ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋីរុស្ស៊ី​Sergei Polonksy នឹងត្រូវ​កាត់​ទោស​ពីបទ​ឆបោក


Sergei Polonsky ត្រូវ​បាន​អម​ដោយ​ប៉លីស​អន្តោប្រវេសន៍​ មុន​ពេល​ត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៥។​ (រូប​ភាព​ពី​ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ)
Sergei Polonsky ត្រូវ​បាន​អម​ដោយ​ប៉លីស​អន្តោប្រវេសន៍​ មុន​ពេល​ត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៥។​ (រូប​ភាព​ពី​ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ)

មហាសេដ្ឋី​រុស្ស៊ី Sergei Polonsky ​ត្រូវ​បាន​អាជ្ញាធរ​រុស្ស៊ី​យក​ទៅ​ដាក់​ក្នុង​កន្លែង​ឃុំឃាំង​ដើម្បី​រង់ចាំ​ការ​កាត់​ទោស បន្ទាប់​ពី​កម្ពុជា​បាន​បណ្តេញ​ចេញ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ។

លោក​ស្រី Elena Alekseyeva មន្ត្រី​ក្រសួង​មហាផ្ទៃ​រុស្ស៊ី ត្រូវ​បាន​សារព័ត៌មានAFP និង​ Reuters ដក​ស្រង់​សម្តី​ថា មហា​សេដ្ឋី​ ​Polonksy ​ត្រូវ​បាន​ធ្វើ​បត្យាប័ន​មក​ដល់​ប្រទេស​រុស្ស៊ី ហើយ​ត្រូវ​បាន​យក​ទៅ​ឃុំ​ឃាំង​ដើម្បី​រង់ចាំ​ការកាត់​ទោស​តាម​ច្បាប់​។

លោកស្រី​បន្ថែម​ថា៖​«លោក​នឹង​ត្រូវ​កាត់​ទោស​តាម​ច្បាប់​របស់​ប្រទេស​រុស្ស៊ី‍»។​

មហា​សេដ្ឋី​Polonsky ​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​បទល្មើស​ទាក់​ទង​នឹង​ការ​បោកប្រាស់​ប្រាក់​របស់​អតិថិជន​នៅក្នុង​គម្រោង​សាងសង់​អគា​រលំនៅដ្ឋាន ដែល​មាន​ប្រាក់​ជាង១០០​លាន​ដុល្លារ។ លោក​បាន​រត់​គេ​ចចេញ​ពី​ប្រទេស​រុស្ស៊ី​អស់​រយៈពេល​ជិតពីរឆ្នាំ​ដោយ​ចុងក្រោយ​ស្នាក់​នៅ​ខេត្ត​ព្រះសីហនុ​នៃ​ប្រទេស​កម្ពុជា។​

អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​លោក​កាលពីថ្ងៃ​សុក្រ​ពីបទ​ស្នាក់​នៅ​ហួសទិដ្ឋាការ ហើយ​បាន​បណ្តេញ​ចេញ​ក្នុង​ពេល​មិន​ដល់​៤៨ម៉ោង​ទេ។

អ្នក​ដំណើរ​ដែល​ជិះ​យន្តហោះ​ជាមួយ​នឹង​Polonsky ​បញ្ជាក់​ថា គេមិន​ឃើញ​មហាសេដ្ឋី​រូប​នេះ​មាន​ដៃ​ជាប់​ខ្នោះទេ ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​នៅ​អម​លោក​ជាប់​ជានិច្ច។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​សារព័ត៌មាន​ក្នុង​ប្រទេស​រុស្ស៊ី៕

XS
SM
MD
LG