ប្រធានាធិបតីប្រជែងគ្នានៃប្រទេសកូតឌីវ័រ (Cote d’Ivoire) កំពុងធ្វើការដើម្បីធានាឲ្យមានការគាំទ្រអន្តរជាតិដល់រដ្ឋាភិបាលប្រកួតប្រជែងរបស់ខ្លួន នៅមុនសន្និសីទកំពូលរបស់សហភាពអាហ្វ្រិក (African Union) នៅចុងសប្តាហ៍នេះ នៅប្រទេសអេចូពី (Ethiopia)។
ការតស៊ូដណ្តើមអំណាចគ្នាមួយ ដែលបានប្រព្រឹត្តធ្វើនៅតាមផ្លូវនៃទីក្រុងអាប៊ិតហ្សុង(Abidjan) នៅក្នុងសាលនៃធនាគារកណ្តាលក្នុងតំបន់ និងនៅក្នុងផ្សារកាកាវអន្តរជាតិ ឥឡូវនេះបានប្តូរទៅដល់សន្និសីទកំពូលរបស់សហភាពអាហ្វ្រិកហើយ កន្លែងដែលលោកឡូរ៉ង់ត៍ បាក់បូ (Laurent Gbagbo) ប្រធានាធិបតីក្នុងអំណាចរបស់កូតឌីវ័រ និងលោកអតីតនាយករដ្ឋមន្រ្តី អាឡាសាន វ៉ាតារ៉ា (Alassane Ouattara) អ្នកឈ្នះឆ្នោតខែវិច្ឆិកាដែលអ.ស.ប.ទទួលស្គាល់ សង្ឃឹមថានឹងមានសេចក្តីសម្រេចដាច់ខាតមួយសម្រាប់គូប្រជែងរបស់ខ្លួន។
លោក គ្ហីយោម សូរោ (Guillaume Soro) នាយករដ្ឋមន្រ្តីរបស់លោក វ៉ាតារ៉ា បានធ្វើដំណើរទៅទ្វីបអាហ្វ្រិក ដើម្បីប្រមូលការគាំទ្រសម្រាប់រដ្ឋាភិបាលលោក វ៉ាតារ៉ា ដែលនៅជាប់ក្នុងសណ្ឋាគារកម្សាន្តមួយនៅទីក្រុងអាប៊ិតហ្សុង។ នៅក្នុងប្រទេស ហ្សាំប៊ីយ៉ា (Zambia) លោក សូរោថ្លែងថា សម្ព័ន្ធមិត្តអាហ្វ្រិកនៃលទ្ធិប្រជាធិបតេយ្យប្រហែលត្រូវប្រើកម្លាំងទ័ពដើម្បីដកលោកបាក់បូ ចេញពីតំណែង។
«បុព្វបុរសរបស់យើងបានធ្វើដូច្នេះនៅពេលប្រយុទ្ធទាមទារឯករាជ្យ។ រៀមច្បងរបស់យើងបានធ្វើដូច្នេះនៅពេលប្រយុទ្ធឲ្យមានគណបក្សច្រើន។ ថ្ងៃនេះយើងត្រូវប្រយុទ្ធដើម្បីលទ្ធិប្រជាធិបតេយ្យ»។
លោកសូរោនិយាយថា នេះជាពេលវេលាដែលមេដឹកនាំសហភាពអាហ្វ្រិកត្រូវបញ្ជាក់ឲ្យលោកបាក់បូដឹងច្បាស់ ថាលោកត្រូវតែចុះចេញ។
«រដ្ឋាភិបាលកូតឌីវ័រកំពុងសុំឲ្យសហភាពអាហ្វ្រិកធ្វើសេចក្តីសម្រេចដ៏តឹងរ៉ឹងប្រឆាំងលោក ឡូរ៉ង់ត៍ បាក់បូរ និងក្រុមបនរបស់លោកដែលប្រកែកមិនព្រមប្រគល់អំណាចដោយសន្តិវិធី»។
រដ្ឋាភិបាលលោកបាក់បូបានបដិសេធការគំរាមអំពីអន្តរាគមន៍យោធាក្នុងតំបន់ ដោយនិយាយថា វាជាការកម្លាមួយ ហើយថា មេដឹកនាំអាហ្វ្រិកខាងលិចនឹងទទួលបរាជ័យនៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីរារាំងមិនឲ្យលោកបាក់បូអាចទទួលថវិការដ្ឋបាន ដោយការប្តូរនាយកធនាគារកណ្តាលក្នុងតំបន់។
លោកអាអ៊ូហ្វា ដន ម៊ែលឡូ (Ahoua Don Mello) អ្នកនាំពាក្យរបស់រដ្ឋាភិបាលលោកបាក់បូ និយាយថា សេដ្ឋកិច្ចក្នុងតំបន់ត្រូវការពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសកូតឌីវ័រ ហើយមិនអាចដំណើរការបានទេ បើគ្មានប្រទេសនេះ។
លោកម៊ែលឡូ និយាយថា ធនាគារកណ្តាលអាហ្វ្រិកខាងលិចនិងសហភាពរូបិយវត្ថុអាហ្វ្រិកខាងលិចមិនអាចរស់បានទេ បើគ្មានប្រទេសកូតឌីវ័រ។ ហើយលោកនិយាយថា នរណាក៏ដឹងរឿងនេះដែរ។
ការប្រយុទ្ធគ្នាខាងវិស័យសេដ្ឋកិច្ចរវាងរដ្ឋាភិបាលប្រជែងគ្នាទាំងពីរក៏បានប៉ះពាល់ទៅដល់ការនាំចេញផលិតផលកាកាវផងដែរ។ លោកវ៉ាតារ៉ាបានអំពាវនាវឲ្យមានការដាក់បម្រាមរយៈមួយខែ។ រដ្ឋាភិបាលបាក់បូនិយាយថា ខ្លួនមានសកម្មភាពពាណិជ្ជកម្មដូចប្រក្រតីសម្រាប់ប្រទេសអ្នកផលិតកូកាវដ៏ធំបំផុតក្នុងពិភពលោកនេះ។
ពីដំបូងសហភាពអាហ្វ្រិកបានចូលរួមជាមួយអ.ស.ប. សហភាពអឺរ៉ុប និងស.រ.អ. ដើម្បីទាមទារឲ្យលោកបាក់បូ ចុះចេញពីតំណែង ពីព្រោះលោកវ៉ាតារ៉ាជាអ្នកឈ្នះត្រឹមត្រូវនៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់កូតឌីវ័រ។
ក៏ប៉ុន្តែសហភាពអាហ្វ្រិកបើកសន្និសីទកំពូលរបស់ខ្លួន ដោយមានកម្លាំងឯកភាពចុះថយ នៅពេលដែលប្រទេសអាហ្វ្រិកខាងត្បូងអ៊ុយហ្កាន់ដា (Uganda) និងអង់ហ្កោឡា (Angola) ឥឡូវ និយាយថា ត្រូវមានដំណោះស្រាយមួយតាមរយៈការចរចាគ្នា ដោយលើកយកការព្រួយបារម្ភរបស់លោកបាក់បូអំពីដំណើរការអយុត្តិធម៌នៅក្នុងការបោះឆ្នោត យកទៅពិចារណា។ លោក បាក់បូបានឈ្នះឆ្នោតជាថ្មីម្តងទៀត ដោយសំអាងទៅលើក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដែលបានបោះចោលសន្លឹកឆ្នោតជាច្រើនរបស់លោកវ៉ាតារ៉ា ដែលក្រុមប្រឹក្សានិយាយថា ជាសន្លឹកឆ្នោតក្លែងក្លាយ៕
ប្រែសម្រួលដោយលោក កែរ យ៉ាន