ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដ្រូន​របស់​រុស្ស៊ី​វាយប្រហារ​លើ​តំបន់​រដ្ឋធានី​កៀវ


ផ្សែង​ហុយចេញ​ពី​អគារ​មួយ​ដែលត្រូវបាន​កម្ទេច​នៅ​ក្នុង​ការវាយប្រហារ​ថ្មី​នៅ​តំបន់ Donetsk កាលពីថ្ងៃទី​២៤ តុលា ឆ្នាំ២០២៤។
ផ្សែង​ហុយចេញ​ពី​អគារ​មួយ​ដែលត្រូវបាន​កម្ទេច​នៅ​ក្នុង​ការវាយប្រហារ​ថ្មី​នៅ​តំបន់ Donetsk កាលពីថ្ងៃទី​២៤ តុលា ឆ្នាំ២០២៤។

ពួក​មន្ត្រី​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​រុស្ស៊ី​បាន​វាយ​ប្រហារ​តំបន់​មួយ​ដោយ​ប្រើ​ដ្រូន​ជាង១០គ្រឿង​ក្នុង​រយៈពេល​មួយ​យប់។

លោក Serhii Popko ប្រធាន​រដ្ឋបាល​យោធា​ស៊ីវិល​ទីក្រុង​កៀវ​បាន​និយាយ​ថា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន​ទាំង​អស់​ហើយ​ថា​មិន​មាន​សេចក្តីរាយការណ៍​ពី​មនុស្ស​ស្លាប់​ឬ​រងរបួស​ឬ​ការខូចខាត​ទេ។

នៅ​ក្នុង​តំបន់ Mykolaiv ក្នុង​ប្រទេស​អ៊ុយក្រែន​ភាគ​ខាង​ត្បូង លោក​អភិបាល Vitalii Kim បាន​និយាយ​នៅ​លើ​តេឡេក្រាម​ថា​យោធា​បាន​បាញ់​ទម្លាក់​ដ្រូន​រុស្ស៊ី​ចំនួន៣ គ្រឿង។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​បាន​កម្ទេច​ដ្រូន​អ៊ុយ ក្រែន​ទាំង​អស់​ចំនួន៧គ្រឿង រួមមាន៤គ្រឿង​នៅ​ពីលើ​តំបន់ Kurskនិង៣គ្រឿង​ទៀត​នៅ​ពី​លើ​សមុទ្រ​ខ្មៅ។

ពួក​មន្ត្រី​នៅ​ក្នុង​តំបន់ Bryansk នៃ​ប្រទេស​រុស្ស៊ី​ក៏​បាន​រាយការណ៍​ដែរ​ថា​ដ្រូន​ជា​ច្រើន​គ្រឿង​បាន​ត្រូវ​បាញ់​ទម្លាក់​នៅ​ទីនោះ​ក្នុង​រយៈ​ពេល​មួយ​យប់។

សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ទាហាន​កូរ៉េ​ខាង​ជើង៣ពាន់​នាក់​បាន​ត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​រុស្ស៊ី​នៅ​ដើម​ខែ​នេះ​ហើយ​ត្រូវ​បាន​គេ​ហ្វឹកហាត់​ដែល​អាច​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​ប្រាប់​ពួក​អ្នក​យក ព័ត៌មាន​ថា​អ្វី​ដែល​ទាហាន​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កំពុង​ធ្វើ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​«ត្រូវ​បាន​គេ​មើលឃើញ»។ អ្នក​នាំពាក្យ​សន្តិសុខ​ជាតិសេតវិមាន​លោក John Kirby បាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សម្ពន្ធមិត្ត​និង​ដៃគូ​របស់​យើង​ដើម្បី​ឱ្យ​ទទួល​បាន​ការ​យល់ដឹង​ពេញលេញ​អំពី​ស្ថានភាព​នេះ»។

លោក Kirby បាន​និយាយ​ទៀត​ថា​កងទ័ព​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ដំណើរ​តាម​កប៉ាល់​នៅ​ចន្លោះ​ខែ​តុលា​និង​ពាក់​កណ្តាល​ខែ​ពី​កំពង់ផែ​នាវា Wonsan របស់​ខ្លួន​ទៅកាន់​ទីក្រុង Vladivostokក្នុង​ប្រទេស​រុស្ស៊ី។ លោក​បាន​និយាយ​ទៀត​ថា បន្ទាប់មក ទាហាន​កូរ៉េ​ខាង​ជើង​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ហ្វឹកហាត់​យោធា​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ភាគ​ខាង​កើត៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG