កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ តុលាការខេត្តបន្ទាយមានជ័យបានលើកយកសំណុំរឿងទំនាស់ដីធ្លីមួយកាលពីឆ្នាំ២០០៨ រវាងអ្នកស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តទាក់ទិនទៅនឹងការចោទប្រកាន់ថា បានធ្វើឲ្យបាក់បង្គោលព្រំដីរបស់សុរិយោដីខេត្តមួយដើម។
លោកឡុង លុន មេធាវីការពាររបស់សមាគមសិទ្ធិមនុស្សអាដហុក ដែលបានការពារកូនក្តីប្រជាពលរដ្ឋចំនួន២២នាក់ បាននិយាយថា នៅក្នុងបន្ទប់សវនាការកាលពីថ្ងៃសុក្រសប្តាហ៍មុន មិនមានភស្តុតាងណាមួយដើម្បីដាក់បន្ទុកមកលើកូនក្តីរបស់លោកទេ។ លោកបានបញ្ជាក់ថា តុលាការគួរតែលើកលែងការចោទប្រកាន់ចំពោះកូនក្តីរបស់លោក។
«យើងជាមេធាវី យើងយល់ថា តុលាការមិនមានភស្តុតាង ឬសាក្សីណាមួយបញ្ជាក់ចង្អុលបង្ហាញឲ្យច្បាស់ថា កូនក្តីរបស់ខ្ញុំបាទបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ប៉ុន្តែខាងតំណាងអយ្យការ គាត់លើកឡើងថា មានការបាក់បង្គោលអីមែន។ ប៉ុន្តែយើងរកថា តើនរណាដែលជាអ្នកវាយនោះ ឥតមាននរណាមួយចង្អុលបង្ហាញឲ្យច្បាស់ទេបាទ»។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៨ បង្គោលព្រំដីរបស់សុរិយោដីរបស់ខេត្តបន្ទាយមានជ័យមួយដើម ដែលបានបោះកំណត់ព្រំដីនៅស្រុកអូរជ្រៅ បានបាក់ បន្ទាប់ពីមានរឿងទំនាស់ដីធ្លីមួយបានកើតឡើង។
ប្រជាពលរដ្ឋប្រមាណ១៧០គ្រួសារ ដែលមានទំហំដីប្រមាណជាង១១ហិចតា នៅភូមិទួលប្រាសាទ និងភូមិប៉ាលីល័យ ក្រោយមកត្រូវបានប្តូរឈ្មោះទៅភូមិច័ន្ទគីរី មានទីតាំងក្នុងឃុំប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចោទប្រកាន់សមាគមអភិវឌ្ឍន៍កសិកម្មជាតិថា បានរំលោភយកដីរបស់ពួកគេ។
សមាគមអភិវឌ្ឍន៍កសិកម្មជាតិបានជួលដីរដ្ឋចំនួន២៩៧ហិចតា ហើយក្រោយមកពង្រីកផ្ទៃដីរបស់ខ្លួនរហូតទៅដល់ជាង៤០០ហិចតា សម្រាប់ការអភិវឌ្ឍដាំដំណាំកសិកម្ម។ ការអភិវឌ្ឍនេះត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា បានធ្វើឲ្យប៉ះពាល់ដល់ដីរបស់គេចំនួនបីភូមិ គឺភូមិទួលប្រាសាទ ភូមិទួលពង្រ និងភូមិច័ន្ទគីរី។
ទំនាស់ដីធ្លីនេះបានបង្កឲ្យសុរិយោដីខេត្តចុះទៅធ្វើការវាស់វែងដើម្បីកំណត់ព្រំដី ហើយក្រោយមកឈានរហូតទៅដល់បាក់បង្គោលព្រំដីរបស់មន្ត្រីសុរិយោដីខេត្តមួយដើម។
កាលពីនៅជាព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ លោកតុប ច័ន្ទសេរីវុឌ្ឍ កាលពីឆ្នាំ២០០៨ បានចេញដីកាចាប់ខ្លួនប្រជាពលរដ្ឋចំនួនបីនាក់ ដាក់ពន្ធនាគារពីបទថា បានវាយបំផ្លិចបំផ្លាញបង្គោលព្រំដីសុរិយោដីខេត្តបន្ទាយមានជ័យ។ លោកតុប ច័ន្ទសេរីវុឌ្ឍក្រោយមកផ្លាស់ប្តូរទៅជាព្រះរាជអាជ្ញាខេត្តពោធិសាត់ ហើយបច្ចុប្បន្ននេះកំពុងជាប់ពន្ធនាគារតុលាការខេត្តពោធិសាត់ ដោយសារតែសំណុំរឿងពុករលួយ។
សាលាឧទ្ធរណ៍បានសម្រេចឲ្យតុលាការខេត្តបន្ទាយមានជ័យដោះលែងជនទាំងបីនាក់ឲ្យនៅក្រៅឃុំ ហើយបង្វែសំណុំរឿងនេះឲ្យមកតុលាការខេត្តបន្ទាយមានជ័យជាអ្នកចាត់ការបន្ត។
លោកនៅ ផល្លា តំណាងប្រជាពលរដ្ឋទាំង១៧០គ្រួសារ បាននិយាយថា ប្រជាពលរដ្ឋមិនបានវាយបំផ្លិចបំផ្លាញបង្គោលព្រំដីសុរិយោដីខេត្តទេ។ លោកបានបញ្ជាក់ថា ទំនងជាបង្គោលព្រំដីនេះ បាក់ដោយខ្លួនឯង ហើយទម្លាក់កំហុសមកលើប្រជាពលរដ្ឋ។
«យើងមិនដឹងថា បង្គោលណាបាក់ទេ បើបង្គោលគាត់បោះច្រើនបង្គោលម្ល៉េះ។ មិនដឹងបាក់បង្គោលណា បើច្រើនម្ល៉េះ។ ក្រែងជ្រូក វាដើរពារមិនដឹង ឬគាត់ធ្វើឲ្យបាក់ខ្លួនឯង ហើយចោទប្រកាន់ពួកខ្ញុំមិនដឹង»។
លោកស៊ុំ ចាន់គា មន្ត្រីស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា តាមការសាកសួររបស់លោក ប្រជាពលរដ្ឋចំនួន២២នាក់មិនមានវត្តមាននៅកន្លែងកើតហេតុទេ ហើយពួកគេមិនដឹងថា បង្គោលព្រំដីនេះ បាក់តាំងពីពេលណាមកទេ។
«បើសិនជាការចាប់ចងលក្ខណៈណាមួយឲ្យបានសមរម្យ ឲ្យគ្រប់គ្រាន់ ដែលអាចធ្វើទៅបាន។ ហើយបើប្រើអំណាច ដែលខ្លួនជាភ្នាក់ងាររបស់រដ្ឋ ហើយមកធ្វើបាបប្រជាពលរដ្ឋ នោះគឺជារឿងអយុត្តិធម៌។ ដូច្នេះ យើងឃ្លាំងមើលនូវការអនុវត្តច្បាប់ទាំងអស់នោះបាទ»។
លោកខៀវ ចាន់ពិសិដ្ឋ ប្រធានចៅក្រមជំនុំជម្រះតុលាការខេត្ត បានប្រាប់វីអូអេ តាមរយៈទូរស័ព្ទមកថា តុលាការគ្រោងនឹងប្រកាសសាលក្រមសំណុំរឿងនេះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ៕