ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន និង​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ថា ក្រដាស​ប្រាក់ ១$ ២$ និង៥$ នៅ​ចាយ​បាន


ក្រដាស​ប្រាក់​១ដុល្លារ​របស់​សហរដ្ឋ​អាមេរិក ដែល​ស្ថិត​នៅក្នុង​ចំណោម​ក្រដាស​ប្រាក់​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​កាលពី​ចុង​ខែ​ឧសភា​ថា ខ្លួន​នឹង​ឈប់​ទទួល​យក​ពី​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​សុក្រ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖ «ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​១$ ​២$ ​និង​៥$​ នៅ​តែ​ចាយ​បាន​ធម្មតា​នៅ​កម្ពុជា។ លោក​ចាត់ទុក​ព័ត៌មាន​នៃ​ការហាម​ប្រាម​មិន​ឲ្យ​ចាយ​គឺ​ជា​«ពាក្យ​ចចាម​អារ៉ាម»។

កាល​ពី​សប្តាហ៍​មុន​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​សម្រេច​ឈប់​ទទួល​យក​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក ​ប្រភេទ​១$ ​២$ ​និង​៥$​ពី​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ដើម្បី​លើក​កម្ពស់​តម្លៃ​ប្រាក់​រៀល​និង​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ការ​ដឹក​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូច​ចាស់​ ទក់​ រហែក​ដែល​ត្រូវ​ចំណាយ​ពលកម្ម​និង​ថវិកា​ខ្ពស់។​ប៉ុន្តែ​ការ​សម្រេច​នេះ​មិន​មាន​មាន​ន័យ​ថា​ កម្ពុជា​ឈប់​ចាយ​ក្រដាស​ប្រាក់​៣​ប្រភេទ​នោះ​ទេ។​

ក្រោយ​ពីការ​សម្រេច​នេះ​មាន​ព័ត៌មាន​ថា​ ពលរដ្ឋ​មួយ​ចំនួន​ចាប់​ផ្តើម​មិន​ទទួល​យក​លុយ​ដុល្លារ​ក្រដាស​១ដុល្លារ​ ២​ដុល្លារ​និង​៥​ដុល្លារ។​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​សុក្រ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖ «ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​១$ ​២$ ​និង​៥$​ នៅ​តែ​ចាយ​បាន​ធម្មតា​នៅ​កម្ពុជា។ លោក​ចាត់ទុក​ព័ត៌មាន​នៃ​ការហាម​ប្រាម​មិន​ឲ្យ​ចាយ​គឺ​ជា​«ពាក្យ​ចចាម​អារ៉ាម»។​ លោក​បន្ត​ថា ​ប្រសិន​បើ​មាន​ការ​បញ្ឈប់​ឲ្យ​ចរាចរណ៍​ចាយ​លុយ​ក្រដាស​ប្រាក់​អាមេរិក​ប្រភេទ​ខាង​លើ​នេះ​គឺ​ប្រាកដ​ជា​មាន​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​មិន​ខាន។​

បន្ថែម​ពី​នេះ​សមាគម​ធនាគារ​នៅ​កម្ពុជា​និង​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​លើក​ឡើង​ថា​ស្ថាប័ន​ទាំង​នេះ​នៅ​តែ​បន្ត​ទទួល​ក្រដាស​ប្រាក់​ទាំង​នេះ​យក​តាម​តម្លៃ​សេដ្ឋកិច្ច​ ប៉ុន្តែ​លើក​ទឹក​ចិត្ត​សាធារណ​ជន​ឲ្យ​ប្រើ​ប្រាស់​ប្រាក់​រៀល។

ធនាគារ​ជាតិ​នៃ​កម្ពុជា​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ​ ខ្លួន​ជា​ស្ថាប័ន​តែ​មួយ​គត់​ដែល​ដឹក​ជញ្ជូន​រូបិយ​បណ្ណ​ ចេញ​ឬ​ចូល​កម្ពុជា។​ហើយ​ធនាគារ​ជាតិ ​ក៏​ជា​អ្នក​ចរាចរណ៍​ក្រដាស​ប្រាក់​ថ្មី​ពី​ធនាគារ​កណ្តាល​អាមេរិក​មក​កម្ពុជា​ដែរ។​

ធនាគារ​ជាតិ​បន្ថែម​ថា ​ ធនាគារ​ដៃ​គូ​ក្រៅ​ប្រទេស​ ដែល​ទទួល​យក​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​បាន​រឹត​បន្តឹង​ការ​ទទួល​ក្រដាស​ប្រាក់​ដុល្លារ​ អាមេរិក​តូចៗ​ហើយ​ធនាគារ​ទាំង​នេះ​មាន​ចំនួន​កាន់​តែ​តិច​ទៅៗ​ខណៈ​ក្រដាស​ដុល្លារ​អាមេរិក​ប្រភេទ​ ១$​ ២$​ និង​ ៥$​ គរជន់​នៅ​ធនាគារ​នេះ។​

ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ផ្តល់​ពេល​ចំនួន​៣​ ខែ​ ពោល​គឺ​រហូត​ដល់​ខែ​សីហា​ឲ្យ​ស្ថាប័ន​ធនាគារ ​និង​ហិរញ្ញ​វត្ថុ​នាំយក​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​តូចៗ​ទាំង​នេះ​ មក​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ដើម្បី​ដឹក​ជញ្ជូន​ចេញ​ទៅ​ក្រៅ​ប្រទេស​ ដោយ​ឥត​គិត​ថ្លៃ​សេវា។ ​ ហើយ​ធនាគារ​ជាតិ​នេះ​នឹង​បន្ត​ពិភាក្សា​ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ​ ដើម្បី​កំណត់​ពេល​សមស្រប​ដើម្បី​ផ្អាក​ការ​ទទួល​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូច​ទាំង​ស្រុង​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ។​

ការ​សម្រេច​របស់​ធនាគារ​កើត​ឡើង​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​ដែល​ដឹក​នាំ​ដោយ​លោក​ស្រី ​ជា សិរី ​អគ្គនាយក​បច្ចេកទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ជាមួយ​នឹង​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​ និងអ្នក​តំណាង​ក្នុង​វិស័យ​លក់​រាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​អំពី​បញ្ហា​ប្រឈម​នៃ​ចរាចរណ៍​ក្រដាស​ប្រាក់​និង​ផល​វិបាក​ក្នុង​ការ​គ្រប់គ្រង​ប្រភេទ​ក្រដាស​ប្រាក់​ទាំង​នេះ។​

ធនាគារ​ជាតិ​បាន​បន្ត​នៅ​ក្នុង​ន័យ​ដើម​ថា៖​

«ដោយ​ឡែក​ចំពោះ​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូច​ និង​ចាស់ ​ទក់​ រហែក​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ មាន​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​គុណភាព​ ដោយ​ហេតុ​ថា​ការ​ដឹក​ចេញ​ក្រដាស​ប្រាក់​ទាំង​នេះ​ ត្រូវ​ចំណាយ​ពលកម្ម​ និង​ថវិកា​ខ្ពស់​ ដែល​ខុស​ពី​ក្រដាស​ប្រាក់រៀល​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​អាច​កាត់​ និង​កម្ទេច​ចោល​ហើយ​ជំនួស​ដោយ​ក្រដាស​ប្រាក់​បោះ​ពុម្ព​ថ្មី»។​

រូបឯកសារ៖ ធនាគារ​ជាតិ​នៃ​កម្ពុជា ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម​ នៅ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៨ ខែ សីហា ២០១៥។ (VOA)
រូបឯកសារ៖ ធនាគារ​ជាតិ​នៃ​កម្ពុជា ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម​ នៅ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៨ ខែ សីហា ២០១៥។ (VOA)

អ្នក​ជំនាញ​សេដ្ឋ​កិច្ច​យល់​ស្រប​ថា​ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​ឲ្យ​ប្រាក់​រៀល​មាន​តម្លៃ​ខ្ពស់​ និង​ជួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ធនាគារ​ជាតិ។

លោក ​Stephen Higgins ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​វិនិយោគ ​Mekong Strategic Partners ​បាន​ប្រាប់​វីអូអេ​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ​ អាច​ប្រើ​ក្រដាស​ប្រាក់​រៀល​ជំនួស​ក្រដាស​ប្រាក់​ដុល្លារ​ទាំង​នេះ។​

លោក​បាន​សសេរ​នៅ​ក្នុង​សារ​អេឡិចត្រូនិក​ថា៖​«បន្ថែម​លើ​នោះ​ប្រជា​ពលរដ្ឋ​អាច​ប្រើ​ក្រដាស​ប្រាក់​ប្រាំពាន់​រៀល ​និង​២០០០០​រៀល។ ​ ការណ៍​នេះ​មិន​គួរ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​នោះ​ទេ»។​

លោក​បន្ថែម​ទៀត​ថា​ការ​សម្រេច​របស់​ធនាគារ​ជាតិ​កម្ពុជា​ក៏​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​នោះ​ដែរ។​

លោក​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖​«ខណៈ​ពេល​ដែល​ប្រាក់​ដុល្លារ​អាមេរិក​បម្រើ​សេដ្ឋកិច្ច​កម្ពុជា​បាន​ល្អ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ប្រាក់​ដុល្លារ​ក៏​នាំ​មក​នូវ​ការ​ប្រឈម​ដែល​នាំ​ឲ្យ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​មិន​បាន​ល្អ​ ដែល​ហេតុ​ដូច្នេះ​ហើយ​ជា​ច្រើន​ឆ្នាំ​មក​នេះ​ធនាគារ​ជាតិ​ព្យាយាម​លើក​កម្ពស់​ប្រាក់​រៀល​ជំនួស​វិញ»។​

លោក ​អ៊ូ វីរៈ ​ប្រធាន​អង្គការ​វេទិកា​អនាគត​ មាន​ប្រសាសន៍​ថា​ ការ​សម្រេច​នេះ ​មិន​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​នោះ​ទេ ​ ប៉ុន្តែ​អាច​មាន​ការ​រំខាន​ខ្លះ​ដល់​អ្នក​ដែល​មាន​ប្រាក់​ដុល្លារ។ ​

«វា​ចំណេញ​សម្រាប់​ធនាគារ​ជាតិ​ ប៉ុន្តែ​វា​ខាត​សម្រាប់​យើង​ដែរ​ដោយសារ​យើង​ ជាពិសេស​អ្នក​ដែល​ត្រូវ​ការ​ទិញ​ដូរ​ សម្រាប់​ទេសចរណ៍​សម្រាប់​អ្នក​វិនិយោគ​គឺ​គេ​ត្រូវ​តែ​ដូរ​លុយ​ខ្មែរ​សិន​ហើយ​ដល់​ពេល​គេ​ទៅ​វិញ​គេ​ត្រូវ​ដូរ​លុយ​ប្រទេស​គេ​វិញ​សិន»។​

លោក ​Jayant Menon ​អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​ស្ថាប័ន​ស្រាវជ្រាវ ​ISEAS-Yusof Ishak ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​បាន​ប្រាប់​វីអូអេ​នៅ​ក្នុង​សារ​អេឡិចត្រូនិក​ថា៖​«ការ​សម្រេច​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​នឹង​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ជា​មធ្យោបាយ​ដូរ​លុយ​ជាពិសេស​សម្រាប់​ដំណើរ​ការ​ផ្ទេរ​ប្រាក់។​នេះ​គឺ​ជា​ជំហាន​ត្រឹមត្រូវ​មួយ​ក្នុង​ផ្លូវ​វែង​ឆ្ងាយ​ខាង​មុខ​ទៀត​ទៅ​កាន់​សេដ្ឋកិច្ច​ដែល​មិន​ផ្អែក​លើ​លុយ​ដុល្លារ»។​

លោក​បន្ថែម​ទៀត​ថា៖​ «ប៉ុន្តែ​ដើម្បី​កាត់​បន្ថយ​លុយ​ដុល្លារ​ទាំង​ស្រុង​តែ​ម្តង​ លុយ​រៀល​ត្រូវ​តែ​អាច​ទុក​ចិត្ត​បាន​ និង​មាន​តម្លៃ។​ ការណ៍​នេះ​នឹង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត​ហើយ​ក៏​ទាក់ទង​នឹង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ ហិរញ្ញ​វត្ថុ​និង​អភិបាល​កិច្ច។ ​ ការណ៍​នេះ​ក៏​ត្រូវ​តែ​កើត​ឡើង​ដោយ​ឯក​ឯង​ ហើយ​មិន​អាច​មាន​ការ​ចាប់​បង្ខំ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG