ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​ភាគច្រើន​​របស់​អាមេរិក​កំពុង​​ស្ថិត​ក្រោម​ការ​បោកបក់​នៃ​ព្យុះ​រដូវរងា​ដ៏​ធំ​មួយ​


ពលរដ្ឋ​ម្នាក់​យក​ភួយ​រុំ​ខ្លួន​ខណៈ​ឆ្លង​កាត់​ផ្លូវ​ដែល​ត្រូវ​គ្រប​ដណ្តប់​ដោយ​ព្រិល​ទឹកកក​​នៅ​ទី​ក្រុង St. Louis សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២។
ពលរដ្ឋ​ម្នាក់​យក​ភួយ​រុំ​ខ្លួន​ខណៈ​ឆ្លង​កាត់​ផ្លូវ​ដែល​ត្រូវ​គ្រប​ដណ្តប់​ដោយ​ព្រិល​ទឹកកក​​នៅ​ទី​ក្រុង St. Louis សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២។

នៅ​មុនការ​សម្រាក​សម្រាប់​ពិធី​បុណ្យ​ណូអែល​នេះ សហរដ្ឋ​អាមេរិក​ កំពុង​ទទួលរង​នូវព្យុះ​ដ៏​ធំមួយ។ ​ជើង​យន្តហោះរាប់​ពាន់របស់​យន្តហោះ​ដឹកអ្នកដំណើរ​ ត្រូវបាន​លុបចោល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។ ​

ទីភ្នាក់ងារអាកាស​ធាតុ​ជាតិ​អាមេរិក​ និយាយ​ថា​ ព្យុះ​ជា​ប្រវត្តិសាស្ត្រ​នៃ​រដូវ​រងា​មួយ​ កំពុងបន្ទុច​បង្អាក់​សកម្មភាព​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ នៅ​ក្នុង​ផ្នែក​ជា​ច្រើន​របស់ប្រទេស​អាមេរិក ហើយ​អាចឆ្លង​ចូល​ដល់​ចុងសប្តាហ៍​នេះដែល​ជា​ថ្ងៃ​បុណ្យ​ណូអែលផង​ដែរ។​ មនុស្ស​ប្រមាណ​ជាង​២០០​លាន​នាក់​ ឬ​ប្រហែល​៦០ភាគ​រយ​ក្នុង​សហរដ្ឋ​អាមេរិក​ កំពុង​ស្ថិត​ក្រោម​ការ​ជូន​ដំណឹងឬ​ការ​ព្រមាន​ពី​អាកាសធាតុ​នៃរដូវ​រងា​នេះ។​

ទី​ភ្នាក់ងារ​សារព័ត៌មាន ​AP​ រាយការណ៍​ថា ក្នុង​រដ្ឋ South Dakota អាជ្ញាធរ​ក្នុង​តំបន់ជនជាតិ​ដើម​កុលសម្ព័ន្ធ​អាមេរិក​ Rosebud Sioux ​និយាយ​ថា​ គេ​កំពុង​ប្រឈម​នឹង​ខ្យល់​បក់​ខ្លាំង​ឥតឈប់ឈរ​ ដែល​ធ្វើ​ឱ្យ​មាន​ការប៉ើង​របស់​របរ​រហូត​ដល់ជាង​៣​ម៉ែត្រ​ក្នុង​កន្លែងមួយ​ចំនួន​ ស្រប​ពេល​ដែល​ពួក​គេ​កំពុង​ព្យាយាម​សម្អាតផ្លូវ​ និង​ដឹកជញ្ជូន​អុស​និង​ហ្គាស​ទៅ​ឱ្យ​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន។​ ​

ទី​ភ្នាក់ងារ​អាកាស​ធាតុ​ជាតិ​អាមេរិក​និយាយ​ថា​ ខ្លួន​បាន​ចេញ​សារ​ព្រមាន​និង​ការ​ណែនាំ​ជា​ច្រើន​ ​ជុំវិញ​អាកាស​ធាតុដែល​មិន​ធ្លាប់​មាន​ក្នុង​ពេល​កន្លង​ទៅ។​

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក Joe Biden បាន​ព្រមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ពី​ព្យុះដែល​អាច​បណ្តាល​ឱ្យ​គ្រោះថ្នាក់មួយ​ ដោយនិយាយ​ថា៖​ «​នេះ​ជា​សារ​ព្រមានដ៏​ខ្លាំង​មួយនៃអាកាសធាតុមិន​ល្អ​ ហើយ​អាច​នឹងធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ជា​ខ្លាំង»។ ​លោក Biden ក៏​បាន​លើក​ទឹកចិត្តដល់​ពលរដ្ឋ​អាមេរិក​ទាំង​អស់​ឱ្យ​យក​ចិត្ត​ទុកដាក់​តាម​ដាន​នូវ​ការ​ព្រមាន​ជូន​ដំណឹង​របស់​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ៕ ​

XS
SM
MD
LG