ក្រុមសិទ្ធិមនុស្សនិយាយថា ពួកគេមានព័ត៌មានលម្អិតស្តីពីវិធីដែលយោធាភូមាបង្ខំឲ្យពិរុទ្ធជនធ្វើក្ការជាកម្មករនិងជាខែលនៅសមរភូមិមុខក្នុងការប្រយុទ្ធជាមួយក្រុមជីវពលជនជាតិភាគតិច។ក្រុមសកម្មជនកំពុងតែអំពាវនាវឲ្យអង្គការសហប្រជាជាតិធ្វើការស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្មសង្រ្គាមដែលបានចោទប្រកាន់នេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនិងក្រុមសិទិ្ធមនុស្សជនជាតិការ៉ែននិយាយថាយោធាភូមាបង្ខំអ្នកទោសរាប់រយនាក់ឲ្យធ្វើការជាអ្នកដឹកជញ្ជូនអ្នកសម្អាតគ្រាប់មីននិងយកមនុស្សធ្វើជាខែលក្នុងពេលប្រយុទ្ធជាមួយជីវពលជនជាតិភាគតិច។
ក្នុងរបាយការណ៍រួមមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធនៅទីក្រុងបាងកក ក្រុមសិទិ្ធមនុស្សមួយចំនួនបានផ្តល់ព័ត៌មានលម្អិតស្តីពីការរំលោភតាមរយៈបទសម្ភាសជាមួយពិរុទ្ធជនដែលគេចខ្លួនចំនួន៥៨នាក់។
អ្នកទោសទាំងនោះបានឲ្យដឹងថាពួកគេត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការយោធាពីឆ្នាំ២០១០ដល់ឆ្នាំ២០១១ប្រឆាំងនឹងកងជីវពលជនជាតិភាគតិចនៅក្នុងតំបន់បាហ្គោនិងរដ្ឋការ៉ែននៃភាគខាងកើតប្រទេសភូមា។
ពួកគេទាំងអស់គ្នានិយាយថាពួកគេត្រូវបានបង្ខំឲ្យធ្វើការដោយមិនទទួលបានកម្រៃហើយបានពណ៌នាស្ថានភាពដូចជាទាសករដែលមានកង្វះខាតការថែទាំសុខភាព អាហារ និងទីជម្រក ហើយពួកគេត្រូវបានគេវាយដំ ធ្វើទារុណកម្ម និងយកទៅសម្លាប់ចោល។
David Mathieson អ្នកស្រាវជ្រាវពីភូមានៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានប្រាប់ក្លិបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ថៃថា ការរំលោភកម្លាំងពលកម្មនៅពន្ធនាគារបែបនេះគឺមានលក្ខណៈជាប្រព័ន្ធនិងរីករាលដាល។
«នេះមិនមែនគ្រាន់តែជារឿងដែលកើតឡើងនៅក្នុងរដ្ឋការ៉ែន ហើយត្រូវបានបញ្ជាដោយមេបញ្ជាការទុច្ចរិតនៅតាមតំបន់នោះទេ។វាគឺជាអ្វីដែលកើតឡើងក្រោមការបញ្ជារបស់អ្នកមានតួនាទីខ្ពស់នៅក្នុងជួរយោធាដែលបានណែនាំក្រសួងមហាផ្ទៃ ឲ្យប្រមូលផ្តុំមនុស្សពីទីតាំងខុសៗគ្នា ហើយដឹកជញ្ជូនពួកគេទូទាំងប្រទេស។វាត្រូវបានគេរៀបចំបានយ៉ាងល្អដែលស្តាប់ទៅគួរឲ្យព្រឺក្បាល។»
ក្រុមសិទ្ធិមនុស្សជនជាតិការ៉ែន បានចងក្រងជាឯកសារពីការប្រើប្រាស់អ្នកដឹកជញ្ជូនដែលជាអ្នកទោសនៅប្រទេសភូមាតាំងពីឆ្នាំ១៩៩២ ប៉ុន្តែអាជ្ញាធរភូមាបានបដិសេធពីការប្រើប្រាស់ពិរុទ្ធជនក្នុងការប្រយុទ្ធ។
ក្រុមសិទ្ធិមនុស្សនិយាយថាការធ្វើបាបអ្នកទោសលីសែងនៅសមរភូមិមុខគឺជាឧក្រិដ្ឋកម្មសង្រ្គាមមួយក្នុងបញ្ហាឧក្រិដ្ឋកម្មសង្រ្គាមជាច្រើនដែលបន្តមាននៅក្នុងប្រទេសភូមា ហើយថាអង្គការសហប្រជាជាតិគួរតែធ្វើការស៊ើបអង្កេតតាមរយៈគណៈកម្មការស៊ើបអង្កេតមួយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដកស្រង់ពីការវាយប្រហារទៅលើជនស៊ីវិល ការសម្លាប់ក្រៅច្បាប់ ការជម្លៀសដោយបង្ខំ ការធ្វើទារុណកម្ម រំលោភផ្លូវភេទ និងការប្រើប្រាស់ទាហានកុមារ។
ក្រុមសិទ្ធិមនុស្សដែលមានទីតាំងនៅបុរីញូយ៉ក និយាយថា ក្រុមជីវពលជនជាតិភាគតិចក៏ប្រព្រិត្តការរំលោភបែបនេះដែរ ដែលការរំលោភទាំងនោះរួមមាន ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ការប្រើប្រាស់គ្រាប់មីនដោយមិនរើសមុខ និងការប្រើប្រាស់ទាហានកុមារ។
Elaine Pearson គឺជានាយករងក្នុងទ្វីបអាស៊ីរបស់ក្រុមសិទ្ធិមនុស្សនេះ។គាត់និយាយថាមានសង្ឃឹមដែលថាការបោះឆ្នោតរបស់ភូមាកាលពីឆ្នាំមុន អាចនាំឲ្យមានការកែលម្អរផ្នែកសិទ្ធិមនុស្សបន្តិចម្តងៗ។
«ផ្ទុយទៅវិញ ចាប់តាំងពីការបោះឆ្នោតមក ការប្រយុទ្ធគ្នាកាន់តែមានភាពតឹងតែងទៅៗ នៅតំបន់ជនជាតិភាគតិចនៅភាគខាងជើង។ហើយវាមិនមានភាពផ្លាស់ប្តូរអ្វីទាល់តែសោះលើការប្រើប្រាស់ភាពឃោរឃៅមកលើជនស៊ីវិល។»
ចាប់តាំងតែពីទទួលឯករាជ្យពីប្រទេសអង់គ្លេសនៅឆ្នាំ១៩៤៨មក រដ្ឋាភិបាលភូមាម្តងម្កាលបានប្រយុទ្ធជាមួយក្រុមជីវពលជនជាតិភាគតិច ដែលស្វែងរកស្វ័យភាពខ្លួន។
ជម្លោះផ្ទៃក្នុងនេះគឺជា ជម្លោះមួយក្នុងចំណោមជម្លោះដែលមានរយៈពេលយូរបំផុតនៅក្នុងពិភពលោក ហើយនេះគឺជាហេតុផលដែលធ្វើឲ្យប្រទេសស្ថិតក្រោមការគ្រប់គ្រងរបស់យោធាជាច្រើនទសវត្សរ៍។
កាលពីខែវិច្ឆិកា ប្រទេសភូមាបានរៀបចំការបោះឆ្នោតជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ការបោះឆ្នោតបានជំនួសរដ្ឋាភិបាលយោធាដោយរដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយអតីតមេដឹកនាំយោធា។
ការបោះឆ្នោតត្រូវបានគេថ្កោលទោសថា ជាការក្លែងបន្លំមួយដែលរៀបចំឡើងដើម្បីឲ្យក្រុមយោធារក្សាអំណាច។
ប្រែសម្រួលដោយ បូរី ស៊ីលីវណ្ណ