ព្យុះរដូវរងាដ៏កំណាចបានបង្កគ្រោះថ្នាក់និងទុក្ខវេទនាឱ្យប្រជាពលរដ្ឋអាមេរិកាំងរាប់លាននាក់ក្នុងថ្ងៃបុណ្យណូអែលកាលពីថ្ងៃអាទិត្យ នៅពេលដែលបណ្ដារដ្ឋភាគខាងកើតមួយចំនួនរបស់សហរដ្ឋអាមេរិក ជួបប្រទះនូវការធ្លាក់ព្រិលទឹកកកដ៏ច្រើនសន្ធឹកសន្ធាប់និងធាតុអាកាសត្រជាក់ខ្លាំង ដោយធ្វើឱ្យការស្លាប់ពាក់ព័ន្ធនឹងធាតុអាកាសនេះបានកើនឡើងរហូតដល់យ៉ាងតិច ៣២ នាក់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
វិបត្តិមួយបានកើតឡើងនៅក្នុងទីក្រុង Buffalo ភាគខាងលិចរដ្ឋ New York ដែលនៅទីនោះ ព្យុះព្រិលទឹកកកធ្ងន់ធ្ងរដែលមានកម្ពស់រហូតដល់ជិត ២ ម៉ែត្រកន្លះ និងការដាច់ចរន្តអគ្គិសនីបានបង្កឱ្យមានស្ថានការណ៍គ្រោះថ្នាក់ដល់ជីវិតនិងធ្វើឱ្យទីក្រុងនេះក្លាយជាទីក្រុងដាច់ឆ្ងាយពីគេឯង ដោយសេវាផ្នែកសង្គ្រោះបន្ទាន់មិនអាចចូលទៅដល់តំបន់ដែលរងគ្រោះខ្លាំងក្លាបំផុតនានាបាន។
អភិបាលរដ្ឋ New York អ្នកស្រី Kathy Hochul ដែលមានដើមកំណើតមកពីទីក្រុង Buffalo នេះ បាននិយាយថា៖ «វាប្រៀបដូចជាធ្វើដំណើរទៅតំបន់សង្គ្រាមដូច្នេះដែរ ហើយរថយន្តនានានៅតាមដងផ្លូវមើលទៅគួរឱ្យរន្ធត់បំផុត»។
អ្នកស្រី Hochul បានប្រាប់អ្នកកាសែតកាលពីល្ងាចថ្ងៃអាទិត្យថា ពលរដ្ឋនៅតែស្ថិតក្នុងទុក្ខវេទនានៃ «ស្ថានភាពគំរាមកំហែងដល់ជីវិតដ៏គ្រោះថ្នាក់បំផុត»។ អ្នកស្រីបានរំឭកអ្នកដែលនៅតំបន់នោះកុំឱ្យចេញក្រៅ។
មនុស្សជាង ២០០.០០០ នាក់នៅតាមបណ្តារដ្ឋជាច្រើននៅភាគខាងកើតសហរដ្ឋអាមេរិកបានភ្ញាក់ពីដំណេកដោយគ្មានអគ្គិសនីនៅព្រឹកថ្ងៃបុណ្យណូអែលកាលពីថ្ងៃអាទិត្យ ហើយមនុស្សជាច្រើនទៀតបានផ្អាកគម្រោងធ្វើដំណើររដូវឈប់សម្រាករបស់ពួកគេ បើទោះបីជាព្យុះរយៈពេល ៥ ថ្ងៃនេះ ដែលមានស្ថានភាពព្យុះព្រិលទឹកកកធ្ងន់ធ្ងរនិងខ្យល់បក់បោកខ្លាំងហាក់ថមថយឥទ្ធិពលរបស់ខ្លួនក៏ដោយ។
ធាតុអាកាសត្រជាក់ខ្លាំងនេះបានធ្វើឱ្យសីតុណ្ហភាពនៅក្នុងរដ្ឋចំនួន ៤៨ របស់ដីគោកសហរដ្ឋអាមេរិកធ្លាក់ដល់ក្រោមសូន្យអង្សាសេកាលពីចុងសប្ដាហ៍ បានបង្អាក់ដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងរដូវឈប់សម្រាកដោយធ្វើឱ្យជើងហោះហើររាប់ពាន់ត្រូវលុបចោល និងធ្វើឱ្យពលរដ្ឋមួយចំនួនជាប់គាំងនៅក្នុងផ្ទះដែលគ្របដណ្ដប់ដោយព្រិលទឹកកក។
មនុស្សយ៉ាងតិច ៣២ នាក់បានស្លាប់ពាក់ព័ន្ធនឹងបញ្ហាធាតុអាកាសនេះនៅក្នុងរដ្ឋចំនួន ៩ ដែលក្នុងនោះមនុស្សចំនួនយ៉ាងតិច ១៣ នាក់ស្លាប់គឺនៅក្នុងស្រុក Erie ដែលទីក្រុង Buffalo ស្ថិតនៅក្នុងស្រុកនោះ។ អាជ្ញាធរព្រមានថា ចំនួនស្លាប់នេះនឹងឡើងទៀត។
អាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុង Buffalo នៅបិទដំណើរការរហូតដល់ថ្ងៃអង្គារស្អែក ហើយការហាមឃាត់ការធ្វើដំណើរនៅតែចូលជាធរមានសម្រាប់ស្រុក Erie ទាំងមូល៕