កាលពីថ្ងៃទី ២០ ខែកញ្ញាកន្លងទៅនេះ តុលាការនៃប្រទេសរវ៉ាន់ដា បានកាត់ទោសលោក Paul Rusesabagina ដែលជាអតីតអ្នកគ្រប់គ្រងសណ្ឋាគារ Hotel des Mille Collines នៅក្នុងរដ្ឋធានីគីហ្គាលី ប្រទេសរវ៉ាន់ដា ឱ្យជាប់ពន្ធនាគារ ២៥ ឆ្នាំ បន្ទាប់ពីបានរកឃើញថា លោកមានទោសក្រោមបទចោទប្រកាន់ទាក់ទិននឹងភេរវកម្ម។
លោក Rusesabagina វ័យ ៦៧ ឆ្នាំ ត្រូវបានគេចាត់ទុកថា ជាវីរជន បន្ទាប់ពីលោកបានជួយផ្ដល់កន្លែងស្នាក់នៅក្នុងសណ្ឋាគារនោះឱ្យមនុស្សជាង ១.០០០ នាក់ ដើម្បីគេចផុតពីការវាយប្រហារនៅក្នុងអំពើប្រល័យពូជសាសន៍កាលពីឆ្នាំ ១៩៩៤។
លោក បានច្រានចោលការចោទប្រកាន់ទាំងនេះ។ លោកមានពេល ៣០ ថ្ងៃដើម្បីតវ៉ាប្រឆាំងនឹងការកាត់ទោសនេះ។
តុលាការនេះ បានផ្ដន្ទាទោសលោក បន្ទាប់ពីបានបញ្ចប់សវនាការមួយ ដែលអ្នករិះគន់ថា មិនមានយុត្តិធម៌ និងមានការកំណត់លទ្ធផលទុកជាមុន។
លោក Rusesabagina និងមនុស្ស ២០ នាក់ទៀតត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធជាមួយកងកម្លាំងរំដោះជាតិ (National Forces of Liberation (FLN)) ដែលជាក្រុមជីវពល ដែលរដ្ឋាភិបាលចោទប្រកាន់ថា បានធ្វើការវាយប្រហារភេរវកម្មនៅក្នុងប្រទេសរវ៉ាន់ដា។
នៅក្នុងការប្រកាសទោស ប្រធានចៅក្រមលោក Antoine Muhima បានប្រាប់សវនាការនៃតុលាការក្នុងរដ្ឋធានីគីហ្គាលីថា លោក Rusesabagina មានទោសដោយសារលោក បានបង្កើតនិងជាសមាជិកម្នាក់នៃអង្គការភេរវកម្មមួយ។
អ្នកស្រី Yolande Makolo អ្នកនាំពាក្យរដ្ឋាភិបាលរវ៉ាន់ដា បានបញ្ជាក់តាម Twitter ថា ភស្តុតាងប្រឆាំងនឹងចុងចោទ គឺជាភស្តុតាងដែល «មិនអាចប្រកែកបាន»។
កាសែតមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាលរវ៉ាន់ដា បានរាយការណ៍កាលពីពេលមុនថា ក្រុមរដ្ឋអាជ្ញាមានបំណងចង់ឱ្យលោក Rusesabagina មានទោសជាប់ពន្ធនាគារមួយជីវិត។ លោក Rusesabagina គឺជាអ្នករិះគន់ខ្លាំងក្លាម្នាក់លើលោកប្រធានាធិបតី Paul Kagame និងរដ្ឋាភិបាលរបស់លោក។
ក្រុមគ្រួសារនិងក្រុមអ្នកគាំទ្រលោក Rusesabagina បាននិយាយថា លោក Rusesabagina ដែលបានចាកចេញពីប្រទេសកំណើតរបស់លោកកាលពីឆ្នាំ ១៩៩៦ និងដែលមានសញ្ជាតិប៊ែលហ្សិក និងជាអ្នកមានសិទ្ធិរស់នៅសហរដ្ឋអាមេរិក ត្រូវបានគេបញ្ឆោតឱ្យវិលត្រឡប់ទៅប្រទេសរវ៉ាន់ដាវិញកាលពីខែសីហា ឆ្នាំ ២០២០។
បន្ទាប់ពីបានធ្វើដំណើរតាមយន្តហោះទៅដល់ទីក្រុង Dubai នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម លោក Rusesabagina បានបន្តដំណើរតាមយន្តហោះឯកជនទៅកាន់រដ្ឋធានីគីហ្គាលី ប្រទេសរវ៉ាន់ដា ដែលនៅទីនោះ លោកត្រូវបានគេចាប់ខ្លួន។
លោក Rusesabagina បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយចំនួន បន្ទាប់ពីលោកត្រូវបានគេឃុំខ្លួនថា នៅពេលដែលលោកបានធ្វើដំណើរតាមយន្តហោះនោះ លោកជឿថា លោកកំពុងធ្វើដំណើរទៅប្រទេសប៊ូរុនឌីដើម្បីថ្លែងនៅក្នុងព្រះវិហារគ្រិស្តសាសនា តាមការអញ្ជើញរបស់មិត្តភក្តិម្នាក់។
អ្នកស្រី Kate Gibson ដែលជាមេធាវីម្នាក់របស់លោក Rusesabagina បានបញ្ជាក់ប្រាប់កម្មវិធីវិទ្យុរបស់វីអូអេ ដែលមានឈ្មោះថា Daybreak Africa ពីទីក្រុងហ្សឺណែវ ប្រទេសស្វីសថា លោក Rusesabagina មិនដែលមានឱកាសឡើងតុលាការនោះទេ។
អ្នកស្រី Gibson និយាយដូច្នេះថា៖ «តាមគំនិតរបស់យើង នេះគឺជាទីបញ្ចប់នៃរឿងមួយដែលត្រូវបានតាក់តែងមុនលោក Rusesabagina ត្រូវបានចាប់ពង្រត់។ ប៉ុន្តែ ផែនការដោយចេតនានិងសម្រេចទុកជាមុនមួយ គឺមានរួចស្រេចទៅហើយ ដែលកំណត់ថា លោកត្រូវកាត់ក្តីឱ្យមានទោសដោយអាជ្ញាធរតុលាការនៃប្រទេសរវ៉ាន់ដា»។
អ្នកស្រី Gibson បានថ្លែងថា លោក Rusesabagina មិនបានទទួលការកាត់ក្តីដោយយុត្តិធម៌នោះទេ។ អ្នកស្រីបានពោលថា មេធាវី មិនត្រូវបានអនុញ្ញាតឱ្យផ្តល់ឯកសារទៅឱ្យលោកទេ ហើយនៅពេលដែលឯកសារត្រូវបានដាក់ដើម្បីពិភាក្សា វាត្រូវបានគេរឹបអូសយក។
អ្នកស្រីបានបន្ថែមថា រហូតមកដល់ពេលនេះ ការកាត់ក្តីនេះ «មានស្តង់ដារទាបជាងកម្រិតដែលទទួលស្គាល់ដោយអន្តរជាតិ សម្រាប់ការកាត់ក្តីដោយយុត្តិធម៌»។
ក្រុមអ្នកសង្កេតការឯករាជ្យ ហាក់ដូចជាយល់ស្របជាមួយនឹងការលើកឡើងនេះ។ ក្រុមអ្នកតំណាងមជ្ឈមណ្ឌលសិទ្ធិមនុស្សនៃសមាគមមេធាវីអាមេរិកាំង (American Bar Association) ដែលបានឃ្លាំមើលការកាត់ក្តីនេះនៅក្នុងផ្នែកមួយនៃកម្មវិធីតាមដានសវនាការកាត់ក្ដី (Trial Watch) របស់អង្គការមូលនិធិ Clooney សម្រាប់យុត្តិធម៌ (Clooney Foundation for Justice) បានគាំទ្រការលើកឡើងរបស់អ្នកស្រី Gibson។
លោក Geoffrey Robertson អ្នកជំនាញនៃកម្មវិធីតាមដានសវនាការកាត់ក្ដីរបស់អង្គការមូលនិធិ Clooney សម្រាប់យុត្តិធម៌ បានសរសេរថា៖ «សវនាការនេះមិនមែនជានីតិវិធីពិតប្រាកដមួយនៅចំពោះមុខចៅក្រមអព្យាក្រឹត ដែលចុងចោទអាចបង្ហាញភស្តុតាងបាននោះទេ។ វាក្លាយជាឆាកល្ខោនមួយដែលការយល់ឃើញរបស់រដ្ឋអំពីព្រឹត្តការណ៍ទាំងនេះ មិនអាចត្រូវបានអនុញ្ញាតឱ្យមានការជំទាស់។ ការដាក់ទោសណាមួយដែលកើតចេញពីការកាត់ក្តីនេះ មិនអាចចាត់ទុកបានថា គួរឱ្យជឿទុកចិត្តបាននោះទេ ដោយសារតែវាផ្អែកលើភស្តុតាងដែលមិនត្រូវបានពិនិត្យមើលដោយហ្មត់ចត់»។
អ្នកស្រី Gibson បាននិយាយថា៖ «នេះជាសាលក្រមទទេមួយ ពីព្រោះនីតិវិធីនៃសវនាការនេះ គ្មានភាពយុត្តិធម៌នោះទេ»។ អ្នកស្រីបានបន្ថែមថា សិទ្ធិជាមូលដ្ឋាននានាដូចជាជំនួយខាងផ្លូវច្បាប់ សិទ្ធិនៃការមានពេលវេលាគ្រប់គ្រាន់និងការមានលទ្ធភាពសម្រាប់ត្រៀមលក្ខណៈ និងសិទ្ធិនៃការសន្មតថាគ្មានទោស ត្រូវបានច្រានចោល។
អ្នកស្រីបានថ្លែងថា៖ «ក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីលោក Rusesabagina ត្រូវបានចាប់ខ្លួន សមាជិកជាន់ខ្ពស់នៃអាជ្ញាធររវ៉ាន់ដា រួមមានទាំងប្រធានាធិបតីផងដែរ បានចេញមកនិយាយថា លោកមានទោសពៃរ៍»។
សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយអំពីកង្វល់ស្តីពីការកាត់ក្តីនេះ និងអំពីមន្ទិលសង្ស័យចំពោះសាលក្រមនេះ ដោយបានកត់សម្គាល់ជាពិសេសអំពីការត្អូញត្អែររបស់លោក Rusesabagina អំពីការមិនអាចទាក់ទងបានជាមួយមេធាវីរបស់លោកនិងឯកសារនានា។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងជំរុញរដ្ឋាភិបាលរវ៉ាន់ដាឱ្យចាត់វិធានការពិនិត្យមើលចំណុចខ្វះខាតទាំងនេះនៅក្នុងសំណុំរឿងរបស់លោក Rusesabagina និងបញ្ចៀសកុំឱ្យមានលទ្ធផលស្រដៀងគ្នានេះនៅពេលអនាគត»៕
លោក James Butty អ្នកយកព័ត៌មានរបស់វីអូអេនៃក្រុមផ្សាយជាភាសាអង់គ្លេសទៅកាន់ទ្វីបអាហ្វ្រិក (VOA's English to Africa Service) និងលោក Edward Rwema អ្នកយកព័ត៌មានរបស់វីអូអេនៃក្រុមផ្សាយទៅកាន់តំបន់អាហ្វ្រិកកណ្តាល (VOA's Central Africa service) រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ ហើយព័ត៌មានខ្លះទៀត ត្រូវបានដកស្រង់ចេញទីភ្នាក់ងារព័ត៌មាន Reuters។
ប្រែសម្រួលដោយលោក ឈឹម សុមេធ