ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហា​សេដ្ឋី​រុស្ស៊ី​លាលែង​ពីកិច្ច​ការ​នយោបាយ​ ដែល​ធ្វើ​ឲ្យ​ញ័រ​រញ្ជួយ​ដល់​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​មាន​ការ​ត្រួត​ត្រា​


ប្រធានា​ធិប​តី​រុស្ស៊ី​ ​Dmitry ​Medvedev​​(ឆ្វេង​)និយាយ​​ជាមួយ​​ពាណិជ្ជករ​​ ​Mikhail​ Prokhorov ​ក្នុង​​អំឡុង​ពេល​​នៃ​ជំនួប​​របស់​​អស់​​លោក​​​នៅ​​គេហដ្ឋាន​​​​ប្រធានាធិបតី​​នៅ​​ Gork​iខាង​ក្រៅ​​​ទីក្រុង​​ម៉ូ​ស្គូ​​ ថ្ងៃ​​ទី​​២៧​​ ខែ​មិថុនា​​ ឆ្នាំ​២០១១។
ប្រធានា​ធិប​តី​រុស្ស៊ី​ ​Dmitry ​Medvedev​​(ឆ្វេង​)និយាយ​​ជាមួយ​​ពាណិជ្ជករ​​ ​Mikhail​ Prokhorov ​ក្នុង​​អំឡុង​ពេល​​នៃ​ជំនួប​​របស់​​អស់​​លោក​​​នៅ​​គេហដ្ឋាន​​​​ប្រធានាធិបតី​​នៅ​​ Gork​iខាង​ក្រៅ​​​ទីក្រុង​​ម៉ូ​ស្គូ​​ ថ្ងៃ​​ទី​​២៧​​ ខែ​មិថុនា​​ ឆ្នាំ​២០១១។

ក្នុង​រយៈ​ពេល​៦​ខែ​ទៀត​ ប្រទេស​រុស្ស៊ី​ ប្រឈម​នឹង​ការ​បោះ​ឆ្នោត​រដ្ឋ​សភា​ ហើយ​បន្ទាប់​មក​ ដំណែង​ប្រធានាធិបតី។​
ប្រព័ន្ធ​នយោបាយ​របស់​រុស្ស៊ី​ដែល​ត្រូវ​បាន​គ្រប់​គ្រង​យ៉ាង​ប្រុង​ប្រយ័ត្ន​ បាន​ទទួល​រង​នូវ​ភាព​ញ័រ​រញ្ជួយ​ នៅ​ពេល​ដែល​បុរស​មាន​ទ្រព្យ​ធន​ច្រើន​ជាង​គេ​បំផុត​ម្នាក់​របស់​ប្រទេស​នេះ​ បាន​លា​លែង​ពី​កិច្ចការ​នយោ​បាយ​ដែល​គេ​មិន​នឹក​ស្មាន​ដល់​ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បណ្តេញ​ចេញ​ «មេ​អាយ៉ង»​ របស់​លោក​នៅ​វិមាន​ក្រិម​ឡាំង​ (Kremlin)។​ លោក​ ម៉ៃឃល​ ប្រូខូរ៉ូវ​ (Mikhail​ Prokhorov)​ មិន​មែន​ជា​មហទ្ធជន​ធម្មតា​ទេ។​ ដោយ​មាន​កំពស់​ពីរ​ម៉ែត្រ​និង​មាន​ប្រាក់​ចំនួន​១៨​ពាន់​លាន​ដុល្លារ​ បុរស​នៅ​លីវ​ អាយុ​៤៦​ឆ្នាំ​រូប​នេះ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​ជា​ច្រើន​ ដោយ​រាប់​ទាំ​ង​ក្រុមកីឡា​វិជ្ជាជីវៈ​ New​ Jersey​ Nets​ ដែល​ជា​ក្រុម​មួយ​នៃ​សមាគម​កីឡា​បាល់​បោះ​ជាតិ​ (National​ Basketball​ Association) ​របស់​សហរដ្ឋ​អាមេរិក។​
ប៉ុន្តែ​វិមាន​ក្រិមឡាំង​បាន​គិត​ថា​ ពួក​គេ​អាច​ដាក់​ការ​គ្រប់​គ្រង​ទៅ​លើ​លោក​ ប្រូខូរ៉ូវ​ បាន។​ ដោយ​គណបក្ស​រួប​រួម​រុស្ស៊ី​ (United​ Russia​ party)​ ដែល​កំពុង​កាន់​អំណាច​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ការ​ស្ទង់​មតិ​មហាជន​ ពួក​គេ​បាន​ចាត់​តាំង​ឈ្មោះ​លោក​ឲ្យ​ដឹ​ក​នាំ​គណ​បក្ស​បុព្វហេតុ​ត្រូវ​ (Right​ Cause​ Party)។​ នេះ​ជា​«គណបក្ស​ហោប៉ៅ»​ ដែល​ជា​គម្រោង​គ្រប់​គ្រង​ដោយ​វិមាន​ក្រិមឡាំង​ ដែល​មាន​គោល​បំណង​ដើម្បី​ទាក់​ទាញ​ក្រុម​អ្នក​បោះ​ឆ្នោត​ដែល​នៅ​ដាច់​តែ​ឯង​ ទៅ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​រដ្ឋសភា​នៅ​ខែ​ធ្នូ​ ដោយ​មិន​បង្ក​ការ​គំរាម​កំហែង​ពិត​ប្រាកដ​ទេ។​ ផ្ទុយ​ទៅ​វិញ​ លោក​ ប្រូខូរ៉ូវ​ បាន​បង្ហាញ​ថា​ លោក​មាន​ហោប៉ៅ​ ប្រភេទ​ខុស​ពី​នេះ។​ លោក​បាន​បង់​ប្រាក់​ទៅ​លើ​ផ្ទាំង​ប៉ាណូ​រាប់​រយ​ដែល​មាន​ដាក់​តម្លើង​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​ ដើម្បី​ផ្សព្វ​ផ្សាយ​សារ​អ្នក​ជាតិនិយម​របស់​លោក​ទៅ​កាន់​ប្រជា​ពល​រដ្ឋ។​
លោក​ វិចទ័រ​ ដាវីដូហ្វ​ (Victor​ Davidoff)​ ជា​អ្នក​វិភាគ​នយោបាយ​នៅ​ទីក្រុង​ម៉ូស្គូ។​
«លោក​ ប្រូខូរ៉ូវ​ បាន​បង្ហាញ​ថា​ លោក​មាន​ភាព​ឯករាជ្យ​ខ្លាំង​ពេក​ រហូត​ដល់​មិន​អាច​គ្រប់​គ្រង​បាន​ទេ។​ ហើយ​ជា​ការ​ពិត​ណាស់​ ភាព​ឯករាជ្យ​គឺ​ជា​អ្វី​ដែល​អាច​បំភ័យ​មនុស្ស​ដែល​កំពុង​កាន់​អំណាច​ និង​ទស្សនៈ​ទាំង​ស្រុង​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​ការ​គ្រប់គ្រង​ ដែល​លោក​ ភូទីន​ (Putin)​ បាន​បង្កើត​ឡើង​ក្នុង​អំឡុង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ»។​
លោក​ ម៉ៃឃល​ ខូដូកូវស្គី​ (Mikhail​ Khordokovsky)​ មហា​សេដ្ឋី​រុស្ស៊ី​ចុង​ក្រោយ​ដែល​ចូល​ប្រឡូក​ក្នុង​នយោបាយ​ ស្ថិត​ក្នុង​បន្ទប់​នៃ​មន្ទីរ​ឃុំ​ឃាំង​នៅ​ក្បែរ​តំបន់​អាក់ទិច​ (Arctic)​ ដែល​បាន​បំរើ​ទោស​អស់​ពាក់​កណ្តាល​នៃ​ទោស​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​១៣​ឆ្នាំ​របស់​លោក»។​
លោក​ សើហ្គី​ ម៉ាកូវ​ (Sergei​ Markov)​ អ្នក​តំណាងរាស្ត្រ​ម្នាក់​នៃ​គណ​បក្ស​គ្រប់​គ្រង​អំណាច​ ថ្លែង​ថា​ លោក​ ប្រូខូរ៉ូវ​ ក៏​បានបំពាន​ច្បាប់​ដែរ។
ដោយ​មិន​និយាយ​ថា​ លោក​ ប្រូខូរ៉ូវ​ គួរ​ចូល​ក្នុង​ពន្ធនាគារ​ លោក​ចោទ​ប្រកាន់​មហា​សេដ្ឋី​រូប​នេះ​ ពី​បទ​នាំ​យក​កិច្ចការ​ធ្វើ​ជំនួញ​និង​ប្រាក់​របស់​លោក​ចូល​ទៅ​ក្នុង​នយោបាយ​រុស្ស៊ី។​ ចាប់​តាំង​ពី​ឆ្នាំ​២០០០​ ជា​ឆ្នាំ​ដែល​លោក ​វ្លាឌីមៀរ​ ភូទីន​ (Vladimir​ Putin)​ បាន​ឡើង​កាន់​អំណាច​ ច្បាប់​នៅ​ក្នុង​នយោបាយ​រុស្ស៊ី​មាន​កាន់​តែ​តឹង​ឡើងៗ។​ គណបក្ស​ប្រឆាំង​ពណ៌នា​ច្បាប់​ទាំង​នោះ​ថា​ ជា​ការ​បោច​ស្លាប​មាន់​ មួយ​សរសៃ​ម្តងៗ។​ លោក​ ភូទីន​ បាន​បញ្ឈប់​ការ​បោះ​ឆ្នោត​ផ្ទាល់​សម្រាប់​ដំណែង​អភិបាល​ ព្រឹទ្ធ​សភា​ និង​ចៅហ្វាយ​ក្រុង​ភាគ​ច្រើន​ បាន​ដាក់​ក្រុមហ៊ុន​ទូរទស្សន៍​ឲ្យ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​វិមាន​ ក្រិមឡាំង​ ហាម​ឃាត់​គណបក្ស​ប្រឆាំង​ទាំង​អស់​ ដែល​លើក​លែង​តែ​គណបក្ស​ប្រឆាំង​ភក្តី​បី​ប៉ុណ្ណោះ​ បំបាត់​ជម្រើស​នៃ​ការ​បោះ​ឆ្នោត​ប្រឆាំង​នឹង​បេក្ខជន​ទាំង​អស់​ ហើយ​បន្ទាប់​មក​ បន្ថយ​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ក្នុង​កម្រិត​អប្បបរមា​សម្រាប់​ការ​បោះ​ឆ្នោត​ដ៏​មាន​សុពលភាព​ ឲ្យ​នៅ​ត្រឹម​មួយ​សម្លេង​តែ​ប៉ុណ្ណោះ។​
ជា​រួម​ អារម្មណ៍​របស់​ប្រជាពលរដ្ឋ​រុស្ស៊ី​កាន់​តែ​មាន​ភាព​ជូរ​ចត់​ខ្លាំង​ឡើង។​ នៅ​ក្នុង​ការ​ស្ទង់​មតិ​កាល​ពី​ខែ​មុន​ ៥៤​ភាគ​រយ​នៃ​អ្នក​ឆ្លើយ​សំណួរ​បាន​គិត​ថា​ ការ​បោះ​ឆ្នោត​រដ្ឋសភា​ នៅ​ខែ​ធ្នូ​នឹង​មាន​ការ​«លួច​បន្លំ»។​ បើ​យោង​តាម​ក្រុមហ៊ុន​ឡេវ៉ាដា​ (Levada)​ ដែល​ជា​ក្រុម​ហ៊ុន​ស្ទង់​មតិ​ដូចគ្នា​ដែរ​បាន​ឲ្យ​ដឹង​ថា​ ពាក់​កណ្តាល​នៃ​និស្សិត​សាកល​វិទ្យាល័យ​ និង​សហគ្រិន​របស់​រុស្ស៊ី​ចង់​ធ្វើ​អន្តោប្រវេសន៍។​ ហើយ​ពាក់​កណ្តាល​នៃ​ប្រជាពលរដ្ឋ​រុស្ស៊ី​ជឿ​ថា​ អំពើ​ពុក​រលួយ​នៅ​ក្នុង​សម័យ​លោក​ ភូទីន​ មាន​ភាព​ធ្ងន់ធ្ងរ​ជាង​បុព្វការី​របស់​លោក​ គឺ​លោក​ បូរីស​ យ៉ែលស៊ីន​ (Boris​ Yeltsin)។​
នៅ​ក្នុង​បរិយាកាស​នេះ​ វិមាន ​ក្រិមឡាំង​ មិន​ចង់​ឲ្យ​ក្រុម​លោក​ខាង​លិច​សង្កេត​ការណ៍​ទៅ​លើ​«លទិ្ធ​ប្រជាធិបតេយ្យ​ដែល​មាន​ការ​គ្រប់​គ្រង»​របស់​រុស្ស៊ី​ទេ។​ ក្នុង​សប្តាហ៍​នេះ​ ការ​ចរចា​បាន​ប្រព្រឹត្ត​ធ្វើ​ ទាក់​ទង​នឹង​ចំនួន​អ្នក​សង្កេត​ការណ៍​អឺរ៉ុប​ ដែល​នឹង​ត្រូវ​ផ្តល់​ទិដ្ឋការ​ជូន។​ ក្រុម​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​រុស្ស៊ី​បាន​និយាយ​ថា​ ពួក​គេ​នឹង​ទទួល​បាន​តែ​មួយ​ភាគ​បី​នៃ​អ្នក​សង្កេត​ការណ៍​ចំនួន​២៦០​នាក់​ប៉ុណ្ណោះ​ ដែល​សហភាព​អឺរ៉ុប​ចង់​បញ្ជូន​មក​ឲ្យ។​
បន្ទាប់​ពី​ការ​បោះ​ឆ្នោត​រដ្ឋសភា​ ប្រជាពលរដ្ឋ​រុស្ស៊ី​នឹង​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នៅ​ខែ​មីនា។​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ចុង​ក្រោយ​ លោក​ ភូទីន​ បាន​រង់​ចាំ​រហូត​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​រដ្ឋសភា​ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០០៧​ ទើប​បាន​ប្រកាស​ថា​ មនុស្ស​របស់​លោក​ គឺ​លោក​ ឌីមីទ្រី​ មេឌវេដេវ​ (Dmitry​ Medvedev) ​ជា​បេក្ខជន​របស់​គណបក្ស​គ្រប់​គ្រង​អំណាច។​
លោក​ ម៉ាកូវ ​ថ្លែង​ម្តង​ទៀត​ថា​ គណបក្ស​គ្រប់​គ្រង​អំណាច​អាច​ធ្វើ​ការ​ជា​មួយ​បុរស​ណា​មួយ​ក៏​បាន​ដែរ។​ ប៉ុន្តែ​លោក​ ភូទីន​ ដែល​ឥឡូវ​ជា​នាយក​រដ្ឋមន្ត្រី​ ត្រូវ​បាន​ចាត់​ទុក​យ៉ាង​ទូលំទូលាយ​ថា​ជា​បេក្ខជន​នាំ​មុខ​គេ។​ បន្ទាប់​ពី​គណបក្ស​កាន់​អំណាច​បាន​ចាញ់​ការ​បោះ​ឆ្នោត​ចំនួន​ពាក់​កណ្តាល​ក្នុង​ចំណោម​ការ​បោះ​ឆ្នោត​តំបន់​ចំនួន​១២​ កាល​ពី​ខែ​មីនា​ លោក​ ភូទីន​ បាន​បង្កើត​ក្រុម​ធំ​មួយ​ឈ្មោះ​ រណសិរ្ស​ប្រជាពលរដ្ឋ​រុស្ស៊ី​ទាំងមូល​ (All-Russia​ Popular​ Front)​ ដើម្បី​ទាក់​ទាញ​ក្រុម​អ្នក​បោះ​ឆ្នោត​ឯករាជ្យ។​ កាល​ពី​ឆ្នាំ​មុន​ លោក​បាន​តែង​តាំង​មនុស្ស​ដែល​ស្មោះត្រង់​នឹង​លោក​ដើម្បី​គ្រប់​គ្រង​ទីក្រុង​ធំ​ជាង​គេ​បំផុត​ចំនួន​ពីរ​របស់​រុស្ស៊ី​ រួម​មាន​ទីក្រុង​ម៉ូស្គូ​ និង​សេនភីធឺស្បើក​ (St. Peterburg)។​
ពលរដ្ឋ​រុស្ស៊ី​កាន់​តែ​ច្រើន​ឡើងៗ​ជឿ​ថា​ នៅ​ក្នុង​ខែ​ធ្នូ​ខាង​មុខ​ លោក​ ភូទីន​ នឹង​ប្រកាស​ថា​ បេក្ខជន​ដំណែង​ប្រធានាធិបតី​គឺ​ លោក​ វ្លាឌឺមៀរ​ ភូទីន៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG