ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​បោះឆ្នោត​ឲ្យ​លោកស្រី Jackson ​ក្លាយ​ជា​ចៅក្រម​ស្រ្តី​ស្បែកខ្មៅ​ដំបូង​​​របស់​តុលាការ​កំពូល​​អាមេរិក


រូប​ឯកសារ៖ លោកស្រី​ចៅក្រម Ketanji Brown Jackson ស្បថ​ក្នុង​អំឡុង​សវនាការ​សម្រេច​លើ​បេក្ខភាព​លោកស្រី​ជា​ចៅក្រម​តុលាការ​កំពូល​អាមេរិក នៅ​មុខ​គណៈកម្មាធិការ​តុលាការ​របស់​ព្រឹទ្ធសភា​អាមេរិក កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២២។ (AP)
រូប​ឯកសារ៖ លោកស្រី​ចៅក្រម Ketanji Brown Jackson ស្បថ​ក្នុង​អំឡុង​សវនាការ​សម្រេច​លើ​បេក្ខភាព​លោកស្រី​ជា​ចៅក្រម​តុលាការ​កំពូល​អាមេរិក នៅ​មុខ​គណៈកម្មាធិការ​តុលាការ​របស់​ព្រឹទ្ធសភា​អាមេរិក កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២២។ (AP)

លោកស្រី Ketanji Brown Jackson ត្រូវ​បាន​ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​គាំទ្រ​កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ឲ្យក្លាយ​ជា​ចៅ​ក្រមស្ត្រី​ស្បែក​ខ្មៅ​ដំបូង​គេនៅ​តុលាការ​កំពូល​អាមេរិក​ដែល​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក និង​ជា​ជោគជ័យ​មួយ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ដែល​បានធ្វើ​ទៅតាម​ការសន្យា​របស់​លោក​ក្នុង​អំឡុង​ពេល​នៃ​ការបោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ដែល​លោកធ្លាប់​បាន​សន្យា​ថា នឹង​ដាក់​បញ្ជូល​ចៅក្រម​ដែល​មាន​ប្រវត្តិ​ផ្សេងៗ​គ្នា​ទៅ​ក្នុង​ប្រព័ន្ធ​តុលាការ​សហព័ន្ធ​អាមេរិក។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

ការបោះឆ្នោត​គាំទ្រ​លោកស្រី​ចៅក្រម​តុលាការ​ឧទ្ធរណ៍​ដែល​មាន​វ័យ​៥១ឆ្នាំ​រូប​នោះ​ដើម្បី​ឲ្យ​ក្លាយ​ជា​ចៅក្រម​តុលាការ​កំពូល​អាមេរិកដែល​មាន​អាណត្តិ​មួយ​ជីវិត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការគាំទ្រពី​សមាជិកព្រឹទ្ធសភា​អាមេរិក​ក្នុង​សំឡេង​ឆ្នោត​៥៣ទល់​នឹង​៤៧​សំឡេង។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​៣រូបនៃ​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​លោកស្រី Susan Collins លោក​ស្រី Lisa Murkowski និង​លោក Mitt Romney បាន​បោះ​ឆ្នោត​គាំទ្រចៅក្រម​រូប​នេះ​ជាមួយ​បណ្តា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​អស់​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក Joe Biden។

ការបោះឆ្នោត​នេះ​ ត្រូវការ​សំឡេង​គាំទ្រ​ភាគច្រើន​៥០% បូក​មួយ ហើយ​លោកស្រី Jackson បានយក​ឈ្នះ​លើ​ការប្រឆាំង​របស់​សមាជិកព្រឹទ្ធសភា​អាមេរិក​ភាគ​ច្រើន​នៃគណបក្ស​សាធារណរដ្ឋ​នៅក្នុង​ដំណើរការ​អនុម័តលើ​ការតែង​តាំង​ចៅក្រម​តុលាការ​កំពូលរបស់​លោកស្រី​ដែល​នៅតែ​មាន​ការបែងចែក​ប្រកាន់​គណបក្សយ៉ាងខ្លាំង​នោះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ឱ្យ​លោកស្រី​ចៅក្រម Ketanji Brown Jackson ក្រោយ​ពួក​គេមើល​រូបភាព​ទូរទស្សន៍ពី​ព្រឹទ្ធសភា​អាមេរិក​បានបោះឆ្នោតយល់​ព្រម​លើ​បេក្ខភាព​របស់​លោកស្រី​ឱ្យ​ក្លាយជា​ស្ត្រី​ស្បែក​ខ្មៅ​ដំបូង​នៅ​តុលាការ​កំពូល​អាមេរិក។ (Reuters)​
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ឱ្យ​លោកស្រី​ចៅក្រម Ketanji Brown Jackson ក្រោយ​ពួក​គេមើល​រូបភាព​ទូរទស្សន៍ពី​ព្រឹទ្ធសភា​អាមេរិក​បានបោះឆ្នោតយល់​ព្រម​លើ​បេក្ខភាព​របស់​លោកស្រី​ឱ្យ​ក្លាយជា​ស្ត្រី​ស្បែក​ខ្មៅ​ដំបូង​នៅ​តុលាការ​កំពូល​អាមេរិក។ (Reuters)​

លោកស្រី Jackson នឹង​ជំនួស​ចៅក្រម​តុលាការ​កំពូលអាមេរិក​លោក Breyer ដែល​មាន​អាយុ​៨៣ឆ្នាំ នៅ​ក្នុងក្រុមចៅក្រម​សេរីនិយមដែល​មាន​ចំនួន​៦នាក់​ទល់​នឹង​ក្រុមចៅក្រម​អភិរក្សនិយម​ដែល​មាន​ចំនួន​៣នាក់។ ចៅក្រម​តុលាការ​កំពូល​លោក Breyer នឹង​បម្រើ​ការងារ​នៅ​ក្នុង​តុលាការ​នេះ​ រហូត​ដល់ចុង​បញ្ចប់នៃ​អាណត្តិបច្ចុប្បន្ន​របស់​តុលាការ​នេះនៅ​ចុង​ខែ​មិថុនា​ខាង​មុខ​ហើយ​លោក​ស្រី Jackson នឹង​ស្បថ​ចូលកាន់​តំណែង​ក្នុង​នាម​ជា​ចៅក្រម​ថ្មី​ជំនួស​រូប​លោក​នៅ​ក្រោយ​ពេល​នោះ។លោក​ស្រី Jackson ក៏​ធ្លាប់​បាន​បម្រើការ​ជា​ជំនួយការ​របស់​លោក Breyer នៅ​ក្នុង​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​នេះ​ផង​ដែរក្នុងពេល​កន្លង​ទៅ។

លោក Biden បាន​រៀបចំ​ពិធីមួយ​នៅ​សេតវិមានជាមួយលោកស្រី Jackson ដើម្បី​មើល​ដំណើរការ​បោះឆ្នោត​របស់​ព្រឹទ្ធសភា​អាមេរិកតាម​កញ្ចក់​ទូរទស្សន៍​និង​បាន​បង្ហោះសារលើ​បណ្តាញ Twitter នូវ​រូបភាព​សែលហ្វី​មួយ​សន្លឹក​ដែល​ពួក​អស់​លោក​បាន​ញញឹម​ក្រោយពីព្រឹទ្ធសភា​បោះ​ឆ្នោតគាំទ្រ​លោក​ស្រី​រួចមក។

លោក Biden បានសរសេរ​សារ​បង្ហោះ​ក្នុង Twitter ថា៖ «ការ​តែងតាំង​ចៅក្រម Jackson ជាឱកាស​ប្រវត្តិសាស្ត្រ​មួយសម្រាប់​ប្រជាជាតិ​យើង។ យើងកំពុង​បោះ​ជំហាន​ថ្មី​មួយ​ទៀត​ក្នុងការធ្វើ​ឲ្យ​តុលាការ​កំពូល​អាមេរិក​មានចៅក្រមដែល​មាន​គ្រប់​ជាតិសាសន៍។ លោក​ស្រី​នឹង​ក្លាយ​ជា​ចៅ​ក្រម​តុលាការ​កំពូលដ៏​ឆ្នើមមួយ​រូប​ហើយ​ខ្ញុំ​មាន​កិត្តិយស​ណាស់​ ដែល​បាន​ចែក​រំលែកនូវ​ឱកាសដ៏​រីករាយ​នៅ​ពេល​នេះ​ជាមួយ​លោក​ស្រី៕

XS
SM
MD
LG