ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​កំពុង​ស្ថិត​នៅ​​​​កូរ៉េខាងជើង​ ដើម្បី​ចូលរួម​ប្រារព្ធ​​ទិវា​ជ័យ​ជម្នះ​


រូបថត​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ​នេះ​បង្ហាញ​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Sergei Shoigu (ស្តាំ) ត្រូវ​បាន​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េខាងជើង លោក Kang Sun Nam អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ព្យុងយ៉ាង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣។
រូបថត​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ​នេះ​បង្ហាញ​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Sergei Shoigu (ស្តាំ) ត្រូវ​បាន​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េខាងជើង លោក Kang Sun Nam អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ព្យុងយ៉ាង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣។

ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​រៀប​ចំ​ទទួល​គណៈប្រតិភូ​ ​ដែល​ខ្លួន​អញ្ជើញ​មក​ពី​ប្រទេស​ចិន​និង​រុស្ស៊ី​ក្នុង​សប្តាហ៍​នេះ​ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យខួប​លើក​ទី​៧០​ នៃទិវា​ជ័យ​ជម្នះ​ ដែល​ខ្លួន​បាន​ប្រកាស​ដោយ​ខ្លួន​ឯង​ ដែល​នេះ​ជា​សកម្មភាពលើក​លែង​មួយ​ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ច្រក​ព្រំដែន​របស់​ខ្លួន​ទាំង​អស់​ ដែល​នៅ​ជា​ធរមាន​នៅ​ឡើយ​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក​ នៅ​ពេលដែល​មាន​ការចាប់​ផ្តើម​ការ​ឆ្លងរាតត្បាត​ជំងឺ​កូវីដ​១៩។​

ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ស្អែក​នេះ ជា​ថ្ងៃចុះហត្ថលេខា​លើកិច្ចព្រមព្រៀងឈប់​បាញ់​គ្នា​មួយ ដែល​ត្រូវ​បាន​ចរចា​អស់​រយៈពេល​ជា​យូរ​ ដើម្បី​ផ្អាក​សង្គ្រាមកូរ៉េ។​ ​កូរ៉េខាង​ជើង​អះអាង​ថា​ សង្រ្គាម​កូរ៉េ​ ដែល​ចាប់​ផ្តើម​ពី​ឆ្នាំ​១៩៥០​ ដល់​ឆ្នាំ​១៩៥៣​នោះ ​ត្រូវ​បាន​បញ្ឆេះ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង​ ហើយ​នៅ​ទី​បំផុត​ខ្លួន​ជា​អ្នក​ទទួល​ជ័យជម្នះ​យ៉ាង​ត្រចះ​ត្រចង់​លើ​សង្គ្រាម​នេះ។​

ប្រព័ន្ធ​ព័ត៌មានរដ្ឋ​កូរ៉េខាង​ជើង​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ផ្សព្វផ្សាយ​រូប​ថតរដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Sergei Shoigu ដែលទើប​មក​ដល់​អាកាស​យានដ្ឋានអន្តរជាតិ​ក្រុង​ព្យុងយ៉ាង​កាល​ពី​យប់​ម្សិលមិញ​ និង​ត្រូវ​បាន​ទទួល​ស្វាគមន៍​រាក់ទាក់​ ដោយសមភាគី​កូរ៉េខាង​ជើង​របស់​លោក​ គឺ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ លោក ​Kang Sun Nam។​ ​ ​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ខ្លួន​ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ បាន​ហៅ​ដំណើរ​ទស្សនកិច្ច​នេះ​ថា​ នឹង​ជួយ​ពង្រឹង​ចំណង​ទាក់​ទង​យោធា​រវាងរុស្ស៊ី​និង​កូរ៉េខាង​ជើង​ ហើយ​ថា វា​ជា​ដំណាក់កាលដែល​មានសារៈសំខាន់មួយ​ នៅ​ក្នុង​ការ​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំង​ពីរ»។​

ព្រឹត្តិការណ៍​នៃ​ពិធី​បុណ្យជាតិ​ដ៏​ធំនេះ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មាន​ការ​ដើរ​ក្បួន​ព្យុហយាត្រា​យ៉ាង​ធំ​នៅ​ពេល​រាត្រី នៅ​ក្នុង​អ្វី​ដែល​ជាការ​បង្អួត​យុទ្ធោបករណ៍ធុនធ្ងន់​ ដែល​ប្រទេស​នេះ​បាន​អភិវឌ្ឍ​ឡើង​ក្នុង​ឆ្នាំ​កន្លង​មក។​ ​

ទន្ទឹម​នឹង​នេះ​ដែរ​ ប្រទេស​ចិន​ក៏​បានបញ្ជូន​តំណាងរបស់​ខ្លួន​ គឺ​អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​សភា​ប្រជាជន​ចិន​លោក ​Li Hongzhong ទៅ​ចូលរួម​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​នេះ​ផង​ដែរ​ ដែល​ដំណើរ​ទស្សនកិច្ច​របស់មន្ត្រី​ជាន់​ខ្ពស់​ចិន​រូប​នេះ ​នឹងត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ពុធ​នេះ៕​

XS
SM
MD
LG