ទីក្រុងប៉ារីស៖ សហគមន៍អន្តរជាតិគាបសង្កត់ លោក ឡរ៉ិន បាហ្កបូ (Laurent Gbagbo) ដែលជាប្រធានាធិបតីនៃប្រទេស អាយវ៉ូរី ខូស្ត (Ivory Coast) ឲ្យចុះចេញពីដំណែង ដោយជ្រើសយកទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយធ្វើជាមធ្យោបាយ។
ជាងមួយខែមកហើយ ចាប់តាំងពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អាយវ៉ូរី ខូស្ត (Ivory Coast) ដែលប្រទេសភាគច្រើនចាត់ទុកថា លោក អាឡាសាន វ៉ាតារ៉ា (Alassane Ouattara) ជាអ្នកឈ្នះ។ ប៉ុន្តែ លោកប្រធានាធិបតីដែលកំពុងកាន់អំណាច ឡរ៉ិន បាហ្កបូ (Laurent Gbagbo) បានក្រាញននៀលមិនព្រមបោះបង់ចោលអំណាចទេ។ លោកមានពេលបន្ថែមទៀតរហូតដល់ថ្ងៃអង្គារ បន្ទាប់ពីគណៈប្រតិភូនៃក្រុមមេដឹកនាំប្រទេសអាហ្រ្វិកខាងលិច បរាជ័យក្នុងការបញ្ចុះបញ្ចូលឲ្យលោកចុះចេញពីដំណែង។ ការគំរាមកំហែងធ្វើអន្តរាគមន៍យោធាពីក្រុមប្រទេសក្នុងតំបន់អាហ្រ្វិកខាងលិច ដែលហៅកាត់ជាភាសាអង់គ្លេសថា ECOWAS ត្រូវបានផ្អាកមួយរយៈសិន ខណៈដែលការចរចាកំពុងបន្ត។
ប៉ុន្តែ លោក នុ អាគុអឺតេហ៍ (Nu Akuetteh) អ្នកវិភាគមួយរូបដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និយាយថា ការថ្កោលទោសលោក បាហ្កបូ ជាអន្តរជាតិកំពុងតែមានសភាពខ្លាំងឡើង។ អាគុអឺតេហ៍ គឺជាអតីតនាយកអង្គការសកម្មភាពអាហ្រ្វ៊ិក (Africa Action) ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់សហរដ្ឋអាមេរិក ហើយបានចំណាយពេលជាច្រើនឆ្នាំធ្វើការនៅអាហ្រ្វិកខាងលិច។ លោកថ្លែងថា៖
«ទ្វីបអាហ្រ្វិកមានវិបត្តិស្រដៀងគ្នាជាច្រើន។ ប៉ុន្តែ ករណីមួយនេះមានលក្ខណៈពិសេសខុសពីគេ ដោយវាបានបង្ហាញថាតើ សហគមន៍អាហ្រ្វិក និងក្រុមប្រទេសក្នុងតំបន់អាហ្រ្វិកខាងលិច សហការគ្នាយ៉ាងដូចម្តេចក្នុងការជំរុញឲ្យលោក បាហ្កបូ ចុះចេញពីដំណែង»។
សម្រាប់ពេលនេះ សម្ពាធសេដ្ឋកិច្ច និងនយោបាយគឺជាមធ្យោបាយនៃជម្រើស។ សហព័ន្ធអឺរ៉ុប និងសហរដ្ឋអាមេរិក បានរិតត្បិតលើការធ្វើដំណើររបស់លោក បាហ្កបូ និងបក្ខពួករបស់លោក។ ធនាគារពិភពលោកបានបង្កកប្រាក់កម្ចីទៅឲ្យប្រទេស អាយវ៉ូរី ខូស្ត ហើយធនាគារកណ្តាលអាហ្រ្វិកខាងលិច បានបង្វែរការគ្រប់គ្រងប្រាក់បំរុងរបស់រដ្ឋទៅឲ្យលោក វ៉ាតារ៉ា។
ប្រទេសបារាំង កាណាដា សហព័ន្ធអឺរ៉ុប និងអង្គការសហប្រជាជាតិ ឈប់ទទួលស្គាល់ឯកអគ្គរដ្ឋទូតរបស់លោក បាហ្កបូ ទៀតហើយ។ ឯកអគ្គរដ្ឋទូតប្រចាំនៅអង្គសហប្រជាជាតិ ដែលលោក វ៉ាតារ៉ា ទើបតែងតាំងថ្មី បានចាប់ផ្តើមការងាររបស់ខ្លួនរួចហើយ។កាសែត ឡឺ ហ្វ៊ីហ្ការ៉ូ (Le Figaro) របស់បារាំងបានរាយការណ៍ថា សហព័ន្ធអឺរ៉ុបប្រហែលជាដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតនៅដើមខែមករានេះ ប្រសិនបើលោកបាហ្កបូ មិនព្រមចុះចេញពីអំណាច។
លោក អាគុអឺតេហ ជឿជាក់ថា ទណ្ឌកម្មតឹងតែងជាងនេះបន្ថែមទៀតត្រូវតែមាននាពេលឥឡូវនេះ ដែលរួមបញ្ចូលទាំងការបង្កកគណនីធនាគារក្រៅប្រទេសរបស់លោក បាហ្កបូ និងភរិយារបស់លោកផង។ លោកមានប្រសាសន៍ថា៖
«ខ្ញុំយល់ស្របទាំងស្រុងថា យើងត្រូវតែព្យាយាមដាក់ទណ្ឌកម្មជាមុនសិន។ ប៉ុន្តែ ទណ្ឌកម្មនោះត្រូវតែធ្ងន់ធ្ងរ។ ខ្ញុំគិតថា ទណ្ឌកម្មកន្លងមកធ្វើឡើងមិនរហ័ស និងធ្ងន់ធ្ងរគ្រប់គ្រាន់នៅឡើយទេ»។
លោក វ៉េណានស៍ កូណាន (Venance Konan) ដែលជាអ្នកនិពន្ធ និងជាអ្នកកាសែតឯករាជ្យជាតិ អាយវ៉ូរី ខូស្ត ដ៏ល្បីល្បាញមួយរូប ដែលមានមូលដ្ឋាននៅក្នុងទីក្រុងអាប៊ីដ្យាន (Abidjan) បានយល់ស្របនឹងតម្រូវការនៃការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុឲ្យបានខ្លាំងក្លាជាងនេះបន្ថែមទៀត ដោយលោកបានថ្លែងថា៖
«យើងសង្ឃឹមថា សហគមន៍អន្តរជាតិនឹងបង្កើនសម្ពាធ ហើយយើងសង្ឃឹមថាសម្ពាធនេះនឹងមានប្រសិទ្ធិភាព។ សម្ពាធនេះនឹងមិនមានប្រសិទ្ធិភាពលើលោកបាហ្កបូទេ ពីព្រោះខ្ញុំគិតថា គាត់គឺពិតជាមនុស្សផ្តេសផ្តាសណាស់ ប៉ុន្តែសម្ពាធនេះត្រូវមានប្រសិទ្ធិភាពលើពួកយោធាដែលការពារគាត់»។
លោក កូណាន និយាយថា ការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុនឹងដកហូតមធ្យោបាយរបស់លោក បាហ្កបូ ក្នុងការបើកប្រាក់ខែឲ្យពួកទាហានទាំងអស់នោះ។ ប្រសិនបើពួកគេមិនបានទទួលបានប្រាក់ខែ ពួកគេប្រហែលជាប្រឆាំងតបនឹងគាត់វិញ។
ក្នុងពេលជាមួយគ្នានោះ ក្រុមអ្នកសង្កេតការណ៍បានព្រមានថា ជម្រើសមួយទៀតនោះគឺថា អន្តរាគមន៍ផ្នែកយោធាដើម្បីបណ្តេញលោក បាហ្កបូ ចេញពីអំណាច អាចនឹងបង្កឲ្យមានការប្រយុទ្ធរាលដាលទៅក្នុងប្រទេសផ្សេងៗទៀតក្នុងទ្វីបអាហ្រ្វិក។ កូណាន ថ្លែងថា៖
«យើងបារម្ភថា ជម្រើសផ្នែកយោធាអាចបង្កឲ្យស្លាប់មនុស្សយ៉ាងច្រើន។ ប៉ុន្តែ នៅទីបំផុត ប្រសិនបើទណ្ឌកម្ម និងសម្ពាធអន្តរជាតិ គ្មានប្រសិទ្ធិភាពលើលោក បាហ្កបូ នោះ ជម្រើសផ្នែកយោធាប្រហែលជាជម្រើសចុងក្រោយ»។
ខណៈដែលពេលវេលាបានអូសបន្លាយ អ្នកវិភាគ អាគុអឺតេហ និយាយថា អំណាចនឹងស្ថិតក្នុងដៃរបស់លោក បាហ្កបូ។ បន្ទាប់ពីជម្លោះអស់រយៈពេលជាច្រើនឆ្នាំ ប្រជាពលរដ្ឋអាយវ៉ូរី ខូស្ត មានការនឿយណាយ។ ហើយលោក បាហ្កបូ ជំនាញខាងពន្យាពេល ដើម្បីខ្លូនអាចបន្តកាន់អំណាចរយៈពេល៥ឆ្នាំបន្ថែមទៀត បន្ទាប់ពីអណត្តិប្រធានាធិបតីរបស់គាត់អស់សុពលភាព។ លោក អាគុអឺតេហនិយាយថា៖
«គាត់គិតថា ប្រជាពលរដ្ឋនឹងបាត់បង់ការចាប់អារម្មណ៍ ហើយសហគមន៍អន្តរជាតិនឹងប្តូរការចាប់អារម្មណ៍របស់គេទៅកន្លែងផ្សេងទៀត»។
ប្រសិនបើទណ្ឌកម្មបរាជ័យ អ្នកវិភាគជនជាតិបារាំងលោក ប៊ូម៉ូដ (Bourmaud) និយាយថា វានឹងបង្ហាញអំពីភាពមានកម្រិតនៃការងារការទូតអន្តរជាតិ និងការរួបរួមនៃទ្វីបអាហ្រ្វិក។ ប៉ុន្តែ លោកជឿជាក់ថា ប្រសិនបើទណ្ឌកម្មជោគជ័យ វាអាចបង្កើតជាគំរូមួយសម្រាប់ដោះស្រាយវិបត្តិនៅក្នុងទ្វីបអាហ្រ្វិកនាពេលអនាគត៕
ប្រែសម្រួលដោយ ឌី ខាំបូលី