វិមាន ក្រឹមឡាំង (Kremlin) បានដកចេញការហាមឃាត់របស់ខ្លួនទៅលើការនាំចេញ គ្រាប់ធញ្ញជាតិ ។ ការផ្លាស់ប្តូរជំហរនេះបាននាំយអតីតប្រទេសអ្នកនាំចេញស្រូវសាលីធំជាងគេទីបីនៅលើពិភពលោក ត្រឡប់មកកាន់ទីផ្សារវិញ។
រដ្ឋាភិបាលទីក្រុង ម៉ូស្គូ បានហាមប្រាមការនាំចេញស្រូវសាលីទៅបរទេស បន្ទាប់ពីមានភ្លើងឆាបឆេះនិងគ្រោះរាំងស្ងួតប្រកបដោយមហន្តរាយ កាលពីឆ្នាំទៅ ដែលបានបំផ្លាញមួយភាគបីនៃទិន្នផលស្រូវរបស់ប្រទេសនេះ។ ក្រុមមន្រ្តីនិយាយថា វិធានការដ៏ប្រុងប្រយ័ត្នត្រូវបានធ្វើឡើង ដើម្បីការពារការខ្វះខាតស្រូវសាលីនៅក្នុងស្រុក។
អែនឌ្រី ស៊ីស្សូវ (Andrei Sizov) អ្នកវិភាគមួយរូបនៃក្រុមជំនាញ សូវីកុន (Sovecon) និយាយថា ទិន្នផលស្រូវនៅក្នុងឆ្នាំនេះនឹងផ្តល់ការនាំចេញស្រូវរាប់លានតោន ប៉ុន្តែបានសារភាពថា វាប្រហែលជាមានការលំបាកសម្រាប់ប្រទេសរុស្សី ក្នុងការទទួលបានមកវិញនូវសក្តានុពលក្នុងការនាំចេញរបស់ខ្លួន បន្ទាប់ពីការហាមប្រាមអស់រយៈពេលមួយឆ្នាំ។
«យើងរំពឹងថា ការនាំចេញស្រូវសរុបរបស់រុស្សី នឹងមានប្រមាណ១៥លានតោន ហើយប្រហែលជាមានលើសពីនេះបន្តិចទៀត។ វានឹងអាស្រ័យទៅលើតម្រូវការនិងតម្លៃនៅលើពិភពលោក»។
ប្រទេស រុស្សី រំពឹងថា នឹងធ្វើការប្រមូលផលស្រូវបានប្រមាណពី៨៥ទៅ៩០លានតោននៅក្នុងឆ្នាំនេះ។ អ្នកឧតុនិយមវិទ្យានិយាយថា ពួកគេមិនរំពឹងថានឹងមានគ្រោះរាំងស្ងួតកើតឡើងម្តងទៀតដូចកាលពីឆ្នាំទៅទេ ពីព្រោះមានទឹកភ្លៀងស្រោចស្រពគ្រប់គ្រាន់ ទាំងនៅក្នុងខែឧសភានិងខែមិថុនា។
យូរី ក្រាមត៍សូវ (Yuri Khramtsov) អ្នកគ្រប់គ្រងដីចំការ ស៊ីជីហ្រ្គី (Shchigry) នៅក្នុងតំបន់ ឃឺកស្ក៍ (Kursk) និយាយថា លោករំពឹងថានឹងមានទិន្នផលស្រូវច្រើនគ្រប់គ្រាន់នៅក្នុងឆ្នាំនេះ។
លោកនិយាយថា ជាមធ្យម ទិន្នផលស្រូវមានបរិមាណពី៣ទៅ៤,៧តោននៃស្រូវសាលីក្នុងមួយហិកតា ដែលអាស្រ័យទៅលើអាកាសធាតុ។ លោក ក្រាមត៍សូវ និយាយថា លក្ខណៈអាកាសធាតុនៅក្នុងឆ្នាំនេះ មានស្ថានភាពស្ទើរតែអំណោយផលគ្រប់គ្រាន់សម្រាប់ការដាំស្រូវ។ លោកនិយាយថា ជាមួយនឹងទឹកភ្លៀងដែលមានធ្លាក់នៅក្នុងឆ្នាំនេះ កសិករអាចរំពឹងថា នឹងទទួលបានទិន្នផលស្រូវច្រើនជាង៤តោនក្នុងមួយហិកតា នៅក្នុងដីចំការនេះ។
ក្រុមមន្រ្តី រុស្សី និយាយថា ពួកគេនឹងបន្តត្រួតពិនិត្យមើលទីផ្សារក្នុងស្រុកជាបន្ត ដើម្បីធានាឱ្យបានថា តម្លៃនឹងបន្តស្ថិតនៅទាបជាងឆ្ងាយពីតម្លៃពិភពលោក។ ពួកគេនិយាយថា ពួកគេមានស្រូវប្រមាណ៦លានតោន ទុកបម្រុងសម្រាប់ធ្វើអន្តរាគមន៍នៅក្នុងទីផ្សារ ប្រសិនបើចាំបាច់៕
ប្រែសម្រួលដោយ ឌី ខាំបូលី