អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ប្រាសាទ ស៊ូបេឌី នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចជាថ្មីម្ដងទៀតនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះក្នុងគោលបំណងពិនិត្យមើលសេរីភាពបញ្ចេញមតិនៅក្នុងប្រទេស និងពិនិត្យមើលសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលសេចក្ដីព្រាងច្បាប់នោះទទួលរងការរិះគន់យ៉ាងខ្លាំងក្លា។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ លោកស៊ូបេឌី មានប្រសាសន៍ថា លោកនឹងជួបជាមួយនឹងគូសន្ទនា មួយចំនួនធំដើម្បីបន្ដការសិក្សារបស់លោកលើការងាររបស់រដ្ឋសភា និងព្រឹទ្ធសភា ក្នុងការស្វែងរកមធ្យោបាយពង្រឹងតួនាទីស្ថាបណ្ណ័កំពូលទាំងពីរក្នុងការជួយលើកស្ទួយ និងការពារសិទ្ធិមនុស្សនៅកម្ពុជា។
ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលើកនេះដែលមានរយៈពេលប្រាំថ្ងៃធ្វើឡើងស្របពេលដែលមានបញ្ហាជាច្រើនដូចជាបញ្ហាដីធ្លី និងការអភិរក្សព្រៃឈើ ដូចជាព្រៃឡង់ដែលជាព្រៃស្ដុកដ៏កម្រនៅខេត្តភាគឦសាននៃប្រទេសកម្ពុជា ព្រមទាំងការហាមប្រាមថ្មីៗដែលទាក់ទងទៅនឹងការផ្ដល់ព័ត៌មានដល់ប្រពន្ធ័ផ្សព្វផ្សាយជាដើម។
សេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាដដែលបញ្ជាក់ថា លោកស៊ូបេឌី នឹងបន្ដធ្វើការជាមួយរដ្ឋាភិបាល និងអ្នកពាក់ពន្ធ័នានាលើបញ្ហាសិទ្ធិមនុស្ស រួមមានសេរីភាពបញ្ចេញមតិ និងការប្រមូលផ្ដុំសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល និងទំនាស់ដីធ្លី។
លោកស៊ូបេឌី គ្រោងនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល សមាជិកសភា អង្គការសង្គមស៊ីវិល តំណាងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ តំណាងប្រទេសម្ចាស់ជំនួយ និងមន្ដ្រីការទូតមួយចំនួននៅរាជធានីភ្នំពេញ។
លោកជាម យៀប តំណាងរាស្ដ្ររបស់គណបក្សប្រជាជនកម្ពុជាកំពង់កាន់អំណាច មានប្រសាសន៍ថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបសន្ទនាជាមួយលោកសុរិយា ប្រាសាទ ស៊ូបេឌី។ លោកបានប្រាប់វីអូអេដូច្នេះថា៖
«បញ្ហាច្រើនណាស់ដែលយើងត្រូវលើកបង្ហាញគាត់ ដើម្បីឲ្យគាត់យល់កាន់តែច្បាស់ឡើង ពីព្រោះកន្លងទៅ យើងបានទទួលស្គាល់ថា គាត់បានយកតែរបាយការណ៍តាមលាយលក្ខណ៍អក្សរមួយចំនួន ហើយមិនបានចុះជាប់។ យើងបានធ្វើសំណូមពរថា គួរលោកចុះជាប់នៅគ្រប់គណបក្សនយោបាយនៅក្នុងរដ្ឋសភា។ ទីពីរគួរតែសួរប្រជាពលរដ្ឋយើងឲ្យបានច្បាស់លាស់។ ខ្ញុំគ្រាន់តែបញ្ជាក់ថា យើងបើកទូលាយដើម្បីពិភាក្សាជាមួយលោកស៊ូបេឌី»។
លោក យឹម សុវណ្ណ តំណាងរាស្ដ្រមណ្ឌលភ្នំពេញ និងជាអ្នកនាំពាក្យរបស់គណបក្សជំទាស់ សម រង្ស៊ី មានប្រសាសន៍ថា ការរំលោភដីធ្លី អំពើពុករលួយ និងប្រពន្ធ័តុលាការបានក្លាយជាសម្ពាធលើប្រជាពលរដ្ឋខ្មែរទន់ខ្សោយ។ លោកថ្លែងថា៖
«ប្រជាពលរដ្ឋបាននិងកំពុងរងគ្រោះដោយសារតែអ្នកមានអំណាចរំលោភដីធ្លីរបស់គាត់។ តាមបណ្ដាខេត្តមួយចំនួន ក្រុមហ៊ុនឯកជនមួយចំនួនដែលរដ្ឋាភិបាលបានផ្ដល់សិទ្ធិដីសម្បទានគឺបាននិងកំពង់បំផ្លាញធនធានធម្មជាតិ ប៉ះពាល់ដល់ដីធ្លីប្រជាពលរដ្ឋ។ បញ្ហានេះបើបណ្ដែតបណ្ដោយឲ្យវែងឆ្ងាយតទៅទៀត វានឹងកើតទៅជាវិបត្តសង្គមដ៏ធ្ងន់ធ្ងរ»។
លោក ចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្សអាដហុក ក៏បានលើកឡើងដូចគ្នាដែរថា បញ្ហាប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមិនទាន់ធានាយុត្តិធម៌ត្រឹមត្រូវសម្រាប់ប្រជាពលរដ្ឋក្រីក្រនៅឡើយ។ សេរីភាពក្នុងការទទួលព័ត៌មាននៅតែជាបញ្ហា រួមទាំងនៅមានផលវិបាកជាច្រើនក្នុងការធ្វើសកម្មភាពរបស់ក្រុមអង្គការសង្គមស៊ីវិល។ ជាពិសេសលោកមានប្រសាសន៍ក្រុមអង្គការសង្គមស៊ីវិលគ្រោងនឹងលើកមកបង្ហាញពីភាពចម្រូងចម្រាស់នៃសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ លោកបន្តថា៖
«សំខាន់ជាងគេគឺបញ្ហាច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះឯង ដែលយើងត្រូវលើកយកមកជជែកជាមួយឯកឧត្តមស៊ូរីយ៉ា ស៊ូបេឌី ដែរដើម្បីឲ្យលោកមានគំនិតជជែកជាមួយរដ្ឋាភិបាល»។
ដោយឡែកតំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វណ្ណី មានប្រសាសន៍ថា អ្នកស្រីគ្រោងនឹងរកឱកាសជួបជាមួយលោកស៊ូបេឌី ដើម្បីស្នើសុំឲ្យលោកជួយធ្វើអន្ដរាគមន៍នៅក្នុងដំណោះស្រាយជម្លោះដីធ្លីនៅក្នុងសហគមន៍របស់អ្នកស្រី។ ប្រជាសហគមន៍បឹងកក់ដែលបានទទួលរងការបណ្ដេញចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៧មកម្លេះ បន្ទាប់ពីបឹងកក់ដែលជាអាងស្រូបទឹកជំនន់មួយយ៉ាងធំនៅកណ្ដាលក្រុងភ្នំពេញត្រូវដាក់ក្រោមការវិនិយោគសម្រាប់សំណង់ទំនើបរយៈពេល៩៩ឆ្នាំ៕