[កំណត់សម្គាល់អ្នកកែសម្រួល៖ បញ្ហាជាច្រើនកើតចេញពីការប្រើបា្រស់ជីគីមីសម្រាប់ផលិតកម្មកសិកម្ម។ អ្នកជំនាញកសិកម្មលើកទឹកចិត្តដល់កសិករខ្មែរ ឲ្យងាកមករកការដាំដំណាំសរីរាង្គដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី ដែលបង្កឲ្យមានភាពរិចរិលដល់ស្រែចម្ការ និងបំពុលបរិដ្ឋាន។ ខាងក្រោមនេះ គឺជាបទសម្ភាសរបស់ធីតា វីន នៃវីអូអេសំឡេងសហរដ្ឋអាមេរិក និងលោកសម សុធារិទ្ធ អ្នកគ្រប់គ្រងកសិដ្ឋាននៃដំណាំសរីរាង្គនៅឃុំកោះក្របី ខេត្តកណ្តាលដែលមានខ្លឹមសារដូចតទៅ៖]
ស៖ សូមឲ្យលោកជួយពន្យល់ថាអ្វីទៅជាកសិដ្ឋានសរីរាង្គ?
ច៖ កសិដ្ឋានសរីរាង្គគឺគោលដៅអ្វីម៉េច ដើម្បីកាត់បន្ថយគីមី ប្រើជីធម្មជាតិ។ ជីដែលផលិតដោយខ្លួនឯងខ្លះ ជីធម្មជាតិដែលយើងទិញខ្លះ។
ស៖ ហេតុអ្វីបានជាលោក មានគំនិតបង្កើតកសិដ្ឋានសរីរាង្គនេះឡើង?
ច៖ ម្ចាស់កសិដ្ឋាននោះកន្លងមក គាត់ដាំបន្លែទូទៅ ដូចជាចេក ល្ហុង។ ដល់ពេលកូនគាត់ដូចថា គាត់បានទៅលេងស្រុកក្រៅមើលឃើញកសិដ្ឋានគេអញ្ចឹងទៅក៏មានគំនិតចង់ដាំបន្លែនៅស្រុកយើង។ កសិដ្ឋាននេះទាំងអស់គឺមានផ្ទៃដី២ហិកតា។ ប៉ុន្តែផ្ទៃក្រឡាដែលយើងដាំសុទ្ធ បានតែមួយហិកតាកន្លះទេ។ ទើបតែចាប់ផ្តើមបានមួយកន្លែងហ្នឹងទេ ប៉ុន្តែគម្រោងរបស់ម្ចាស់កសិដ្ឋានហ្នឹង គាត់ចង់បង្កើតពីរកន្លែងទៀត ប៉ុន្តែជាសមាគម និងមួយកន្លែងទៀតនៅមណ្ឌលគីរី។ ប៉ុន្តែប្រហែលជាគាត់ដាំជាផ្លែឈើ នៅមណ្ឌលគីរី នៅកំពង់ស្ពឺដាំប្រភេទសាឡាត់ដូចខាងនោះអញ្ចឹងដែរ។
ស៖ តើមុនដំបូងបន្លែផ្លែឈើសរីរាង្គនេះ មានការទទួលគាំទ្របែបម៉េចចំពោះអតិជនដែរ?
ច៖ បន្លែសរីរាង្គនេះភាគច្រើនអតិថិជនដែលគាំទ្រផ្នែកបរទេសភាគច្រើនអាចប្រហែលដល់៨០ភាគរយ។ ប៉ុន្តែខ្ញុំសង្កេតមើលតែក្នុងទីផ្សារហ្នឹង ភាគច្រើនហ្នឹងគឺគាត់អ្នកមានធនធាន។ ឥឡូវនេះខុសពីមុន វាមានអតិថិជនគាំទ្រច្រើនជាងមុន។ គាត់ចាប់ផ្តើមដំបូងប្រហែលជា៣០ភាគរយទេ ដែលចូលទៅទិញ តែបច្ចុប្បន្ននេះ គាត់មានការគាំទ្រច្រើនជាងមុន មានន័យថាកាលពីមុន ខ្ញុំយកទៅលក់ដប់គីឡូអញ្ចឹង។ លក់នៅសល់ប្រាំគីឡូ ឬបីគីឡូមកវិញ។ ប៉ុន្តែសព្វថ្ងៃនេះ ខ្ញុំយកទៅម្ភៃគីឡូ គឺលក់ឥតគ្រាន់ទេ។ បានន័យថា គាត់គាំទ្របន្លែដែលយើងយកទៅដាំច្រើនជាងមុន។
ស៖ ការដាំបន្លែនេះ តើលោកបាននាំគ្រាប់ពូជពីខាងណាដែរ?
ច៖ ភាគច្រើនគឺគាត់យកគ្រាប់ពូជមកពីស្រុកក្រៅ សឹងតែគ្រប់ប្រទេសដែលផលិតគ្រាប់ពូជហ្នឹង ហើយមានក្រុមហ៊ុនវៀតណាមមួយ។ គាត់ទទួលយកមកទុកនៅក្រុមហ៊ុនហ្នឹង។ ខ្ញុំមើលទៅច្រើនកញ្ចប់ មានតាំងពីជប៉ុន កូរ៉េ ម៉ាឡេស៊ី សាំងហ្គាពួរ មានចិនអីនៅក្នុងហ្នឹង។ នៅកសិដ្ឋាននេះ ផ្តោតទៅលើបន្លែប្រភេទបន្លែអ៊ឺរ៉ុប។ ខ្ញុំដាំទាំងអស់។ វាមាន១២មុខ។ វាមានប៉ាតារីយ៉ា រ៉ូម៉ែន រ៉េត ក្លូរ៉ូ អ៊ុកលីរ៉េត អ៊ុកលីការ៉ីន អាយស្បើត ដូចជារ៉ូកែត កាតូត កាធំ ព្យីស្សេរ។ ប្រភេទជី វាមានបីទៀត ជីហ្នឹង វាមានឌៀល ហ៊ាស្លី ប៉ាស៊ីន។ ផ្លែឈើដាំទៅមិនអាចពេញមួយឆ្នាំ តាមរបៀប តាមរដូវ ជាប៉េងប៉ោះ ជាត្រសក់។
ស៖ ហេតុអ្វីបានជាលោកជ្រើសរើសយកបន្លែប្រភេទនេះមកដាំក្នុងនៅកសិដ្ឋាន ហើយដែលលក់នៅក្នុងទីផ្សារនៅក្នុងប្រទេសកម្ពុជា?
ច៖ ខ្ញុំជ្រើសរើសយកបន្លែនេះ ទី១សំដៅទៅលើការដាំមិនបាន។ ទី២ សំដៅទៅលើទីផ្សារ។ ខ្ញុំយកទៅមានផ្សារតែមួយទេ ដែលគេហៅថាសួនផ្សារធម្មជាតិនៅផ្លូវ៦៣គឺផ្លូរត្រសក់ផ្អែម។ នៅទល់មុខពេទ្យមេគង្គ ប៉ុន្តែផ្សារហ្នឹងគេបែងចែក គេបំបែក។ គេដើរដាក់តាមហាង ឬក៏តាមអូតែល។
ស៖ សុំឲ្យលោកជួយបញ្ជាក់ថា ក្នុងលក់មួយថ្ងៃ តើការលក់បន្លែសរីរាង្គហ្នឹងអស់ប៉ុន្មានគីឡួក្រាម? អាចចំណូលជាទឹកប្រាក់បានប៉ុន្មាន? ហើយចង់ឲ្យលោកបញ្ជាក់ដែរ តើក្នុងមួយខែ ឬមួយឆ្នាំខាងលោកអាចរកចំណូលពីបន្លែសរីរាង្គបានប៉ុន្មានដែរ បើសិនជាយើងផាត់ថ្លៃកម្មករ ផាត់ថ្លៃចំណាយទាំងអស់?
ច៖ គឺបន្លែហ្នឹង ខ្ញុំយកទៅលក់វាបានតម្លែមួយដូល្លារ។ ប្រភេទជីបានតម្លែជាងមួយដូល្លារ។ ក្នុងខែ១០ ខែ១១ ខែ១២ ខែ១ ខែ២ និងខែ៣ ប្រាំមួយខែហ្នឹង គឺយើងអាចលក់បានរហូតដល់ជាង៨០គីឡូ ទៅ១០០គីឡូក្នុងមួយថ្ងៃ។ ប៉ុន្តែចន្លោះពីប្រាំមួយខែហ្នឹងទៅ ធ្លាក់ចុះរហូតបានមួយថ្ងៃបានតែ១០គីឡូក៏មាន។ អញ្ចឹងបើយើងគិតមួយឆ្នាំពេញ គឺវាបានត្រឹមតែរួចខ្លួន។ យើងគិតពីខែ វាអាចមានខែឡើង ខែចុះ។ តាំងពីចាប់ឆ្នាំ២០០៩ រហូតមកដល់សព្វថ្ងៃនេះ វាពីរឆ្នាំ។ តាមខ្ញុំគិតមើលទៅ ការចំណាយ និងចំណូល គឺស្មើនៅឡើយ។ យើងបានមកចំណាយទៅវិញ។ វាមិនខាត ហើយក៏មិនបានចំណេញដែរ។ ការធ្វើកសិកម្មគឺរយៈពេលបីថ្ងៃឡើង បានជាគិតមើលឃើញចំណេញបាន។ អញ្ចឹងឆ្នាំទីបីនឹងគិតថាអាចរកផលចំណេញ។ ប៉ុន្តែមិនដឹងថា វាច្រើនឬក៏តិចទេ។
ស៖ តើបានស្គាល់ពីខាងក្រសួង ឬខាងសមាគមណា ដែលថាកសិដ្ឋានរបស់លោកមិនប្រើជាតិគីមីមែន?
ច៖ ខ្ញុំសព្វថ្ងៃ ខ្ញុំឥតទាន់ដឹងខាងណា គេចេញឡាយសេន៍ ព្រោះម្ចាស់គាត់។ គាត់លាក់ទំនាក់ទំនង។ អីញ្ចឹង បើតាមខ្ញុំដឹងខ្លះៗគឺមានពីរដែលចេញឡាយសេន៍ឲ្យហ្នឹងគាត់ គឺខាងសមាគមកសិកម្មសរីរាង្គហ្នឹង។ មួយទៀតគឺអង្កការការ៉ូ ដែលចេញឡាយសេន៍ឲ្យ ហើយបញ្ជាក់ថាគ្មានជាតិគីមី ជាដំណាំសរីរាង្គពិតប្រាកដ ប៉ុន្តែខាងក្រសួងគាត់អត់ទាន់ចេញឲ្យ។ ប៉ុន្តែគាត់មានទំនាក់ទំនងថា ឲ្យក្រសួងហ្នឹងផ្តល់ជាអាញ្ញាបណ្ណការដាំជាបន្លែ ដែលគ្មានជាតិគីមីហ្នឹង។
ស៖ ចង់ឲ្យលោកបញ្ជាក់ថា ការដាំបន្លែសរីរាង្គនេះ តើវាខុសពីការដាំបន្លែគីមីយ៉ាងម៉េចដែរ?
ច៖ ការប្រៀបធៀបបន្លែធម្មជាតិនេះនឹងបន្លែគីមីវាខុសគ្នា។ ការប្រើធម្មជាតិគឺយើងប្រើជីកំប៉ុស្តិ៍ ដើម្បីជំនួយដីឲ្យកាន់តែប្រសើរល្អ ហើយដីដែលយើងចាប់ផ្តើមធ្វើហ្នឹង ដែលល្អស្រាប់ ប៉ុន្តែយើងប្រើជីបន្ថែមទៀត គឺយើងប្រើជីកំប៉ុស្តិ៍។ ប្រើជីធម្មជាតិបាញ់ ដើម្បីឲ្យមានលំនឹងធម្មជាតិ។
ស៖ តើការដាំដុះបន្លែសរីរាង្គរបស់លោក អាចផ្គត់ផ្គង់ទីផ្សារបានហើយ ឬនៅ ឬមួយក៏នៅមានការខ្វះខាត?
ច៖ សព្វថ្ងៃនេះ មានការខ្វះខាត ដោយសារការមានភ្លៀងច្រើន។ អញ្ចឹង យើងមានការអាក់ខានដោយការដាំ។ បើសិនមានប្រជាពលរដ្ឋគាត់មានបំណង ចង់ដាំបន្លែអ៊ឺរ៉ុបនេះ គាត់អាចនឹងដាំនៅខែហ្នឹង គាត់នឹងអាចរកទីផ្សារបានស្រួល។
ស៖ តើលោកគិតថា គួរតែមានកសិដ្ឋានដាំបន្លែសរីរាង្គហ្នឹងឲ្យបានច្រើន ឬយ៉ាងណាដែរ?
ច៖ ខ្ញុំគិតថា បើបានច្រើនកាន់តែល្អ ដើម្បីឲ្យប្រជាពលរដ្ឋយើង គាត់ហូបបន្លែដែលដាំនៅស្រុកយើងដែលគ្មានជាតិគីមី គឺបានច្រើនទូលំទូលាយទៅ ហើយការហូបក៏កាន់តែច្រើនទៅ។ វាធ្វើឲ្យសុខភាពប្រជាជនយើងទាំងអស់គ្នាកាន់តែល្អ។
ស៖ តើកសិដ្ឋានសរីរាង្គមានការប្រកួតប្រជែងបែបណាដែរ នៅលើទីផ្សារ?
ច៖ កសិដ្ឋានសរីរាង្គ ប្រកួតប្រជែងទី១គឺគុណភាព។ ទី២គឺប្រកួតប្រជែង។ រឿងតម្លៃពេលដែលយើងធ្វើបាន គេក៏ធ្វើបាន។ ពេលធ្វើបាន វាក៏មានច្រើន អញ្ចឹងអាតម្លៃវាក៏ធ្លាក់ចុះ។
ស៖ តើនៅពេលអនាគត តើលោកគិតថា ទីផ្សារសរីរាង្គហ្នឹងនេះ អាចនឹងមានការរីចម្រើន ឬយ៉ាងណាដែរ?
ច៖ ការផ្សព្វផ្សាយទូលំទូលាយទៅប្រជាពលរដ្ឋយើងក៏ដឹងច្រើនអំពីការមានជាតិគីមី និងការគ្មានជាតិគីមីហ្នឹងជាច្រើន។ អញ្ចឹងវាធ្វើឲ្យគាត់ងាកមករកការគ្មានជាតិគីមី ចំពោះសុខភាពរបស់គាត់ដើម្បីអនាគតរបស់គាត់។ អញ្ចឹងលើសតម្លៃតិចតួច គាត់នឹងឈានមករកបន្លែធម្មជាតិភាគច្រើន។អញ្ចឹងកាលណាគាត់ងាកមករកបន្លែធម្មជាតិជារឿយៗ គេគ្រប់គ្នាអញ្ចឹងមក។ អ្នកគ្រប់គ្នាដែលផលិតបន្លែបានកាន់តែច្រើនទៅអាចផ្គត់ផ្គង់បានគ្រប់គ្រាន់។
ស៖ តើបន្លែសរីរាង្គនេះ មានផលប្រយោជន៍អ្វីខ្លះចំពោះសុខភាពរាង្គកាយ អ្នកប្រើប្រាស់?
ច៖ ធ្វើឲ្យយើងគ្មានជម្ងឺបៀតបែនដូចជាជំងឺប្លែកៗ។ ស្រុកយើងសព្វថ្ងៃស្អី ក៏គីមីដែរ។ ភាគច្រើនសឹងថា៩០ភាគរយហើយ ដែលមានសារធាតុគីមី។ អញ្ចឹងយើងសង្កេតមើលសុខភាព ប្រជាជនយើងមានជម្ងឺប្លែកៗច្រើនណាស់។ បន្លែឬក៏អ្វីដែលពាក់ព័ន្ធនឹងធម្មជាតិ អញ្ចឹងវាអត់មានប្រើអ្វីដែលពាក់ព័ន្ធនឹងគីមី។ ធម្មជាតិហ្នឹងវាធ្វើឲ្យសុខភាពយើងមាំមួន រឹងមាំល្អ៕