លោក សម រង្សី មេដឹកនាំគណបក្សប្រឆាំងនៅថ្ងៃពុធនេះ បានដាក់ការគាបសង្កត់ទៅលើគណបក្សគ្រប់គ្រងអំណាច ឱ្យបង្អាក់ការរំលោភដីធ្លី និងការបណ្តេញដោយបង្ខំ ដោយប្រកាសថាសមាជិកសភាគណបក្សសម រង្សីទាំងអស់គ្រោងនឹងលាលែង ដើម្បីបង្កើតឱ្យមានវិបត្តិរដ្ឋធម្មនុញ្ញ។
លោក សម រង្សី បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានតាមរយៈ Video Conference ពីប្រទេសបារាំងមកថា សមាជិកសភាគណបក្សប្រឆាំងសម្រេចចិត្តបង្កើតឱ្យមានវិបត្តិរដ្ឋធម្មនុញ្ញដោយលាលែងជាក្រុម និងរាំងខ្ទប់រដ្ឋសភាក្នុងការអនុម័តផ្សេងៗពីព្រោះពួកគេមិនអាចចរចាជាមួយរដ្ឋាភិបាល។
លោក សម រង្សី ប្រធានគណបក្សសម រង្សី បានថ្លែងថា គណបក្សសម រង្សីនឹងធ្វើឱ្យរដ្ឋសភាបាត់បង់ភាពស្របច្បាប់ និងធ្វើឱ្យសេចក្តីសម្រេចរបស់រដ្ឋសភាខ្វះលក្ខណៈច្បាប់ពេញលេញ។
«រឿងវិបត្តិធម្មនុញ្ញ។ វិបត្តិធម្មនុញ្ញនេះគឺបណ្តាលមកពីការផ្តួចផ្តើមគំនិតរបស់គណបក្សសម រង្សី ហើយយើងផ្អែកលើមាត្រា៧៦ និងមាត្រា៩៥នៃរដ្ឋធម្មនុញ្ញ»។
លោក សម រង្សី មិនបានលម្អិតអំពីពេលវេលា និងរបៀបនៃការអនុវត្តយុទ្ធសាស្ត្រថ្មីរបស់លោកទេ។
លោក សម រង្សី បានថ្លែងថា គណបក្សសម រង្សីនឹងបន្តរាំងខ្ទប់ការបោះឆ្នោត ឬការសម្រេចណាមួយដោយរដ្ឋសភារហូតដល់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទទួលយកទៅអនុវត្តនូវការបង្អាក់ការរំលោភដីធ្លី និងការបណ្តេញចេញដោយបង្ខំ ហើយផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក សម រង្សី បានគំរាមថា បើរដ្ឋាភិបាលមិនដោះស្រាយការទាមទាររបស់គណបក្សសម រង្សី នេះទេ ច្បាប់ថវិកាជាតិឆ្នាំ២០១២មិនអាចត្រូវបានអនុម័ត ហើយគេមិនអាចផ្តល់សច្ចាប័នស្របតាមរដ្ឋធម្មនុញ្ញបានដល់កិច្ចព្រមព្រៀងស្តីពីកម្ចីដែលត្រូវបានចុះហត្ថលេខាថ្មីៗនេះដោយរដ្ឋាភិបាលជាមួយបរទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានានោះទេ។
លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់ខាងគណបក្សប្រជាជនកម្ពុជា បានថ្លែងថា បើសមាជិកសភាចំនួន២៦រូបរបស់គណបក្សសម រង្សីលាលែង រដ្ឋសភានៅតែមានសមាជិកចំនួន១២៣រូបដដែលគ្មានវិបត្តិរដ្ឋធម្មនុញ្ញកើតឡើង និងមិនរាំងស្ទះដល់ការអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១២ និងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីកម្ចីនោះទេ។
«ខ្ញុំសូមជម្រាបថា អ្វីដែលជាVideo Conference ដែលលោកសម រង្សី ធ្វើគឺជាសិទ្ធិរបស់គាត់។ តែនេះជាភាពទាល់ច្រក ភាពទុទិដ្ឋិនិយម ហើយនឹងការអស់សង្ឃឹមរបស់គាត់ ដែលគាត់លើកឡើងទាំងអម្បាលមាណ។ គាត់អត់យល់ដឹងអំពីច្បាប់របស់កម្ពុជាតាំងពីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ១៩៩៧ ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋ
សភា ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ គាត់មិនយល់ពីច្បាប់ទាំងអស់នេះទេ»។
លោក សុខ សំអឿន នាយកប្រតិបត្តិនៃអង្គការអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានបញ្ជាក់ថាសមាជិកសភាគណបក្សសម រង្សី មានសិទ្ធិលាលែងពីតំណាងរាស្ត្រ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសិទ្ធិតែងតាំងបេក្ខជនលេខបន្ទាប់ឱ្យធ្វើតំណាងរាស្ត្រជំនួសបាន។
លោក សុខ សំអឿន បានបន្តថា ការលាលែងរបស់តំណាងរាស្ត្រគណបក្សសម រង្សី មិនអាចរាំងខ្ទប់ដំណើរការរដ្ឋសភាបានទេ ដោយសារសំឡេងអនុម័តតម្រូវឱ្យមាន៥០ភាគរយបូកមួយ។
គណបក្សសម រង្សី មានសមាជិកសភាចំនួន២៦រូប ខណៈដែលគណបក្សប្រជាជនកម្ពុជា មានសមាជិកសភាចំនួន៩០រូប ក្នុងចំណោម១២៣រូប៕