អតីតកម្មាភិបាលខ្មែរក្រហមមួយរូបដែលជាជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់នៃសំណុំរឿងបន្ថែមវាយបកចំពោះការចោទប្រកាន់របស់សហព្រះរាជអាជ្ញាអន្តរជាតិពីបទជាប់ទាក់ទិននឹងអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មផ្សេងៗទៀត ដោយព្រមានថានេះជាការចោទប្រកាន់សម្លាប់អាយុជីវិត។
អ្នកស្រី អ៊ឹម ចែម អាយុ៦៥ឆ្នាំជាអតីតចៅហ្វាយស្រុកព្រនេតព្រះនៅក្នុងខេត្តនៅភាគពាយព្យនិងធ្លាប់ជាប្រធានគុកភ្នំត្រយូងដែលមានមនុស្សយ៉ាងតិច៤០.០០០នាក់ស្លាប់នៅក្នុងទសវត្សរ៍១៩៧០។ បើតាមដីកាសន្និដ្ឋានរបស់សហព្រះរាជអាជ្ញាដដែល ដែលវីអូអេផ្នែកខេមរភាសាទទួលបានពីប្រភពស្និទ្ធនឹងតុលាការដែលសុំលាក់ឈ្មោះព្រោះជារឿងរសើបនោះ សហព្រះរាជអាជ្ញាអន្តរជាតិចោទប្រកាន់ជាបឋមថា អ្នកស្រីអ៊ឹម ចែមមានជាប់ទាក់ទិននឹងឧក្រិដ្ឋកម្មជាច្រើនមានដូចជាមនុស្សឃាត ធ្វើទារុណកម្ម ធ្វើទុក្ខបុកម្នេញផ្នែកសាសនាជាពិសេសជនជាតិចាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដូចជនសង្ស័យ៤នាក់ផ្សេងទៀតក្នុងសំណុំរឿង០០៣ និង០០៤។
ថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាកាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០១១ ក្នុងកិច្ច សម្ភាសជាពិសេសដ៏កំរមួយនៅផ្ទះរបស់អ្នកស្រីនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យអ្នកស្រី អ៊ឹម ចែម បានថ្លែងថាការចោទប្រកាន់អ្នកស្រីថាមានជាប់ទាក់ទិននឹងឧក្រិដ្ឋកម្មនានាសម័យខ្មែរក្រហមគឺជារឿងធ្ងន់ធ្ងរខុសពីការណ៍ពិត ជារឿងចោទសម្លាប់អ្នកស្រីឲ្យអស់ជីវិត។
«អស់ជីវិតដូចថាចោទខ្ញុំគ្រប់គ្រងគុកអី ខ្ញុំអត់បានដឹងផង។ បើអញ្ចឹងព្រះរាជអាជ្ញា នេះថាខ្ញុំនេះប្រព្រឹត្តអំពើអាក្រក់ យក(ខ្ញុំ)ទៅតុលាការ កាត់ទោសអញ្ចឹងទៅ ខ្ញុំមិន ត្រូវអស់ជីវិតហើយ (សើច)»។
អ្នកស្រីសុំឲ្យព្រះរាជអាជ្ញាជួយរកយុត្តិធម៌ជូនអ្នកស្រីដោយបង្ហាញពីក្តីបារម្ភចំពោះ ការចោទប្រកាន់ដែលអ្នកស្រីចាត់ទុកថាខុស។
«ខ្ញុំងាកមកខ្វល់ខ្វាយពីរឿងអ្នកដែលរាយការណ៍ចោទខ្ញុំវិញ។ មិនដឹងជាឈ្មោះណា មួយ ដែលចោទប្រកាន់ខ្ញុំហ្នឹង? រឿងនេះសុទ្ធតែជារឿងដល់អាយុជីវិតហើយពាក់ព័ន្ធនឹងនយោបាយ ហើយខុសនឹងការអនុវត្ត ការប្រព្រឹត្តិរបស់ខ្ញុំ ផ្ទុយគ្នា ស្រឡះដូចមេឃនិងដី»។
ក៏ប៉ុន្តែនៅក្នុងដីកាសន្និដ្ឋានលើកទី៣ជាឯកសារសម្ងាត់របស់សហព្រះរាជអាជ្ញាអន្តរជាតិចំនួន១១២ទំព័រជាភាសាអង់គ្លេសដែល វីអូអេខេមរភាសាទទួលបានពី ប្រភពស្និទ្ធនឹងតុលាការ សហព្រះរាជអាជ្ញាអន្តរជាតិបានស្នើកាលពីថ្ងៃ២០ខែវិច្ឆិកាឆ្នាំ២០០៨ ឲ្យសហចៅក្រមស៊ើបអង្កេត ធ្វើការទៅតាមច្បាប់ ស៊ើបអង្កេតអ្នកស្រី អ៊ឹម ចែមពីបទឧក្រិដ្ឋកម្មជាច្រើនរួមទាំងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ឯកសារដដែលនោះបានរៀបរាប់ពីឧក្រិដ្ឋកម្មលម្អិតនិងចំនួនមនុស្សស្លាប់ក្នុងមន្ទីរឃុំឃាំងនីមួយៗក្នុងស្រុកព្រនេតព្រះ គឺមន្ទីរឃុំឃាំងភ្នំត្រយ៉ូង ភូមិចក្រី វត្តព្រនេតព្រះនិង ចំការតាលីង ទំនប់ត្រពាំងថ្ម ស្ពានស្ពែ្រងនិងទំនប់ព្រៃរនាម។ ឯកសារជាដីកាសន្និដ្ឋានដំបូងដដែលបានបញ្ជាក់ថា «អ្នកស្រីអ៊ឹម ចែមត្រូវគេបញ្ជាក់ឲ្យដឹងថាជាប្រធាននៃមន្ទីរឃុំឃាំងភ្នំត្រយ៉ូងដែលមានអ្នកជាប់ឃុំឃាំង៤០.០០០នាក់ស្លាប់ពី ការសម្លាប់ អត់ឃ្លាន និងធ្វើការហួសកម្លាំង»។
ទោះបីជាយ៉ាងណាក៏ដោយអ្នកស្រី អ៊ឹម ចែមដូចជាជនសង្ស័យ៤នាក់ទៀតក្នុងសំណុំរឿង០០៣/០០៤ គឺស្ថិតក្នុងដៃសហចៅក្រមស៊ើបអង្កេតដែលត្រូវសម្រេចថា នឹងចាប់ខ្លួនមកឃុំបណ្តោះអាសន្ន ស៊ើបអង្កេតឬយ៉ាងណានោះ។ តែអ្នកស្រីអ៊ឹម ចែមបានអះអាងថាអ្នកស្រីជាអ្នកចូលទៅគ្រប់គ្រងថ្មីគ្មានជាប់ទាក់ទិននឹងអំពើ ឧក្រិដ្ឋកម្មហើយក៏មិនដឹងពីអំពើកាប់សម្លាប់នោះដែរ។
«មូលហេតុដែលខ្ញុំថាអត់ដឹងគឺអត់ដឹងមែន។ តែអ្នកដែលទទួលមុនខ្ញុំគេប្រព្រឹត្តក៏ ខ្ញុំអត់ដឹងព្រោះខ្ញុំទៅពីឆ្ងាយទៅខ្ញុំគិតតែទៅដើម្បីបំផុស ផ្សព្វផ្សាយឲ្យប្រជាជនខំ ដាំដុះ ខំធ្វើ ខំដកខំស្ទូងដើម្បីចិញ្ចឹមជីវិតកូនចៅតែប៉ុណ្ណឹង។ ភារកិច្ចខ្ញុំមានតែដឹកនាំ ប្រជាជនធ្វើស្រែធ្វើចំការដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណឹង។ ឯរឿងអីទៀតគេធ្វើមុនមកខ្ញុំ អត់ដឹង»។
អ្នកស្រី អ៊ឹម ចែមបានបដិសេធពីការបង្ខំឲ្យប្រជាជនទៅធ្វើទំនប់ត្រពាំងថ្មដែល បណ្តាលឲ្យមនុស្សជាច្រើនម៉ឺននាក់ស្លាប់ដោយអត់បាយនិងបាក់កម្លាំងឬការ សម្លាប់នោះដែរ។ ក៏ប៉ុន្តែអ្នកស្រីអះអាងថា នៅចុងឆ្នាំ១៩៧៧ អ្នកស្រី បានទទួល បញ្ជីឈ្មោះប្រជាជន១០០.០០០នាក់ពេលអ្នកស្រីទៅដល់ស្រុកព្រនេតព្រះបន្ទាប់ផ្លាស់ពីខេត្តតាកែវទៅ។
«គេប្រគល់បញ្ជីឲ្យខ្ញុំឃើញមាន១០ម៉ឺនមែនប៉ុន្តែដល់ខ្ញុំដើរពិនិត្យទៅវា បញ្ជីហ្នឹង ក៏ធ្វើខុសដែរ។ ខុសត្រង់ថាវាអត់គ្រប់ចំនួនដែលខ្ញុំគិតតាមភូមិនីមួយៗសរុបទៅ បានតែ៩ម៉ឺនទេ។អាបញ្ជី១០ម៉ឺនវាបាត់១ម៉ឺន»។
នៅពេលសួរថាតើបញ្ជីនោះគ្រាន់តែធ្វើសម្រាប់គ្រប់គ្រងចំនួនមនុស្សឬធ្វើដើម្បីអ្វី? អ្នកស្រី អ៊ឹម ចែមបាន អះអាងថា៖ «គេធ្វើ។មិនដឹងជាផែនការគេពីមុនយ៉ាងម៉េចតែគេយកបញ្ជីហ្នឹងមកប្រគល់ឲ្យខ្ញុំគឺខ្ញុំគ្រប់គ្រងចំនួនប្រជាពលរដ្ឋដែលនៅក្នុងស្រុកហ្នឹងមែន»។
អ្នកស្រីអ៊ឹមចែមបានចូលធ្វើសមាទានសីលកាលពីឆ្នាំ២០០៥ ដើម្បីសាងបុណ្យ សន្សំ កុសលតាមប្រពៃណីអ្នកកាន់ព្រះពុទ្ធសាសនា។ អ្នកស្រីទៅកាន់វត្តអារាមក្បែរផ្ទះជារៀងរាល់ថ្ងៃសីលនិងពិធីបុណ្យតាមព្រះពុទ្ធសាសនាផ្សេងៗ។
ចៅក្រមកម្ពុជាក្នុងតុលាការកាត់ទោសខ្មែក្រហមប្រកាន់ជំហរដូចរដ្ឋាភិបាលកម្ពុជាគឺជំទាស់នឹងការប៉ុនប៉ងនាំខ្លួនជនសង្ស័យ៥នាក់បន្ថែមទៀតនៃសំណុំរឿង ០០៣/ ០០៤មកកាត់ទោស ដោយបារម្ភខ្លាចប៉ះពាល់ដល់សន្តិភាពដែលទើបកើតមានក្នុងប្រទេសកម្ពុជា។ តែរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនត្រូវទទួលរងការចោទប្រកាន់ថាជ្រៀតជ្រែកផ្នែកនយោបាយក្នុងដំណើការស្វែងរកយុត្តិធម៌របស់តុលាការ។
សំណុំរឿង០០៣/០០៤ មានលោកស៊ូ ម៉េត លោកមាស មុត តាទិត តា អាន និង អ្នកស្រី អ៊ឹម ចែម។ ឈ្មោះទាំង៥នាក់នេះត្រូវបញ្ចេញជាសាធារណៈជាលើកដំបូងដោយបណ្តាញព័ត៌មាន The Scoop នៃប្រទេស New Zealand និង The Christian Science Monitor នៅពេលថ្មីៗនេះដែរ។
ជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់គឺអ្នកស្រីអ៊ឹម ចែម បច្ចុប្បន្នជាជំទប់ទី១នៃឃុំ ត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ អ្នកស្រីមានស្រុកកំណើតនៅភូមិក្បាលអូ ស្រុកត្រាំកក់ ខេត្តតាកែវ។
តុលាការខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិគ្រោងនៅខែកញ្ញាខាងមុខនឹងកាត់ទោសសំណុំរឿង០០២ឬសំណុំរឿងមេដឹកនាំកំពូលៗ ដែលមានវ័យចំណាស់ៗ៤នាក់នៃរបបកម្ពុជាប្រជាធិបតេយ្យមាន នួន ជាបងធំ ទី២ ខៀវ សំផន ប្រមុខរដ្ឋ អៀង សារី រដ្ឋមន្ត្រីការបរទេស និង អៀង ធីរិទ្ធរដ្ឋមន្ត្រី ក្រសួងសង្គមកិច្ចពីបទជាប់ទាក់ទិននឹងឧក្រិដ្ឋកម្មនានាដែលមានពលរដ្ឋជាង១,៧នាក់ស្លាប់ចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩។ តុលាការបានកាត់ទោសសំណុំរឿង០០១ គឺកាំង ហ្កេកអ៊ាវហៅឌុចអតីតប្រធានគុកទួលស្លែងស ២១របស់ខ្មែរក្រហមដែល ទទួលខុសត្រូវចំពោះការកាប់សម្លាប់ពលរដ្ឋស្លូតត្រង់ជាង១២.០០០នាក់៕