រុស្ស៊ីនិងវៀតណាមបានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថានឹងពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ខណៈដែលលោកប្រធានាធិបតី Vladimir Putin បានធ្វើទស្សនកិច្ចផ្លូវរដ្ឋក្នុងគោលបំណងពង្រឹងសម្ពន្ធភាពរបស់លោកដើម្បីទប់ទល់នឹងភាពឯកោដែលកំពុងកើនឡើងរបស់ទីក្រុងមូស្គូជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
លោក Putin បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដែលជាសម្ពន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូ ចាប់តាំងពីសម័យសង្រ្គាមត្រជាក់ ក្រោយពីកិច្ចប្រជុំកំពូលជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ជាកន្លែងដែលលោកបានជោគជ័យចំពោះការសន្យានៃ «ការគាំទ្រពេញលេញ» លើបញ្ហាអ៊ុយក្រែន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក។
មេដឹកនាំរុស្ស៊ីមិនបានទទួលការប្រកាសជាសាធារណៈច្បាស់លាស់បែបនេះអំពីការគាំទ្រនៅទីក្រុងហាណូយទេ ប៉ុន្តែប្រធានាធិបតីវៀតណាមលោក To Lam បានបង្ហាញពីបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ លោកLam បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖«ភាគីទាំងពីរចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ របៀបដោះស្រាយបញ្ហាប្រឈមសន្តិសុខតាមទម្លាប់ធម្មតា ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ដើម្បីសន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក»។
ទីក្រុងមូស្គូគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់វៀតណាមអស់ជាច្រើនទសវត្សរ៍មកហើយ ដែលស្មើនឹងជាង ៨០ ភាគរយនៃការនាំចូលរវាងឆ្នាំ ១៩៩៥ និងឆ្នាំ២០២៣ ប៉ុន្តែការបញ្ជាទិញបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារទណ្ឌកម្មអន្តរជាតិទាក់ទងនឹងជម្លោះអ៊ុយក្រែនកាន់តែខ្លាំងក្លា។
លោក Lam និងលោក Putin បានចុះហត្ថលេខាជុំវិញកិច្ចព្រមព្រៀងសហប្រតិបត្តិការជាង១០ ចាប់ពីការអប់រំរហូតដល់យុត្តិធម៌ និងគម្រោងនុយក្លេអ៊ែរស៊ីវិល។
លោក Putin បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាមានលក្ខណៈស្ថាបនា ហើយថាភាគីទាំងពីរមានជំហរ «ដូចគ្នា ឬជិតស្និទ្ធបំផុត» លើបញ្ហាអន្តរជាតិសំខាន់ៗ៕
វេទិកាបញ្ចេញមតិ