ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលបានរៀបចំអនុសាសន៍នៅថ្ងៃនេះ ដើម្បីឲ្យសាលាក្ដីខ្មែរក្រហមពិនិត្យឡើងវិញនូវលទ្ធភាពដែលអាចធ្វើការចោទប្រកាន់ជនសង្ស័យដែលជាអតីតមេដឹកនាំខ្មែរក្រហម ពីការរំលោភផ្លូវភេទ។ អនុសាសន៍នេះ បានធ្វើឡើងបន្ទាប់ពីសន្និសីទអន្តរជាតិស្ដីពីយុត្តិធម៌ជែនឌើ រយៈពេលពីរថ្ងៃបានបញ្ចប់ទៅ។
ក្រុមមេធាវីរបស់អង្គការក្រៅរដ្ឋាភិបាលបានរៀបចំអនុសាសន៍នៅថ្ងៃព្រហស្បតិ៍នេះ ដោយទទូចឲ្យសាលាក្ដីខ្មែរក្រហមពិនិត្យឡើងវិញ និងធ្វើការចោទប្រកាន់ជាបន្ថែមលើជនសង្ស័យ អំពីបទរំលោភសេពសន្ធវៈជនរងគ្រោះនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។
អនុសាសន៍នេះធ្វើឡើងនៅក្នុងសន្និសីទអន្ដរជាតិស្ដីពីយុត្តិធម៌ជែនឌើ។ សន្និសីទនេះមានរយៈពេលពីរថ្ងៃក្នុងទីក្រុងភ្នំពេញ ហើយបានបញ្ចប់នៅល្ងាចនេះ។
លោកស្រី ស៊ីន សូវ៉ន មេធាវីមកពីអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា តំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីក្នុងដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមនេះមានប្រសាសន៍ថា ពិតមែនតែក្នុងរបបខ្មែរក្រហមមានការដាក់ទោសលើកំហុសក្នុងទំនាក់ទំនងផ្លូវភេទ ក៏ប៉ុន្ដែការរំលោភផ្លូវភេទបានកើតឡើងយ៉ាងច្រើននៅពាសពេញប្រទេស ហើយក្រុមអង្គការសង្គមស៊ីវិលចង់ឲ្យសាលាក្ដីខ្មែរក្រហមយកបទល្មើសនេះធ្វើការចោទប្រកាន់ជាបន្ថែមទៀតលើជនសង្ស័យ។
«សំណូមពរទីមួយ គឺយើងសុំឲ្យជួយចាត់ការករណីរំលោភក្រៅចំណងអាពាហ៍ពិពាហ៍។ ការរំលោភក្រៅចំណងអាពាហ៍ពិពាហ៍មាន ទីមួយការរំលោភដើម្បីដោះដូរអាហារ ករណីទីពីរ គឺការរំលោភក្នុងពន្ធនាគារ ឬមណ្ឌលកែប្រែដែលជនរងគ្រោះគ្មានអំណាច គ្មានកម្លាំងដើម្បីតបតជាមួយអ្នកមានអំណាច ទីបីគឺឃើញថា ការរំលោភមុនពេលសម្លាប់ ឈ្លបដែលមានតួនាទីក្នុងការសម្លាប់ គាត់បានរំលោភស្រ្តី ដែលហៅយកទៅសម្លាប់។ រំលោភហើយ គាត់សម្លាប់ជនរងគ្រោះចោល។ គាត់ ក្រុមគ្រួសារគាត់ក៏ជាជនរងគ្រោះក្នុងរបបខ្មែរក្រហមដែរ។ ហេតុអ្វីបានរឿងរបស់គាត់ គឺមិនត្រូវបានតុលាការយកមកពិចារណា?»
មានអ្នកជំនាញការច្បាប់មកពីសហរដ្ឋអាមរិក បារាំង ជប៉ុន អង់គ្លេស ប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី ប្រទេសអូស្ដ្រាលី អាល្លឺម៉ង់ ប្រទេសរ្វាន់ដា (Rwanda) និងមកពីប្រទេសអៀកឡង់ខាងជើងបានចូលរួមក្នុងសន្និសីទអន្ដរជាតិស្ដីពីយុត្តិធម៌ជែនឌើ ដែលរៀបចំដោយអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ប្រយោជន៍ដើម្បីជំរុញឲ្យសាលាក្ដីខ្មែរក្រហមពិនិត្យឲ្យបានទូលំទូលាយលើការរំលោភបំពានផ្លូវភេទនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។
លោកស្រីស៊ីន សូវ៉នបញ្ជាក់បន្ថែមថា អ្នកចូលរួមក៏បានស្នើសុំឲ្យសាលាក្ដីខ្មែរក្រហមពង្រីកតំបន់ស៊ើបអង្កេតថែមទៀតផងដែរ ដោយសារតែការសម្លាប់ និងការរំលោភផ្លូវភេទ និងបទល្មើសដទៃទៀត ដែលបានរីករាលដាលនៅពាសពេញប្រទេសនោះ មានការជាប់ពាក់ព័ន្ធទៅនឹងការរំលោភផ្លូវភេទផងដែរ ហើយការមិនអើពើទៅលើបញ្ហាខាងលើគឺជាការរំលោភសិទ្ធិជនរងគ្រោះ។
ពុំមានតួលេខណាមួយដែលអាចបញ្ជាក់អំពីករណីរំលោភសេពសន្ធវៈនៅក្នុងសម័យខ្មែរក្រហមនោះទេ។ ក៏ប៉ុន្តែមានការប៉ាន់ប្រមាណថា អាចមានការរៀបការនៅក្នុងសម័យខ្មែរក្រហមដោយបង្ខំ យ៉ាងហោចណាស់ចំនួន២០០០០០ករណីដែរ។
សាលាក្ដីខ្មែរក្រហមបានខកខានមិនបានចាត់ការការរំលោភផ្លូវភេទនៅក្នុង សំណុំរឿង ០០១ ឬករណីកាំង ហ្គេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែងទេ។
លោកស្រី ស៊ាល ស្ទូហ្ស៊ីនស្គី មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ទៀត មកពីភ្នាក់ងារអភិវឌ្ឈន៍អាល្លឺម៉ង់ មានប្រសាសន៍ថា សាលាក្តីខ្មែរក្រហមមិនទាន់ហួសពេលនៅក្នុងការចោទប្រកាន់បន្ថែមទៅលើជនជាប់ចោទពីបទរំលោភសេពសន្ធវៈនៅឡើយទេ ថ្វីបើការចោទប្រកាន់ទៅលើអតីតពួកមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់នៅក្នុងករណី០០២ បានបញ្ចប់ទៅហើយក្តី។
«ខ្ញុំឃើញថា វាមិនទាន់ហួសពេលទេ ព្រោះថា អង្គជំនុំជម្រះសាលាដំបូងគួរពិនិត្យលើអង្គហេតុ និងវាយតម្លៃឡើងវិញអំពីអង្គច្បាប់នៃការរំលោភ នៃបទឧក្រិដ្ឋដែលត្រូវបានស៊ើបអង្កេតនៅក្នុងការចោទប្រកាន់ជនសង្ស័យ»។
ប៉ុន្តែលោក ឡាស អលសិន មន្រ្តីទំនាក់ទំនងផ្នែកកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា តុលាការមិនអាចធ្វើការចោទប្រកាន់បន្ថែមអ្វី ក្រៅពីការកែប្រែនីតិវិធីនៅក្នុងចំណាត់ការរបស់សហចៅក្រមស៊ើបអង្កេតនៅក្នុងសំណុំរឿង០០២នោះ បន្ទាប់ពីមានបណ្តឹងតវ៉ា។ ដោយឡែក លោកបន្ថែមទៀតថា សម្រាប់សំណុំរឿង០០៣ និង០០៤ ដែលទើបតែចាប់ធ្វើការស៊ើបអង្កេតមិនទាន់មានការចោទប្រកាន់ជាក់លាក់នៅឡើយ។
លោកស្រី ចេន មុខាន់ហ្គីរ៉ា (Jane Mukangira) ជំនួយការច្បាប់នៅក្នុងសាលាឧទ្ធរណ៍របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ សម្រាប់ប្រទេសរ្វាន់ដា មានប្រសាសន៍ថា សាលាក្តីខ្មែរក្រហមគួរតែបញ្ចូលបទល្មើស អំពីការរំលោភភ្លូវភេទទៅលើជនជាប់ចោទថ្មីទៀត។
«អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មិនគួរផ្តោតតែលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឬទៅលើបទល្មើសនៃការបង្ខំឲ្យរៀបការនោះទេ ប៉ុន្ដែគេគួរតែបញ្ចូលបទល្មើសនៃការរំលោភសេពសន្ធវៈផងដែរ ពីព្រោះនៅក្នុងសង្គ្រាមទាំងអស់ ការរំលោភសេពសន្ធវៈតែងតែកើតមាន។ ហើយគេត្រូវតែចាត់ការលើបញ្ហានេះឲ្យបានហ្មត់ចត់ ពីព្រោះការរំលោភសេពសន្ធវៈ ឬការរំលោភផ្លូវភេទផ្សេងៗទៀត គឺជាអំពើលាមក ដូចគ្នាទៅនឹងបទឧក្រិដ្ឋផ្សេងទៀតនៅក្នុងពេលមានជំលោះ»។
លោកសុខ សំអឿន នាយកប្រតិបត្តិរបស់អង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍ថា អនុសាសន៍នានាដែលបានលើកឡើងនៅក្នុងសន្និសីទអន្តរជាតិរយៈពេលពីរថ្ងៃនោះ នឹងត្រូវដាក់បញ្ចូនទៅសាលាក្តីខ្មែរក្រហមនៅក្នុងអំឡុងរយៈពេលមួយ ឬក៏ពីរសប្តាហ៍ទៀត។
លោកសុខ សំអឿនបន្ថែមថា បើទោះជាសាលាក្តីខ្មែរក្រហមមិនទទួលយកអនុសាសន៍ខាងលើនោះក្តី ក៏អនុសាសន៍នោះនឹងក្លាយទៅជាគំរូមួយសម្រាប់តុលាការឧក្រិដ្ឋកម្មក្រោយៗទៀត៕