រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់ស្នងការប៉ូលិសក្រុងសេអ៊ូលពីបទរួមចំណែកនៅក្នុងការធ្វេសប្រហែសធ្វើឱ្យមានការប្រជ្រៀតជាន់គ្នាស្លាប់នៅទីក្រុងសេអ៊ូលក្នុងអំឡុងបុណ្យ Halloween ឆ្នាំ ២០២២ ដែលបានធ្វើឱ្យមនុស្សជិត ១៦០ នាក់ស្លាប់។ នេះបើយោងតាមការិយាល័យរដ្ឋអាជ្ញាមណ្ឌលខាងលិចនៃទីក្រុងសេអ៊ូល។
ការចោទប្រកាន់លើស្នងការប៉ូលិសក្រុងសេអ៊ូលលោក Kim Kwang-ho នេះបានធ្វើឡើងក្នុងពេលជាងមួយឆ្នាំក្រោយមកបន្ទាប់ពីមានការប្រជ្រៀតជាន់គ្នាស្លាប់កាលពីខែតុលា ឆ្នាំ ២០២២ ដែលបានធ្វើឱ្យមនុស្ស ១៥៩ នាក់ស្លាប់នៅថ្ងៃបុណ្យ Halloween នៅតំបន់ Itaewon នៃរដ្ឋធានីសេអ៊ូល។
លោក Kim Kwang-ho គឺជាមន្ត្រីប៉ូលិសជាន់ខ្ពស់បំផុតដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងហេតុការណ៍ប្រជ្រៀតជាន់គ្នាស្លាប់នេះ។
ការប្រារព្ធពិធីបុណ្យប្រចាំឆ្នាំនៅក្នុងតំបន់កម្សាន្តពេលរាត្រីដ៏ពេញនិយមនេះបានប្រែក្លាយទៅជាមរណៈកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីមនុស្សវ័យក្មេងរាប់ម៉ឺននាក់បានប្រជ្រៀតគ្នានៅច្រកផ្លូវចង្អៀតតូចមួយដើម្បីប្រារព្ធពិធីបុណ្យ Halloween នៅឆ្នាំដំបូងក្រោយបានផ្អាកដោយសារវិបត្តិជំងឺកូវីដ១៩ អស់រយៈពេល ៣ ឆ្នាំមក។
អាជ្ញាធរដែលរួមមានទាំងប៉ូលិសផងដែរមិនបានរៀបចំវិធានការសុវត្ថិភាពនោះទេ ទោះបីជាហ្វូងមនុស្សយ៉ាងច្រើននេះទំនងជានឹងបង្កជាឧបទ្ទវហេតុក៏ដោយក្តី ហើយពួកគេមិនបានចាត់វិធានការឱ្យបានសមស្របបន្ទាប់ពីមានការអំពាវនាវឱ្យជួយសង្គ្រោះនោះឡើយ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមស៊ើបអង្កេតលើហេតុការណ៍នេះ។
កាលពីខែមករាឆ្នាំមុន ក្រុមស៊ើបអង្កេតពិសេសមួយបានបញ្ជូនឈ្មោះលោក Kim Kwang-ho និងមនុស្ស ២២ នាក់ផ្សេងទៀត រួមមានទាំងប៉ូលិស អ្នកជួយសង្គ្រោះ និងមន្ត្រីមូលដ្ឋានផងដែរ ទៅឱ្យរដ្ឋអាជ្ញាធ្វើការចោទប្រកាន់ទាក់ទងទៅនឹងការឆ្លើយតបមិនបានគ្រប់គ្រាន់របស់រដ្ឋាភិបាលចំពោះសោកនាដកម្មជាន់គ្នាស្លាប់នេះ៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា
វេទិកាបញ្ចេញមតិ