ផលិតផលអនឡាញ តែការលក់ដូរនោះមិនមែនយកខ្លួនប្រាណទៅលក់នោះទេ។
បន្ទាប់ពីការចាប់ឃុំខ្លួន ថៃ ស្រីនាង កាលពីខែកុម្ភៈ សាច់ញាតិរបស់អ្នកលក់ផលិតផលអនឡាញរូបនេះ បានត្អូញត្អែររួចទៅហើយពីការធ្លាក់ចុះប្រាក់ចំណូលប្រចាំថ្ងៃយ៉ាងគំហុក ដោយសារមិនមានវត្តមានរបស់ ថៃ ស្រីនាង ក្នុងការផ្សព្វផ្សាយលក់ផលិតផលអនឡាញ ដែលភាគច្រើនជាផលិតផលសម្ផស្សនិងសម្លៀកបំពាក់របស់ស្ត្រី។
ការថយចុះចំណូលនេះក៏កំពុងធ្វើឲ្យអ្នកស្រី ថៃ ស្រីនាង ប្រឈមនឹងការរឹបអូសបន្ទប់ខុនដូពីរបន្ទប់ដែលអ្នកស្រីបានទិញបង់រំលស់ ដោយត្រូវចំណាយប្រមាណ ១.០០០ដុល្លារ ក្នុងមួយខែ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី វ៉ែន មេត្តា បងស្រី របស់ថៃ ស្រីនាង៕