កាលពីថ្ងៃសុក្រ ឥស្សរជនសំខាន់នៃប្រទេសកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការប្រទេសកូរ៉េខាងជើងបាននិយាយថា លោកសង្ឃឹមថានឹងឃើញមានការជឿនលឿននៅក្នុងទំនាក់ទំនងអន្តរកូរ៉េក្នុងពេលអនាគតឆាប់ៗនេះ។
លោក Hong Yong-pyo រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិនៃប្រទេសកូរ៉េខាងត្បូងបាននិយាយប្រាប់ក្រុមអ្នកកាសែត ថា រដ្ឋាភិបាលលោកនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អចំណងទាក់ទងជាមួយរដ្ឋាភិបាលក្រុង Pyongyang។
លោក Hong បាននិយាយថា «យើងត្រូវការខិតខំប្រឹងប្រែងថែមទៀត ហើយប្រទេសកូរ៉េខាងជើងត្រូវការបង្ហាញអាកប្បកិរិយាវិជ្ជមានជាងមុន ដើម្បីឲ្យបានសម្រេចការជឿនលឿនច្រើនក្រាស់ក្រែលនៅក្នុងការទាក់ទងគ្នារវាងប្រទេសកូរ៉េទាំងពីរ»។
លោក Hong Yong-pyo ជាទីប្រឹក្សាលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye អំពីគោលនយោបាយរដ្ឋាភិបាលក្រុងសេអ៊ូលចំពោះរដ្ឋាភិបាលក្រុង
ព្យុងយ៉ាងចំនួនពីរឆ្នាំ នៅមុនពេលលោកបានទទួលការតែងតាំងជាឥស្សរជនសំខាន់របស់កូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការប្រទេសកូរ៉េខាងជើងកាលពីខែកុម្ភៈ។ គេបានដឹងថាសាស្ត្រាចារ្យសាកលវិទ្យាល័យអាយុ៥១ឆ្នាំរូបនេះជាអ្នកគាំទ្រដល់ការទាក់ទងជាមួយប្រទេសកូរ៉េខាងជើង៕