បន្ទាប់ពីការវាយឆ្មក់នៃកងកុម្ម៉ង់ដូសហរដ្ឋអាមេរិក ដែលបានសម្លាប់ អូសាម៉ាប៊ិនឡាដិនមេដឹកនាំពួកអាល់កៃដាកាលពីដើមសប្តាហ៍មុននៅក្នុងទីក្រុង Abbottabad មក ក្រុមមន្ត្រីប៉ាគីស្តានបានចាប់ផ្តើមធ្វើការចាត់វិធានការណ៍សន្តិសុខមួយនៅទីនោះ។
ក្រុមប៉ូលីសនិងកងយោធាកំពុងបិទផ្លូវ ដើម្បីដាក់កន្លែងឆែកឆេរអត្តសញ្ញាណប័ណ្ណនិងធ្វើការឃាត់ខ្លួននៅក្នុងទីក្រុង Abbottabad កន្លែងដែល អូសាម៉ាប៊ិនឡាដិននិងគ្រួសាររបស់គាត់បានលាក់ខ្លួននៅក្នុងបរិវេណផ្ទះមានជញ្ជាំងមាំបិទជិត ដែលជាក់ស្តែងសង់សំរាប់ការលាក់កំបាំងខ្លួនដ៏ខ្ពស់បំផុត។
ប៉ូលីសកំពុងឆែកឆេរពីផ្ទះមួយទៅផ្ទះមួយ នៃពួកអ្នករស់នៅជិតខាងដើម្បីបញ្ជាក់ប័ណ្ណសំគាល់ខ្លួនអ្នករស់នៅ នៅក្នុងទីក្រុងនោះ ក្នុងកិច្ចប្រឹងប្រែងយ៉ាងជាក់ស្តែងមួយដើម្បីស្វែងរកបក្សពួកអ្នកគាំទ្របណ្តាញភេរវកម្មរបស់ ប៊ិនឡាដិន ខ្លះៗទៀតដែលអាចនៅមានសេសសល់។
មុនការវាយឆ្មក់ដ៏សម្ងាត់របស់ សរអា ដែលបានសម្លាប់ប៊ិនឡាដិន ទីក្រុង Abbottabad ដែលត្រូវបានចាត់ទុកថាជាទីក្រុងដ៏មានសុវត្តិភាពជាងគេបង្អស់មួយ នៃទីក្រុងទាំងឡាយនៅក្នុងខេត្ត Khyber-Pakhtunkhwa ដែលជាកន្លែងដែលមានការវាយប្រហារពួកសកម្មប្រយុទ្ធជាច្រើន។ ក្រុងនោះជាយោធភូមិមួយ ជាកន្លែងបណ្ឌិតសភាយោធារបស់ប្រទេស និងជាទីកន្លែងដ៏សមរម្យពិសេសមួយ សំរាប់ពួកយោធាចូលនិវត្តន៍។
ទោះជាយ៉ាងណាក្តីឥឡូវនេះ មានអ្នករស់នៅ នៅទីនោះខ្លះៗភ័យខ្លាចថាការវាយឆ្មក់នៅពេលយប់ដែលបានសម្លាប់ប៊ិនឡាដិននោះ អាចនាំមកនូវអំពើឃោរឃៅជាច្រើនទៀតដល់ទីក្រុង។ បុរសម្នាក់ដែលបានប្រាប់ថាឈ្មោះ Tariq និយាយថា គាត់និងគ្រួសាររបស់គាត់មិនមានអារម្មណ៍ ថាមានសុវត្តិភាពតទៅទៀតឡើយ។ Tariq និយាយថាគ្រួសាររបស់គាត់ខ្លាចខ្លាំងណាស់ ជាពិសេសនៅពេលយប់។ គាត់និយាយថា គាត់បារម្ភថា នឹងអាចមានការវាយប្រហារមួយទៀត។
អ្នករស់នៅក្នុងទីក្រុង Abbottabad ដទៃៗទៀត ដែលមិនធ្លាប់ជួបនឹងការត្រួតពិនិត្យសន្តិសុខតឹងរឹងបែបនេះ មិនសប្បាយចិត្តទេ។ និស្សិតសាកលវិទ្យាល័យម្នាក់ដែលប្រាប់ថាគាត់ឈ្មោះ Saif និយាយថា កន្លែងឆែកឆេរបណ្តាលឲ្យមានបញ្ហាច្រើន។
«យើងកំពុងប្រឈមនឹងបញ្ហាគួរឲ្យខ្លាចជាច្រើន ប៉ុន្តែបញ្ហាដែលខ្លាំងជាងគេបំផុតនោះគឺការឆែកសន្តិសុខ។ ខ្ញុំគិតថា វាជាការធ្វើឲ្យប្រសើរឡើងនោះជាការពិត ប៉ុន្តែក្រៅពីនោះ លោកអ្នកដឹងទេ ថាវានាំឲ្យមានការលំបាកខ្លាំងណាស់សព្វថ្ងៃនេះ។ កន្លែងឆែកឆេរ ព្រមទាំងប័ណ្ណសំគាល់ខ្លួនជាដើម។ល។នោះ មិនថាចំពោះលោកអ្នករស់នៅ ក្នុងតំបន់ណាមួយទេ។»
ក្រុមអ្នកកាសែតនៅក្នុងទីក្រុងរាយការណ៍ថា ពួកគេមិនត្រូវបានអនុញ្ញាតឲ្យទៅជិតបរិវេណផ្ទះនោះទេ។ អ្នកកាសែតជាច្រើនត្រូវបានព្រមានថានឹងត្រូវបណ្តេញចេញពីទីក្រុងទាំងអស់។នៅពេលជាមួយគ្នានេះ ក្រុមអាជ្ញាធរប៉ាគីស្តាននិយាយថា សម្រាប់ពេលនេះ វាដូចជាឆាប់ពេកដែលនិយាយថាតើនឹងមានអ្វីកើតឡើង ចំពោះផ្ទះសម្បែងដែលជាកន្លែងប៊ិនឡាដិនត្រូវបានសម្លាប់នោះ។
ប្រែសម្រួលដោយ នុច សារីតា